-
ព្យុះត្រូពិចចំនួន២បន្ថែមទៀត ត្រូវគេព្យាករណ៍ថា នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ព្យុះទីហ្វុងដ៏កំណាចចំនួន២ បាននឹងកំពុងធ្វើដំណើរសំដៅឆ្ពោះទៅកាន់ភាគនិរតីប្រទេសជប៉ុន ហើយវាត្រូវបានគេរំពឹងថា នឹងនាំយកភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំងក្លានៅទូទំាងតំបន់។ ជាមួយគ្នានេះ មន្រ្តីអាកាសធាតុបានអំពាវនាវឲ្យប្រជាជនក្នុងតំបន់ ព្យាយាមតាមដានស្ថានភាពវិវឌ្ឍន៍ថ្មីៗនៃប្រព័ន្ធព្យុះត្រូពិចទំាងពីរនេះ ដែលអាចនឹងវាយប្រហារលើប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន គិតត្រឹមម៉ោង៦ព្រឹកថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង Soulik (ស៊ូលីគ) បានស្ថិតនៅលើគោលចរណ៍ចម្ងាយ២៣០គីឡូម៉ែត្រ ភាគឦសានកោះ Minamidaito (មីណាមីដៃតុ) នៃប្រជុំកោះ Okinawa (អូគីណាវ៉ា) ហើយវាបាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគពាយ័ព្យ ឈៀងខាងលិចក្នុង ល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងដ៏កំណាចនេះ អាចនឹងធ្វើដំណើរទៅដល់ភាគខាងត្បូងដែនកោះ Amami (អាម៉ាមី) និង Kyushu (គីយូស៊ូ) ចាប់ពីយប់ ថ្ងៃអង្គារ៍ ដល់ព្រឹកថ្ងៃពុធ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយគេរំពឹងថា វានឹងបង្កការគំរាមកំហែងយ៉ាងខ្លំាងក្លា។ ចំណែកព្យុះត្រូពិចទី២ មានឈ្មោះថា Cimaron (ស៊ីម៉ារុន) បច្ចុប្បន្នកំពុងរំកិលខ្លួន ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ហើយវាអាចនឹងធ្វើដំណើរទៅក្បែរតំបន់ដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយនេះ៕
-
អាជ្ញាធរតួកគីចាប់ខ្លួនជនសង្ស័យ២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារក្បែរ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំរដ្ឋធានីអង់ការ៉ា
ទួរគី៖ អាជ្ញាធរតួកគីបានចាប់ខ្លួនមនុស្ស២នាក់ ដោយសង្ស័យថា មានជាប់ទាក់ទិនទៅនឹងករណីបាញ់ប្រហារពីរថយន្តមួយគ្រឿងនៅឯស្ថានទូតអាមេរិកប្រចាំរដ្ឋធានីអង់ការ៉ា។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍ប៉ះទង្គិចប្រដាប់វុធនេះ បានកើតឡើងនៅព្រឹកថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយខ្មាន់កាំភ្លើងបានជិះរថយន្តមួយគ្រឿងឈប់នៅលើផ្លូវធំមួយក្បែរបរិវេណស្ថានទូតអាម៉េរិក បន្ទាប់មកក៏បានធ្វើការបាញ់ប្រហារតែម្តង ហើយបីនាក់ក្នុងចំណោមពួកគេ បានវាយប្រហារទ្វារមួយ និងបង្អួចមួយនៅទីតាំងកើតហេតុផងដែរ ប៉ុន្តែជាសំណាងល្អ មិនមាននរណាម្នាក់បាត់ បង់ជីវិត ឬរងរបួសឡើយ។ ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យទាំងនោះ បានសារភាពថា ពួកគេពិតជាបានចួលរួមធ្វើការវាយប្រហារជាមួយជនសង្ស័យដទៃទៀតប្រាកដមែន ប៉ុន្តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងមូលហេតុនៃការបាញ់ប្រហារនេះដែរ អាជ្ញាធរតួកគី បាននិងកំពុងធ្វើការស៊ើបអង្កេតពីគោលបំណង ក៏ដូចជាប្រវត្តិរូបរបស់ក្រុមជនសង្ស័យ៕
