Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក និងចិន ជួបពិភាក្សាគ្នានៅប្រទេសសង្ហិបុរី ដើម្បីសម្រួលភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី

    រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក និងចិន ជួបពិភាក្សាគ្នានៅប្រទេសសង្ហិបុរី ដើម្បីសម្រួលភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី

    សង្ហិបុរី៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ចែម ម៉ាត់ទីស បានជួបជាមួយសមភាគីចិនលោក វៃ ហ្វឹងហ៊ី នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ក្រោយពីកិច្ចពិភាក្សាលើកមុនត្រូវបានលុបចោល ខណៈជំនួបនេះធ្វើដំឡើង ដើម្បីឈានទៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការដាក់ទណ្ឌកម្មជាដើម។ ជំនួបរវាងប្រមុខការពារប្រទេសទំាងពីរ ធ្វើឡើងនៅឯក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus)នៅក្នុងប្រទេសសិង្ហបុរី ដោយគេរំពឹងថា លោកទាំងពីរនេះ នឹងប្តេជ្ញាបន្តទំនាក់ទំនងខាងផ្នែកយោធាដ៏យូរអង្វែងដែលមាន និងអាចឈានទៅសម្រួលភាពតានតឹងមួយកម្រិតក្នុងបញ្ហាសេដ្ឋកិច្ច និងនយោបាយផងដែរ។ បើតាមឧបការីរដ្ឋមន្ត្រីការពារជាតិអាម៉េរិកទទួលបន្ទុកកិច្ចការសន្តិសុខប្រចាំតំបន់ប៉ាស៊ីហ្វិក និងអាស៊ី លោក រ៉ាន់ឌល ស៊្រីវើ បានអះអាងថា ការពិភាក្សាទល់មុខរវាងលោក ម៉ាត់ទីស និងលោក វៃ បានបង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំងចាប់អារម្មណ៍ក្នុងការរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យនៅធម្មតា និងមានស្ថិរភាពឡើងវិញ។ សូមរំលឹកថា កាលពីសប្តាហ៍មុន ជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរ គ្រោងនឹងរៀបចំធ្វើឡើងនៅទីក្រុងប៉េកាំង  ប៉ុន្តែភាគីចិនបានសម្រេចលុបចោលជំនួបនេះទៅវិញ ដោយសារចិនខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាម៉េរិកដាក់ទណ្ឌកម្មលើយោធាចិន ជុំវិញរឿងទិញសព្វាវុធពីរុស្ស៊ី ព្រមទាំងរឿងដែលអាម៉េរិកបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅក្បែរសមុទ្រចិនខាងត្បូង៕ម.ន

  • លោក វ៉្លាឌីមៀ ពូទីន និយាយថា លោក ត្រាំ ស្តាប់សម្តីលោក និងមានបំណងចង់ផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញ

    លោក វ៉្លាឌីមៀ ពូទីន និយាយថា លោក ត្រាំ ស្តាប់សម្តីលោក និងមានបំណងចង់ផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយនៅថ្ងៃព្រហស្បត្តិ៍ថា លោក ដូណាល់ ត្រាំ បានស្តាប់លោក ហើយមានបំណងចង់បង្កើនចំណងទាក់ទងរវាងទីក្រុងវ៉ស៊ីនតោន និងម៉ូស្គូ បើទោះបីជាស្ថានភាពនយោបាយមានភាពស្មុគស្មាញនៅសហរដ្ឋអាម៉េរិកក៏ដោយ។ ការលើកឡើងបែបនេះរបស់លោក ពូទីន ត្រូវបានធ្វើឡើងក្នុងពេលថ្លែងសន្ទុកថាមួយក្នុងអំឡុងវេទិការពិភាក្សានៅឯតំបន់រម្មណីយដ្ឋានសមុទ្រខ្មៅ នៃទីក្រុងសូឈី និងស្របពេលត្រូវបានគេសួរតើថា លោក ត្រាំ ជាមនុស្សស្តាប់តែខ្លួនឯងមែនទេ។ ជាមួយគ្នានេះ លោក ពូទីន បានអះអាងថា រូបលោកយល់ឃើញថា ប្រធានាធិបតីអាម៉េរិកចង់រក្សាស្ថិរភាពនៃទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន ហើយថា វាមិនមែនជារឿងពិតនោះទេ ដែលថា លោក ត្រាំ ជាមនុស្សស្តាប់តែខ្លួនឯង។ ដោយឡែកចំពោះករណីបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ីសាអូឌីតនោះ លោក ពូទីន បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីមិនមានព័ត៌មានគ្រប់គ្រាន់ ដែលអាចយកមកពន្យល់បានទេ ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់លោក ចាម៉ាល់ ខាហ្សូកជី នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្ហាញអំពីភាពភាពស្អាតស្អំរបស់ទីក្រុងរីយ៉ាដ៕ម.ន

  • តម្លៃប្រេងពិភពលោកបានធ្លាក់ចុះបន្ដិចមកវិញហើយ បន្ទាប់ពីកើនឡើងអស់៤សប្តាហ៍កន្លងមក

    តម្លៃប្រេងពិភពលោកបានធ្លាក់ចុះបន្ដិចមកវិញហើយ បន្ទាប់ពីកើនឡើងអស់៤សប្តាហ៍កន្លងមក

    សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីតម្លៃប្រេងកើនឡើងអស់៤សប្តាហ៍កន្លងមក តម្លៃប្រេងរបស់ West Texas Intermediate (WTI) សម្រាប់ខែវិច្ឆិកា និងតម្លៃ Brent សម្រាប់ខែធ្នូ បានធ្លាក់ចុះ៤.០៣% និង៤.៤៣% រៀងគ្នា ។ កាលពីសប្តាហ៍ទីមួយនៅខែតុលានេះ តម្លៃប្រេងរបស់ WTI និង Brent ស្មើនឹង៧៤.៣៤ដុល្លារអាម៉េរិក និង៨៤,១៦ដុល្លារអាម៉េរិកក្នុងមួយធុង។ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ តម្លៃប្រេងរបស់ក្រុមហ៊ុនទាំងពីរបន្តកើនឡើងទៀត ដោយតម្លៃប្រេងរបស់ WTI កើនបាន០,៦៧ដុល្លារអាម៉េរិក មកស្មើនឹង៧៤,៩៦ដុល្លារអាម៉េរិកក្នុងមួយធុង និងតម្លៃប្រេង Brent កើនបាន១,០៩ដុល្លារអាម៉េរិកមកស្មើនឹង៨៥ដុល្លារអាម៉េរិកក្នុងមួយធុង។ ប៉ុន្តែតម្លៃប្រេងដែលមានកម្រិតខ្ពស់ជាងគេតាំងពី៤ឆ្នាំមុនមកនេះ បានបង្កឲ្យមានកង្វល់ពីតម្រូវការ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរិះគន់ថា អង្គការ OPEC បានបង្កើនតម្លៃប្រេងឥន្ធនៈសម្រាប់អតិថិជនអាម៉េរិក។ លើសពីនេះទៀត មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករលើការលូតលាស់សេដ្ឋកិច្ច ពី៣,៩% មកស្មើត្រឹម៣,៧%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០១៨ និង២០១៩។ ដោយឡែកកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះវិញ ស្របទៅនឹងទីផ្សារភាគហ៊ុន ខណៈដែលលោក ត្រាំ បន្តរិះគន់ដល់ប្រទេសដែលមិនគោរពតាមការដាក់ទណ្ឌកម្មរបស់អាម៉េរិក។…

