-
ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវរំពឹងថានឹងក្លាយជារបៀបវារៈកំពូលក្នុងជំនួបកំពូលអន្តរកូរ៉េលើកទី៣

កូរ៉េខាងត្បូង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គ្រោងនឹងធ្វើកិច្ចពិភាក្សាទៅលើការអនុវត្តតាមកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ក្នុងអំឡុងពេលចួលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកទី៣ ដែលគ្រោងប្រារព្វឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ។ បើតាមប្រធានការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក អ៊ីម ជុងសឹក បានថ្លែងប្រាប់ក្នុងសន្និសិទសារព័ត៌មានមួយថ្ងៃមុនជំនួបកំពូលនេះថា ឥឡូវនេះ ការរំសាយអាវុធនុយក្លេអ៊ែរ គឺជាគន្លឹះដ៏សំខាន់បំផុតនៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ ហើយថា លោក មូន នឹងមានឱកាសយ៉ាងហោចណាស់ចំនួន២ ដើម្បីពិភាក្សាលើវិធីសាស្រ្តឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ជាមួយនឹងប្រមុខដឹកនំាកូរ៉េខាងជើង។ បើតាមការគ្រោងទុកនោះ មេដឹកនាំកំពូលប្រទេសទាំងពីរនឹងធ្វើកិច្ចពិភាក្សាទ្វេភាគីនៅក្នុងថ្ងៃអង្គារ៍ និងថ្ងៃពុធសប្តាហ៍នេះ ចំណែកលទ្ធផលដែលកើតចេញពីកិច្ចចរចាគ្នានេះ ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃពុធ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ របស់ប្រទេសកូរ៉េខាងត្បូង៕
-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ ប្រទេសខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសជាសត្រូវទទួលបានអាវុធទំនើបៗឡើយ

អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកប្តេជ្ញាថា នឹងធ្វើការរារាំងជាដាច់ខាតមិនឲ្យបណ្តាប្រទេសជាសត្រូវទទួលបានអាវុធទំនើបៗនោះទេ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ លោក ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ថា អ៊ីស្រាអែលកំពុងតាមតានជានិច្ច ក្នុងការទប់ស្កាត់សត្រូវរបស់យើងពីការបំពាក់គ្រឿងសព្វាវុធទំនើបៗ ហើយថា បន្ទាត់ក្រហមរបស់យើងមានភាពមុតស្រួចដូចដែលធ្លាប់មាន ហើយការប្តេជ្ញាចិត្តរបស់យើង គឺធ្វើយ៉ាងណាពង្រឹងសមត្ថភាពកងកម្លាំងខ្លួនឲ្យកាន់តែខ្លាំងក្លាជាងពេលណាៗ។ ការកត់សម្គាល់បែបនេះរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុងដាម៉ាស់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដែលត្រូវបានប្រភពរាយការណ៍ថា ការវាយប្រហារនេះ មានគោលដៅកម្ទេចយន្តហោះរបស់អ៊ីរ៉ង់មួយគ្រឿង ដែលមានផ្ទុកគ្រឿងសព្វាវុធនៅក្នុងនោះ សម្រាប់ផ្តល់ឲ្យកងកម្លាំងអ៊ីរ៉ង់ដែលគាំទ្ររបបដឹកនាំរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ នៅក្នុងប្រទេសស៊ីរី។ ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីស្រាអែលខាងលើនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយចេញផ្សាយ ឬក៏អះអាងពីចំនួនរងរបួស និងការខូចខាត ព្រមទាំងនរណាខ្លះមានជាប់ទាក់ទិននឹងករណីវាយប្រហារនេះនៅឡើយទេ៕ម.ន
-
ចំនួនមនុស្សស្លាប់កើនដល់១៧នាក់ ដោយសារព្យុះហឺរីខិន ផ្លូរ៉េន វាយប្រហារទៅលើបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ មនុស្សសរុប១៧នាក់ហើយបានបាត់បង់ជីវិត និងរាប់សែននាក់គ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែព្យុះហឺរីខិន ផ្លូរ៉េន ដែលបាននិងកំពុងវាយប្រហារបណ្តារដ្ឋស្ថិតនៅតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក។ ព្យុះហឺរីខិដែលត្រូវបានចាត់ចូលក្នុងកម្រិត១នោះ បានមកដល់តំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ហើយបន្ទាប់មកក៏បានថយឥទ្ធិពលមកត្រឹមព្យុះត្រូពិចវិញ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំនៅរដ្ឋចំនួនពីរគឺ ណស់ ខារ៉ូលីណា និង ស៊ោវ ខារ៉ូលីណា ដូចជាការបាក់ដើមឈើ អគារ-លំនៅឋានបាក់រលំ ប្រជាជនជាច្រើនត្រូវជាប់គាំង និងអគារ លំនៅឋានជាច្រើនខ្នងគ្មានអគ្គិសនីប្រើប្រាស់នោះឡើយ គិតមកទល់នឹងថ្ងៃ អាទិត្យ ម្សិលមិញនេះ។ សូមជម្រាបថា ព្យុះកំណាច ផ្លូរ៉េន បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសទៅរកកន្លែងមានសុវត្ថិភាព និងផ្ទះសម្បែងសរុបជាង១លានខ្នងដាច់គ្មានអគ្គិសនីប្រើប្រាស់ ខណៈភ្លៀងធ្លាក់យ៉ាងសន្ធាប់នៅតែបន្តកើតមាន ដែលកំពុងបង្កជាគ្រោះទឹកជំនន់ និងការបំណាក់ដីនៅតាមតំបន់មួយចំនួនក្នុងរដ្ឋទាំងពីរខាងលើនេះ។ បន្ថែមពីនេះទៀត បណ្តារដ្ឋមួយចំនួនដូចជា ចចជា ណស់ខារ៉ូលីណា ស៊ោវខារ៉ូលីណា វើជីននៀ និងមើរីលែន ក៏ដូចជារដ្ឋធានីវ៉ាស៊ីនតោនផងដែរ ក៏បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារតែព្យុះហឺរីខិនកំណាច ផ្លូរ៉េន នេះដែរ៕ម.ន
-
អ៊ីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើអាកាសយានដ្ឋានទីក្រុង Damascus ប្រទេសស៊ីរី

