-
១ឆ្នាំពេញគណៈមេធាវីកម្ពុជា បានចាត់តាំងមេធាវីការពារក្តីជូនជនក្រីក្រជាង ៨ពាន់ករណី ដោយឥតគិតកម្រៃសេវា

(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជាបានឱ្យដឹងនៅក្នុងរបាយការណ៍ថា រយៈពេល ១ឆ្នាំពេញ បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨,៥៨៤ករណី មានកូនក្តីសរុប ១៤,៨២៥នាក់ ក្នុងនោះមានរឿងក្តីអនីតិជនទំនាស់នឹងច្បាប់ចំនួន ២,៩៨៦ករណី មានកូនក្ដីជាអនីតិជនចំនួន ៥,៣៩១នាក់ និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតកម្រៃបានចំនួន ៤៥៦ករណី។ ក្នុងនេះនៅសល់រឿងក្តី ចំនួន ២៤២៨ករណី ដែលគណៈមេធាវីបានចាត់តាំងរួចតែមិនទាន់ទទួលបានការទូទាត់ ដោយសារថវិកាមានកម្រិតត្រឹមចំនួន ២,៦០០លានរៀល។ ថវិកាជំនួយឧបត្ថម្ភពីក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន ៣០០លានរៀល ក្នុងមួយឆ្នាំដែលឆ្នាំនេះគណៈមេធាវី បានផ្តល់មេធាវីជួយការពារស្ត្រី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាបានចំនួន ២៨០ករណី មានស្ត្រីរងគ្រោះចំនួន ៣៣១នាក់ ក្នុងនោះក្មេងស្រីរងគ្រោះចំនួន ២៧៧នាក់។ បើយោងតាមរបាយការណ៍ ឯកឧត្តម មេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងមហាសន្និបាតលើកទី៣០ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តម បណ្ឌិត…
-
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឃាត់ទូក ១គ្រឿង និងពស់ថ្លាន់ជាង ៣០ក្បាល ពាក់ព័ន្ធករណីជូញដូរសត្វព្រៃ

(ខេត្តកំពង់ឆ្នាំង)៖ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះល្បាតនាពេលយប់បង្ក្រាប និងឃាត់ខ្លួនមនុស្ស ២នាក់ ពាក់ព័ន្ធនឹង ករណីជួញដូរសត្វព្រៃខុសច្បាប់ ។ ការឃាត់ទូកខាងលើនេះនៅម៉ោង ៦ និង ៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឱ្យដឹងថា ក្រុមការងារ ដែលដឹកនាំកម្លាំងដោយលោកផ្ទាល់ បានចេញល្បាតពេលយប់ តាមបឹងទន្លេសាប ស្ថិតនៅចំណុច ភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិកោះថ្កូវ ភូមិកំពង់បាស្រូវ ភូមិព្រែកត្រប់ ភូមិអន្លង់ត្រី និងឡូអភិរក្សលេខ១០ ភូមិកំពង់អុស ភូមិគៀនតាម៉ា ភូមិថ្មី ស្ថិតក្នុងភូមិសាស្រ្តស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង បានប្រទះឃើញទូក ១ គ្រឿង និងមនុស្ស ២នាក់ប្តីប្រពន្ធ ពាក់ព័ន្ធករណីជួញដូរសត្វព្រៃខុសច្បាប់ ពេលដែលកម្លាំងបានធ្វើការត្រួតពិនិត្យឃើញមានសត្វពស់ថ្លានជាង ៣០ក្បាល ត្រង់ចំណុច (48P VU 74882 55138) កម្លាំងសហការបានចាប់បញ្ជួនយកមកទីបញ្ជាការស្រាលដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់…
-
សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។ សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕
-
សិក្ខាកាម ២៥នាក់បញ្ចប់វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិត ១ដោយជោគជ័យ