  • រុស្ស៊ីនឹងបំពាក់ប្រព័ន្ធខែលការពារមីស៊ីល អេស-៤០០ មួយគ្រឿង និងប្រព័ន្ធ ផាន់សឺ-អេស ៣គ្រឿងទៀតទៅឲ្យកងការពារដែនអាកាសក្នុងឆ្នាំ២០១៨នេះ

    រុស្ស៊ីនឹងបំពាក់ប្រព័ន្ធខែលការពារមីស៊ីល អេស-៤០០ មួយគ្រឿង និងប្រព័ន្ធ ផាន់សឺ-អេស ៣គ្រឿងទៀតទៅឲ្យកងការពារដែនអាកាសក្នុងឆ្នាំ២០១៨នេះ

    រុស្ស៊ី៖ កងការពារដែនអាកាសរបស់រុស្ស៊ីត្រូវគេរាយការណ៍ថា នាពេលឆាប់ៗនេះនឹងទទួលបានប្រព័ន្ធខែលការពារមីស៊ីល S-400 មួយគ្រឿង និងប្រព័ន្ធមីស៊ីល ផាន់សឺ – អេស ៣គ្រឿង។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ កងការពារអាកាសរុស្ស៊ីធ្លាប់បានទទួលប្រព័ន្ធខែលការពារមីស៊ីល S-400 ចំនួន៣គ្រឿងរួចមកហើយ ប៉ុន្តែការប្រគល់ប្រព័ន្ធសព្វាវុធដ៏ទំនើបនេះថ្មីមួយគ្រឿងថែមទៀត រួមជាមួយប្រព័ន្ធ ផាន់សឺ-អេស ចំនួន៣គ្រឿង នឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។ សូមបញ្ជាក់ថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបានសកម្មជាខ្លាំងក្នុងការធ្វើទំនើបកម្មទៅលើសម្ភារយោធា និងសព្វាវុធរបស់ខ្លួន ហើយបើតាមគម្រោងសម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧នោះ ទីក្រុងម៉ូស្គូគ្រោងនឹងចាយលុយប្រហែល៣១៨ពាន់លានដុល្លារអាម៉េរិក ដើម្បីធ្វើទំនើបកម្ម និងបង្កើនអានុភាពឲ្យបរិក្ខាយោធារបស់រុស្ស៊ី៕ម.ន

  • សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ពីរគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង

    សហរដ្ឋអាម៉េរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ពីរគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង

    សហរដ្ឋអាម៉េរិក៖ កងទ័ពអាកាសអាម៉េរិកប្រចាំនៅសមុទ្រប៉ាស៊ីហ្វិកបានប្រកាសថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ B-52 បានហោះហើរចេញពីទីតាំងទ័ពអាកាសនៅលើកោះ ហ្គំា ទៅបំពេញភារកិច្ចនៅសមុទ្រចិនភាគខាងត្បូង។ អ្នកនាំពាក្យកម្លាំងទាហានអាម៉េរិកបានប្រាប់សារព័ត៌មានក្នុងស្រុកថា យន្តហោះទម្លាក់គ្រាប់ B-52 បានហោះហើរចូលទៅកៀកកោះសិប្បនិមិត្តរបស់ចិន នៅសមុទ្រចិនភាគខាងត្បូង ប៉ុន្តែមន្ទីរបញ្ចកោណអាម៉េរិកមិនបានបញ្ជាក់ថា យន្តហោះខាងលើធ្វើសកម្មភាពនៅទីណានោះឡើយ។ លោក រ៉ាន់ឌល ជី.ស្រ៊ីវើ ដែលជាជំនួយការរដ្ឋមន្ត្រីការពារជាតិអាម៉េរិក ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា ចិនទទួលបានជោគជ័យនៅក្នុងការបង្កើតពង្រីកកម្លាំងទាហាននៅលើកោះមួយចំនួន ហើយយើងកំពុងតែព្យាយាមតបតវិញឲ្យបានសមស្របបំផុត។ សូមរំលឹកថា កាលពីដើមខែតុលាកន្លងទៅ នាវាចម្បាំងចិនបានចូលទៅកៀកនាវាផ្ទុកយន្តហោះអាម៉េរិក USS Decatur ដោយមានចម្ងាយតែ៤០ម៉ែត្រប៉ុណ្ណោះ បង្ខំឲ្យនានាអាម៉េរិក ត្រូវបង្វែងទិសដៅដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនោះ ការប៉ះទង្គិចគ្នាខាងលើ កើតឡើងក្នុងពេលដែលនាវាផ្ទុកយន្តហោះអាម៉េរិកយាមល្បាតនៅតំបន់សមុទ្រ ដែលមានវិវាទរវាងចិន និងវៀតណាម ដោយអាម៉េរិកបានបញ្ជាក់ថា សកម្មភាពរបស់ចិនគឺគ្មានសុវត្ថិភាព និងគ្មានឯកទេសដែលចូលទៅកៀកនាវាអាម៉េរិក៕ម.ន

