-
ការិយាល័យទំនាក់ទំនងអន្តរកូរ៉េនឹងត្រូវចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះ

យោងតាមមន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានឲ្យដឹថា នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលជាការិយាល័យរួមគ្នាថ្មីមួយរវាងប្រទសកូរ៉េខាងត្បូង និងប្រទេសបងប្អូនកូរ៉េខាងជើង នឹងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ។ មន្ត្រីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមមន្ត្រីខាងកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលបម្រើការងារក្នុងការិយាល័យទំនាក់ទំនងអន្តរកូរ៉េដែលស្ថិតនៅក្នុងទីក្រុង គេស៊ុង តំបន់ព្រំដែននៃប្រទសទាំងពីរ។ គួរបញ្ជាក់ថា ការិយាល័យទំនាក់ទំនងអន្តរកូរ៉េថ្មីនេះ ត្រូវបានប្រមុខដឹកនាំនៃប្រទេសទាំងពីរ យល់ព្រមឲ្យបើកដំណើរការ ស្របពេលដែលលោក មូន ចេអ៊ីន និងលោក គីម ជុងអ៊ុន មានគម្រោងនឹងជួបពិភាក្សាគ្នានៅឯទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះដែរ៕
-
សហរដ្ឋអាម៉េរិកអញ្ជើញមន្ត្រីចិនពិភាក្សាគ្នា បន្ទាប់ពីប្រទេសចិនស្នើអង្គការពាណិជ្ជកម្មពិភពលោកឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងសហរដ្ឋអាម៉េរិកវិញ

រដ្ឋបាលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលកំពុងត្រៀមដំឡើងពន្ធលើការនាំចូលផលិតផលពីចិនមានតម្លៃ២០០ពាន់លានដុល្លារនោះ បានអញ្ជើញក្រុមមន្ត្រីចិនឱ្យចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មសាជាថ្មី បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលចិនបានស្នើអង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា ខ្លួនចង់ដាក់ទណ្ឌកម្ម៧ពាន់លានដុល្លារក្នុងមួយឆ្នាំ ប្រឆាំងនឹងសហរដ្ឋអាម៉េរិក ដែលមិនគោរពតាមច្បាប់នៅក្នុងជម្លោះពាណិជ្ជកម្មទាក់ទិននឹងគំនិតគាំពារនិយម។ សំណើសុំការអនុញ្ញាតរបស់ចិន ត្រូវបានចេញផ្សាយដោយអង្គការ WTO នៅសប្ដាហ៍នេះ ជាមួយការបង្ហាញទិន្នន័យផងដែរថា ទីក្រុងប៉េកាំងរងការខូចខាតជាង ៧.០៤៣ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយសារតែរបាំងពាណិជ្ជកម្ម និងគោលនយោបាយសេដ្ឋកិច្ចគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។ បើទោះជាអង្គការ WTO មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់ចិនក៏ដោយ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃសេតវិមានលោក ឡារី គូដឡូវ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីរតនាគារជាតិអាម៉េរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin) បានផ្ញើលិខិតអញ្ជើញមួយច្បាប់ទៅក្រុមមន្ត្រីជាន់ខ្ពស់ចិន ប៉ុន្តែលោកមិនអាចបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ គួររំលឹកថា ចិនទទួលបានការអនុញ្ញាតមួយពីអង្គការ WTO នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០១៦ ហើយសាលក្រមសម្រេចចិត្តនេះ ត្រូវបានទទួលស្គាល់ដោយបណ្ដឹងឧទ្ធរណ៍កាលពីឆ្នាំ២០១៧។ ដោយឡែក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានដកសហរដ្ឋអាម៉េរិកចេញពីអង្គការអន្តរជាតិមួយនេះ ដោយអះអាងថា WTO អនុវត្តមិនស្មើភាពចំពោះពាក្យបណ្ដឹងពីសហរដ្ឋអាម៉េរិកទល់នឹងចិន៕
