Category: ព័ត៌មានអន្តរជាតិ

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនិយាយថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម រំពឹងថា ទំនងជាកើតឡើងនាពេលឆាប់ៗខាងមុខនេះហើយ

    ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកនិយាយថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម រំពឹងថា ទំនងជាកើតឡើងនាពេលឆាប់ៗខាងមុខនេះហើយ

    សហរដ្ឋអាម៉េរិក៖ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានក្នុងស្រុកកាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បានថ្លែងថា ជំនួបកំពូលលើកទី២រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវរំពឹងថា នឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។ បើតាមសារព័ត៌មាន ស្ពូតនីគ របស់រុស្ស៊ី បានឱ្យដឹងថា លោក បូលតុន បានគូសបញ្ជាក់ថា ការរួមបញ្ចូនគ្នានៃការប្រើប្រាស់សក្តានុពល នៃកម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើង ក៏ដូចជាយុទ្ធនាការដាក់សម្ពាធជាអតិបរមា បានធ្វើឱ្យប្រមុខដឹកនាំកំពូលរដ្ឋនេះ សម្រេចចិត្តងាកទៅរកតុចរចា ហើយថា បើសិនទីក្រុងព្យុងយ៉ាងដកអាវុធនុយក្លេអ៊ែរទាំងស្រុងនោះ រដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ នឹងមានអនាគតល្អខុសឆ្ងាយពីមុន។ គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងតែប្រសើរឡើងនៅក្នុងឆ្នំានេះ ចាប់តាំងពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានចាប់ផ្តើមធ្វើកិច្ចចរចាទ្វេភាគីជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពមួយ។ ដោយឡែកកាលពីខែមិថុនាកន្លងទៅ សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងក៏បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដែលទាមទារឱ្យទីក្រុងព្យុងយ៉ាងលុបបំបាត់អាវុធនុយក្លេអ៊ែរទំាងស្រុង ជាថ្នូរនឹងការដកទណ្ឌកម្ម ហើយនឹងការផ្អាកការធ្វើសមយុទ្ធយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង៕ម.ន

  • អ៊ីស្រាអែលកម្ទេចផ្លូវរូងក្រោមដីដែលពួកសកម្មប្រយុទ្ធកសាងឡើងនៅតំបន់ហ្គាហ្សា

    អ៊ីស្រាអែលកម្ទេចផ្លូវរូងក្រោមដីដែលពួកសកម្មប្រយុទ្ធកសាងឡើងនៅតំបន់ហ្គាហ្សា

    អ៊ីស្រាអែល៖ កងកម្លំាងរដ្ឋាភិបាលអ៊ីស្រាអែលបានធ្វើការកម្ទេចចោលនូវផ្លូវរូងក្រោមដីឆ្លងព្រំដែនពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ដែលជីកសាងឡើងដោយពួកឧទ្ទាមហាម៉ាស់ ក្នុងគោលបំណងបង្កការវាយប្រហារ។ សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលបានបញ្ជាក់ថា កាលពីពីរបីម៉ោងកន្លងទៅ កងកម្លាំងរបស់យើងបានបំផ្លាញផ្លូវរូងវាយប្រហាររបស់ភេរវករមួយ ដែលជារបស់អង្គការភេរវកម្មហាម៉ាស់ ដែលទម្លាយចូលក្នុងប្រទេសអ៊ីស្រាអែល ពីតំបន់ហ្គាហ្សាស្ទ្រីប។ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយពីក្រុមហាម៉ាស់ ដែលជាកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីនកាន់កាប់នៅក្នុងតំបន់ហ្គាហ្សា នៅឡើយនោះទេ៕ម.ន

  • ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់បន្តកើនដល់២,០៧៣នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់បន្តកើនដល់២,០៧៣នាក់ ក្រោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