  • ជនសង្ស័យ៣នាក់ទៀតត្រូវបានប៉ូលិសវេណេស៊ុយអេឡាចាប់ខ្លួន ទាក់ទិននឹងគម្រោងធ្វើឃាតប្រធានាធិបតីកាលពីខែសីហា

    ជនសង្ស័យ៣នាក់ទៀតត្រូវបានប៉ូលិសវេណេស៊ុយអេឡាចាប់ខ្លួន ទាក់ទិននឹងគម្រោងធ្វើឃាតប្រធានាធិបតីកាលពីខែសីហា

    វេណេស៊ុយអេឡា៖ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡាលោក ហ្សក រ៉ូទ្រីហ្គែស បានបញ្ជាក់ថា ជនសង្ស័យ៣នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួនពីបទសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងប៉ុនប៉ងសម្លាប់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌរ៉ូ មិនបានសម្រេចកាលពីខែសីហាកន្លងទៅ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡារូបនេះ បាននិយាយថា ក្នុងចំណោមជនសង្ស័យខាងលើ ក្នុងនោះក៏មានទាំងមន្ត្រីទ័ពអាកាសចូលនិវត្តន៍មួយរូបឈ្មោះ រ៉ាហ្វាអែល ឌីយ៉ាស ផងដែរ ហើយថា តាមរយៈការចាប់ខ្លួននេះ អាចនឹងជួយឱ្យអាជ្ញាធរវេណេស៊ុយអេឡាវែកមុខអ្នកបញ្ជា និងរៀបចំគម្រោងសម្លាប់លោក ម៉ាឌូរ៉ូ។ សូមរំលឹកឡើងវិញថា កាលពីអំឡុងពិធីរំលឹកខួបលើកទី៨១ នៃឆ្មាំជាតិវេណេស៊ុយអេឡា កាលពីថ្ងៃទី០៤ ខែសីហា មានយន្ដហោះដ្រូនបំពាក់គ្រាប់បែកពីរគ្រឿង ត្រូវបានគេបញ្ជាឱ្យហោះទៅក្បែរលោក ម៉ាឌូ និងបំផ្ទុះវានៅពេលលោកកំពុងថ្លែងសុន្ទរកថា។ ចំណែកឯលោក ម៉ាឌូរ៉ូ បានចោទប្រកាន់ដោយមិនបានបង្ហាញភ័ស្ដុងតាងសហរដ្ឋអាម៉េរិក និងកូឡុំប៊ីជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕ម.ន

  • វីរុស Zika បន្តឆ្លងរាលដាលឡើងដល់១០០ករណីនៅក្នុងប្រទេសឥណ្ឌា

    វីរុស Zika បន្តឆ្លងរាលដាលឡើងដល់១០០ករណីនៅក្នុងប្រទេសឥណ្ឌា

    ឥណ្ឌា៖ ចំនួនអ្នកជំងឺឆ្លងវីរុស ហ្ស៊ីកា បានបន្តកើនឡើងដល់១០០ករណីហើយ នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលមនុស្ស២៨នាក់ទៀតត្រូវបានធ្វើរោគវិនិឆ្ឆ័យឃើញថា មានការផ្ទុកវីរុសដ៏កាចសាហាវមួយនេះក្នុងរយៈពេល៣៦ម៉ោងកន្លងទៅ។ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះ បានបញ្ជូនមន្ត្រីជំនាញមួយក្រុមទៅកាន់រដ្ឋរ៉ាចាស្ថាន ខណៈក្រសួងក៏បានរៀបចំរួចជាស្រេច នូវបន្ទប់ត្រួតពិនិត្យមួយ នៅឯមជ្ឈមណ្ឌលជាតិគ្រប់គ្រងមេរោគ ដើម្បីទទួលខុសត្រូវនូវស្ថានភាពនៅក្នុងរដ្ឋមួយនេះផងដែរ។ បើតាមមន្ត្រីសុខាភិបាលមួយរូបរបស់ឥណ្ឌា គ្រប់ករណីទាំងអស់ គឺមកពីរដ្ឋរ៉ាចាស្ថាន ភាគខាងលិចប្រទេស ហើយភាគច្រើននៃពួកគេ គឺមកពីមន្ទីរពេទ្យនៅទីក្រុងចៃភូ រដ្ឋរ៉ាចាស្ថាននេះ។ សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី៣ហើយ នៃការផ្ទុះការរាតត្បាតរបស់វីរុស ហ្ស៊ីកា នៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៧។ វីរុស ហ្ស៊ីកា នេះ បានឆ្លងរាលដាលតាមរយៈសត្វមូសម្យ៉ាង ដែលមានឈ្មោះថា អាឌីស ធ្វើសកម្មភាពចម្លងនៅពេលថ្ងៃ។ រោគសញ្ញានៃជំងឺនេះ រួមមាន ផ្តាសាយ កន្ទួលស្បែក ភ្នែកឡើងក្រហម ឈឺសាច់ដុំ និងឈឺក្បាល៕ម.ន

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកលើកឡើងថា ប្រទេសខ្លួនអាចនឹងដកទណ្ឌកម្មពីតួកគី ក្រោយមានការដោះលែងលោកអាចារ្យ អាន់ឌ្រូ ប្រ៊ុនសុន

    ប្រមុខការទូតសហរដ្ឋអាម៉េរិកលើកឡើងថា ប្រទេសខ្លួនអាចនឹងដកទណ្ឌកម្មពីតួកគី ក្រោយមានការដោះលែងលោកអាចារ្យ អាន់ឌ្រូ ប្រ៊ុនសុន

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា រូបលោករំពឹងនឹងធ្វើការសម្រេចចិត្តមួយនាពេលឆាប់ៗនេះ ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើប្រទេសតួកគី ហើយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងដកទណ្ឌកម្មទាំងនោះវិញ។ ក្នុងអំឡុងពេលថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះរបស់លោកនៅឯរដ្ឋធានីប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក លោក ប៉ុមប៉េអូ បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកអាចនឹងធ្វើការពិចារណាទៅលើទណ្ឌកម្ម ដែលបានដាក់លើទីក្រុងអង់ការ៉ានាពេលដ៏ខ្លីនេះ។ លោកបន្តថា ការដាក់ទណ្ឌកម្មទាំងនោះ មួយចំនួនត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងការចាប់ខ្លួន លោកគ្រូគង្វាលជនជាតិអាម៉េរិកពីសំណាក់អាជ្ញាធរតួកគី ដែលត្រូវបានដោះលែងកាលពីសប្តាហ៍មុន ហើយថា មានហេតុផលមួយ ដែលត្រូវផ្លាស់ប្តូរទណ្ឌកម្មទាំងនោះ។ យ៉ាងណាមិញ ប្រមុខការទូតអាម៉េរិករូបក៏បានអះអាងផងដែរថា ការសម្រេចចិត្តចុយក្រោយនៅពុំទាន់ធ្វើឡើងនៅឡើយទេ ហើយថា រូបលោកត្រូវការពេលវេលាដើម្បីជជែកពិភាក្សាអំពីបញ្ហានេះជាមួយលោកប្រធានាធិបតីជាមុនសិន។ សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានធ្វើការបដិសេដអំពីលទ្ធភាពដែលអាចទៅរួច ចំពោះការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងតួកគី ហើយថា សម្រាប់ការដោះលែងគ្រូគង្វាលអាន់ឌ្រូ ប្រ៊ុនសុន នោះមិនមែនជាផ្នែកមួយនៃការដោះដូរគ្នានោះទេ ហើយថា យើងគ្មានការដោះដូរជាមួយតួកគីឡើយ ហើយយើងក៏បានមិនធ្វើការជួញដួរ ឬក៏ដោះដូរចំណាប់ខ្មាំង និងអ្នកទោសនោះដែរ៕ម.ន