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបន្ទោសក្រុមមន្ត្រី ដែលបរាជ័យក្នុងវិស័យសុខាភិបាល
-
សារព័ត៌មានរ៉យទ័រផ្សាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិកមានគម្រោងជួបជាមួយមេដឹកនំាកូរ៉េខាងជើងជាថ្មីទៀត
-
ប្រមុខការទូតរុស្ស៊ីបញ្ជាក់ថា អង្គការសហប្រជាជាតិចេញបញ្ជាជាសម្ងាត់ហាមស្ថាប័នរបស់ខ្លួនជួយស្ដាសេដ្ឋកិច្ចរបស់ប្រទេសស៊ីរីឡើងវិញ
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ បានអះអាងថា លេខាធិការដ្ឋាននយោបាយរបស់អង្គការសហប្រជាជាតិ ធ្លាប់បានចេញសេចក្ដីណែនាំជាសម្ងាត់មួយ ដោយហាមមិនឱ្យបណ្ដាអង្គការ ឬស្ថាប័នស្ថិតនៅក្រោមប្រព័ន្ធដឹកនាំរបស់ខ្លួន ចូលរួមជួយរដ្ឋាភិបាលទីក្រុងដាម៉ាស់ ក្នុងការស្តាសេដ្ឋកិច្ចជាតិឡើងវិញ។ ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសលីបង់ លោក ហ្គីប្រ៊ែន បាស់ ស៊ីល លោក ឡាវរ៉ូវ បានលើកឡើងថា ជាការពិតណាស់ កាលពីខែតុលា ឆ្នាំ២០ ១៧ លេខាធិការដ្ឋាននយោបាយរបស់អង្គការសហប្រជាជាតិបានចេញសេចក្ដីណែនាំជាសម្ងាត់មួយ ហាមមិនឱ្យបណ្ដាអង្គការ ឬស្ថាប័នដទៃ ដែលស្ថិតនៅក្រោម ប្រព័ន្ធដឹកនាំរបស់ខ្លួន ចូលរួមជួយរដ្ឋាភិបាលស៊ីរី ដើម្បីស្ដាសេដ្ឋកិច្ចជាតិឡើងវិញ ហើយមានតែការផ្ដល់ជំនួយមនុស្សធម៌តែមួយគត់ ដែលមិនត្រូវបានរារាំង។ សូមរំលឹកថា សង្រ្គាមស៊ីរីបានផ្ទុះឡើងកាលពីឆ្នាំ២០១១មកម្ល៉េះ ហើយបើតាម លោក ស៊ីហ្គៃ ឡាវរ៉ូវ បច្ចុប្បន្នវាគឺជាពេលសហគមន៍អន្តរជាតិត្រូវចូលរួមស្ដាសេដ្ឋកិច្ចស៊ីរីឡើងវិញ ព្រមទាំងខិតខំប្រឹងប្រែងធ្វើឱ្យយ៉ាងណាដើម្បីឱ្យជនភៀសខ្លួនស៊ីរី ត្រឡប់មកប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕
-
ទីភ្នាក់ងារឧតុនិយមព្យាករណ៍ថា ព្យុះទីហ្វុងជាច្រើនទៀតអាចនឹងបន្តវាយប្រហារប្រទេសវៀតណាមរហូតដល់ចុងឆ្នាំ២០១៨នេះ
វៀតណាម៖ ទីភ្នាក់ងារឧតុនិយមវៀតណាមបានធ្វើការព្យាករណ៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៨ខាងមុខ ព្យុះទីហ្វុងពី៥ទៅ៦ទៀត អាចនឹងកើតឡើងនៅឯសមុទ្រចិនខាងត្បូង ហើយ២ ឬក៏៣ក្នុងចំណោមនោះ ទំនងជាបោកបក់មកកាន់ប្រទេសវៀតណាម។ កាលពីអំឡុងឆ្នាំ២០១៦-២០១៧ ព្យុះទីហ្វុងភាគច្រើនបានធ្វើការវាយប្រហារទៅលើតំបន់ភាគត្បូងប្រទេសវៀតណាម ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះវិញ តំបន់ភាគខាងជើង និងកណ្តាលប្រទេសអាស៊ីមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវទទួលរងគ្រោះធ្ងន់ម្តងវិញ។ ការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមវៀតណាម ត្រូវបានធ្វើឡើងបន្ទាប់ពីចុងសប្តាហ៍នេះ បណ្តាខេត្តភាគខាងជើង និងកណ្តាល ប្រទេសវៀតណាម ទើបតែបានទទួលរងការបោកបក់ដោយព្យុះទីហ្វុង បេប៊ីនកា។ ជាលទ្ធផលនោះ ព្យុះទីហ្វុងដ៏កំណាចនេះ បានបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ បណ្តាលឲ្យមនុស្ស១០នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយវាថែមទាំងបានបំផ្លិចបំផ្លាញផ្ទះ សម្បែងអស់៣៨ខ្នង ធ្វើឲ្យជនលិចជិត៣,៤៣០ខ្នង ព្រមទាំងសម្លាប់សត្វគោ-ក្របី និង បក្សីចិញ្ចឹមជាច្រើនក្បាល ខណៈទំនប់ទឹកចំនួន៣បានរងការខូចខាត៕
