-
ក្រសួងការពារជាតិចិនបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតសហរដ្ឋអាម៉េរិកឲ្យចេញឆ្ងាយពីតំបន់ជម្លោះសមុទ្រចិនខាងត្បូង

ចិន៖ ក្រសួងការពារជាតិចិនបានបញ្ជូននាវាពិឃាតទៅបណ្ដេញនាវាពិឃាតអាម៉េរិកមួយគ្រឿងឱ្យចេញឆ្ងាយពីតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយថែមទាំងបានថ្កោលទោស និងសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ក្រោយនាវាពិឃាតអាម៉េរិក យូអេសអេស ឌីខាធើ បានធ្វើដំណើរនៅក្បែរតំបន់ទីប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បួង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបានចាត់ទុកថា ការធ្វើនាវាចររបស់នាវាពិឃាតអាម៉េរិកនៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសចិន។ ចំណែកឯក្រសួងការបរទេសចិនក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយផងដែរ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់សកម្មភាពបង្ករឿងរបៀបនេះតទៅទៀត។ សូមជម្រាបថា បើតាមក្រសួងការពារជាតិចិន នាវាពិឃាតអាម៉េរិក យូអេសអេស ឌីខាធើ កាលពីថ្ងៃអាទិត្យកន្លងទៅ បានធ្វើនាវាចរនៅក្បែរបរិវេណតំបន់ថ្មប៉ប្រះទឹកហ្គាវិន នៃទីប្រជុំកោះស្ព្រេតលី នៅតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែជាការឆ្លើយតប ចិនបានបញ្ជូននាវាពិឃាត លូយ៉ាង ទៅបណ្ដេញនាវាពិឃាតអាម៉េរិកឱ្យចេញឆ្ងាយពីតំបន់នេះ ខណៈទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ទង្វើរបស់ចិនគឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ៕ម.ន
-
សារព័ត៌មានកូរ៉េខាងជើងផ្សាយថា ទីក្រុងព្យុងយ៉ាងក៏មិនចង់បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្គ្រាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាម៉េរិកមិនចង់បាន

-
ប្រតិភូកូរ៉េខាងត្បូងគ្រោងដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចួលរួមការប្រារព្ធខួបលើកទី១១ នៃជំនួបកំពូលអន្តរកូរ៉េឆ្នាំ២០០៧

កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមទីក្រុងសេអ៊ូលបានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា ប្រតិភូកូរ៉េខាងត្បូងមួយក្រុម នឹងធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកម្មវិធីប្រារព្ធខួបលើកទី១១ នៃជំនួបកំពូលអន្តរកូរ៉េឆ្នំា២០០៧។ ប្រតិភូដែលមានសមាជិកប្រហែល១៥០នាក់ និងប្រតិភូស៊ីវិលដឹកនំាដោយរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក ឆូ មីយ៉ុងគ្យុង និងប្រធានគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច លោក លី ហេចាន់ គ្រោងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃព្រហស្បត្ត៍សប្តាហ៍នេះ ទៅកាន់ប្រទេសកូរ៉េខាងជើង។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ប្រតិភូកូរ៉េខាងត្បូងនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី១១នៃជំនួបកំពូលអន្តរកូរ៉េឆ្នាំ២០០៧ ក្នុងទីក្រុងព្យុងយ៉ាង រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក រ៉ូ ម៊ូហ៊ីយន់ និងប្រមុខដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែលជាឱពុកបង្កើតរបស់លោក គីម ជុងអ៊ុន។ គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលប្រទេសបងប្អូនកូរ៉េទាំងពីរចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខណៈដែលលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាកាលពីខែមុន ក្នុងជំនួបកំពូលលើកទី៣របស់លោកនៅទីក្រុងព្យុងយ៉ាង ថា នឹងប្រារព្ធកម្មវិធីដែលពោលពេញទៅដោយអត្ថន័យរួមគ្នាមួយ នាអំឡុងពិធីរំលឹកខួបនៃជំនួបកំពូលអន្តរកូរ៉េឆ្នំា២០០៧៕ម.ន
-
ប្រទេសឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់កើនដល់១,២៣៤នាក់ហើយ ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ

-
ប្រធានអង្គការមូលនិធិអន្តរជាតិព្រមានពីការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក-ចិន ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍

បរទេស៖ ប្រធានអង្គការមូលនិធិអន្តរជាតិ ហៅកាត់ថា IMF លោកស្រី Christine Lagarde បានព្រមានថា ការរីករាលដាលនៃសង្គ្រាមពាណិជ្ជកម្មអន្តរជាតិ សំដៅលើភាពជាប់គាំងរវាងសហរដ្ឋអាម៉េរិក-ចិន អាចនឹងបង្កផលប៉ះពាល់លើសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងពេលថ្លែងសុន្ទរកថាក្នុងទីក្រុងវ៉ាស៊ីងតោន មុនពេលមានកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការមូលនិធិអន្តរជាតិ IMF ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី នាសប្តាហ៍ក្រោយនោះ លោកស្រី Christine Lagarde បាននិយាយថា អាកាសធាតុពិភពលោកកំពុងផ្លាស់ប្តូរទៅរកភាពអាក្រក់ រីឯការព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោកវិញក៏កាន់តែធ្លាក់ចុះ។ ដើម្បីជំរុញឲ្យបណ្តាប្រទេសផ្សេងៗប្រឹងប្រែងរួមគ្នានោះ ប្រធានអង្គការមូលនិធិអន្តរជាតិរូបនេះ បាននិយាយថា ពិភពលោកចាំបាច់ត្រូវស្ថាបនាប្រព័ន្ធពាណិជ្ជកម្មពិភពលោក ដែលកាន់តែរឹងមាំ កាន់តែយុត្តិធម៌ និងល្អសម្រាប់អនាគត ហើយត្រូវតែស្ថាបនាឡើងវិញនូវទំនុកចិត្តក្នុងឥរិយាបទជាប្រពៃណី៕
-
ប្រទេសថៃសម្រេចពន្យារពេលដំណើរការស្ថានីយ៍រថភ្លើងដ៏ធំបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍

ថៃ៖ ស្ថានីយរថភ្លើងរដ្ឋថៃបានសម្រេចពន្យារពេលនៃការបើកដំណើរការខ្សែរថភ្លើង Red Line ដែលរួមបញ្ចូលទាំងស្ថានីយធំជាងគេបំផុតនៅថ្ងៃអនាគត ប្រចាំនៅតំបន់អាស៊ីអាគ្នេហ៍ឈ្មោះថា Bang Sue Grand ពោលគឺពន្យារពេលចាប់ពីខែតុលា ឆ្នាំ២០២០ ទៅខែមករា ឆ្នាំ២០២១ជំនួសវិញ នេះបើតាមការមន្ត្រីជាន់ខ្ពស់របស់ស្ថានីយរថភ្លើងរដ្ឋថៃប្រាប់ក្រុមអ្នកសារព័តមានកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។ ប្រធានស្ដីទី SRT លោក Voravuth Mala បានថ្លែងថា ការកែតម្រូវពេលវេលានេះ គឺដោយសារមានផលលំបាកក្នុងការអនុវត្តកិច្ចសន្យាសម្រាប់គម្រោង Red Line ដែលរួមបញ្ចូលទាំងបញ្ហាប្រព័ន្ធអគ្គិសនី បញ្ហាមេកានិច និងការបញ្ជាទិញទូររថភ្លើងផងដែរ ដូច្នេះយើងត្រូវការកែសម្រួលផ្នែកខ្លះនៃការរចនា ដើម្បីឲ្យសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន។ គួរបញ្ជាក់ថា គម្រោង Red Line គឺជាផ្នែកមួយនៃផែនការប្រព័ន្ធដឹកជញ្ជូនទូលំទូលាយរបស់រដ្ឋាភិបាលថៃ ដែលនឹងអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរសាធារណឲ្យមានភាពប្រសើរឡើងក្នុងទីក្រុង Bangkok៕ម.ន
-
លោក Do Muoi អតីតអគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម ទទួលមរណភាពហើយ ក្នុងវ័យ១០១ឆ្នាំ