    ឥណ្ឌូណេស៊ី៖ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំង និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារនៅខេត្ត ស៊ូឡាវេសស៊ី បានបន្តកើនឡើងដល់២,០៧៣នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានបន្តស្វែងរកក្រុមអ្នកបាត់ខ្លួន។ អ្នកនាំពាក្យមួយរូបមកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក ស៊ូតូផូ ភូវ៉ូ នូក្រូហូ បាននិយាយថា ប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះបានបន្តការងារជាច្រើនថ្ងៃទៀតរហូតដល់់ថ្ងៃសុក្រនេះ នៅទីតាំងសហគមន៍មួយកន្លែង ដើម្បីរក្សាការរុករកក្រុមជនរងគ្រោះ។ គិតត្រឹមថ្ងៃសុក្រនេះ ជាថ្ងៃទី១៥ហើយ ក្រោយពីមានគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលមានកម្រិត៦.០ ៧.៤ និង៦.១រ៉ិចទ័រ បន្ទាប់មកទៀតក៏មានរលកយក្សស៊ូណាមិ ដែលមានរហូតដល់កម្ពស់៣ម៉ែត្រ ដែលបានបំផ្លាញទីក្រុងប៉ាលូ នៅស្រុកដុងហ្គាឡា ស៊ីជី និងប៉ារីជី មួងតុង កាលពីថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ៕ម.ន

  • មន្ទីរបញ្ចញកោណសម្រេចផ្អាកប្រតិបត្តិការយន្តហោះពិឃាត F-35 ក្រោយយន្តហោះប្រភេទថ្មីនេះមួយគ្រឿងបានធ្លាក់កាលពីខែមុន

    មន្ទីរបញ្ចញកោណសម្រេចផ្អាកប្រតិបត្តិការយន្តហោះពិឃាត F-35 ក្រោយយន្តហោះប្រភេទថ្មីនេះមួយគ្រឿងបានធ្លាក់កាលពីខែមុន

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានឱ្យដឹងថា ខ្លួនបានផ្អាកជាបណ្ដោះអាសន្នរាល់ប្រតិបត្តិការហោះហើរទាំងអស់របស់យន្ដហោះពិឃាត F-35 បន្ទាប់ពីយន្ដហោះចម្បាំង F-35B មួយគ្រឿងបានធ្លាក់កាលពីខែកញ្ញាកន្លងទៅ។ យន្ដហោះចម្បាំង F-35 គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធអាម៉េរិក ឡុកឃីដ ម៉ាទីន (Lockheed Martin) ហើយវាមានបីប្រភេទ គឺ F-35A, F-35B និង F-35C។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយយន្ដហោះចម្បាំង F-35B មួយគ្រឿងបានធ្លាក់នៅឯរដ្ឋ សោតស៍ ខារ៉ូលីណា កាលពីខែមុន ប៉ុន្តែមូលហេតុជាក់លាក់មិនត្រូវបានគេឱ្យដឹងនោះទេ ខណៈការធ្លាក់នេះ គឺជាលើកដំបូង សម្រាប់ប្រភេទយន្ដហោះចម្បាំងថ្លៃជាងគេនៅលើពិភពលោក ដោយមួយគ្រឿងមានតម្លៃ១០០លានដុល្លារអាម៉េរិក។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ ក្រសួងការពារជាតិអាម៉េរិកបានបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងដៃគូអន្តរជាតិទាំងអស់បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ន នូវរាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងប្រភេទ F-35 ខណៈក្រុមជំនាញកំពុងត្រួតពិនិត្យផ្នែកតួប៊ីន-ឥន្ធនៈនៃម៉ាស៊ីនយន្ដហោះ F-35 ទាំងអស់ ហើយថា ការត្រួតពិនិត្យនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅរយៈពេល២៤ម៉ោងទៅ៤៨ម៉ោងខាងមុខ៕ម.ន

