-
លោក ដូណាល់ ត្រាំ និយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន អាចនឹងជួបភាពតានតឹងដោយសារតែឱនភាពពាណិជ្ជកម្ម
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចែករំលែកការយល់ឃើញរបស់លោកលើការធ្វើពាណិជ្ជកម្មពិភពលោក ជាពិសេសគឺសម្លឹងមើលទៅលើជប៉ុន ដោយនិយាយថា ទំនាក់ទំនងដ៏រឹងមាំរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូ អាចនឹងត្រូវបញ្ចប់ ។ យោងតាមនិពន្ធនាយកសារព័ត៌មាន វ៉ល ស្ទី្រត ជូណល (Wall Street Journal) លោក ចេមស៍ ហ្វ្រីមែន (James Freeman) លោក ដូណាល់ ត្រាំ បានលើកឡើងបែបនេះ ប្រាប់លោកក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ។ លោក ហ្វ្រីមែន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់លោកថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូមានភាពរឹងមាំបំផុត… ប៉ុន្តែលោកក៏បានអះអាងដែរថា ទំនាក់ទំនងនេះអាចនឹងត្រូវបញ្ចប់ភ្លាមៗ បើសិនជាលោកប្រាប់ជប៉ុនថា ពួកគេត្រូវចំណាយលុយប៉ុន្មាន ។និពន្ធនាយកសារព័ត៌មាន វ៉ល ស្ទី្រត ជូណល រូបនេះ បានសង្ក់តធ្ងន់ថា លោក ដូណាល់ ត្រាំ កំពុងផ្ដោតសំខាន់លើកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាដៃគូ ក្នុងនោះរួមមានទាំងជប៉ុន ដែលលោកចោទថា បានធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ ដោយសារតែឱនភាពពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងតូក្យូមានរហូតដល់៤០ប៊ីលានដុល្លារកាលពីខែកក្កដាកន្លងទៅ ខណៈលោក…
-
ចំនួនអ្នកស្លាប់កើនដល់១៦នាក់ និង២៦នាក់ទៀតបាត់ខ្លួន ដោយសារគ្រោះរញ្ជួយដ៏កក្រើកវាយប្រហារប្រទេសជប៉ុន
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនដល់១៦នាក់ហើយ និងមនុស្ស៥.៣លាននាក់ផ្សេងទៀតនៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រវាយប្រហារមកលើកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ។ ជាមួយគ្នានោះដែរ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា មនុស្ស២៦នាក់នៅតែបន្តបាត់ខ្លួន និងច្រើនជាង២.០០០នាក់កំពុងស្នាក់នៅតាមទីតាំងជម្លៀសខ្លួនបណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង៤០០កន្លែង ។ បន្ថែមពីលើនេះ អាជ្ញាធរជប៉ុនក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ចំនួនមនុស្សស្លាប់អាចនឹងមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅដ្ឋានជាច្រើនខ្នងបានកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយរញ្ជួយដីដ៏អាក្រក់នេះ ។សូមរំលឹកផងដែរថា គ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ បានកើតមានឡើងចំពេលដែលប្រទេសជប៉ុន ទើបតែរងគ្រោះដោយសារតែខ្យល់ព្យុះទីហ្វុង ចេប៊ី ដែលបានផ្ដាច់ជីវិតមនុស្ស១១នាក់ និង៦០០នាក់ផ្សេងទៀតរងរបួសនៅក្នុងសប្ដាហ៍នេះ ៕
-
សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន៥ ដែលគំាទ្រដល់របបដឹកនំារដ្ឋាភិបាលស៊ីរី
សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍ (ម៉ោងក្នុងតំបន់) បានប្រកាសដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើបុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន៥ ដោយចោទប្រកាន់ពួកគេថា បានលួចលាក់សម្របសម្រួលការផ្ទេរអាវុធ ឬការផ្តល់ឥន្ធនៈ ព្រមទំាងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬក៏សម្ភារៈផ្សេងទៀតដល់រដ្ឋាភិបាលលោក អាសាដ នៅក្នុងប្រទេសស៊ីរី ។យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បុគ្គលដែលជាប់ទណ្ឌកម្មចុងក្រោយនេះ រួមមានទំាងជនជាតិស៊ីរីផ្ទាល់ និងជនជាតិលីបង់ ចំនែកឯក្រុមហ៊ុនដែលជាប់ទណ្ឌកម្មវិញ ក្នុងនោះរួមមានក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេស៊ីរី លីបង់ និងអេមីរ៉ាត់អារ៉ាប់រួម ។ សូមបញ្ជាកផងដែរថា រាល់ទ្រព្យសម្បត្តិបុគ្គល និងអង្គភាពទាំងអស់ដែលទទួលរងទណ្ឌកម្មខាងលើនេះ នឹងត្រូវបង្កកនៅក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកហើយបុគ្គល និងអង្គភាពរបស់សហរដ្ឋអាមេរិកទំាងអស់ ក៏ត្រូវបានហាមឃាត់មិនអោយធ្វើការរកស៊ី ឬចូលរួមក្នុងប្រតិបត្តិការជាមួយពួកគេផងដែរ ៕
-
ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុបបង្ហាញក្តីព្រួយបារម្ភខ្ពស់ ជុំវិញបញ្ហាសង្គ្រាមនៅស៊ីរី និងសកម្មភាពយោធារុស្ស៊ីទៅលើខេត្តអ៊ីដលីប
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុបក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ជុំវិញសកម្មភាពយោធាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលស៊ីរី និងរុស្ស៊ីនៅក្នុងខេត្តអ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី ។ ប្លុកនេះ ត្រូវបានគេហៅថា អ៊ីយូ៨ (EU8) ដែលបែងចែកជាប្រទេស៨ ក្នុងនោះរួមមានបារំាង អង់គ្លេស ហូឡង់ ស៊ុយអ៊ែត ប៉ូឡូញ ប៊ែលហ្ស៊ិក អាល្លឺម៉ង់ និងអ៊ីតាលី ហើយ៥ប្រទេសដំបូង គឺជាសមាជិកក្រុមប្រឹក្សាសន្តិសុខពេញសិទ្ធិ និង២ប្រទេសទៀតកំពុងត្រៀមខ្លួនចូលជាសមាជិក ចំនែកឯអ៊ីតាលីនិង ហូឡង់ជាប្រធានក្នុងអង្គជំនុំជម្រះ ។គួរបញ្ជាក់ថា ការព្រួយបារម្ភរបស់ក្រុមប្រឹក្សាសន្តិសុខប្លុកសហភាពអឺរ៉ុប បានកើតឡើងក្រោយពេលប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានចុះផ្សាយថា កងកម្លំាងរដ្ឋាភិបាលស៊ីរី កំពុងត្រៀមខ្លួនវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកខេត្តអ៊ីដលីប ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមប្រឆំាងរដ្ឋាភិបាល ហើយបើការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនេះកើតឡើង នោះជីវិតជនស៊ីវិលស្លូតត្រង់រាប់ពាន់នាក់នឹងត្រូវបានសម្លាប់ ខណៈមានការព្រួយបារម្ភអំពីការប្រើប្រាស់អាវុធគីមីផងដែរ ៕
-
ប៉ូលិសកេនយ៉ាចេញមុខសុំទោស ចំពោះការចាប់ខ្លួនអ្នកកាសែតចិនជាច្រើនរូប
ចិន៖ អាជ្ញាធរកេនយ៉ាបានប្រកាសសុំអភ័យទោស ពាក់ព័ន្ធនឹងរឿងចាប់ខ្លួនអ្នកយកព័ត៌មានជនជាតិចិនជាច្រើនរូបកាលពីថ្ងៃ ពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមការលើកឡើងរបស់អ្នកនំាពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃព្រសហ្បត្តិ៍ ។អ្នកនំាពាក្យក្រសួងការបរទេសចិនរូបនេះ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការប្រឆំាងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ូលិសកេនយ៉ាបានធ្វើការឃាត់ខ្លួនអ្នករាយការណ៍ព័ត៌មាន និងសមាជិកបុគ្គលិកជាច្រើនរូបដែលមកពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយចិនមួយ ហើយថា អ្នកសារព័ត៌មានដែលទំាំងត្រូវបានប៉ូលិសកេនយ៉ាចាប់ខ្លួនទាំងអស់នោះ សុទ្ធតែមានឯកភាពស្របច្បាប់ ។ ក្រោយទទួលបានដំណឹងនេះ ភ្លាមៗស្ថានទូតចិនបានធ្វើការទាមទារអោយរដ្ឋាភិបាលកេនយ៉ាបញ្ជាក់អំពីមូលហេតុនៃការចាប់ខ្លួននេះ ហើយក្រោយមកក្រុមអ្នកកាសែតចិនទំាងអស់នោះ ក៏ត្រូវបានដោះលែងអោយមានសេរីភាពវិញនៅថ្ងៃដដែលនេះ ។ជុំវិញការចាប់ខ្លួនដោយអចេតនានេះដែរ មន្រ្តីប៉ូលិសកេនយ៉ាបានចេញមុខសុំអភ័យទោសមន្រ្តីចិនចំពោះសកម្មភាពដែលមិនត្រឹមត្រូវ ហើយថែមទំាងសន្យាទៀតថា ពួកគេនឹងធ្វើការណែនំាដល់មន្រ្តីរបស់ខ្លួន ដើម្បីទប់ស្កាត់កុំអោយហេតុការណ៍នេះកើតឡើងសាជាថ្មីទៀតនាពេលអនាគត ៕
-
អូស្ត្រាលី និងញ៉ូវហ្សឺឡែន បញ្ជូនយន្តហោះតាមដានកូរ៉េខាងជើង
កូរ៉េខាងជើង៖ រដ្ឋាភិបាលអូស្ត្រាលី និងញ៉ូវហ្សឺឡែនបានសម្រេចបញ្ជូនយន្តហោះយាមល្បាត៣គ្រឿងទៅកាន់ដែនសមុទ្រប្រទេសជប៉ុន ដើម្បីជួយតាមដានការអនុវត្តន៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Christopher Pyne បានប្រកាសថា «អូស្ត្រាលី នឹងបន្ថែមយន្តហោះយាមល្បាតពីរគ្រឿង ប្រភេទ Orion AP-3C ទៅតាមដានការអនុវត្តន៍ទណ្ឌកម្ម លើកូរ៉េខាងជើង របស់អង្គការសហប្រជាជាតិ» ។ ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីញ៉ូវហ្សឺឡែន លោក Winston Peters បានប្រកាសផងដែរថា ប្រទេសរបស់លោកក៏បានសម្រេចបញ្ជូនយន្តហោះយាមល្បាតប្រភេទ P-3k2 ដើម្បីត្រួតពិនិត្យនៅតាមដែនសមុទ្រអន្តរជាតិនៅភាគខាងជើងនៃកូរ៉េខាងជើង ។លោក Peters បញ្ជាក់ទៀតថា «យើងអបអរសាទរដល់កិច្ចពិភាក្សាទទួលបានជោគជ័យនាពេលកន្លងមក របស់អាមេរិក និងកូរ៉េខាងជើង ក៏ដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ប៉ុន្តែ យើងនៅតែ តាមដានសកម្មភាពរហូតដល់ដឹងថា កូរ៉េខាងជើងពិតជាបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនោះអនុវត្តន៍ ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។កន្លងមកថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានស្នើដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តផ្ជាប់កិច្ចពិភាក្សាដើម្បីរំសាយអាវុធនុយក្លេអ៊ែរ ខណៈការស្នើឡើងនេះ ក្រោយពេលកិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង បានធ្លាក់ក្នុងសភាពជាប់គាំង ៕…
-
ប្រតិភូពិសេសកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់កូរ៉េខាងជើងហើយ ក្នុងគោលបំណងពិភាក្សាស្តីពីជំនួបកំពូលលើកទី៣ របស់មេដឹកនាំប្រទេសទាំងពីរ
កូរ៉េខាងជើង៖ ប្រតិភូពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងហើយ នៅព្រឹកថ្ងៃពុធនេះ ដើម្បីពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកាលបរិច្ឆេទ និងរបៀបវារៈសម្រាប់ជំនួបកំពូលរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។ យន្ដហោះដឹកក្រុមប្រតិភូកូរ៉េខាងត្បូងមានសមាជិក០៥រូប ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក ឈុង អ៊ីវយ៉ុង បានចាកចេញពីអាកាសយានដ្ឋានមួយកន្លែង នៅក្រៅទីក្រុងសេអ៊ូល នាម៉ោង៧និង៤០នាទី ព្រឹកនេះ (ម៉ោងក្នុងតំបន់) ហើយគ្រោងនឹងវិលត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅយប់ថ្ងៃពុធដដែល។ បើតាមការគ្រោងទុកនោះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន ជែអ៊ីន គឺលោក ឈុង អ៊ីវយ៉ុង នឹងត្រូវពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ស្ដីពីការបរិច្ឆេទ និងរបៀបវារៈសម្រាប់កិច្ចប្រជុំលើកទីបីរវាងលោក គីម និងលោក មូន ដែលបានព្រមព្រៀងគ្នាថា នឹងរៀបចំឡើងនៅមុនដំណាច់ខែកញ្ញានេះ៕
