-
សារព័ត៌មានសហរដ្ឋអាម៉េរិកចុះផ្សាយថា ករណីវាយប្រហាររបស់ក្រុមភេវរករបានថយចុះ២៣ភាគរយកាលពីឆ្នាំ២០១៧

សហរដ្ឋអាម៉េរិក ៖ ក្រសួងការបរទេសអាម៉េរិកបានរាយការណ៍ពីការថយចុះច្រើនជាង២០ភាគរយនៃចំនួនករណីវាយប្រហារដោយភេវរកម្មនៅទូទាំងពិភពលោកកាលពីឆ្នំា២០១៧។ ក្រសួងបរទេសអាម៉េរិកបានបញ្ចេញរបាយការណ៍ប្រចំាឆ្នំារបស់ខ្លួនស្តីពីអំពើភេវរកម្មសកលលោកកាលពីថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ចំនួនមនុស្សស្លាប់ដោយសារករណីវាយប្រហារដោយអំពើភេវរកម្មក៏បានធ្លាក់ចុះ២៧ភាគរយផងដែរ គឺនៅត្រឹមចំនួន១៨,៧៥៣នាក់។ កត្តាសំខាន់នៅពីក្រោយការធ្លាក់ចុះនេះ គឺបណ្តាលមកពីការធ្លាក់ចុះយ៉ាងខ្លាំងពាក់ព័ន្ធនឹងករណីវាយប្រហារពីសំណាក់ក្រុមភេវរករនៅក្នុងប្រទេសអ៊ីរ៉ាក់។ របាយការណ៍នេះ ក៏បានលើកឡើងពីការកើនឡើងយ៉ាងធំក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លំាងចម្រុះពិភពលោក ក្នុងការប្រយុទ្ធប្រឆំាងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម និងអង្គការភេវរករដទៃទៀត។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាម៉េរិកនេះទៀតសោត ក៏បានចោទប្រកាន់កូរ៉េខាងជើងផងដែរថា បានផ្តល់ការគាំទ្រម្តងហើយម្តងទៀតចំពោះអំពើភេវរកម្មអន្តរជាតិ ដោយបានលើកឡើងពីការចាប់ខ្លួនជនជាតិជប៉ុន។ មិនតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានហៅប្រទេសកូរ៉េខាងជើងថា ជារដ្ឋគាំទ្រអំពើភេវរកម្ម៕
-
លោក ស៊ីន ហ្សូអាបេ បន្តទទួលបានជ័យជម្នះការបោះឆ្នោតផ្ទៃក្នុងបក្សកាន់អំណាចនៅប្រទេសជប៉ុន

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតផ្ទៃក្នុងបក្សកាន់អំណាច ហើយជាមួយនឹងជ័យជម្នះនេះ លោក អាបេ អាចនឹងបន្តដឹកនាំប្រទេសជប៉ុនថែមមួយអាណត្តិទៀត ក្លាយទៅជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន។ ការបោះឆ្នោតផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យសេរី LDP នៅថ្ងៃទី២០ ខែកញ្ញានេះ លោក អាបេ បានយកឈ្នះលើគូប្រជែង គឺអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishida ដោយមានសំឡេងគាំទ្រ៥៥៣/៨០៧សំឡេងនៅក្នុងគណបក្ស។ លោក អាបេ ត្រូវការតែសំឡេងគាំទ្រតែ៤០៤សំឡេងប៉ុណ្ណោះ និងទទួលបានជ័យជម្នះ តែលោកទទួលបានដល់ទៅជាង៥៥០សំឡេង។ អាណាត្តិទី៣របស់លោក អាបេ ក្នុងតំណែងជាប្រធានគណបក្ស LDP នឹងត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
-
ប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព

-
មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ពិភាក្សាទ្វេភាគីស្តីពីកិច្ចព្រមព្រៀងសន្តិភាពនៅខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី

រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាទ្វេភាគីតាមទូរសព្ទ ដោយផ្តោតសំខាន់លើកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងរុស្ស៊ី និងតួកគី សម្រាប់ខេត្តអ៊ីដលីប របស់ស៊ីរី ដែលជាទីតាំងដ៏រឹងមំាចុងក្រោយរបស់ពួកឧទ្ទាមនៅប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡំាងនៅថ្ងៃពុធសប្តាហ៍នេះបានលើកឡើងថា កិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនាំប្រទេសទាំងពីរ ត្រូវបានស្នើឡើងដោយភាគីអាល្លឺម៉ង់ ដើម្បីជជែកពិភាក្សាលើដំណោះស្រាយស្វែងរកសន្តិសុខនៅស៊ីរី ក្នុងអំឡុងពេលដែលលោក ពូទីន បានជូនដំណឹងដល់លោកស្រី មឺហ្គែល អំពីកិច្ចព្រមព្រៀងរវាងទីក្រុងម៉ូស្គូ និងអង់ការ៉ា ដែលមានគោលបំណងលើកកម្ពស់ស្ថេរភាពនៅក្នុងខេត្តអ៊ីដលីប។ ជាមួយគ្នានេះ លោក ពូទីន និងលោកស្រី មឺហ្គែល បានអះអាងជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន ដោយមេដឹកនាំទំាងពីរថែមទំាងពិភាក្សាគ្នាផងដែរ ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាមួយចំនួននៅលើទីផ្សារហិរញ្ញវត្ថុសកល។ សូមរំលឹកថា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ រុស្ស៊ី និងតួកគីបានសម្រេចបង្កើតតំបន់គ្មានយោធាមួយរវាងក្រុមប្រឆំាងប្រដាប់អាវុធ និងកងកម្លំាងរដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីដលីប នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ បន្ទាប់ពីមានការជជែកគ្នារវាងប្រធានាធិបតីនៃប្រទេសទាំងពីរ៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកចុះត្រួតពិនិត្យតំបន់ទទួលរងការវាយប្រហារ ដោយព្យុះហឺរីខិន Florence

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញទៅកាន់តំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីត្រួតពិនិត្យការខូចខាត និងសួរសុខទុក្ខដល់ពលរដ្ឋដែលរងគ្រោះដោយព្យុះហឺរីខិន ផ្លូរ៉េន បង្កឡើង។ នៅតំបន់ ញ៊ូ បឺន ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា លោក ត្រាំ បានចែកចាយស្បៀងអាហារដល់ពលរដ្ឋដោយផ្ទាល់ដៃ ហើយនិយាយថា យើងនឹងមិនភ្លេចនូវការបាត់បង់របស់អស់ លោកអ្នកនោះឡើយ យើងនឹងមិនបោះបង់លោកអ្នកឡើយ។
-
មនុស្ស២នាក់ស្លាប់ និងលំនៅដ្ឋានជាច្រើនត្រូវបំផ្លិចបំផ្លាញដោយសារគ្រោះបំណាក់ដីដ៏អាក្រក់នៅភាគកណ្តាលប្រទេសហ្វីលីពីន

-
ប្រធានាធិបតីស៊ីរីស្តីបន្ទោសអ៊ីស្រាអែលជុំវិញករណីធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់រុស្ស៊ី

ស៊ីរី៖ ប្រធានាធិបតីស៊ីរីលោក បាស្សា អាល់ អាសាដ បានបង្ហាញការសោកស្តាយជាខ្លាំង និងផ្ញើសារចូលរួមរំលែកទុក្ខដល់សមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីកងទ័ពអាកាសស៊ីរីច្រឡំបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី ធូ-20 នៅក្នុងប្រទេសស៊ីរី ប៉ុន្តែលោកនៅតែអះអាងដដែលថា ការធ្លាក់យន្ដហោះយោធារុស្ស៊ី គឺបណ្ដាលមកពីសកម្មភាពបង្ករឿងរបស់អ៊ីស្រាអែល។
-
លោក ម៉ៃ ប៉ុមប៉េអូ អះអាងថា សហរដ្ឋអាម៉េរិកត្រៀមរួចរាល់ហើយ ដើម្បីបើកកិច្ចចរចាភ្លាមៗជាមួយកូរ៉េខាងជើង

កូរ៉េខាងជើង ៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបង្ហាញការស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ក្នុងអំឡុងជំនួបកំពូលអន្តរកូរ៉េកាលពីថ្ងៃពុធសប្តាហ៍នេះ ហើយថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមរួចស្រេចហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាភ្លាមៗដើម្បីឈានដល់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទំាងស្រុងគិតត្រឹមឆ្នាំ២០២១។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ប៉ុមប៉េអូ បាននិយាយថា រូបលោកបានជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងកាលពីព្រឹកថ្ងៃពុធ សប្តាហ៍នេះ ហើយព្រមទំាងបានអញ្ជើញគាត់មកជួបពិភាក្សាគ្នានៅក្នុងទីក្រុងញ៊ូយ៉ក សហរដ្ឋអាម៉េរិក នាសប្តាហ៍ក្រោយនេះ នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងបិទទីតាំងធ្វើតេស្តមីស៊ីលរបស់ខ្លួន ស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមអង្កេតការណ៍អន្តរជាតិ ក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន៕
-
លោក ដូណាល់ ត្រាំ កំពុងពិចារណាក្នុងការដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្ត្រៃយ៍នៅលើទឹកដីប្រទេសប៉ូឡូញ