  • យានអវកាសរុស្ស៊ីឡើងដល់កណ្តាលអាកាសក៏ធ្លាក់វិញ តែសំណាងល្អ អវកាសយានិកមានសុវត្ថិភាព

    យានអវកាសរុស្ស៊ីឡើងដល់កណ្តាលអាកាសក៏ធ្លាក់វិញ តែសំណាងល្អ អវកាសយានិកមានសុវត្ថិភាព

    រុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា មន្រ្តីរុស្ស៊ីកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៃបញ្ហាម៉ាស៊ីនយានអវកាស ដែលបានបង្ខំឱ្យមានការចុះចតគ្រាអាសន្ន បន្ទាប់ពីចេញដំណើរបានបន្តិចកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ។ សមាជិកអវកាសយានិក២នាក់ ម្នាក់ជាជនជាតិរុស្ស៊ី និងម្នាក់ទៀតជាជនជាតិអាម៉េរិក មានសុខភាពល្អមិនមានគ្រោះថ្នាក់អ្វីទេ ក្រោយការចុះមកកាន់ផែនដីវិញ។ ពួកគេបានធ្វើដំណើរទៅកាន់ស្ថាននីយអវកាសអន្តរជាតិសម្រាប់បេសកកម្ម៦ខែ ខណៈយានរបស់ពួកគេមានបញ្ហា។ បន្ទប់យានដែលពួកគេជិះបានផ្តាច់ចេញពីរ៉ុក្កែត និងធ្លាក់នៅចម្ងាយ៤០០គីឡូម៉ែត្រពីទីតាំងបាញ់បង្ហោះ។ ការបាញ់បង្ហោះទំនងជារលូន តែនៅ៩០វិនាទីក្រោយការចេញដំណើរ ទីភ្នាក់ងារអវកាសអាម៉េរិកណាសា បានរាយការណ៍អំពីបញ្ហាមួយនៅម៉ាស៊ីនរ៉ុក្កែតនៅចន្លោះកំណាត់ទី១ និងទី២។ នៅប្រមាណ១១៤វិនាទីនៃការហោះចេញ ប្រព័ន្ធគេចខ្លួនគ្រាអាសន្នបានរោទិ៍ឡើង ដោយផ្តាច់បន្ទប់អវកាសយានិកចេញពីរ៉ុក្កែត ហើយបន្ទប់យានបានធ្លាក់ចុះមកផែនដីវិញ។ បន្ទប់ដាក់អវកាសយានិកដែលក្រោយមកបានគ្រលាស់ឆត្រយោង បានប្រើពេល៣៤នាទី ទើបធ្លាក់ដល់ដីនៅកាហ្សាក់ស្ថាន ក្នុងចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងដែលវាហោះចេញ។ ដោយឡែកបេសកកម្មសង្រ្គោះមួយត្រូវបានបង្កើត និងបញ្ជូនចេញភ្លាមៗ ដោយរថយន្ត និងទាហានត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់កន្លែង ដែលបន្ទប់យានធ្លាក់នៅជិតទីក្រុងហ្សេកាហ្កាន៕ម.ន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិយាយថា កុំដោយសារការបាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ធ្វើឲ្យខាតបង់ដល់ការលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតតម្លៃរាប់ពាន់លានដុល្លារ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិយាយថា កុំដោយសារការបាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ ធ្វើឲ្យខាតបង់ដល់ការលក់អាវុធឲ្យអារ៉ាប៊ីសាអូឌីតតម្លៃរាប់ពាន់លានដុល្លារ

    សហរដ្ឋអាម៉េរិក៖ សមាជិកសភាអាម៉េរិកមួយចំនួនយល់ថា សហរដ្ឋអាម៉េរិកគួរតែចាត់វិធានការ ឬទណ្ឌកម្មប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងករណីដែលគេរកឃើញថា អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាសហូកជី ពិតជាត្រូវបានគេសម្លាប់មែននោះ។ ជាការឆ្លើយតបប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកមើលមិនឃើញថា មានហេតុផលណាមួយដើម្បីលុបចោលគម្រោងលក់អាវុធ និងការវិនិយោគរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសហរដ្ឋអាម៉េរិក ដោយគ្រាន់តែការបាត់ខ្លួនរបស់អ្នកសារព័ត៌មានម្នាក់នោះទេ ព្រោះថា ការធ្វើដូច្នោះ នឹងបង្ខំឱ្យទីក្រុងរីយ៉ាដយកលុយទៅចាយនៅក្នុងប្រទេសរុស្ស៊ី និងចិនតែប៉ុណ្ណោះ។ សូមរំលឹកថា លោក ចាម៉ាល់ ខាសហូកជី អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បានបាត់ខ្លួនដោយអាថ៌កំបាំង ក្រោយចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារសម្រាប់គម្រោងរៀបអាពាហ៍ពិពិពាហ៍ របស់លោកជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះ ហាធីស សិនជីស។ ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយតួកគីបានរាយការណ៍ថា អ្នកសារព័ត៌មានរូបនេះ ត្រូវបានគេបាញ់សម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ខណៈទីក្រុងរីយ៉ាដក៏បានចេញ មុខទាត់ចោលការចោទប្រកាន់នេះរួចហើយដែរ៕