-
ប្រជាជនជាង ១២,០០០នាក់ ត្រូវបានជម្លៀសខ្លួន ស្របពេលដែលព្យុះទីហ្វុង បារីចា ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសចិន

ព្យុះ បារីចា ដែលជាព្យុះទីហ្វុងទី ២៣ នៅក្នុងឆ្នាំនេះ នឹងបានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសចិន បានធ្វើឲ្យប្រជាជនក្នុងខេត្ត ក្វាងទុង ជាង១២,០០០នាក់ ត្រូវជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព។ ដោយគិតតឹ្រមថ្ងៃពុធ ម្សិលម៉ិញនេះ ក្រុមអាជ្ញាធរចិនបានឲ្យដឹងថា មានប្រជាជនប្រមាណ ១១,៩៩៨នាក់ ដែលរស់នៅតាមតំបន់ទំនាបត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយអគារសំណង់ខ្ពស់ៗជាង២០០កន្លែង ត្រូវបានផ្អាកការសាងសង់ជាបន្ទាន់ផងដែរ។ ដោយឡែក នាវាដឹកអ្នកដំណើរទាំងឡាយ ត្រូវបានប្រកាសឲ្យចូលចតក្នុងកំពង់ផែ ឆ័នចូវ ដែលស្ថិតនៅចន្លោះខេត្ត ហៃណាន និង ខេត្ត ក្វាងទុង ស្របពេលដែលអាជ្ញាធរបានប្រកាសហៅទូកនេសាទច្រើនជាង ៣៦,០០០ គ្រឿង រួមជាមួយអ្នកនេសាទ និងកម្មករប្រមាណជាង ៤៣,០០០ នាក់ ត្រឡប់មកកាន់ដីគោកវិញជាបន្ទាន់៕
-
គ្រោះរញ្ជួយដីកម្រិត៥.៣ រ៉ិកទ័រ បានវាយប្រហារទៅលើតំបន់ភាគពាយ័ព្យប្រទេសចិន

យោងតាមប្រភពព័ត៌មានពីប្រទេសចិនបានឲ្យដឹងថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត៥.៣រ៉ិកទ័របានកើតឡើងនៅក្រុង ហានចុង នៃខេត្តសានស៊ី ដែលស្ថិតនៅភាគពាយ័ព្យប្រទសចិន កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ។ មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយរញ្ជួយដីបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិកទ័រនេះ បានកើតឡើងក្នុងជម្រៅ១១គីឡូមែត្រពីផ្ទៃផែនដី ដោយឡែករហូតមកដល់ពេលនេះពុំមានសេចក្តីរាយការណ៍ណាមួយពីទំហំនៃការខូចខាត និងរងរបួសនៅឡើយទេ។ មជ្ឈមណ្ឌលតាមដានគ្រោះមហន្តរាយរញ្ជួយដីដដែលនេះ បានបន្ថែមថា គ្រោះរញ្ជួយដីខាងលើនេះ ក៏បានរាលដាលឥទ្ធិពលរបស់ខ្លួនទៅដល់ខេត្ត ស៊ីឆ័ន ដែលស្ថិតនៅជាប់នឹងខេត្ត សានស៊ី ផងដែរ ប៉ុន្តែវាមិនបានបង្កជាការរញ្ជួយដែលគួរឲ្យកត់សម្គាល់ និងបង្កជាការគ្រោះថ្នាក់អ្វីនោះឡើយ៕
-
សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម កំពុងសម្លឹងមើលឱកាសលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទំាងពីរ
អេមីរ៉ាត់អារ៉ាប់រួម៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានចុះផ្សាយថា សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួមកំពុងសម្លឹងមើលទៅលើឱកាសរឹតចំណងវិស័យការពារជាតិរវាងប្រទេសទំាងពីរ ស្របពេលដែលអនុមេបញ្ជាការកំពូលនៃកងទ័ពអេមីរ៉ាត់អារ៉ាប់រួម បានជួបពិភាក្សាជាមួយគ្នារដ្ឋមន្រ្តីការពារជាតិអាមេរិក នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម នៅក្នុងកិច្ចប្រជុំរវាងលោក Sheikh Mohamed bin Zayed Al Nahyan និងលោក ចែម ម៉ាត់ទីស បានធ្វើកិច្ចពិភាក្សាគ្នាដោយផ្តោតសំខាន់ទៅលើវិធីសាស្រ្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទំាងពីរ ជាពិសេសនៅក្នុងវិស័យការពារជាតិ និងយោធា ។ជាមួយគ្នានេះ លោកទំាងពីរថែមទំាងបានធ្វើការពិគ្រោះយោបល់គ្នាផងដែរ ស្តីពីការអភិវឌ្ឍន៍ក្នុងតំបន់នាពេលបច្ចុប្បន្ន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយ ហើយនឹងការស្វែងរកដំណោះស្រាយបញ្ហាប្រឈម ។ បន្ថែមលើនេះ ពួកលោកក៏បានពិនិត្យមើលទៅលើយន្តការនៃកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរួមគ្នា ដើម្បីប្រយុទ្ធប្រឆំាងនឹងភាពជ្រុលនិយម និងអំពើភេវរកម្មផងដែរ ៕
-
ភ្លៀងធ្លាក់ខ្លំាងកំពុងបង្កការគំរាមកហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសជប៉ុន
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លំាងបាននឹងកំពុងបង្កជាឧបសគ្គយ៉ាងខ្លំាងនៅតាមបណ្តាតំបន់ជាច្រើនរបស់ប្រទេសជប៉ុន ខណៈមន្រ្តីផ្នែកអាកាសធាតុបានព្រមានថា ប្រសិន បើភ្លៀងនៅតែបន្តធ្លាក់ចុះខ្លំាងបែបនេះ នោះវាអាចនឹងបណ្តាលអោយកើតមានគ្រោះបាក់ដី និងទឹកជំនន់ជាដើម ។ទីភ្នាក់ងារឧតុនិយមជប៉ុនបានធ្វើការបង្ហាញទិន្នន័យតាមប្រព័ន្ធរ៉ាដា ដែលបានឱ្យដឹងពីការធ្លាក់ភ្លៀងខ្លំាងនៅក្នុងតំបន់ដែនកោះ អូសាកា ក្យូតូ និងហ៊ីយ៉ូហ្គោ គិតត្រឹមព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្របពេលដែលពួកគេបានរំពឹងថា នៅភាគខាងលិច និងខាងកើតប្រទេសជប៉ុន ទំនងជាមានភ្លៀងធ្លាក់ខ្លំាងក្នុងរយៈពេលជាច្រើនម៉ោងផងដែរ នៅក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍ក្រោយនេះ ។បន្ថែមលើនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនធ្វើការព្យាការណ៍ថា ភ្លៀងធ្លាក់ខ្លំាងនឹងបង្កការគំរាមកំហែងនៅក្នុងតំបន់ Shikoku Tokai Kinki Hokuriku និង Kanto-Koshin នៅក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីល្ងាចថ្ងៃ សៅរ៍ ចុងសប្តាហ៍នេះ ហើយពួកគេក៏បានធ្វើការអំពាវនាវយ៉ាងទទួចអោយប្រជាពលរដ្ឋទំាងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដើម្បីបង្កាគ្រោះថ្នាក់ដែលបង្កឡើងដោយ សារតែការរអិលបាក់ដី ជំនន់ទឹកទន្លេ ខ្យល់កន្ត្រាក់ និងគ្រោះទឹកជំនន់ផងដែរ ៕
-
អ៊ីរ៉ង់ រុស្ស៊ី និងទួរគីព្រមព្រៀងធ្វើការងាររួមគ្នា ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការរក្សាស្ថេរភាពនៅខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី
អ៊ីរ៉ង់៖ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ប្រធានាធិបតីអ៊ីរ៉ង់ រុស្ស៊ី និងទួរគីនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានឯកភាពធ្វើការងាររួមគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិ បត្តិការ ដើម្បីព្យាយាមរក្សាស្ថេរភាពនៃស្ថានភាពនៅក្នុងខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី ដែលការព្រមព្រៀងគ្នានេះ កើតឡើងក្រោយកិច្ចប្រជុំកំពូលត្រីភាគីក្នុងរដ្ឋធានីតេហេរ៉ង់ ។នាឱកាសនោះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហាន់នី បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែបញ្ឈប់វត្តមានដោយខុសច្បាប់របស់ខ្លួននៅស៊ីរី ហើយចាកចេញទៅវិញទៅ ។ លោក រូហាន់នី បានសង្កត់ធ្ងន់ថា តួនាទីដែលជះផលអវិជ្ជមាន និងគ្មានភាពស្ថាបនារបស់ទីក្រុងវ៉ាស៊ីនតោន បូករួមជាមួយការគាំទ្ររបស់អាមេរិកចំពោះអ៊ីស្រាអ៊ែល ក្នុងការដណ្តើមកាន់កាប់ទឹកដីនៅក្នុងតំបន់នោះ គ្មានជួយអ្វីបានក្រៅតែពីថែមបន្ទុកបញ្ហាអោយកាន់តែស្មុគស្មាញប៉ុណ្ណោះ នៅប្រទេសស៊ីរី ។ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ថែមទំាងបាននិយាយអះអាងដែរថា ការប្រយុទ្ធប្រឆំាងនឹងអំពើភេវរកម្មនៅខេត្តអ៊ីដលីប នឹងនៅតែបន្តធ្វើឡើង ហើយថា ទន្ទឹមគ្នានេះ ជនស៊ីវិលស្លូតត្រង់ក៏គួរតែត្រូវបានការពារពីការបង្ហូរឈាមនេះផងដែរ ៕
-
ប្រមុខការពារជាតិសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចស្ងាត់ៗទៅកាន់ប្រទេសអាហ្គានីស្ថាន
អាហ្គានីស្ថាន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចែម ម៉ាត់ទីស បានធ្វើដំណើរទៅដល់រដ្ឋធានីកាប៊ុល ប្រទេសអាហ្គានីស្ថានហើយនៅក្នុងថ្ងៃសុក្រនេះ ដើម្បីជួបពិភាក្សាជាមួយមេបញ្ជាការថ្មី នៃកងកម្លំាងអង្គការណាតូប្រចំាប្រទេសអាហ្គានីស្ថាន ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រឈមមុខនឹងការកើនឡើងនូវសំណួរជាច្រើន ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឱ្យពួកឧទ្ទាមតាលីបង់ងាកមករកតុចរចាដើម្បីបញ្ចប់សង្គ្រាម ។លោក ចែម ម៉ាត់ទីស និងលោក ស្កុត មីលល្លឺ ដែលត្រូវបានតែងតំាងជាមេបញ្ជាការកងកម្លំាងអង្គការណាតូ នៅក្នុងថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាគ្នាស្តីពីដំណើរការសម្រាប់កិច្ចចរចាជាមួយក្រុមភេវរករតាលីបង់ បើទោះបីជាបញ្ហាសន្តិសុខ និងភាពចលាចលកាន់តែយ៉ាប់យ៉ឺននៅក្នុងរដ្ឋាភិបាលអាហ្គានីស្ថានក៏ដោយ ។គួរបញ្ជាក់ថា នៅក្នុងឆ្នំា២០១៨នេះ សហរដ្ឋអាមេរិកបានបង្កើនសម្ពាធលើពួកឧទ្ទាមតាលីបង់ តាមរយៈការបង្កើនការវាយប្រហារតាមអាកាស និងការបញ្ជូនកងទ័ពរាប់ពាន់នាក់ ដើម្បីហ្វឹកហាត់ ក៏ដូចជាផ្តល់យោបល់ដល់កងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថាន ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ មិនទាន់បានធ្វើឱ្យអាហ្គានីស្ថានមានសុវត្ថិភាព និងស្ថេរភាពនៅឡើយទេ ខណៈសង្រ្គាមក្នុងរយៈពេល១៧ ឆ្នាំមកនេះ គឺជាជម្លោះដ៏យូរបំផុតសម្រាប់សហរដ្ឋអាមេរិក ៕