(ភ្នំពេញ)៖ សិក្ខាកាមដែលជាគ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិ និងអតីតជម្រើសជាតិកីឡាហុកគីចំនួន២៥នាក់ បានបញ្ចប់វគ្គគ្រូបង្វឹកកីឡាហុកគីកម្រិតមួយ ដោយជោគជ័យ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃ ពីគ្រូឧទ្ទេសអន្តរជាតិលោក Tahir Zaman គ្រូបង្វឹកមកពីសហព័ន្ធកីឡាហុកគីអន្តរជាតិ ជនជាតិប៉ាគីស្ថាន។ លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជា បានថ្លែងរំលេចថា វគ្គបណ្តុះបណ្តាលដែលបានដំណើរការអស់រយៈពេល៥ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ក្រេបយកចំណេះដឹងយ៉ាងខ្លាំង ទាំងការអនុវត្តផ្ទាល់ និងការសិក្សាទ្រឹស្តី ដើម្បីនាំយកទៅចែករំលែកដល់មូលដ្ឋាន។ អគ្គលេខាធិការរូបនេះ អះអាងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកកីឡា ហុកគី ពីព្រោះគ្រូបង្វឹកជាអ្នកសាបព្រោះនូវចំណេះដឹង ចំណេះបច្ចេកទេសដល់សិស្សរបស់ខ្លួន ដើម្បីញុំាងកីឡាហុកគី កាន់តែនិយមក្នុងស្រទាប់យុវវ័យ និងវ័យផ្សេងទៀត នៅមូលដ្ឋាន ។ ឯកឧត្តម តែម ម៉ឺន អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានមាសប្រសាសន៍ដែរថា ចំណេះដឹងដែលសិក្ខាកាមយើងទទួលបានពីវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហុកគីកម្រិត១នេះ គឺជាការលើកកម្ពស់ចំណេះដឹងមួយកម្រិតទៀតដល់គ្រូបង្វឹករបស់យើង។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម អនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក៏បានចែករំលែកដល់សិក្ខាកាម ដើម្បីក្លាយខ្លួនជាគ្រូបង្វឹកលំដាប់ជាតិនិងអន្តរជាតិនាពេលខាងមុខ ទី១.ត្រូវពង្រឹងការអប់រំគ្រូខ្លួនឯងជាមុនសិន មានន័យថា ពង្រឹងខ្លួនឯងឱ្យមានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌…
-
តំណាងកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ទទួលអំណោយម៉ូតូពីព្រះសង្ឃខេត្តស្វាយរៀងចំនួន៩៤គ្រឿង ទុកជូនដល់វីរកងទ័ពជួរមុខ

ស្វាយរៀង៖ឧត្តមសេនីយ៍ឯក ឆឹម ស៊ីណារក្ស នាយរងសេនាធិការបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្សតំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសព្រះវិហារនៅរសៀលថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥ នេះបានអញ្ជើញទទួលអំណោយម៉ូតូចំនួន៩៤ គ្រឿងពីព្រះសង្ឃខេត្តស្វាយរៀង។ អាន៖ពិធីប្រគល់អំណោយម៉ូតូបានប្រព្រឹត្តទៅក្រោមព្រះវត្តមានព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណកិត្តិយស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវង្សបតីធម្មធារព្រះមេគណខេត្តស្វាយរៀង ព្រមទាំងព្រះសង្ឃគណតាមបណ្តាស្រុក ក្រុង ទូទាំងខេត្តស្វាយរៀង និងសប្បុរសជនលោក គឹម វ៉ាង ,លោកស្រី វ៉ាង ចាង,លោកចាន់ សំណាងនិង លោកស្រី គឹម ធារី នៅក្រុងបាវិតផងដែរ។ ក្នុងឱកាសនោះព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង មានសង្ឃដីការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភកន្លងមកក៏ដូចជាពេលនេះ ជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្ត ដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកផង។ ជំនួសមុខឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង , ឧត្តមសេនីយ៍ឯក ឆឹម ស៊ីណារក្សបានថ្វាយនូវការអរគុណដែលជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅខេត្តស្វាយរៀង ដែលបានចូលរួមបរិច្ចាគម៉ូតូជាច្រើនដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ច ការពារអធិបតេយ្យភាព បូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន៕ដោយ៖នុត…
-
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ

កំពង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង សមាជិកព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាល។ ការយាងចូលទីវង្គតរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ គឺជាការបាត់មហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជាដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ៕ដោយ៖សុខ គឹមសៀន
-
រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ខួបគម្រប់១៣ឆ្នាំ

សៀមរាប៖រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅព្រះរាជដំណាក់ក្រុងសៀមរាប ។ ពិធីប្រព្រឹត្តទៅក្រោមវត្តមានចូលរួមឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាល ប្រជាពលរដ្ឋយ៉ាងកុះករ។ សូមបញ្ជាក់ថានៅទូទាំងខេត្តសៀមរាប គ្រប់ទីវត្តអារាម គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋដូចគ្នានេះដែរ៕ ដោយ៖ប៊ុនរដ្ឋា
-
អភិបាលខេត្តតាកែវចុះពិនិត្យ និងដាក់វិធានការបន្ទាន់ទប់ស្កាត់ផលប៉ះពាល់ទឹកជំនន់នៅស្រុកអង្គរបូរី

