-
ក្រុមឧទ្ទាមតាលីបង់អះអាងថា មេដឹកនាំកំពូលក្រុមឧទ្ទាម Haqqani ដ៏ធំនៅអាហ្វ ហ្គានីស្ថានបានស្លាប់ហើយដោយសារជំងឺរុំារ៉ៃ
អាហ្វហ្គានីស្ថាន៖ យោងតាមសេចក្តីប្រកាសរបស់ក្រុមឧទ្ទាមតាលីបង់បានឱ្យដឹង ថា លោក ចាឡាលូដឌីន ហាកកានី (Jalaluddin Haqqani) ដែលជាបិតាស្ថាបនិកនៃបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani ដ៏មានឥទ្ធិពលនៅអាហ្វហ្គានីស្ថាន បានបាត់បង់ជីវិតហើយ ដោយសារតែការធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរ។ លោក Haqqani ដែលបានបង្កើតបណ្តាញក្រុមសកម្មប្រយុទ្ធខាងលើ តាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះនោះ បានប្រគល់តួនាទីដឹកនាំក្រុមសកម្មប្រយុទ្ធ Haqqani កាលពីប៉ុន្មានឆ្នាំមុន ទៅឲ្យកូនប្រុសរបស់ខ្លួនឈ្មោះថា ស៊ីរ៉ាជូដឌីន ហាកកានី (Sirajuddin Haqqani) ដែលបច្ចុប្បន្នជាមេដឹកនាំរងរបស់ក្រុមឧទ្ទាមតាលីបង់ ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន។គួរជម្រាបថា បច្ចុប្បន្នបណ្តាញក្រុមសកម្មប្រយុទ្ធ Haqqani កំពុងតស៊ូប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងអង្គការ NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក ព្រមទាំងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយក្រុមនេះជាសម្ព័ន្ធមិត្តនឹងក្រុមតាលីបង់ ក៏ដូចជាក្រុមអាល់កៃដា៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមាន រុស្ស៊ី អ៊ីរ៉ង់ និងស៊ីរី កុំឲ្យបើកការវាយប្រហារលើខេត្ត អ៊ីដលីប

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានធ្វើការព្រមានប្រធានាធិបតី ស៊ីរី លោក បាស្សា អាល់អាសាដ និងសម្ព័ន្ធមិត្ត ក្នុងនោះរួមមាន៖ រុស្ស៊ី និងអ៊ីរ៉ង់ កុំឱ្យបើកការវាយប្រហារទ្រង់ទ្រាយធំលើខេត្ត អ៊ីដលីប ព្រោះវាអាចនឹងធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយសហរដ្ឋអាម៉េរិកក៏នឹងមិនឈរឱបដៃមើលដែរ។ ខេត្ត អ៊ីដលីប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរីនេះ មានជនស៊ីវិលរស់នៅប្រមាណ៣លាននាក់ ហើយការព្រមានរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងរៀបចំការវាយលុកដណ្ដើមយកខេត្តមួយនេះពីក្រុមឧទ្ទាមស៊ីរីមកវិញ។ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរសារព្រមានបង្ហោះតាមបណ្តាញសង្គមថា រុស្ស៊ី និងអ៊ីរ៉ង់ អាចនឹងបង្កកំហុសដ៏ធំមួយក្នុងការចូលរួមក្នុងសោកនាដកម្មមនុស្សជាតិ ហើយមនុស្សរាប់ពាន់នាក់អាចនឹងត្រូវបានសម្លាប់ ប៉ុន្តែកុំឱ្យរឿងបែបនេះ កើតឡើងឲ្យសោះ៕ម.ន
-
ក្រុមឃ្លាំមើលសិទ្ធិមនុស្សអំពាវនាវឲ្យបញ្ឈប់ការលក់អាវុធឲ្យ អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពីការវាយប្រហារលើរថយន្តដឹកសិស្សសាលានៅប្រទេសយេម៉ែន
-
មន្ត្រីទូតជើងចាស់អាល្លឺម៉ង់បញ្ជាក់ថា គោលនយោបាយសហរដ្ឋអាម៉េរិកបច្ចុប្បន្នកំពុងបង្ខំឱ្យអាល្លឺម៉ង់ងាកទៅរកចិន និងរុស្ស៊ី
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.៥រ៉ិចទ័រវាយប្រហារទៅលើភាគអាគ្នេយ៍ប្រទេសចិន
ចិន៖ យោងតាមប្រភពរបស់មជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន ហៅកាត់ថា (CENC) នៅក្នុងថ្ងៃអង្គារ៍នេះ បានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត៥.៥រ៉ិចទ័រ បានធ្វើការវាយប្រហារទៅលើតំបន់ Jiashi ស្ថិតនៅក្នុងតំបន់ប្រជុំកោះ Kashgar នៃតំបន់ស្វយ័ត Uygur Xinjiang ភាគអាគ្នេយ៍ប្រទេសចិន។ បើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលបណ្ដាញគ្រោះរញ្ជួយដីចិន (CENC) គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅម៉ោង៥និង៥២ព្រឹកថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) មានជម្រៅរញ្ជួយទៅក្នុងដី០៨គីឡូម៉ែត្រ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ៕ម.ន
-
មនុស្ស២នាក់ស្លាប់ និងរបួស១៥នាក់ ក្រោយហេតុការណ៍ផ្ទុះឆេះដ៏កក្រើកមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន
-
ក្រុមហ៊ុនប្រេងធំៗរបស់ជប៉ុនត្រូវគេរាយការណ៍ថា នឹងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់

ជប៉ុន៖ ក្រុមហ៊ុនប្រេងជប៉ុនធំៗត្រូវបានគេរំពឹងថា គ្រោងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ នៅខែតុលាខាងមុខនេះ ដោយសារតែការភ័យខ្លាចការព្រមានរបស់សហរដ្ឋអាម៉េរិក ដែលថា នឹងដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណា ដែលហ៊ានបន្តនាំចូលប្រេងឆៅរបស់ទីក្រុងតេហេរ៉ង់។ រដ្ឋាភិបាលទីក្រុងតូក្យូត្រូវគេរាយការណ៍ទៀតថា បាននិងកំពុងស្វែងរកការលើកលែងពីសហរដ្ឋអាម៉េរិក ដែលនឹងអនុញ្ញាតឲ្យខ្លួនបន្តធ្វើការនាំចូលប្រេងពីអ៊ីរ៉ង់ ប៉ុន្តែបច្ចុប្បន្ននេះ ហាក់ដូចជាពុំទទួលបានផលអ្វីឡើយ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនប្រេងធំៗនៅប្រទេសជប៉ុនទំនងជាកំពុងរិះរកមធ្យោបាយ ដើម្បីបង្កើនការនាំចូលប្រេងពីកន្លែងផ្សេងជំនួសអ៊ីរ៉ង់វិញ។
-
ប្រទេសវៀតណាម៖ មនុស្សស្លាប់១៣នាក់ និងបាត់ខ្លួន៣នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង

វៀតណាម៖ គណៈកម្មាធិការកណ្តាលទទួលបន្ទុកគ្រប់គ្រង និងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិបានបញ្ជាក់ក្នុងថ្ងៃច័ន្ទនេះថា គ្រោះទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងជើង និងកណ្តាលប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានផ្តាច់ជីវិតមនុស្ស១៣នាក់ និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។គិតត្រឹមព្រឹកថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ គ្រោះមហន្តរាយទឹកជំនន់ត្រូវបានគេរាយការណ៍ថា បានសម្លាប់ជីវិតមនុស្ស៩នាក់ និង៣នាក់ទៀតបាត់ខ្លួននៅខេត្ត ថានហ័រ កណ្តាល ហើយគ្រោះទឹកជំនន់ និងរអិលបាក់ដីផ្សេងទៀតក៏បានធ្វើឱ្យមនុស្សម្នាក់ ក្នុងចំណោម៤នាក់ស្លាប់ផងដែរ នៅខេត្ត ហ័រប៊ិន ខាងជើង ខេត្ត យិន បៃ សុន ឡា និងឡាន សុន។ បើតាមគណៈកម្មាធិការកណ្តាលខាងលើនេះ គ្រោះទឹកជំនន់ និងបំណាក់ដី ថែមទាំងបំផ្លិចបំផ្លាញលំនៅដ្ឋាន៣៦៤ខ្នង ខូចខាតផ្ទៃដី ធ្វើស្រែជាង៦,៥២៣ហិកតា និងទំនប់ប្រវែង៦២០ម៉ែត្រ និងប្រឡាយប្រវែង៦,១៧៤ ម៉ែត្រផងដែរ។
-
ទូកធ្វើដំណើរពីរគ្រឿងបុកគ្នានៅទន្លេ កូឡូរ៉ាដូ សហរដ្ឋអាម៉េរិក បណ្តាលឲ្យមនុស្ស៩នាក់របួស និងបាត់ខ្លួន៤នាក់
សហរដ្ឋអាម៉េរិក៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ជនរងគ្រោះ៤នាក់ បាននិងកំពុងបាត់ខ្លួន ហើយមនុស្ស៩នាក់ផ្សេងទៀតទទួលរងរបួស ក្នុងនោះមាន ២នាក់រងរបួសធ្ងន់ បន្ទាប់ពីទូកធ្វើដំណើរ០២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង កាលពីយប់ថ្ងៃ សៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) នៅឯទន្លេ កូឡូរ៉ាដូ ស្ថិតនៅចម្លោះរវាងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអារីហ្សូណា។
-
សហរដ្ឋអាម៉េរិកកាត់ផ្តាច់ជំនួយយោធា៣០០លានដុល្លារដល់ប៉ាគីស្ថាន ពាក់ព័ន្ធនឹងរឿងក្រុមភេរវកម្ម
សហរដ្ឋអាម៉េរិក៖ យោធាសហរដ្ឋអាម៉េរិកបាននិយាយថា ពួកគេនឹងលប់ចោលជំនួយ៣០០លានដុល្លារដល់ប៉ាគីស្ថាន ដោយសារតែរដ្ឋាភិបាលប្រទេសនេះ មិនអាចចាត់វិធានការប្រឆាំងនឹងក្រុមជីវពលបះបោរបាន។ ការសម្រេចចិត្តបែបនេះ គឺត្រូវការការឯកភាពពីសភាអាម៉េកដែរនោះ គឺជាផ្នែកមួយនៃការពន្យារពេលផ្តល់ជំនួយសន្តិសុខទូលំទូលាយជាងមុន ដែលត្រូវបានគេប្រកាសកាលពីខែ មករា ដើមឆ្នាំនេះ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក កូណេ ហ្វូកនឺ បាននិយាយថា យោធាសហរដ្ឋអាម៉េរិកមានគោលដៅចំណាយលុយទៅលើអាទិភាពបន្ទាន់ៗដទៃទៀត។