  • លោក ស្កុត ម៉ូរីសុន ប្រកាសជំទាស់នឹងគំនិតចង់ឱ្យអូស្រ្តាលី ក្លាយជាប្រទេសកាន់របបសាធារណរដ្ឋ

    លោក ស្កុត ម៉ូរីសុន ប្រកាសជំទាស់នឹងគំនិតចង់ឱ្យអូស្រ្តាលី ក្លាយជាប្រទេសកាន់របបសាធារណរដ្ឋ

    អូស្រា្តលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្តុត ម៉ូរីសុន បានប្រកាសជាសាធារណៈថា រូបលោកជំទាស់នឹងគំនិតចង់ឱ្យអូស្ត្រាលី ក្លាយជាប្រទេសកាន់របបសាធារណរដ្ឋ ជាមួយការបង្ហាញមោទកភាពរបស់លោក ក្នុងការគាំទ្ររបបរាជានិយមរួមជាមួយចក្រភព អង់គ្លេសសព្វថ្ងៃ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃសុក្រនេះ លោក ស្តុត ម៉ូរីសុន បានលើកឡើងថា ខ្ញុំពិតជាគាំទ្រជាទីបំផុត ដល់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយខ្ញុំមិនចង់ឃើញអូស្ត្រាលី ក្លាយជាប្រទេសកាន់របប សាធារណរដ្ឋនោះទេ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានធ្វើការកត់សម្គាល់បែបនេះ នៅមុនពេលការបំពេញព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះម្ចាស់អង់គ្លេស ហារី និងភរិយារបស់ទ្រង់ គឺនាង មេហ្គាន ម៉ាខល មកកាន់ប្រទេសអូស្រ្តាលី។ សូមរំលឹកថា កាលពីឆ្នាំ ១៩៩៩ អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខុម ធើមបូល ធ្លាប់បានដឹកនាំចលនាអ្នកសាធារណរដ្ឋនិយមអូស្រ្ដាលី ចូលរួមនៅក្នុងការបោះឆ្នោតប្រជាមតិមួយស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ ដើម្បីត្រួសត្រាយផ្លូវឱ្យអូស្ត្រាលីក្លាយទៅជាប្រទេសកាន់របប សាធារណរដ្ឋ។ ប៉ុន្តែការបោះឆ្នោតប្រជាមតិនេះ មិនបានទទួលបានជោគជ័យឡើយ៕

  • គ្រោះរញ្ជួយកម្រិត៥.៣រ៉ិចទ័រវាយប្រហារដែនកោះ Chiba របស់ប្រទេសជប៉ុន

    គ្រោះរញ្ជួយកម្រិត៥.៣រ៉ិចទ័រវាយប្រហារដែនកោះ Chiba របស់ប្រទេសជប៉ុន

    ជប៉ុន៖ ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៣ រ៉ិចទ័របានវាយប្រហារទៅលើតំបន់ដែនកោះ ឈីបបា នៅម៉ោងប្រមាណ១និង១៥នាទីរសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ គ្រោះមហន្តរាយធម្មជាតិនេះ បានបង្កការញ័ររញ្ជួយ នៅភាគភាគឦសានដែនកោះ ឈីបបា ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន ក្នុងជម្រៅដីប្រហែល៥០គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ របាយការណ៍លម្អិតពាក់ព័ន្ធនឹងទំហំនៃការខូចខាត ឬមួយក៏មនុស្សរងរបួសនៅពុំទាន់ចេញផ្សាយនៅឡើយទេ ស្របពេល ដែលការប្រកាសអាសន្ននៃរលកយក្សស៊ូណាមិក៏មិនមានផងដែរ៕