តាកែវ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារចម្រុះ រួមមានអាជ្ញាធរស្រុកអង្គរបូរី ចុះពិនិត្យផ្ទាល់ដល់ទីតាំងស្ថានភាពទឹកជំនន់ដែលបានជន់លិចផ្នែកខ្លះលើកំណាត់ផ្លូវខេត្តលេខ ១តេកា៨ ស្ថិតនៅភូមិសាស្រ្តឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។ មន្រ្តីក្រុមការងារបានបញ្ជាក់ថា ការចុះពិនិត្យបន្ទាន់នេះក្នុងគោលបំណងវាយតម្លៃពីផលប៉ះពាល់ និងដាក់ចេញនូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ។ នៅក្នុងឱកាសពិនិត្យជាក់ស្តែងឯកឧត្តម វ៉ី សំណាង បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីនៃមន្ទីរអង្គភាពជំនាញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការងារទប់ស្កាត់គ្រោះមហន្តរាយ និងគ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀងដែលអាចកើតឡើងដោយយថាហេតុ។ បន្ថែមលើនេះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ខណៈផ្លូវលើខ្នងប្រឡាយ១២ នៃភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ត្រូវបានទឹកភ្លៀងជន់លិចជាអន្លើៗ ដែលអាចបង្កគ្រោះថ្នាក់បាន។ ជាមួយគ្នានេះមន្ទីរធនធានទឹកខេត្ត ត្រូវតាមដាននិងផ្តល់ព័ត៌មានដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក ពីស្ថានភាពទឹកឱ្យបានទាន់ពេលវេលា ។ចំណែកមន្ទីរកសិកម្ម ត្រូវត្រៀមពូជស្រូវប្រដេញទឹក។ពេទ្យសត្វត្រូវត្រៀមថ្នាំបង្ការជំងឺផ្សេងៗ។ មន្ទីរសុខាភិបាល ត្រូវត្រៀមបង្ការថ្នាំពស់ចឹក សត្វទិច ឬខាំ។ចំណែកមន្ទីរសាធារណការ និងមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមមធ្យោបាយសម្រាប់ជួសជុលផ្លូវក្រោយពេលដែលទឹកស្រក ។គ្រប់ក្រុង ស្រុក ត្រូវពិនិត្យឱ្យប្រាកដថា ទីទួលសុវត្ថិភាពបានគិតគូររួចហើយ។ក្នុងករណីកើតហេតុផ្សេងៗត្រូវអនុវត្តអន្តរាគមន៍ភ្លាមៗប្រកបដោយប្រសិទ្ធភាព៕ដោយ៖សាំង សារ៉ាវី
-
ឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ ត្រូវបានខណ្ឌរដ្ឋបាលជលផលកំពង់ចាមបង្រ្កាប

កំពង់ចាម៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនមុខ ត្រូវបានកម្លាំងរដ្ឋបាលជលផលខេត្តកំពង់ចាមរកឃើញនិងបំផ្លាញចោលកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម,ខណ្ឌរដ្ឋបាលបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកកងមាស កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងរាយប៉ាយ បានចុះរុះរើនិងបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅចំណុចព្រែកមេ ស ឃុំស្ដៅ, ចំណុចអ្នកតាប៉ោត និងចំណុចទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ។ កម្លាំងចម្រុះបានបំផ្លាញចោល នៅនឹងកន្លែងរួមមាន ឧបករណ៍សម្រាប់ឆក់ត្រីមួយកំប្លេរ,ឧបករណ៍លូស្បៃមុងចំនួន ២៦មាត់,របាំងស្បៃមុងប្រវែង ១ ៣២៥ ម៉ែត្រ,បង្គោលចម្រឹងចំនួន ៣៩៥ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់ ១១៥គីឡូក្រាមចូលបឹងធម្មជាតិវិញ ។ ក្នុងសកម្មភាពនេះជនល្មើសបានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់៕ ដោយ៖លី ពៅ
-
ក្រសួងការពារជាតិបញ្ជាក់ពីការចុះសួរសុខទុក្ខនាយទាហានទាំ១៨រូបពីគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម

(ភ្នំពេញ)ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល…