-
ស្លាប់៣នាក់ និងរបួស៥នាក់ ក្នុងហេតុការណ៍យន្តហោះខ្នាតតូចមួយគ្រឿងចុះចតខុសបច្ចេកទេសជ្រុលទៅហ្វូងមនុស្ស

អាល្លឺម៉ង់៖ យន្តហោះខ្នាតតូចមួយគ្រឿងបានបុកមនុស្ស៣នាក់ស្លាប់ និង៥នាក់ទៀតរងរបួស ស្របពេលកំពុងព្យាយាមចុះចតនៅលើភ្នំវ៉ាសឺកាប៉េ ដែលស្ថិតនៅរដ្ឋហេស ភាគកណ្តាលប្រទេសអាល្លឺម៉ង់ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ខណៈពេលកំពុងធ្វើការចុះចតយន្តហោះខ្នាតតូចនេះ បានបុកកាត់រនាំង ហើយក៏ជ្រុលសំដៅឆ្ពោះទៅរកហ្វូងមនុស្សថែមទៀត ដែលនៅចុងផ្លូវនៃព្រលាន។ ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់០៣នាក់ ក្នុងនោះមានមនុស្សពេញវ័យ២នាក់ និងក្មេងប្រុសអាយុប្រហែល១០ឆ្នាំម្នាក់។ សូមបញ្ជាក់ថា យន្តហោះខាងលើជាប្រភេទ Cessna ត្រូវគេរាយការណ៍ថា ជាកម្មសិទ្ធិឯកជន។ ដោយឡែកមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ នៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ខណៈអាកាសធាតុមានសភាពប្រសើរធម្មតានៅពេលកើតហេតុ៕ម.ន
-
ស៊ីរីអំពាវនាវឲ្យសហគមន៍អន្តរជាតិស៊ើបអង្កេតការបង្កអំពើឧក្រិដ្ឋកម្មរបស់សហរដ្ឋអាម៉េរិក

ស៊ីរី៖ ក្រសួងការបរទេសស៊ីរីបានអំពាវនាវយ៉ាងទទូចកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ ឲ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតពាក់ព័ន្ធនឹងការបង្កអំពើឧក្រិដ្ឋកម្មរបស់កងកម្លាំងចម្រុះដឹកនាំដោយអាម៉េរិក បន្ទាប់ពីមានករណីវាយប្រហារថ្មីៗនេះនៅឯទីក្រុងដេអាល់ហ្សូ។ ជាមួយគ្នានេះ បើតាមសារព័ត៌មានរដ្ឋ សាណា របស់ស៊ីរី បានចេញផ្សាយថា ក្រសួងបរទេសស៊ីរីថែមទាំងធ្វើការស្នើឱ្យបញ្ចប់វត្តមានឈ្លានពាន និងមិនស្របច្បាប់របស់កងកម្លាំងអាម៉េរិកនៅលើទឹកដីប្រទេសស៊ីរី ហើយថា ការប្រើប្រាស់អាវុធដែលអន្តរជាតិហាមឃាត់ ដើម្បីប្រឆាំងនឹងប្រជាជនស៊ីរី គឺជាការរំលោភបំពានយ៉ាងជាក់ស្តែងលើច្បាប់អន្តរជាតិ និងសិទ្ធិមនុស្ស។ សូមជម្រាបថា ការអំពាវនាវរបស់ក្រសួងបរទេសស៊ីរីខាងលើ ធ្វើឡើង០២ថ្ងៃក្រោយកងកម្លាំងចម្រុះដឹកនាំដោយអាម៉េរិក បានបើកការវាយប្រហារដោយអាវុធម្យ៉ាង ដែលស៊ីរីនិយាយថា ជាអាវុធហាមឃាត់ទៅលើទីក្រុងហាជីន ដែលទីតាំងមួយក្នុងចំណោមទីក្រុងកាន់កាប់ដោយពួកឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅភាគខាងកើតតំបន់ជនបទនៃខេត្តដេអាល់ហ្សូ ហើយជាលទ្ធផលនោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន៕ម.ន
-
អ៊ីរ៉ង់ប្រកាសប្រឆាំងនឹងផលប៉ះពាល់ដែលអាចកើតឡើងដោយសារការដាក់ទណ្ឌកម្មប្រេងរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសខ្លួន

