Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីចិនសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប៉ាគីស្ថាន

    ប្រធានាធិបតីចិនសន្យារឹតបន្តឹងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប៉ាគីស្ថាន

    ចិន៖ ចិន និងប៉ាគីស្ថានគឺជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត និងជាមិត្តភក្តិដ៏ស្មោះត្រង់។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានកត់សម្គាល់បែបនេះ ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Qamar Javed Bajwa នៅក្នុងរដ្ឋធានីប៉េកំាង។ ឆ្លៀតឱកាសនោះដែរ លោក ស៊ី ជិនពីង បានស្នើសុំឱ្យលោក Bajwa នាំយកការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi និងលោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan ផងដែរ ដោយលោក ស៊ី ថែមទំាង បានថ្លែងការកោតសរសើរដល់គាំទ្ររបស់ប៉ាគីស្ថាន ចំពោះគម្រោងផ្លូវមួយខ្សែក្រវាត់មួយ ព្រមទាំងច្រករបៀងសេដ្ឋកិច្ចរវាងចិន និងប៉ាគីស្ថាន។ ជាមួយគ្នានេះ លោក Bajwa បាននិយាយថា ប៉ាគីស្ថានតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរជាអាទិភាពមួយ ហើយថា ប៉ាគីស្ថាននឹងនៅតែបន្តគាំទ្រលើគម្រោងផ្លូវមួយខ្សែក្រវាត់មួយ និងតែងតែរក្សាគោលជំហររួមគ្នាជាមួយចិន លើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក មិនថាស្ថានការណ៍ផ្លាស់ប្តូរបែបណា។ មេបញ្ជាការកងទ័ពប៉ាគីស្ថានរូបនេះ ថែមទាំងបានថ្លែងអំណរគុណដល់ការផ្តល់ជំនួយរបស់ចិនដល់ប៉ាគីស្ថានលើគ្រប់ទិដ្ឋភាពទាំងអស់ ហើយថា ប៉ាគីស្ថាននឹងប្តេជ្ញារឹតបន្តឹងការទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការផ្លាស់ប្តូរការអនុវត្ត ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មជាមួយមន្រ្តីយោធាចិន៕

  • នាយករដ្ឋមន្រ្តីចិនអះអាងថា ខ្លួនមិនប្រើរូបិយប័ណ្ណជាអាវុធនៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ

    នាយករដ្ឋមន្រ្តីចិនអះអាងថា ខ្លួនមិនប្រើរូបិយប័ណ្ណជាអាវុធនៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ

    ចិន៖ សង្រ្គាមពាណិជ្ជកម្មចិន និងសហរដ្ឋអាម៉េរិកកាន់តែតានតឹងខ្លាំងហើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា ខ្លួននឹងមិនប្រើរូបិយប័ណ្ណជាអាវុធក្នុងសង្រ្គាមមួយនេះនោះឡើយ។ នាយករដ្ឋមន្រ្តីចិនលោក លី កឺឈៀង បាននិយាយប្រាប់ក្រុមប្រតិបត្តិសកល និងក្រុមអ្នកសម្រេចគម្រោងការនយោបាយថា ប្រទេសចិននឹងមិនបញ្ចុះតម្លៃប្រាក់យ័ន ដើម្បីពង្រឹងដល់ពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោកនោះទេ។ នាយករដ្ឋមន្រ្តីចិនរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសលោកនឹងមិនដើរចុះតាមផ្លូវជំរុញការនាំចេញ តាមរយៈការបញ្ចុះតម្លៃរូបិយប័ណ្ណជាដាច់ខាត។ សេចក្តីអធិប្បាយរបស់លោក លី កឺឈៀង នាយករដ្ឋមន្រ្តីចិន បានកើតមានឡើង ក្រោយពេលសហរដ្ឋអាម៉េរិក និងចិនប្រកាសថា ពួកគេនឹងប្រកាសសងសឹកដំឡើងតម្លៃពន្ធនៅជុំធំបំផុតរបស់ពួកគេ ទៅលើការនាំចេញដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ៕

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិកសាទរចំពោះលទ្ធផលវិជ្ជមានជាច្រើនក្នុងជំនួបកំពូលនៃប្រមុខដឹកនាំកូរ៉េទាំងពីរ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិកសាទរចំពោះលទ្ធផលវិជ្ជមានជាច្រើនក្នុងជំនួបកំពូលនៃប្រមុខដឹកនាំកូរ៉េទាំងពីរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារសម្តែងពីការត្រេកអរ និងសាទរភ្លាមៗ ចំពោះសេចក្តីថ្លែងការណ៍រួមនៃរដ្ឋាភិបាលកូរ៉េខាងជើង និងខាងត្បូង ដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក មូន ជែអ៊ីន នៅរដ្ឋធានីព្យុងយ៉ាង។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងព្យុងយ៉ាងបានសម្រេចថា នឹងកម្ទេចកន្លែងធ្វើតេស្តគ្រាប់រ៉ុក្កែតរបស់ខ្លួននៅតំបន់ថុញខាន់នី ចោលទាំងស្រុង រួមជាមួយរោងចក្រនុយក្លេអ៊ែរនៅ យ៉ុនប្យុន។ បន្ថែមពីនេះលោក គីម ជុងអ៊ុន បាននិយាយថា ប្រជាជាតិទាំងពីរបានឯកភាពគ្នាប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ សម្រាប់កិច្ចព្រមព្រៀងយោធាវិញ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានយល់ព្រមដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែនគ្មានយោធា ហើយលែងឲ្យមានការកាន់អាវុធនៅក្នុងភូមិ ផាន់ម៉ុនចុម តទៀតឡើយ ព្រមទាំងបង្កើតតំបន់គ្មានការធ្វើសមយុទ្ធយោធាមួយថែមទៀត ដែលលាតសន្ធឹង ៨០គីឡូម៉ែត្រ នៅលើផ្ទៃសមុទ្រលឿង និងសមុទ្រជប៉ុន ។ ជាចុងក្រោយទីក្រុងសេអ៊ូល និងព្យុងយ៉ាង ក៏បានព្រមព្រៀងបញ្ជូនក្រុមអត្តពលិករួមគ្នា ឲ្យទៅប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ និងដាក់សំណើរួមដើម្បីសុំធ្វើជាម្ចាស់ផ្ទះ នៃកីឡាអន្តរជាតិនេះនៅឆ្នាំ២០៣២ ផងដែរ។ នេះគឺភាពវិជ្ជមានថ្មីៗបន្ថែមទៀត សម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងបង្កើនទំនាក់ទំនងប្រសើរឡើងវិញរវាងបងប្អូនកូរ៉េទាំងពីរ ដែលសហគមន៍អន្តរជាតិចង់ឃើញជាយូរណាស់មកហើយ៕ម.ន

  • ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីព្យុះទីហ្វុង មំាងឃុត លើប្រទេសហ្វីលីពីន បន្តកើនឡើងជិត៩០នាក់ និង៧០នាក់ទៀតបាត់ខ្លួន

    ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីព្យុះទីហ្វុង មំាងឃុត លើប្រទេសហ្វីលីពីន បន្តកើនឡើងជិត៩០នាក់ និង៧០នាក់ទៀតបាត់ខ្លួន

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៨១នាក់ហើយ និង៧០នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង មាំងឃុត បានវាយប្រហារលើកោះ លូហ្សុន ភាគខាងជើងប្រទេសកាលពីសប្តាហ៍មុន ខណៈការខូចខាតជារួម គឺមានទំហំធ្ងន់បំផុត។ យោងតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ជនរងគ្រោះភាគច្រើនត្រូវបានគេរាយការណ៍ថា ស្ថិតនៅឯតំបន់រដ្ឋបាល ខា និងមួយចំនួនទៀតនៅខេត្ត ណួវ៉ា វីសកាយ៉ា និងខេត្ត អ៊ីឡូខូស ភាគខាងជើងប្រទេសហ្វីលីពីន។ ដោយឡែកប្រជាជនហ្វីលីពីនរាប់សែននាក់ បាននិងកំពុងទទួលរងផលប៉ះពាល់ពីព្យុះ មំាងឃុត នេះផងដែរ ស្របពេលផ្ទៃដីស្រួវដែលមាន ត្រូវបានគេគណនាថា មានទម្ងន់ ២៥០,៧៣០តោនបានរងការផ្លិចបំផ្លាញយ៉ាងដំណំ។ ព្យុះទីហ្វុងដ៏មហិមានេះទៀតសោត ក៏បានធ្វើការវាយប្រហារភាគខាងត្បូងប្រទេសចិន និងភាគខាងជើងប្រទេសថៃផងដែរនាដើមសប្តាហ៍នេះ ខណៈមាំងឃុត ដែលជាព្យុះខ្លាំងក្លាទី ១៥ នៅក្នុងឆ្នាំ២០១៨នេះ បានវាយប្រហារលើប្រទេសហ្វីលីពីន ហើយបើតាមតួលេខពីអាជ្ញាធរប្រទេសដីកោះនេះ ហ្វីលីពីនតែងតែរងគ្រោះដោយសារតែខ្យល់ព្យុះយ៉ាងតិចចំនួន២០លើកក្នុងមួយឆ្នាំៗ៕ម.ន

  • ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រីនឹងកើតឡើងនៅថ្ងៃ២៣កញ្ញានេះ

    ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រីនឹងកើតឡើងនៅថ្ងៃ២៣កញ្ញានេះ

    យោងតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ នឹងត្រូវចំថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ សមរាត្រីគឺជាវេលាដែល ថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។ ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះឡើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ។ ចំពោះសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ព្រះអាទិត្យនឹងរះឡើងចំកំពូលកណ្តាល ដែលអ្នកទស្សនាអាចមើលឃើញពីក្លោងទ្វារកណ្តាល នៃគុកតារាជ ក្លោងទ្វារធំខាងលិច ចាប់ម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕ម.ន

  • ចិនវាយបកលើសហរដ្ឋអាម៉េរិកវិញ ដោយដំឡើងពន្ធ៦០ពាន់លានដុល្លារលើទំនិញរបស់សហរដ្ឋអាម៉េរិក

    ចិនវាយបកលើសហរដ្ឋអាម៉េរិកវិញ ដោយដំឡើងពន្ធ៦០ពាន់លានដុល្លារលើទំនិញរបស់សហរដ្ឋអាម៉េរិក

    ចិន ៖ ចិនបានសម្រេចវាយបកទៅលើសហរដ្ឋអាម៉េរិកវិញ ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសចាប់ផ្តើមដំឡើងពន្ធ១០ភាគរយលើទំនិញនាំចូលពីចិនមានទឹកប្រាក់សរុប២០០ពាន់លានដុល្លារ ដោយច្បាប់ដំឡើងពន្ធថ្មីនេះ នឹងមានប្រសិទ្ធិភាពនៅថ្ងៃទី២៤ ខែកញ្ញាខាងមុខ។

  • ប្រធានាធិបតីរុស្ស៊ីអះអាងថា អ៊ីស្រាអែលមិនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីឡើយ

    ប្រធានាធិបតីរុស្ស៊ីអះអាងថា អ៊ីស្រាអែលមិនបានបាញ់ទម្លាក់យន្តហោះរុស្ស៊ីឡើយ

    រុស្ស៊ី៖ ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបង្កឲ្យមានការផ្ញាក់ផ្អើល ដោយផ្ទុយពីអ្វីដែលមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីបានលើកឡើង។ លោក ពូទីន បានបញ្ចាក់ថា ករណីយន្តហោះ Il-20 រងការបាញ់ទម្លាក់នៅក្នុងប្រទេសស៊ីរី គឺជាគ្រោះថ្នាក់ លោកបញ្ជាក់ស្ថានភាពកើតឡើងគាប់ជួន ហើយយន្តហោះអ៊ីស្រាអែលមិនបានបាញ់យន្តហោះរបស់យើងឡើយ។

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ

    ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងអះអាងថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ

    ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលក្នុងអនាគតដ៏ខ្លីខាងមុខនេះ ខណៈលោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក៏បានឯកភាពគ្នាដែរថា នឹងប្រឹងប្រែងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការគំរាមកំហែង។ ការលើកឡើងរបស់លោក គីម ជុងអ៊ុន ខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបមួយទល់នឹងមួយជាមួយលោក មូន ជែអ៊ីន នាឱកាសចូលរួមក្នុងកិច្ចចរចាជុំទី២ នៅក្នុងថ្ងៃពុធនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅឯវិមានរដ្ឋ ភែកហ្វាវ៉ុន ក្នុងទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយផងដែរ ប៉ុន្តែភា្លមៗមិនទាន់មានការបញ្ជាក់លម្អិតអ្វីនៅឡើយទេ។ សូមជម្រាបថា បើតាមការគ្រោងទុកនោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នឹងត្រូវត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ហើយរូបលោកក៏នឹងត្រូវបន្តធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នាឱកាសចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្ដាហ៍ក្រោយនេះ៕

  • មនុស្ស២១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅក្នុងប្រទេសអ៊ីរ៉ង់

    មនុស្ស២១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយនៅក្នុងប្រទេសអ៊ីរ៉ង់

    អ៊ីរ៉ង់៖ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស២១នាក់បានស្លាប់ ក្រោយរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងបុកគ្នាជាមួយរ៉ឺម៉កមួយដែលផ្ទុកសម្ភារដែលអាចឆេះបាននៅក្នុងតំបន់ Isfahan ភាគកណ្តាលប្រទេសអ៊ីរ៉ង់នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ បើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ខាងលើនេះ បានកើតឡើងនៅលើផ្លូវមួយកន្លែងដែលតភ្ជាប់ទីក្រុង Kashan និង Natanz មានចម្ងាយប្រហែល២៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីតេហេរ៉ង់។ ជាមួយគ្នានេះ មានអ្នកដំណើរចំនួន១៩នាក់បានបាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ហើយមនុស្ស២នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះ ប៉ុន្តែក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ពេក៕

  • រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកសម្រេចលុបចោលដំណើរទស្សនកិច្ចចុងសប្តាហ៍នេះ ដើម្បីផ្តោតលើការឆ្លើយតបរបស់ស៊ីរី

    រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកសម្រេចលុបចោលដំណើរទស្សនកិច្ចចុងសប្តាហ៍នេះ ដើម្បីផ្តោតលើការឆ្លើយតបរបស់ស៊ីរី

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ចែម ម៉ាត់ទីស បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចចុងសប្តាហ៍របស់លោកទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្តោតសំខាន់លើការឆ្លើយតបរបស់សហរដ្ឋអាម៉េរិក ចំពោះការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមប្រភពព័ត៌មានក្នុងតំបន់នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ការសម្រេចចិត្តរបស់ប្រមុខការពារជាតិអាម៉េរិកនេះ ធ្វើឡើងស្របទៅតាមការលុបចោលដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទៅកាន់តំបន់អាម៉េរិកឡាទីននាចុងសប្តាហ៍នេះដូចគ្នាដែរ។ លោក ម៉ាត់ទីស ដែលគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋកាលីហ្វ័រញ៉ា និងណេវ៉ាដា នោះ ត្រូវបានគេរំពឹងថា នឹងទៅចូលរួមក្នុងកិច្ចប្រជុំសេតវិមាននៅក្នុងថ្ងៃពុធ នេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើកិច្ចពិភាក្សាស្តីពីប្រទេសស៊ីរី។ គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃច័ន្ទដើមសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិកបាននឹងកំពុងធ្វើការពិចារណាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងសោកនាដកម្មដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី ខណៈការលើកឡើងនេះ ធ្វើឡើងក្រោយក្រុមសកម្មប្រយុទ្ធ ក្រុមសង្គ្រោះក្នុងតំបន់ និងពួកឧទ្ទាមនៅស៊ីរីបានអះអាងថា កងកម្លំាងរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់សារធាតុគីមីពុល ក្លរីន វាយប្រហារទៅលើទីក្រុង Douma កាលពីថ្ងៃសៅរ៍កន្លងទៅ ជាទីដែលក្រុមឧទ្ទាមគ្រប់គ្រង ស្ថិតនៅក្បែររដ្ឋធានីដាម៉ាស់។ ប៉ុន្តែក្រសួងបរទេសស៊ីរីប្រកាសច្រានចោលចំពោះការចោទប្រកាន់នេះ៕