-
វីដេអូ Drone ថតពីលើអាកាស បង្ហាញទិដ្ឋភាពបំផ្លិចបំផ្លាញដោយសារតែព្យុះសង្ឃរានៅរដ្ឋ Florida សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ខ្យល់ព្យុះសង្ឃរា Michael បានវាយប្រហារភាគខាងជើង និងខាងលិចរដ្ឋ Florida សហរដ្ឋអាម៉េរិក បណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងបាក់ដើមឈើជាច្រើន កាលពីពេលថ្មីៗនេះ។ វាបានក្លាយជាព្យុះសង្ឃរាដ៏សាហាវក្នុងប្រវត្ថិសាស្ត្រ ដែលវាយប្រហារតំបន់ Panhandle នៃរដ្ឋ Florida កាលពីថ្ងៃពុធ សប្តាហ៍នេះ។ Michael គឺជាខ្យល់ព្យុះកម្រិត ៣ ដែលមានល្បឿនបោកបក់រហូតដល់ទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្ត្រីរដ្ឋ Florida បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ ដោយសារការដួលរលំដើមឈើ។ យ៉ាងណាមិញ មនុស្សជាង៣៧០ ០០០នាក់ ត្រូវបានប្រាប់ឲ្យជម្លៀសខ្លួនដែរ ប៉ុន្តែក្រុមមន្ត្រីបានកត់សម្គាល់ឃើញថា មនុស្សជាច្រើនមិនអើពើចំពោះការព្រមាននេះឡើយ៕ម.ន
-
លោក ដូណាល់ ត្រាំ ព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសចិនអាចនឹងទទួលរងផលប៉ះពាល់ធ្ងន់បន្ថែមទៀត

សហរដ្ឋអាម៉េរិក៖ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាម៉េរិក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះថា នៅមានច្រើនសន្ធឹកសន្ធាប់ទៀត ដែលរូបលោកអាចធ្វើទៅបាន ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនកាន់តែរងគ្រោះធ្ងន់។ ជុំវិញបញ្ហាសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មជាមួយប្រទេសចិន លោក ដូណាល់ ត្រាំ ក៏បានទម្លាក់កំហុសទៅលើបណ្តាមេដឹកនាំអាម៉េរិកពីមុនៗផងដែរ ដែលបានបើកដៃឲ្យចិនអនុវត្តន៍របៀបធ្វើពាណិជ្ជកម្មដែលគ្មានសមភាព ហើយថា ចិនហាក់ដូចជាបានរស់នៅស្រួលយូរពេកហើយ ដោយប្រហែលជាពួកគេយល់ថា អាម៉េរិកគឺជាមនុស្សល្ងង់ ប៉ុន្តែមិនដូច្នោះឡើយ ពីព្រោះថា ពួកយើងបានស្ថិតក្រោមការដឹកនាំមិនល្អនៅក្នុងវិស័យពាណិជ្ជកម្ម។
-
ចិនអះអាងថា ខ្លួនគ្មានបំណងជ្រៀតជ្រែកចូលបញ្ហានយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក

ចិន៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃព្រហស្បត្តិ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំងគ្មានបំណងចង់ជ្រៀតជ្រែកចូលទៅក្នុងបញ្ហានយោបាយ ឬសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកម្តងណាឡើយ ហើយសង្ឃឹមថា ទីក្រុងវ៉ាស៊ីងតោននឹងបញ្ឈប់ការស្វែងរកលេសដោះសារសម្រាប់ឯកតោភាគីនិយម និងគាំពារនិយមពាណិជ្ជកម្មរបស់ពួកគេ។ កាលពីសប្តាហ៍មុន អនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផេន បានចោទប្រកាន់ចិនថា បានប្រឹងប្រែងព្យាបាទ ដើម្បីធ្វើឲ្យអន្តរាយដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ មុនការបោះឆ្នោតសភានៅខែក្រោយ។ លោក ផេន ក៏បានចោទប្រកាន់ចិនថា កំពុងប្រើប្រាស់សេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្លុតមកលើប្រទេសតូចតាចជាងខ្លួនផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ថា ទីក្រុងប៉េកំាំងមិនបានចូលរួមនោះទេ រឿងឈ្លានពានសេដ្ឋកិច្ចរបស់អ្នកដទៃនោះ។ គួរបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិក និងចិនបានសងសឹកគ្នាជាមួយនឹងការដំឡើងតម្លៃពន្ធរាប់រយពាន់លានដុល្លារលើទំនិញគ្នាទៅវិញទៅមក នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ អំឡុងវិវាទសង្រ្គាមពាណិជ្ជកម្មរបស់ពួកគេ ដែលធ្វើឲ្យរង្គោះរង្គើរដល់វិស័យពាណិជ្ជកម្ម និងការវិនិយោទុនសកល៕ម.ន
-
ប្រធានាធិបតីវេណេស៊ុយអេឡា ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងព្យាយាមសម្លាប់រូបលោក

វេណេស៊ុយអេឡា៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រកាន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ថា កំពុងព្យាយាមស្វែងរកមធ្យោបាយសម្លាប់រូបលោក នៅក្នុងបរិបទដែលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងវេណេស៊ុយអេឡាស្ថិតនៅក្នុងភាពតានតឹង។ លោកធ្វើការចោទប្រកាន់បែបនេះ នៅក្នុងសុន្ទរកថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយថែមទាំងចោទថា រដ្ឋាភិបាលកូឡុំប៊ីក៏មានជាប់ពាក់ព័ន្ធនឹងគម្រោងសម្លាប់រូបលោកផងដែរ។ សូមជម្រាបថា នេះមិនមែនជាលើកទីមួយឡើយដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្វើការចោទប្រកាន់បែបនេះ ហើយព្រមពេលជាមួយគ្នា លោកក៏បានមិនបានបង្ហាញភ័ស្ដុតាងការពារការអះអាងរបស់លោកដែរ ខណៈក្រុមអ្នកនយោបាយប្រឆាំងនឹងរូបលោកយល់ថា វាគ្រាន់តែជាលេសបិទបាំងអសមត្ថភាពដឹកនាំរបស់ប្រធានាធិបតីរូបនេះតែប៉ុណ្ណោះ៕ម.ន
-
ព្យុះស៊ីក្លូន ទីតលី វាយសង្គ្រប់ទៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា

ឥណ្ឌា៖ ព្យុះស៊ីក្លូន ទីតលី នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានបោកបក់មកដល់តំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ បក់រំលើងដើមឈើ ផ្តួលរំលំបង្គោលទូរសព្ទ និងបង្គោលភ្លើង ជាហេតុធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់គ្មានចរន្តអគ្គិសនីប្រើប្រាស់។ ព្យុះ ទីតលី ដែលបោកបក់ក្នុងល្បឿន១៦៥គីឡូម៉ែត្រក្នុង១ម៉ោង បានធ្វើដំណើរមកដល់រដ្ឋភាគខាងកើតអូឌីសា ក្នុងនោះទីក្រុងតំបន់ឆ្នេរ ហ្គូប៉ាល់ពូ រងគ្រោះធ្ងន់ជាងគេ ដោយសារតែព្យុះស៊ីក្លូនមួយនេះ។ គ្រោះធម្មជាតិដ៏អាក្រក់នេះដែរ ក៏បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៣០ម៉ឺននាក់ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីថ្ងៃពុធមកម្ល៉េះ ចេញពីតំបន់វាលទំនាប ស្ថិតក្នុងស្រុកតាមមាត់សមុទ្រចំនួន៥កន្លែងនៅរដ្ឋអូឌីសា។ ការិយាល័យរដ្ឋបាលរដ្ឋ បាននិយាយថា ប្រជាជនទាំងអស់នេះ កំពុងស្វែងរកការស្នាក់អាស្រ័យបណ្តោះអាសន្ន តាមទីជម្រកនានា និងនៅតាមសាលារៀន។ សូមបញ្ជាក់ថា តំបន់ឆកសមុទ្របឹងហ្គាល់ តែងតែប្រឈមនឹងព្យុះស៊ីក្លូនជាច្រើនលើកច្រើនសារក្នុងឆ្នាំនេះ ហើយព្យុះខ្លះបង្កឲ្យមានការខូចខាតធ្ងន់ និងបណ្តាលឲ្យមនុស្សបាត់បង់អាយុជីវិតច្រើនទៀតផង៕ម.ន
-
ប្រធានាធិបតីតួកគីសន្យាតាមប្រមាញ់ជនសង្ស័យដែលជាប់ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់នៅក្នុងប្រទេសតួកគី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បាននិយាយថា ប្រទេសលោកមិនអាចឈរឱបដៃមិនអើពើករណីបាត់ខ្លួនរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ ហ្សាម៉ាល់ ខាសហូកជី នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល បានឡើយ ហើយថា ប្រទេសរបស់លោកនឹងបើកការស៊ើបអង្កេតតាមចាប់ខ្លួនជនសង្ស័យទាំងអស់ ដែលជាប់ទាក់ទិននឹងករណីនេះ ។ ដោយឡែកប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏បានសន្យាថា នឹងទម្លាយអាថ៌កំបាំងនៅពីក្រោយការបាត់ខ្លួនរបស់លោក ហ្សាម៉ាល់ ខាសហូកជី ផងដែរ ហើយបើតាមសេតវិមាននោះ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ក៏បានពិភាក្សាពីបញ្ហានេះ ជាមួយព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ ស្របពេលប្រព័ន្ធផ្សព្វផ្សាយតួកគីនាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតថា អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតរូបនេះ ត្រូវបានគេបាញ់សម្លាប់នៅក្នុងស្ថានកុងស៊ុល។ ប៉ុន្តែអារ៉ាប៊ីសាអូឌីតបានទាត់ចោលការចោទប្រកាន់នេះ បើទោះជាសារព័ត៌មានតួកគីបានបញ្ចេញវីដេអូសុវត្ថិភាពមួយ ដែលបង្ហាញថា ការបាត់ខ្លួនរបស់អ្នកសារព័ត៌មានរូបនេះ មានជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកក៏ដោយ។ សូមជម្រាបថា លោក ហ្សាម៉ាល់ ខាសហូកជី ជាពលរដ្ឋអាម៉េរិក និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារសម្រាប់គម្រោងរៀបអាពាហ៍ពិពិពាហ៍របស់លោកជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះ ហាធីស សិនជីស។ ក៏ប៉ុន្តែនាង ហាធីស ជាគូដណ្ដឹងដែលចាំនៅខាងក្រៅស្ថានកុងស៊ុលបានអះអាងថា…
-
កងទ័ពប្រមាណ៥០,០០០នាក់មកពី៣១ប្រទេស នឹងចូលរួមធ្វើសមយុទ្ធយោធាធំបំផុតនៅប្រទេសន័រវែសដែលរៀបចំដោយអង្គការ NATO

ន័រវែស៖ យោងតាមសេចក្តីប្រកាសរបស់យោធាន័រវែស បានឱ្យដឹងថា កងទ័ពសរុបប្រមាណ៥០,០០០នាក់មកពី៣១ប្រទេស នឹងមកចូលរួមក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឈ្មោះថា ត្រាយដិន ចាំងឆឺ ឆ្នាំ២០១៨ របស់អង្គការណាតូ នៅក្នុងប្រទេសន័រវែស ចាប់ពីថ្ងៃទី២៥ ខែតុលានេះ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខ។ ពាក់ព័ន្ធនឹងគម្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំនេះ យោធាន័រវែសបានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពការពារជាតិរួមគ្នាបានក្លាយជាចំណុចដ៏សំខាន់សម្រាប់អង្គការណាតូ ដោយសារតែការប្រែប្រួលនៃស្ថានការណ៍សន្តិសុខលើពិភពលោក ហើយថា លំហាត់យោធានេះ នឹងធានាថា កងកម្លាំងណាតូទទួលបានការហ្វឹកហាត់ និងត្រៀមខ្លួនរួចរាល់ ហើយបង្ហាញពីភាពរឹងមាំ និងសាមគ្គីភាពរបស់អង្គការណាតូ។ សូមជម្រាបថា កងទ័ពមកពីប្រទេសជាសមាជិកអង្គការណាតូទាំង២៩ រួមជាមួយស៊ុយអែត និងហ្វាំងឡង់ ដែលជាដៃគូ ព្រមទាំងយន្តហោះ១៥០គ្រឿង នាវា៦៥គ្រឿង យានជំនិះរហូតដល់១០,០០០គ្រឿង និងនាវាដឹកយន្តហោះចម្បាំង USS ហារី អេស.ទ្រូមែន ដែលដើរដោយថាមពលនុយក្លេអ៊ែរ នឹងចូលរួមការធ្វើសមយុទ្ធដែលគ្រោងប្រព្រឹត្តទៅនៅតំបន់ភាគកណ្តាល និងខាងកើតន័រវែស ព្រមទាំងតំបន់នៅជុំវិញសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្របាល់ទិក ដែលនឹងក្លាយជាការចល័តកងទ័ពទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ណាតូ គិតចាប់តាំងតែពីសម័យសង្រ្គាមត្រជាក់មក៕ម.ន
-
ព្យុះ ហឺរិខិន Michael កំពុងបង្កការគំរាមកំហែងទៅលើបណ្តារដ្ឋភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មជ្ឈមណ្ឌលព្យុះហឺរិខិនជាតិសហរដ្ឋអាម៉េរិកបានឱ្យដឹងថា ព្យុះហឺរីខិនមានឈ្មោះ ម៉ៃឃើល បានបោកបក់ទៅដល់តំបន់ភាគពាយ័ព្យរដ្ឋផ្លូរីដា ជាមួយ កម្លាំងខ្យល់ជិត២៥០គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)ដោយនំាមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងជោគជំា។ គួរបញ្ជាក់ថា ក្រោយការមកដល់នៃព្យុះហឺរិខិនដ៏មានឥទ្ធិពលនេះ នៅឯទីក្រុង ម៉ិកស៊ីកូ ប៊ីស ផ្លូវថ្នល់នានាត្រូវបានជន់លិច ដើមឈើបានដួលរលំ និងផ្ទះសម្បែងបានរងការខូចខាត ខណៈមនុស្សម្នាក់ក៏បានបាត់បង់ជីវិតផងដែរ ។ ព្យុះហឺរីខិន ម៉ៃឃើល បានបោកបក់មកដល់សហរដ្ឋអាម៉េរិកក្នុងកម្រិតជាព្យុះកម្រិត៤ ជិតដល់កម្រិត ៥ ដែលជាកម្រិត ខ្ពស់បំផុត មុនពេលវាបានថយចុះទៅកម្រិត៣ នៅប៉ុន្មានម៉ោងក្រោយ ហើយនាពេលនេះ មកនៅត្រឹមកម្រិត១ប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ ព្យុះហឺរីខិន ម៉ៃឃើល បានវាយលុកទៅដល់រដ្ឋ ហ្សកហ្ស៊ី និងកំពុងសំដៅបន្តទៅរករដ្ឋ ខារ៉ូលីណា ខាងត្បូង និងខាងជើង មុនចាកចេញទៅកាន់សមុទ្រអាត្លង់ទិកខាងជើង៕
-