ស៊ីរី៖ កងទ័ពរដ្ឋាភិបាលអ៊ីស្រាអែលបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង ដាម៉ាស់ របស់ប្រទេសស៊ីរី ដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ ហើយជាមួយគ្នានោះដែរ មីស៊ីលការពារដែនអាកាសស៊ីរីក៏បានបាញ់ទម្លាក់មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានផ្សាយថា មានសំឡេងផ្ទុះគ្រប់ដណ្តប់ពេញអាកាសយានដ្ឋានទីក្រុងដាម៉ាស់ នៅក្នុងការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពអីស្រាអែល ហើយប្រព័ន្ធការពារក៏បានបាញ់កម្ទេចមីស៊ីលរបស់សត្រូវផងដែរ។ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានទីតាំងនៅក្នុងប្រទេសអង់គ្លេស លោក Rami Abdurrahman បានឲ្យដឹងថា ការវាយប្រហារខាងលើ គឺសំដៅទៅលើឃ្លាំងអាវុធនៅជិតអាកាសយានដ្ឋានខាងលើ។ អាវុធនៅក្នុងឃ្លាំងនោះ គឺបញ្ជូនទៅឲ្យអ៊ីរ៉ង់ ឬក្រុមហេប៊ូឡស់នៅលីបង់។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ជាផ្លូវការណាមួយស្តីពីអ្នកស្លាប់ និងរបួសនោះឡើយ។ អ៊ីស្រាអែលមិនដែលទទួលស្គាល់ថា ខ្លួនវាយប្រហារស៊ីរីនាពេលកន្លងមកឡើយ ប៉ុន្តែពេលនេះ បានប្រកាសថា បានវាយប្រហារដើម្បីរារាំងការដឹកជញ្ជូនអាវុធទៅឲ្យសត្រូវ។ កាលពីដើមខែកញ្ញា មន្ត្រីអ៊ីស្រាអែលមួយរូបបានប្រកាសថា បានបើកការវាយប្រហារជាង២០០លើកទៅលើគោលដៅរបស់អ៊ីរ៉ងក្នុងទឹកដីស៊ីរីរយៈពេល១៨ខែកន្លងមក៕
-
ចំនួនអ្នកស្លាប់កើនជិត៦០នាក់ ដោយសារព្យុះទីហ្វុង មំាងឃុត វាយប្រហារប្រទេសហ្វីលីពីន

ហ្វីលីពីន៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីនបាននិយាយថា ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបានឆក់យកអាយុជីវិតមនុស្ស៥៩នាក់ហើយ នៅលើកោះ Luzon ភាគខាងជើងប្រទេសហ្វីលីពីន។ ជាមួយគ្នានេះ មន្រ្តីប៉ូលិសបានអះអាងដែរថា មនុស្ស១៦នាក់ផ្សេងទៀតបាននឹងកំពុងបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះទីហ្វុង មំាងឃុត បានបង្កជាគ្រោះបំណាក់ដីនៅភាគខាងជើងកោះ Luzon ក្នុងនោះក៏មានខេត្ត Benguet ផងដែរ។ ព្យុះទីហ្វុងដ៏មហិមារនេះដែរ ត្រូវបានគេជឿជាក់ថា បានធ្វើការបំផ្លិចបំផ្លាញលំនៅដ្ឋានប្រមាណ២០០០ខ្នង និងបង្ខំឲ្យមនុស្សប្រហែល១៨២,០០០នាក់ ភៀសខ្លួនទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្នចាប់តាំងពីយប់ថ្ងៃអាទិត្យ សប្តាហ៍មុននេះ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានចុះទស្សនកិច្ចដោយផ្ទាល់ទៅកាន់តំបន់រងគ្រោះធ្ងន់ជាងគេ ដោយសារឥទ្ធិពលព្យុះទីហ្វុងនេះ ក្នុងនោះរួមមានខេត្ត Cagayan ។ ទន្ទឹមគ្នានោះ លោក ឌូធើតេ បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ឱ្យសិក្សាស្វែងយល់ពីវិសាលភាពនៃការខូចខាត និងជួយមនុស្សដែលត្រូវការជំនួយជាបន្ទាន់។ គួរបញ្ជាក់ថា មាំងឃុត គឺជាព្យុះខ្លាំងក្លាទី១៥ហើយ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិនដូចជា ខេត្តហាយណាំ ក្វាងទុង ទីក្រុងហុងកុង និងទីក្រុងម៉ាកាវជាដើម ដោយបណ្តាតំបន់នេះ បានចេញសេចក្តីប្រកាសអាសន្នកម្រិតកំពូលតែម្តង៕
-
ចិន និងវៀតណាមសន្យាលើកកម្ពស់ការអនុវត្តតាមកិច្ចសហប្រតិបត្តិការដើម្បីស្រូបទាញយកផលប្រយោជន៍រវាងប្រទេសទាំងពីរ

វៀតណាម៖ កិច្ចប្រជុំលើកទី១១នៃគណៈកម្មាធិការចិន និងវៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុងហូជីមីញ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដោយភាគីទាំងពីរបានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយអនុវត្តតាមកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីស្រូបទាញយកផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ កិច្ចប្រជុំនេះ ដឹកនាំដោយរដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី និងអនុនាយករដ្ឋមន្រ្តីវៀតណាម ព្រមទាំងរដ្ឋន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ។ នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសចិនបានធ្វើការអំពាវនាវឲ្យភាគីទាំងសងខាងប្រកាន់យកនូវគោលការណ៍សំខាន់ៗ ដែលសម្រេចបានដោយមេដឹកនំាកំពូលនៃភាគីទាំងពីរ និងប្រទេសទាំងពីរ ក្នុងអំឡុងការផ្លាស់ប្តូរដំណើរទស្សនកិច្ច ពង្រឹងការណែនាំនាយកដ្ឋាន និងតំបន់រៀងៗខ្លួន ហើយរួមគ្នារៀបចំផែនការផ្លាស់ប្តូរទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅទូទាំងប្រទេស ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងចិន-វៀតណាម។ ស្របពេលជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាកែលម្អការងាររបស់គណៈកម្មាធិការដឹកនាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនថែមទៀតនូវការសម្របសម្រួល និងផែនការ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដើម្បីទទួលបានផ្លែឈើកាន់តែច្រើន៕
-
មេដឹកនាំធំៗផ្នែកជំនួញរបស់កូរ៉េខាងត្បូងជាច្រើន គ្រោងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ

កូរ៉េខាងជើង៖ ម្ចាស់ក្រុមហ៊ុន សាមសុង និងមេដឹកនាំក្រុមហ៊ុនធំៗជាច្រើនទៀតរបស់ប្រទេសកូរ៉េខាងត្បូង មានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង នៅក្នុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េ។ នេះបើតាមប្រភពពីមន្រ្តីទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងថា ប្រធានក្រុមហ៊ុន សាមសុង លោក លី ជេយ៉ុង ព្រមទាំងប្រធានក្រុមហ៊ុន SK និង LG គ្រុប នឹងក្លាយជាសមាជិកនៃគណៈប្រតិភូរបស់លោកប្រធានាធិបតី មូន ជែអ៊ីន ក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅក្នុងថ្ងៃអង្គារ៍ សប្តាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តំាងពីរូបលោកចូលកាន់តំណែងជាផ្លូវការ ។ ទន្ទឹមគ្នានេះ លោក មូន ត្រូវបានគេសង្ឃឹមខ្ពស់ថា រូបលោកនឹងធ្វើជាអ្នកសម្របសម្រួលសម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងនៅក្នុងសប្តាហ៍នេះ ហើយលោក មូន ក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើកិច្ចពិភាក្សាទៅលើគម្រោងសេដ្ឋកិច្ចរួមគ្នាមួយចំនួន ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា កាលពីអំឡុងជំនួបកំពូលលើកដំបូងរវាងលោក និងលោក គីម នៅឯភូមិ ផាន់មុនជុម កាលពីខែមេសាកន្លងទៅនេះ៕
-
មនុស្សស្លាប់នៅហ្វីលីពីនកើនដល់៤០នាក់ ស្របពេលដែលព្យុះទីហ្វុង Mangkhut កំពុងសង្គ្រប់លើទីក្រុងហុងកុង និងខេត្តក្វាងទុង

ម៉ានីល៖ ទីប្រឹក្សានយោបាយនៃប្រធានាធិបតីហ្វីលីពីន គឺលោក Francis Tolentino បានថ្លែងតាមកិច្ចសម្ភាសន៍វិទ្យុមួយថា ក្នុងចំណោមមនុស្សស្លាប់ទាំង៤០នាក់នោះ គឺភាគច្រើនបំផុតនៅងតំបន់រដ្ឋបាល CAR និង មួយចំនួនទៀតនៅខេត្ត Nueva Vizcaya និងខេត្ត Ilocos នៃភាគខាងជើងប្រទេសហ្វីលីពីន។ ប្រជាជនហ្វីលីពីន២៥០,០០០នាក់ បានទទួលរងផលប៉ះពាល់ពីព្យុះមាំងឃុត។ ព្យុះទីហ្វុង Mangkhat ដ៏មានឥទ្ធិពលនោះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ដល់ហេដ្ឋារចនាសម្ព័ន្ធជារួម នៅចុងកោះធំ Luzon នៃភាគខាងជើងប្រទេសហ្វីលីពីន ដែលចំនួនមនុស្សស្លាប់គិតត្រឹមយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅទីក្រុងម៉ានីល) គឺមានរហូតដល់៤០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នាយប់ថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨។ បច្ចុប្បន្ននេះព្យុះ Mangkhut កំពុងសង្គ្រប់លើទីក្រុងហុងកុង បន្ទាប់ពីវាបានបង្កជាគ្រោះបំណាក់ដីនៅខេត្តក្វាងទុង ដោយសារតែខ្យល់បោកបក់ខ្លាំងរហូតដល់ល្បឿន ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង លាយឡំនឹងភ្លៀងធ្លាក់យ៉ាងគំហុក។ គួរបញ្ជាក់ថា Mangkhut គឺជាព្យុះខ្លាំងក្លាទី ១៥ ហើយដែលបានបោកបក់មកលើប្រទេសហ្វីលីពីននៅក្នុងឆ្នាំ២០១៨នេះ ហើយវាបច្ចុប្បន្នកម្លាំងរបស់វាកំពុងតែវាយប្រហារបណ្តាទីក្រុង និងខេត្តជាប់ឆ្នេរសមុទ្រភាគនិរតី និងខាងកើតប្រទេសចិត្តដូចជា ខេត្តហាយណាំ ក្វាងទុង…
-
ក្រុមមន្ត្រីរុស្ស៊ីប្រកាសថា ការថតខ្សែរវីដេអូក្លែងក្លាយដែលបង្ហាញពីការវាយប្រហារដោយអាវុធគីមីទៅលើខេត្តអ៊ីលឌីប បានចាប់ផ្តើមហើយ

ខ្សែរវីដេអូ និងរូបភាពថតដោយបំភាន់ជាច្រើនពាក់ព័ន្ធទៅនឹងការវាយប្រហារដោយអាវុធជីវសាស្ត្រទៅលើខេត្ត អ៊ីលឌីប ប្រទេសស៊ីរី សម្រាប់ប្រើប្រាស់ជាភ័ស្តុតាងចោទប្រកាន់រដ្ឋាភិបាលស៊ីរី អាចនឹងត្រូវចែកចាយក្នុងសប្តាហ៍នេះទៅកាន់សារព័ត៌មានអន្តរជាតិធំៗក្នុងពិភពលោក នេះបើយោងទៅតាមការអះអាងរបស់ក្រុមមន្ត្រីយោធាជំនាញរុស្ស៊ី។ ក្រុមមន្ត្រីចារកម្មពិសេសរុស្ស៊ីបាននិយាយថា ពួកគេបានតាមដានស្ថានការណ៍ក្នុងតំបន់យ៉ាងយកចិត្តទុកដាក់ ហើយមានសេចក្តីរាយការណ៍ថា តំបន់មួយចំនួនត្រូវបានប្រើប្រាស់ជាកន្លែងថតខ្សែរវីដេអូបំភាន់ដើម្បីបង្ហាញថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីសាជាថ្មីទៅលើប្រជាជនរបស់ខ្លួន។ ក្រុមមន្ត្រីចារកម្មពិសេសរុស្ស៊ីដដែលបានបន្ថែមថា មានក្រុមផលិតករលោកខាងលិចជាច្រើនត្រូវបានគេសម្គាល់ឃើញក្នុងខេត្ត អ៊ីលឌីប រួមជាជាមួយសកម្មជនប្រឆាំងមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់កងកម្លាំងរដ្ឋាភិបាលស៊ីរី ដើម្បីបញ្ជាក់ថាពីការបន្សល់ដាន ងាយស្រួលក្នុងការដាក់បន្ទុកទៀតផង៕
-
ប្រជាជនហ្កាណាចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ជាលើកចុងក្រោយ

ប្រជាជនហ្កាណាជាច្រើនម៉ឺននាក់ បានធ្វើដំណើរទៅកាន់រដ្ឋធានី អាក្រា ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រេសិតពិសេសអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ ជាលើកចុងក្រោយ បន្ទាប់ពីសពរបស់លោកត្រូវបានបញ្ជូនតាមយន្តហោះពីប្រទេសស្វីសមកដល់រដ្ឋធានី ហ្កាណា នៅដើមសប្តាហ៍នេះ។ សពរបស់លោក Kofi Annan ត្រូវបានគេរៀបចំជំនួសទង់ជាតិអង្គការសហប្រជាជាតិ ដោយទង់ជាតិប្រទេសហ្កាណានៅលើមឈូសដាក់សពរបស់លោក និងត្រូវបានតម្កល់នៅឯមជ្ឈមណ្ឌសន្និសីទអន្តរជាតិទីក្រុង អាក្រា ជាទីដែលនឹងត្រូវរៀបចំពិធីបុណ្យសពរយៈពេលបីថ្ងៃសម្រាប់ប្រជាជន និងរដ្ឋាភិបាលហ្គាណា ដោយមានកងទ័ពជាតិហ្កាណា ធ្វើការយាមកាមយ៉ាងតឹងរឹង។ គួររំលឹកថា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ និងជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែសីហា ក្នុងវ័យ៨០ឆ្នាំ ដោយសារជំងឺប្រចាំកាយ៕ម.ន