-
រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិកអះអាងថា ការចេញបញ្ជារបស់លោក ដូណាល់ ត្រាំ ឲ្យសម្លាប់មេដឹកនាំស៊ីរី គឺជារឿងប្រឌិត
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស បានធ្វើការច្រានចោលការចោទប្រកាន់ថា រូបលោកបានប្រមាថលោក ដូណាល់ ត្រាំ ដោយហៅប្រធានាធិបតីអាម៉េរិករូបនេះ គឺជាធ្វើចរិតដូចក្មេង។ បើតាមសម្តីរបស់លោក ជែម ម៉ាត់ទីស នោះ ខ្ញុំមិនដែលប្រើពាក្យប្រមាថលើអគ្គមេបញ្ជាការកងទ័ពអាម៉េរិកលោកប្រធានាធិបតី ដូណាល់ ត្រាំ ម្ដងណាឡើយ ហើយការចោទប្រកាន់មកលើរូបខ្ញុំ គឺគ្រាន់តែជាគំនិតស្រមើស្រមៃរបស់មនុស្សម្នាក់តែប៉ុណ្ណោះ។ ការអះអាងរបស់ប្រមុខដឹកនំាការពារជាតិរូបនេះ បានធ្វើឡើងក្រោយ អ្នករាយការណ៍ព័ត៌មានកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ លោក ប៉ុប វូដវ៉ដ បានសរសេរនៅក្នុងសៀវភៅមួយរបស់ខ្លួនមានចំណងជើងថា (ហ្វៀ ត្រាំ អ៊ីន ឌឹ វាយ ហ៊ោស)« Fear: Trump in the White House» ថា លោក ម៉ាត់ទីស បានប្រាប់ក្រុមការងាររបស់លោកថា លោក ត្រាំ ធ្វើ ចរិតដូចក្មេង សម្រាប់ការបង្គាប់ឱ្យមន្ទីរបញ្ចកោណសម្លាប់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ។…
-
ប្រមុខការបរទេសសហរដ្ឋអាម៉េរិក និងតួកគីឯកភាពគ្នាថា វាយប្រហារលើខេត្ត Idlib របស់ប្រទេសស៊ីរី គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាត
សហរដ្ឋអាម៉េរិក៖ យោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក នាអំឡុងធ្វើកិច្ចសន្ទនាគ្នាតាមទូរសព្ទ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ និងសមភាគីតួកគី លោក ម៉េវលុត លាវូសូគ្លូ បាន ព្រមព្រៀងគ្នាថា គម្រោងវាយប្រហាររបស់រដ្ឋាភិបាលស៊ីរីទៅលើខេត្ត អ៊ីដលីប ដែលកាន់កាប់ដោយក្រុមឧទ្ទាម គឺជារឿងដែលមិនអាចទទួលយកបាន ហើយថា ទង្វើបែបនេះ ក៏អាចចាត់ទុកថា ជាការបង្កើនភាពតានតឹងនៃជម្លោះឲ្យកាន់តែខ្លាំងថែមទៀតផងដែរ។
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.៦រ៉ិកទ័រវាយប្រហារតំបន់ដែនកោះ Ibaraki របស់ ប្រទេសជប៉ុន ប៉ុន្តែមិនមានសញ្ញាប្រកាសអាសន្នពីរលកយក្សស៊ូណាមិនោះទេ
ជប៉ុន៖ ទីភ្នាក់ងារអាកាសធាតុជប៉ុនបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៥.៦រ៉ិកទ័របានធ្វើការវាយប្រហារតំបន់ដែនកោះ អ៊ីបារ៉ាគី ស្ថិតនៅភាគខាងជើង ទីក្រុង តូក្យូ នាព្រឹកថ្ងៃ ពុធ នេះ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា គ្រោះមហន្តរាយធម្ម ជាតិខាងលើនេះ មានកម្រិតញ័ររញ្ជួយក្នុងជម្រៅ៦០គីឡូម៉ែត្រ ហើយឥទ្ធិពលរបស់ វាក៏បានធ្វើអោយញាប់ញ័រដល់បណ្តាតំបន់ក្បែរគ្នាផងដែរ ក្នុងនោះរួមមានតំបន់ មីយ៉ាជី ហ៊្វូគូស៊ីម៉ា តូឈីជី ហ្គាន់ម៉ា និងដែនកោះ ឈីបា។ ប៉ុន្តែជាមួយគ្នានេះ ទីភ្នាក់ងារអាកាសធាតុជប៉ុនបានអះអាងថា មិនមានសញ្ញាប្រកាសអាសន្នពីរលក យក្សស៊ូណាមិនោះទេ ខណៈទំហំនៃការខូចខាត ក៏ដូចជាជនរងគ្រោះដោយសារ គ្រោះរញ្ជួយដីនេះ ក៏មិនទាន់ត្រូវបានអាជ្ញាធរក្នុងតំបន់រាយការណ៍នៅឡើយដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ រោងចក្រថាមពលនុយក្លេអ៊ែរទំាងអស់នៅក្នុងតំបន់ ត្រូវបានគេអះអាងថា មិនបានទទួលរងការខូតខាតឡើយ នេះបើយោងតាមការ បញ្ជាក់របស់មន្រ្តីឃ្លំាមើលថាមពលនុយក្លេអ៊ែររបស់ជប៉ុន៕