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី បាននិយាយកាលពីថ្ងៃអាទិត្យថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆំាងនឹងការនាំចេញប្រេងរបស់អ៊ីរ៉ង់នៅខែវិច្ឆិកាខាងមុខនេះ នឹងមិនអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់អ៊ីរ៉ង់បានឡើយ។ ថ្លែងនៅក្នុងសន្ទុរកថាមួយនៅឯសកលវិទ្យាល័យក្រុងតេហេរ៉ង់កាលពីថ្ងៃ អាទិត្យ ចុងសប្តាហ៍មុននេះ លោក រូហាន់នី បានបញ្ជាក់ថា គម្រោងដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ទៅលើការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់នោះ នឹងមិនបង្កផលប៉ះពាល់កិច្ចការរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ឡើយ ប៉ុន្តែការដាក់សម្ពាធដោយរដ្ឋបាលបច្ចុប្បន្នរបស់សហរដ្ឋអាម៉េរិក ទំនងជាកំពុងមានគោលបំណងផ្លាស់ប្តូររបបដឹកនំានៅក្នុងប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី០៨ ខែឧសភា ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ ដែលត្រូវបានគេស្គាល់ថា JCPOA ហើយថែមទាំងសន្យាថា នឹងដាក់ទណ្ឌកម្មធ្ងន់បំផុតជាប្រវត្តិសាស្រ្តប្រឆាំងនឹងអ៊ីរ៉ង់ ។ ជុំវិញបញ្ហានេះ លោក រូហាន់នី បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែចេញឆ្ងាយ ក្រោយដកខ្លួនពីកិច្ចព្រមព្រៀងអន្តរជាតិនេះ លើកលែងតែប្រទេសមួយចំនួន ខណៈប្រទេសដទៃទៀតចាត់ទុកថា ទង្វើនេះ គឺជារឿងខុសច្បាប់ និងជាកំហុសឆ្គងដ៏ធំមួយ៕ម.ន
-
លោក ដូណាល់ ត្រាំ និយាយថា រូបលោកមិនប្រាកដថា រដ្ឋមន្រ្តីការពារជាតិអាចនឹងលាលែងពីតំណែងរបស់ខ្លួនឡើយ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបដិសេធចំពោះការសន្និដ្ឋានថា រូបលោកកំពុងកើនឡើងនូវការខ្វែងគំនិតគ្នាជាមួយរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ចែម ម៉ាត់ទីស ។ ប៉ុន្តែលោកក៏មិនបានបដិសេធនូវលទ្ធភាពនៃការចាកចេញរបស់លោក ម៉ាត់ទីស ពីរដ្ឋបាលរបស់លោកដែរ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកយកសារព័ត៌មកពីទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា រូបលោកបានទទួលទានអាហារថ្ងៃត្រង់ជាមួយលោក ម៉ាត់ទីស កាលពី០២ថ្ងៃមុន ហើយលោកពិតជាមានទំនាក់ទំនងល្អជាមួយលោក ម៉ាត់ទីស។ ប៉ុន្តែលោក ត្រាំ ក៏បានសារភាពដែរថា ពួកលោកពិតជាមានទស្សនៈផ្ទុយគ្នាជាច្រើន ហើយថា លោក ម៉ាត់ទីស គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកប្រជាធិបតេយ្យ ហើយថែមទំាងនិយាយបង្ហើបថា វាអាចទៅរួចដែលថា លោក ម៉ាត់ទីស កំពុងមានគម្រោងចាកចេញ។ សូមរំលឹកថា ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកមួយចំនួនបានរាយការណ៍កាលពីខែមុនថា មានការព្យាករណ៍កាន់តែច្រើនឡើងៗនៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលថា លោក ចែម ម៉ាត់ទីស គ្រោងនឹងលាលែងពីតំណែងជារដ្ឋមន្រ្តីការពារជាតិនារយៈពេលប៉ុន្មានខែខាងមុខទៀត ខណៈឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី នីគគី ហាលី ក៏បានប្រកាសលាលែងពីតំណែងផងដែរ គឺនៅត្រឹមដំណាច់ឆ្នំានេះ៕ម.ន