  • សហរដ្ឋអាម៉េរិកឈានទៅរកការកំណត់នាំចូលបច្ចេកវិទ្យានុយក្លេអ៊ែរទៅក្នុងប្រទេសចិនឆាប់ៗនេះ

    សហរដ្ឋអាម៉េរិកឈានទៅរកការកំណត់នាំចូលបច្ចេកវិទ្យានុយក្លេអ៊ែរទៅក្នុងប្រទេសចិនឆាប់ៗនេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ គ្រោងកំណត់ការលក់បច្ចេកវិទ្យានុយក្លេអ៊ែររបស់អាម៉េរិកទៅឲ្យចិនក្នុងពេលឆាប់ៗនេះ នេះបើតាមការចេញផ្សាយរបស់សារព័តមាន CNN ដោយយោងតាមសេចក្ដីថ្លែងការណ៍របស់លេខាធិការថាមពលនៃសហរដ្ឋអាម៉េរិកលោក Rick Perry កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក Rick Perry ឲ្យដឹងថា សហរដ្ឋអាម៉េរិកមិនអាចមិនអើពើពីផលប៉ះពាល់ដល់សន្ដិសុខជាតិបាននោះទេ ខណៈដែលចិនកំពុងព្យាយាមទាញយកបច្ចេកវិទ្យានុយក្លេអ៊ែរក្រៅពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលរវាងអាម៉េរិក និងចិន។ មន្ត្រីអាម៉េរិកថា ការនាំចូលនុយក្លេអ៊ែររបស់អាម៉េរិកទៅឲ្យចិន មានតម្លៃប្រមាណ១៧០លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០១៧៕ម.ន

  • ស្ថាបនិកក្រុមហ៊ុន Alibaba ជឿជាក់ថា សហរដ្ឋអាម៉េរិកនឹងរងផលប៉ះពាល់ធ្ងន់ជាងគេពីសង្គ្រាមពាណិជ្ជកម្ម

    ស្ថាបនិកក្រុមហ៊ុន Alibaba ជឿជាក់ថា សហរដ្ឋអាម៉េរិកនឹងរងផលប៉ះពាល់ធ្ងន់ជាងគេពីសង្គ្រាមពាណិជ្ជកម្ម

    ម៉ាឡេស៊ី៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានថ្លែងក្នុងសន្និសីទក្នុងក្រុងកូឡាឡាំពួរ តាមរយៈវីដេអូពីប្រទេសចិនថា លោកជឿជាក់អាម៉េរិកនឹងរងផលប៉ះពាល់ជាងគេពីសង្រ្គាមពាណិជ្ជកម្ម ប៉ុន្ដែលោកបន្ថែមថា លោកនៅតែមានសុទិដ្ឋិនិយម ព្រោះក្នុងនាមជាសហគ្រិន ប្រសិនបើអ្នកគ្មានសុទិដ្ឋិនិយមទេ អ្នកមិនមែនជាសហគ្រិននោះទេ។ ថ្លែងតាមរយៈវីដេអូពីប្រទេសចិន លោក Jack Ma ប្រាប់មេដឹកនាំជំនួញ និងអ្នកការទូតថា លោកមើលមិនឃើញមូលហេតុលូកស៊ី នៅពីក្រោយការដំឡើងពន្ធ ដើម្បីកែប្រែឡើងវិញនូវឱនភាពពាណិជ្ជកម្មជាមួយចិននោះទេ។ លោកបន្ថែមថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ជាការពិតទទួលផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ លោកក៏បានចង្អុលបង្ហាញថា ផលិតផលក្នុងស្រុករបស់មហាអំណាចលោកខាងលិចបានកើនឡើងជាបន្ដបន្ទាប់ គឺជាផ្នែកមួយដោយសារប្រភពខាងក្រៅនៃការងារទៅប្រទេសចិន។ សូមបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាម៉េរិកកំពុងប្រឈមនូវភាពតានតឹងដាក់គ្នាលើបញ្ហាពាណិជ្ជកម្ម ដោយប្រទេសទាំងពីរកំពុងចាត់វិធានាការពន្ធដាក់គ្នាជាបន្តបន្ទាប់៕ម.ន