លោក ដូណាល់ ត្រាំ៖ កូរ៉េខាងត្បូងមិនអាចដកទណ្ឌកម្មពីកូរ៉េខាងជើងជាឯកតោភាគីបានឡើយ បើសិនជាគ្មានការឯកភាពពីសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងជើងជាឯកតោភាគីជាដាច់ ខាត បើគ្មានការយល់ព្រមពីទីក្រុងវ៉ាស៊ីនតោន។ ទោះជាមានភាពស្ងប់ស្ងាត់នៅលើឧបទ្វីបកូរ៉េក៏ពិតមែន សហរដ្ឋអាម៉េរិកនៅតែបញ្ជាក់ជំហរជាដដែលៗថា ទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនអាចត្រូវបានដក ឬបន្ធូរបន្ថយជាដាច់ខាត បើសិនជាទីក្រុងព្យុងយ៉ាងមិនរំសាយចោលនូវអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុន។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ត្រាំ បានបញ្ជាក់ថា ពួកគេ (កូរ៉េខាងត្បូង) នឹងមិនអាចដក ទណ្ឌកម្មសេដ្ឋកិច្ច ដោយគ្មានការយល់ព្រមរបស់យើងនោះទេ ហើយថា ពួកគេនឹងមិនអាចធ្វើអ្វីឡើយ ដោយគ្មានការអនុញ្ញាតពីពួកយើង។ លោក ដូណាល់ ត្រាំ បានអះអាងយ៉ាងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា ដែលថា ទីក្រុងសេអ៊ូលកំពុងពិចារណា ថាតើគួរតែដកទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី ពីទីក្រុងព្យុងយ៉ាង ឬក៏យ៉ាងណា។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ ត្រូវបានអនុវត្តន៍ក្រោយកូរ៉េខាងជើងបាញ់ពន្លិចនាវាចម្បាំង កូរ៉េខាងត្បូងមួយគ្រឿងកាលពីឆ្នាំ២០១០៕
-
លោក ម៉ៃ ប៉ុមប៉េអូ ព្រមានថា ស៊ីរីនឹងមិនទទួលបានជំនួយពីសហរដ្ឋអាម៉េរិក ខណៈណាកងកម្លាំងអ៊ីរ៉ង់មិនព្រមដកចេញ

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក មៃ ប៉ុមប៉េអូ បានបញ្ជាក់ច្បាស់ៗថា ស៊ីរីនឹងមិនទទួលបានជំនួយកសាងប្រទេសជាតិឡើងវិញ សូម្បីតែមួយសេនពីសហរដ្ឋ អាម៉េរិកឡើយ បើសិនជាកងកម្លាំងអ៊ីរ៉ង់មិនព្រមដកចេញពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ។ ថ្លែងនៅឯវិទ្យាស្ថានជនជាតិជ្វីបសម្រាប់សនិ្តសុខជាតិសហរដ្ឋ អាម៉េរិក លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ថា បើសិនជាកងកម្លាំងអ៊ីរ៉ង់មិនព្រមដកចេញពីប្រទេសស៊ីរីទេនោះ ស៊ីរីកុំសង្ឃឹមថា ទទួលបានជំនួយសូម្បីតែមួយសេន សម្រាប់យកទៅអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុនបេសកជនពិសេសអាម៉េរិកសម្រាប់ស៊ីរី លោក ជីម ចេហ្វហ្វ្រេយ ធ្លាប់បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងបញ្ឈប់រាល់ការផ្ដល់ជំនួយ ស្ដាប្រទេសឡើងវិញដល់ស៊ីរី រហូតទាល់តែមានការរីកចម្រើនក្នុងការស្វែងរកដំណោះស្រាយនយោបាយ ក្រោមការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ។ ដោយឡែក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដកកងទ័ពជាង២,០០០នាក់ចេញពីស៊ីរីឡើយ បើកងកម្លាំងអ៊ីរ៉ង់នៅតែមានវត្តមាននៅ ក្នុងប្រទេស ដែលកំពុងតែញំាញីដោយសារសង្គ្រាមមួយនេះ៕