សារព័ត៌មានហ្ស៊ីនហួរបានចេញផ្សាយនៅមុននេះថា លោក Do Muoi អតីតអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បានទទួលមរណភាពហើយ ក្នុងវ័យ១០១ឆ្នាំ។ ប្រភពបញ្ជាក់ថា លោក Do Muoi បានទទួលមរណភាពនៅម៉ោង១១៖១២នាទីយប់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងហាណូយ បន្ទាប់ពីសម្រាកព្យាបាលជំងឺអស់រយៈពេលជាច្រើនខែ។ លោកធ្លាប់កាន់តំណែងជាអតីតអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាមពីឆ្នាំ១៩៩១ ដល់ ឆ្នាំ១៩៩៧។ លោក Do Muoi ត្រូវបានបញ្ជាក់ថា បានដឹកនាំប្រទេស ជាមួយនឹងការធ្វើកំណែទម្រង់នយោបាយថ្មីជាច្រើន និងអភិវឌ្ឍន៍ប្រទេស រួមទាំងវិស័យការពារជាតិផងដែរ៕ម.ន
-
គ្រោះរញ្ជួយដី២លើក បានវាយប្រហារជាថ្មីលើប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីទើបរងគ្រោះពីរលកយក្សស៊ូណាមិ

ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក បានឱ្យដឹងថាគ្រោះរញ្ជួយដី២លើកបានវាយប្រហារលើកោះ Sumba នៃឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារនេះ។ យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានកើតឡើងនៅចំងាយ៤០គីឡូម៉ែត្រ ពីកោះ Sumba ដែលជាកោះមួយមានប្រជាជន ៧៥០,០០០នាក់រស់នៅ។ បន្ថែមពីលើនេះ ១៥នាទីក្រោយមកទៀតគ្រោះរញ្ជួយដី៦.០រ៉ិចទ័របានវាយប្រហារលើតំបន់ដដែល ដោយមានជម្រៅរញ្ជួយទៅក្នុងដី៣០គីឡូម៉ែត្រ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។ គួរបញ្ជាក់ថា កោះ Sumba មានចម្ងាយប្រហែល១,៦០០គីឡូម៉ែត្រពីភាគខាងត្បូងកោះ Sulawesi ដែលទើបតែរងគ្រោះដោយ សារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានផ្ដាច់ជីវិតមនុស្សជាង១,២០៣នាក់៕ម.ន
-
ប្រទេសបងប្អូនកូរ៉េទាំងពីរចាប់ផ្ដើមដកគ្រាប់មីនកប់ក្រោមដីនៅតាមបណ្ដោយតំបន់ព្រំដែន

-
ប្រទេសឥណ្ឌូនេស៊ី៖ អ្នកទោស១២០០នាក់បានរត់ចេញពីមន្ទីរឃុំឃំាងនៅតំបន់រងគ្រោះដោយសាររញ្ជួយដី

ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា អ្នកទោសចំនួន១២០០នាក់ បានរត់គេចពីកន្លែងឃុំឃាំងចំនួន៣នៅតំបន់ដែលរងការបំផ្លិចបំផ្លាញនៃកោះស៊ូឡាវេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកស៊ូណាមិកាលពីចុងសប្តាហ៍។ ការរត់ចេញពីពន្ធធនាគារនេះ បានកើតឡើង ក្រោយគ្រោះរញ្ជួយដីដ៏កក្រើកជាបន្តបន្ទាប់ បានបង្កឱ្យមានរលកយក្សស៊ូណាមិ ដែលបានវាយប្រហារទីក្រុងប៉ាលូកាលពីថ្ងៃសុក្រកន្លងទៅ។