-
ជនប៉ាឡេស្ទីន៧នាក់ស្លាប់ និងរបួស២៥២នាក់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខអ៊ីស្រាអែលនៅតំបន់កាហ្សា

កាហ្សា៖ អ្នកនំាពាក្យក្រសួងសុខាភិបាលនៅតំបន់កាហ្សាស្ទ្រីប បានឲ្យដឹងថា ជនប៉ាឡេស្ទីន៧នាក់បានបាត់បង់ជីវិត និង២៥២នាក់ទៀតទទួលរងរបួស ដោយសារគ្រាប់កាំភ្លើងបាញ់ប្រហារពីភាគីអ៊ីស្រាអែល ក្នុងការធ្វើបាតុកម្មនៅព្រំដែនជម្លោះរវាងអ៊ីស្រាអែល និងតំបន់កាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ជាមួយគ្នានេះ ភាគីអ៊ីស្រាអែលបានប្រកាសថា ជនប៉ាឡេស្ទីនជាង១៥ពាន់នាក់ បានចូលរួមធ្វើបាតុកម្មនៅតំបន់ជម្លោះរវាងភាគីទាំងពីរ។ កម្លាំងទាហានការពារព្រំដែនអ៊ីស្រាអែលបញ្ជាក់ថា ក្រុមបាតុករប៉ាឡេស្ទីនបានគប់ដបសាំង និងគ្រាប់បែកចូលទៅកាន់ទឹកដីអ៊ីស្រាអែល។ ទាំងនោះហើយ ធ្វើឲ្យទាហានអ៊ីស្រាអែលត្រូវតែបាញ់គ្រាប់បែកផ្សែង និងគ្រាប់ពិតតបតវិញដើម្បីបំបែកហ្វូងបាតុករ។
-
ប្រមុខការទូតរុស្ស៊ី៖ សហរដ្ឋអាម៉េរិក គឺជាមូលហេតុធ្វើឲ្យសង្គ្រាមស៊ីរី មិនអាចឈានដល់ទីបញ្ចប់

រុស្ស៊ី៖ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានក្នុងស្រុកកាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្រ្តីកាបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ បានលើកឡើងថា វត្តមានខុសច្បាប់របស់កម្លាំងទាហានអាម៉េរិកនៅក្នុងទឹកដីស៊ីរី គឺជាហេតុផលធ្វើឲ្យសង្គ្រាមនៅក្នុងប្រទេសនេះមិនអាចឈានដល់ទីបញ្ចប់ ហើយថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើតទៅជាប្រទេសមួយទៀតនៅតំបន់ឆ្នេរទន្លេ យូផ្រេត (Euphrate)។ លោក ឡាវរ៉ូវ បានគួសបញ្ជាក់ថា សង្គ្រាមស៊ីវិលអូសបន្លាយជាង៧ឆ្នាំកន្លងមក នៅក្នុងប្រទេសស៊ីរីអាចនឹងបញ្ចប់បាន នៅពេលដែលពលរដ្ឋស៊ីរីវិលត្រឡប់មកគ្រប់គ្រងទឹកដីរបស់ខ្លួនវិញ ហើយភាគីដែលចូលរួមនៅក្នុងសង្គ្រាម ពិសេសគឺ កម្លាំងទាហានដែលមិនទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលទីក្រុងដាម៉ាស់ ត្រូវតែចាកចេញពីទឹកដីស៊ីរី ទើបប្រទេសនេះមានសន្តិភាព ។ បើទោះជាលោក ឡាវរ៉ូវ មិនបានបញ្ជាក់ចំឈ្មោះទាហានប្រទេសណាក៏ដោយ ប៉ុន្តែអ្វីដែលលោកលើកឡើងនោះ គឺសំដៅទៅលើសហរដ្ឋអាម៉េរិក។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញការស្វាគមន៍ដល់រដ្ឋាភិបាលតួកគី ចំពោះការសម្រេចចិត្តដោះលែងលោកអាចារ្យ Andrew Brunson