សហរដ្ឋអាម៉េរិក ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកកំពុងពិចារណាលើសំណើរបស់ប៉ូឡូញ សម្រាប់ការសុំឱ្យមានវត្តមានមូលដ្ឋានយោធាអាម៉េរិកជាអចិន្រ្តៃយ៍នៅក្នុងប្រទេសជាសមាជិកអង្គការណាតូ ខណៈខាងភាគីប៉ូឡូញទទួលស្គាល់ថា ខ្លួនមានក្តីព្រួយបារម្ភខ្ពស់ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានស្នើសុំឱ្យលោក ដូណាល់ ត្រាំ ដាក់ពង្រាយមូលដ្ឋានយោធាអាម៉េរិកជាអចិន្រ្តៃយ៍មួយ ហើយថែមទាំងដាក់ឈ្មោះមូលដ្ឋាននោះថា Fort Trump ដោយលោក Duda បានពន្យល់ថា ចំណាត់ការនេះ នឹងអាចប្រឆំាងទប់ទល់ទៅនឹងអ្វីដែលលោកចាត់ទុកថា ជាការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី ខណៈសំណើនេះ ធ្វើឡើងក្នុងអំឡុងមេដឹកនាំទាំងពីរជួបពិភាក្សាគ្នានៅសេតវិមាន។ ជាការឆ្លើយតប លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកឯកភាពជាមួយលោក Duda ថា ទីក្រុងម៉ូស្គូពិតជាបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លានៅក្នុងតំបន់ ហើយថា សំណើមួយនេះ កំពុងស្ថិតក្រោមការពិចារណា ដោយលោក ត្រាំ ថែមទាំងបានស្នើឱ្យលោក Duda ត្រូវចំណាយប្រាក់ជាង២ពាន់លានដុល្លារ សម្រាប់ការបង្កើតគម្រោងនោះ៕
-
មនុស្ស៨នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយលេចធ្លាយសារធាតុគីមីនៅសណ្ឋាគារមួយក្នុងទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី

អូស្ត្រាលី ៖ ហេតុការណ៍លេចធ្លាយសារធាតុគីមីមួយនៅឯសណ្ឋាគារដ៏ប្រណិតមួយកន្លែងក្នុងទីក្រុងស៊ីតនី កាលពីថ្ងៃពុធសប្តាហ៍នេះ បានធ្វើឱ្យមនុស្ស៨នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះភ្លាមៗ ហើយជនរងគ្រោះ២៤នាក់ ទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ បើតាមប្រភពពីសាក្សីបានប្រាប់អ្នកយកព័ត៌មានថា ភ្ញៀវនៅឯសណ្ឋាគារ Pullman Sydney Hyde Park ត្រូវបានគេព្យាបាលសម្រាប់ជំងឺរលាកភ្នែក និងបញ្ហាផ្លូវដង្ហើម។ ថ្វីបើមានការភ័យស្លន់ស្លោក៏ដោយ សាក្សីសុំមិនបញ្ចេញឈ្មោះរូបនេះបានអះអាងថា គ្រប់គ្នាដែលទទួលការព្យាបាលនោះ ឥឡូវនេះមានស្ថានភាពប្រសើរហើយ។ ទន្ទឹមគ្នានោះដែរ រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង និងក្រុមពន្លត់អគ្គិភ័យ១៦នាក់ត្រូវបានបញ្ជូនទៅកាន់ទីតំាងកើតហេតុភ្លាមៗ ដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះនៅជាន់ទី២០ ២១ និង២២នៃអគារ នៅម៉ោងប្រមាណ៩ព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានករណីលេចធ្លាយសារធាតុគីមីមួយត្រូវបានគេរកឃើញ។ ដោយឡែកមន្រ្តីប៉ូលិសបានឲ្យ អ្នកថ្មើរជើង និងអ្នកបើកបរម៉ូតូគេចចេញពីតំបន់នេះ បើទោះមិនមានការគំរាមកំហែងជាបន្តបន្ទាប់ដល់សាធារណៈជននៅពេលនេះក៏ដោយ ខណៈការស៊ើបអង្កេតរកមូលហេតុកំពុងធ្វើឡើង ហើយបើតាមប្រភពពីក្រុមសាក្សីនោះ ហេតុការណ៍នេះបានកើតឡើងនៅបរិវេណហាងទឹក៕