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងបំពេញទស្សនកិច្ចជាលើកទី៤ទៅកាន់កូរ៉េខាងជើង ខណៈការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េកំពុងជាប់គាំង
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ជាលើកទី៤នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលស្ថានការចុងក្រោយនេះ កូរ៉េខាងជើងបានធ្វើការរិះគន់ធ្ងន់ៗ លើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន ប៊ូល តុន បានគូសបញ្ជាក់ថា លោកគិតថា លោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកទី៤ក្នុងពេលឆាប់ៗនេះ ហើយលោកក៏គិតដែរថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងត្រូវបានប្រកាសនៅពេលវេលាសាកសមណាមួយដោយក្រសួងការបរទេសអាម៉េរិក។ សូមរំលឹកផងដែរថា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន៣លើករួចមកហើយ កាលពីខែមេសា ខែឧសភា និងខែកក្កដាកន្លងទៅ ចាប់តាំងពីរូបលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីខែមេសា ឆ្នាំ២០១៨នេះមក៕
-
ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៊ីគ្រោងពិចារណាលើគម្រោងបំពេញទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅប្រទេសរុស្ស៊ីនាខែក្រោយនេះ

រុស្ស៊ី៖ នៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ ត្រូវបានគេរាយការណ៍ថា បានប្រគល់លិខិតអញ្ជើញមួយឲ្យលោក គីម ជុងអ៊ុន ចូលរួមក្នុងវេទិការសដ្ឋកិច្ចភាគខាងកើត (EEF) នៅឯទីក្រុង វ៉្លាឌីវ៉ូស្តុក ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញាខាងមុខ ប៉ុន្តែមិនទាន់មានការឆ្លើយតបផ្លូវការណាមួយពីកូរ៉េខាងជើងឡើយ។ ជុំវិញបញ្ហានេះ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី គឺលោក យូរី យូសាកូវ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ និងព្យុងយ៉ាង មានគម្រោងធ្វើកិច្ចពិភាក្សាគ្នា អំពីជម្រើសជាច្រើនទាក់ទិននឹងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី នាខែកញ្ញាខាងមុខនេះ។ ស្របពេលជាមួយគ្នានោះដែរ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយទៀតថា យើងបានប្រគល់លិខិតអញ្ជើញដល់ដៃរបស់លោក គីម ជុងអ៊ុន ហើយព័ត៌មាននេះ ក៏ត្រូវបានទទួលស្គាល់ជាច្រើនដងផងដែរ ដូច្នេះយើងនឹងពិភាក្សាគ្នាពីជម្រើសជាច្រើនទាក់ទិននឹងការរៀបចំដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខ៕
-
ចិន និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម ព្រមទាំងរក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ
ចិន៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺជំាង បាននិយាយអះអាងជាថ្មីថា សង្គ្រាមពាណិជ្ជកម្ម នឹងគ្មាននរណាចាញ់ ឬឈ្នះឡើយ គឺមានតែការខាតបង់ ហើយថា រូបលោកជាមួយសមភាគីម៉ាឡេស៊ី បានព្រមព្រៀងគ្នាពង្រឹងការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម ក៏ដូចជាចែករំលែកព័ត៌មាន និងព្យាយាមរក្សាទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។ ការអះអាងរបស់លោក លី ខឺជំាង បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក មហាធៀ ម៉ូហាម៉េដ នៅឯសាលវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង នាឱកាសដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ លោក លី ថែមទាំងបានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយម៉ាឡេស៊ី តាមរយៈការធ្វើពាណិជ្ជកម្មសេរី និងគិតគូពីផលប្រយោជន៍រួម។ កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលម៉ាឡេស៊ីថ្មីបានសម្រេចចិត្តផ្អាកគម្រោងមានតម្លៃ២២ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងគម្រោងផ្លូវដែក ដែលត្រូវបានចុះហត្ថលេខាដោយទីក្រុងប៉េកាំង និងរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ក្នុងគោលបំណងសន្សំសំចៃថវិកាជាតិ។ ប៉ុន្តែលោក មហាធៀ នៅតែបញ្ជាក់ដដែលថា រូបលោកនឹងជជែកពីបញ្ហានេះ នៅអំឡុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកក្នុងរដ្ឋធានីប៉េកាំង៕
-
គ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើងប្រមាណ១៨០នាក់ជួបជុំគ្នាវិញក្នុងរយៈពេលខ្លី ក្រោយបែកបាក់គ្នាក្នុងសម័យសង្រ្គាមកូរ៉េ
កូរ៉េខាងត្បូង៖ ក្រុមគ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើងប្រមាណ១៨០នាក់ ដែលបានព្រាត់ប្រាស់គ្នាតាំងពីសម័យសង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣មកនោះ នឹងត្រូវជួបគ្នាក្នុងរយៈពេលដ៏ខ្លីមួយនៅក្នុងថ្ងៃច័ន្ទនេះ នៅលើទឹកដីកូរ៉េខាងជើង។ ខាងភាគីគ្រួសារកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមក្នុងពិធីជួបជុំមានរយៈពេលត្រឹម១១ម៉ោងនេះ មានអាយុចន្លោះពី៧០រហូតដល់១០១ឆ្នាំ ហើយពិធីជួបជុំលើកទីមួយនេះដែរ នឹងត្រូវធ្វើឡើងពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធសប្តាហ៍នេះ រីឯពិធីជួបជុំលើកទីពីរ ក៏នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យចុងសប្តាហ៍ផងដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង គ្រួសារកូរ៉េខាងត្បូងច្រើនជាង៥៧,០០០នាក់ ដែលនៅរស់រាន្តមានជីវិតពីសម័យសង្គ្រាម បានចុះឈ្មោះដើម្បីចូលរួមក្នុងពិធីនេះ ប៉ុន្តែមានតែ៨៩នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងជុំទីមួយនៃពិធីជួបជុំគ្រួសារកូរ៉េ។ ពិធីជួបជុំមានរយៈពេលមួយសប្ដាហ៍ នឹងចាប់ផ្ដើមធ្វើឡើងនៅឯតំបន់ទេសចរណ៍ភ្នំគុំកាងរបស់កូរ៉េខាងជើង នៅម៉ោង៣រសៀល នេះ (ម៉ោងក្នុងតំបន់) ក្រោយមានកិច្ចព្រមព្រៀងគ្នារវាងលោក គីម ជុងអ៊ុន និង លោក មូន ជែអ៊ីន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសា កន្លងទៅ៕