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានស្វាគមន៍ដល់រដ្ឋាភិបាលតួកគី ដែលបានយល់ព្រមដោះលែងលោកអាចារ្យ អាន់ឌ្រូ ប្រ៊ុនសុន ហើយថា រូបលោកនឹងជួបជាមួយគ្រូគង្វាលនេះនៅឯសេតវិមាននាព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ នៅក្រោមកិច្ចព្រមព្រៀងមួយ ក្រោយមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ ដែលបានជួបជាមួយភាគីតួកគី បានឱ្យដឹងថា លោក ប៊្រុនសុន ត្រូវបានដោះលែង បន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងរូបលោកត្រូវបានទម្លាក់ចោលក្នុងសវនាការរបស់គាត់ ដែលធ្វើឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ គួរបញ្ជាក់ថា តុលាការតួកគីបានសម្រេចចិត្តកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ឱ្យដោះលែងលោក ប្រ៊ុនសុន គឺជាជំហានថ្មីមួយដែលអាចឈានទៅដល់ការផ្សះផ្សាទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ។ លោក ប៊្រុនសុន ត្រូវបានតុលាការតួកគីផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ និងមួយខែ ចាប់តាំងពីខែតុលា ឆ្នាំ២០១៦ ពីបទមានទំនាក់ទំនងជាមួយនឹងពួកសកម្មប្រយុទ្ធឃើដ និងជាអ្នកគាំទ្រចលនាធ្វើរដ្ឋប្រហារមិនបានសម្រេចនៅតួកគី។ ប៉ុន្តែលោក ប៊្រុនសុន បានច្រានចោលការចោទប្រកាន់នេះ ខណៈទីក្រុងវ៉ាស៊ីនតោនបានទាមទារឱ្យអាជ្ញាធរតួកគីដោះលែងរូបលោកជាបន្ទាន់៕ម.ន
-
លោក មូន ជែអ៊ីន៖ ការដាក់សម្ពាធ ឬទណ្ឌកម្មរបស់អន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើង ក្រោមហេតុផលសិទ្ធិមនុស្ស គឺជាយុទ្ធសាស្រ្តបរាជ័យ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា កូរ៉េខាងជើងកំពុងផ្លាស់ប្ដូរប្រកបដោយភាពវិជ្ជមាន ក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយថា ការដាក់សម្ពាធ ឬទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្រោមហេតុផលសិទ្ធិមនុស្ស គឺជាយុទ្ធសាស្ត្របរាជ័យ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក មូន ជែអ៊ីន បានគូសបញ្ជាក់ថា ការដាក់សម្ពាធពីសំណាក់អន្តរជាតិប្រឆាំងនឹងកូរ៉េខាងជើង ក្រោមហេតុផលសិទ្ធិមនុស្ស គឺជាយុទ្ធសាស្ត្របរាជ័យ ហើយថែមទាំងអះអាងទៀតថា ការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការដាក់ទណ្ឌកម្ម ឬសម្ពាធពីអន្តរជាតិ គឺពិតជាមិនមានប្រសិទ្ធិភាពឡើយ។ សូមជម្រាបថា លោក មូន ជែអ៊ីន គឺជាប្រធានាធិបតីដំបូងគេបំផុតរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដែលបានថ្លែងសារទៅកាន់ប្រជាជនកូរ៉េខាងជើងនាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ ៕ម.ន
-