-
ប្រជាប្រិយភាពប្រធានាធិបតីកូរ៉េខាងត្បូង ធ្លាក់ចុះក្រោម៥០ភាគរយជាលើកដំបូង
កូរ៉េខាងត្បូង៖ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្លាក់ថុះក្រោម៥០ភាគរយជាលើកដំបូង គិតចាប់តាំងតែពីលោកបានឡើងកាន់អំណាចកាលពីខែឧសភាឆ្នាំ២០១៧ ។ បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន ហ្គលអ៊ាប់ កូរៀ បានឱ្យដឹងថា កម្រិតនៃការគាំទ្រចំពោះលោក មូន បានថយមកត្រឹម៤៩ភាគរយនៅសប្តាហ៍នេះ ដែលជាកម្រិតក្រោម៥០ភាគរយលើកដំបូង ។ លទ្ធផលស្ទាបស្ទង់នេះ មានការចូលរួមពីប្រជាជនកូរ៉េខាងត្បូងចំនួន១.០០០នាក់ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ក្នុងការស្ទង់មតិនេះដែរ ក្រុមអ្នកដែលគាំទ្រលោក មូន ដែលសម្តែងការយល់ឃើញវិជ្ជមាន ចំពោះគោលនយោបាយរបស់ប្រធានាធិបតីរូបនេះ ជុំវិញបញ្ហាកូរ៉េខាងជើង រួមជាមួយកិច្ចប្រឹងប្រែងរបស់លោក ក្នុងការពង្រីកកម្មវិធីសុខុមាលភាពសង្គម ខណៈក្រុមអ្នកអភិរក្សនិយមបានបែរខ្នងដាក់លោក មូន ដោយសារការរិះគន់ពីបណ្តាញសារព័ត៌មាន ជុំវិញគោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានគោលដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនចំណូលក្នុងគ្រួសារ ៕
-
ក្រសួងការពារជាតិចិនព្រមានអង់គ្លេស ក្រោយបញ្ជូននាវាចម្បាំងមកក្បែរដែនកោះជម្លោះនៅសមុទ្រចិនខាងត្បូង
ចិន៖ អ្នកនំាពាក្យក្រសួងការពារជាតិចិនលោក រិន ហ្គូហ្គៀន បានលើកឡើងថា ប្រទេសលោកបានសម្តែងការមិនពេញចិត្តជាខ្លំាង ព្រមទំាងប្រកាសប្រឆំាងយ៉ាងដាច់ណាត់ បន្ទាប់ពីនាវាចម្បំាងរបស់ចក្រភពអង់គ្លេស ធ្វើដំណើរមកក្បែរតំបន់ដែនទឹកជម្លោះនៅកោះ ស៊ីសា ។ នាវាចម្បាំងអង់គ្លេស HMS អាល់បៀន ដែលមានទម្ងន់២២.០០០តោនត្រូវបានគេរាយការណ៍ថា បានធ្វើការចល័តនៅក្បែរតំបន់ទីប្រជុំកោះ ផារ៉ាសែល ក្នុងតំបន់សមុទ្រចិនខាងត្បូងកាលពីខែសីហាកន្លងទៅ ដោយបង្កឱ្យចិនខឹងសម្បារយ៉ាងខ្លាំង ហើយចាត់ទុកថា វាគឺជាសកម្មភាពបង្ករឿង ។ ជុំវិញបញ្ហានេះដែរ សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ការធ្វើនាវាចរណ៍របស់នាវាចម្បាំងអង់គ្លេស នៅក្បែរតំបន់ទីប្រជុំកោះក្នុងតំបន់សមុទ្រចិនខាងត្បូងដែលជាកម្មសិទ្ធិរបស់ចិន អាចនឹងបំផ្លាញដល់រាល់កិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងអង់ គ្លេស បន្ទាប់ពីទីក្រុងឡុងចាកចេញពីសហភាពអឺរ៉ុប ។ ការព្រមានបែបនេះរបស់សារព័ត៌មានរដ្ឋចិននេះ ធ្វើឡើងបន្ទាប់ពីទីក្រុងឡុង និងទីក្រុងប៉េកាំងបានព្រមព្រៀងគ្នាកាលពីខែសីហាកន្លងទៅថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឈានដល់ការឯកភាពគ្នា ក្នុងការបើកកិច្ចចរចាស្ដីពីពាណិជ្ជកម្មសេរីមួយ នៅក្រោយអង់គ្លេសចាកចេញជាផ្លូវការជាមួយសហភាពអឺរ៉ុប ៕