  • មេដឹកនាំបារំាង និងជប៉ុនព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ

    មេដឹកនាំបារំាង និងជប៉ុនព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ

    បារាំង៖ មេដឹកនំាជប៉ុន និងបារាំងបានឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយនឹងគោលបំណងនៃការបង្កើតតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបើកចំហ និងបើកទូលាយ។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីន ហ្សូអាបេ នៅទីក្រុងប៉ារីស ក្នុងថ្ងៃពុធសប្តាហ៍នេះ។ លោក ម៉ាក្រុង និងលោក អាបេ ថែមទាំងអះអាងរួមគ្នាអំពីសារៈសំខាន់ ក្នុងការអនុវត្តយ៉ាងពេញលេញនូវទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយផ្អែកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីត្រួសត្រាយផ្លូវសម្រាប់រំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាការដោះស្រាយបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងធ្វើការងាររួមគ្នា ដើម្បីរារាំងកូរ៉េខាងជើងពីការគេចវេសពីការដាក់ទណ្ឌកម្មផងដែរ។ មួយវិញទៀត លោក អាបេ ក៏បានសន្យាដែរថា នឹងយកបញ្ហានៃការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងពេលដំណាលគ្នា និងការកែតម្រូវគម្លាតសេដ្ឋកិច្ចមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ។ មេដឹកនាំទាំងពីរថែមទាំងបានអះអាងទៀតថា បារំាង និងជប៉ុន នឹងធ្វើការងាររួមគ្នាដើម្បីនាំយកបញ្ហាមួយនេះយកមកពិភាក្សាបន្ថែមទៀត ខណៈដែលប្រទេសបារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G7 នៅឆ្នំា២០១៩ខាងមុខ៕ម.ន

  • ប្រមុខអង្គការពាណិជ្ជកម្មពិភពលោកព្រមានថា សង្គ្រាមពាណិជ្ជកម្មធ្វើឲ្យបាត់បង់ការងាររាប់សិបលានកន្លែង

    ប្រមុខអង្គការពាណិជ្ជកម្មពិភពលោកព្រមានថា សង្គ្រាមពាណិជ្ជកម្មធ្វើឲ្យបាត់បង់ការងាររាប់សិបលានកន្លែង

    បរទេស៖ អង្គការពាណិជ្ជកម្មពិភពលោកបានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មប៉ះពាលដល់ការងាររាប់សិបលានកន្លែងទូទាំងពិភពលោក។ ក្នុងពេលថ្លែងសុន្ទរកថា នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីម្សិលមិញ លោក Roberto Azevedo បានព្រមានថា ការចេះតែបន្តបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម គឺពិតជាផ្តល់ហានិភ័យដល់សេដ្ឋកិច្ចពិភពលោក ជាពិសេស គំរាមកំហែងដល់ការងាររាប់សិបលាននាក់។