ក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប៊ីសាអូឌីតប្រកាសច្រានចោលការចោទប្រកាន់ថា ខ្លួនជាអ្នកដំឡើងថ្លៃប្រេង

អារ៉ាប៊ីសាអូឌីត៖ ក្រុមហ៊ុនប្រេងរដ្ឋ អារុំាកូ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា ខ្លួនបានដំឡើងថ្លៃប្រេងចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ។ ក្រុមហ៊ុនប្រេងរបស់អារ៉ាប៊ីសាអូឌីតមួយនេះ បានអះអាងទៀតថា រាល់ការកែប្រែតម្លៃប្រេងនោះ គឺត្រូវតែធ្វើសេចក្តីប្រកាសតាមរយៈស្ថាប័នរដ្ឋាភិបាល ហើយកាលពីខែសីហាកន្លងទៅនេះ ក្រសួងប្រេង និងរ៉ែអារ៉ាប៊ីសាអូឌីតធ្លាប់បានប្រកាសថា តម្លៃប្រេងគឺនឹងមិនមានការប្រែប្រួលនោះឡើយ រហូតដល់ត្រីមាសទី ៣ ឆ្នាំ២០១៨។ អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសសេដ្ឋីប្រេងលំដាប់លេខ២លើពិភពលោក បានព្យាយាមកែសម្រួលសង្វាក់ផលិតកម្មប្រេងជារឿយៗ គិតចាប់តាំងពីឆ្នាំ២០១៥មក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្លៃប្រេងសកល ហើយរាជាណាចក្រមួយនេះក៏មានគំរោងធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ខ្លួនផងដែរ៕ម.ន
-
ព្យុះហឺរិខិន Michael ផ្តាច់ជីវិតមនុស្សកើនដល់១៣នាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ក្រោយវាយប្រហារភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ បើទោះបីជាព្យុះហឺរីខិន ម៉ៃឃើល បានចេញផុតទៅដល់មហាសមុទ្រអាត្លង់ទិចយ៉ាងណាក្តី វាបានបន្សល់ទុកការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ មិនងាយនឹងស្តាឡើងវិញនៅតំបន់ភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក ជាពិសេសគឺរដ្ឋផ្លូរីដា។ ព្យុះហឺរីខិន ម៉ៃឃើល បានជាប់កំណត់ត្រាជាព្យុះហឺរិខិនដ៏ខ្លាំងក្លាមួយក្នុងប្រវត្តិសាស្រ្ត ដែលបានវាយប្រហារមកលើសហរដ្ឋអាម៉េរិក ហើយក្រៅពីបន្សល់ទុកនូវទិដ្ឋភាពនៃបំផ្លិចបំផ្លាញហិនហោច ព្យុះដ៏កំណាចនេះ ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងតិច១៣នាក់ផងដែរ ដោយតួលេខនេះ ត្រូវអាជ្ញាធរអាម៉េរិកព្រួយបារម្ភថា អាចនឹងមានការកើនឡើងថែមទៀត។ សូមរំលឹកថា ព្យុះហឺរីខិន ម៉ៃឃើល បានបោកបក់យ៉ាងសន្ធប់មកលើភាគពាយ័ព្យរដ្ឋផ្លូរីដាកាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងកម្រិត៤ ជាព្យុះដែលមានកម្លាំងខ្យល់ប្រមាណ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រោយមកវាបានចាប់ផ្តើមថយចុះឥទ្ធិពល និងបន្តឆ្ពោះទៅភាគឦសាន ដោយឆ្លងកាត់រដ្ឋចចជា ទៅដល់រដ្ឋខារ៉ូលីណាខាងត្បូង និងខាងជើង ព្រមទាំងរដ្ឋវើជីនៀ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ វាក៏បានបោកបក់ផុតទៅដល់មហាសមុទ្រអាត្លង់ទិច និងបានបាត់បង់អនុភាពមកត្រឹមជាព្យុះត្រូពិចធម្មតា៕ម.ន