-
ក្រសួងអប់រំ ប្រាប់ឲ្យបេក្ខជនប្រឡងបាក់ឌុបត្រៀមសម្ភារៈការពារទទឹកភ្លៀង

ក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឲ្យបេក្ខជន និងគណៈមេប្រយោគរក្សាសុខភាពនិងត្រៀមសម្ភារៈការពារភ្លៀងនៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាឌុបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ ការរំលឹករបស់ក្រសួងអប់រំនេះ ធ្វើឡើងក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥សីហា ឆ្នាំ២០២៦ នៅតំបន់វាលទំនាប ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ ចំណែកនៅតំបន់ខ្ពង់រាបវិញ មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។ សម្រាប់តំបន់មាត់សមុទ្រ ក្នុងនោះមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៧០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ សូមបញ្ជាក់ថា…
-
សេចក្តីជូនដំណឹង

សូមជម្រាបជូនសាធារណៈថា លោក កុក ឆាយ បានបាត់លិខិតសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទះលេខ ២៩០E0z ផ្លូវលេខ ១២៨ សង្កាត់ មិត្តភាព ខណ្ឌ ៧មករា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៩២ ដែលបានទិញពីឈ្មោះ លីម យាង។ សូមជម្រាបថា ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ រាល់ការយកឯកសារខាងលើទៅប្រើប្រាស់ រួមមាន ការដាក់បញ្ចាំ ការធ្វើហ៊ីប៉ូតែក ការផ្ទេរសិទ្ធិ ការលក់ ការធ្វើអំណោយ ឬសកម្មភាពផ្លូវច្បាប់ផ្សេងៗជាមួយបុគ្គល ឬភាគីណាមួយ ត្រូវចាត់ទុកថាជាការប្រើប្រាស់ខុសច្បាប់។
-
សម្តេច ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក ដោយប្រៀបធៀបការបង្រៀននៅសាលាជាមួយការអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសម្ពោធសមិទ្ធិផលនានាជានិមិត្តរូប នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកបទពិសោធន៍ពេលសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងជាពិសេសអំពីការង្រៀនឲ្យមនុស្សទុកចិត្តលើខ្លួនឯង។ សម្ដេចធិបតីបានបន្ថែមទៀតថា ការបង្រៀនរបស់សាលាយោធានៅអាមេរិក គឺមិនមែនផ្តោតតែលើបច្ចេកទេសយោធាប៉ុណ្ណោះទេ តែផ្តោតទៅលើការបណ្ដុះឥរិយាបទយោធា ឲ្យទៅជាមេទ័ព ដែលចេះគិតគូរដោះស្រាយបញ្ហាដោយខ្លួនឯងផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង ពោលគឺមិនត្រូវពឹងផ្អែកលើកត្តាខាងក្រៅនោះឡើយ។ សម្តេចធិបតីបញ្ជាក់ថា កាលនៅរៀន សិស្សមិនទាន់យល់ច្បាស់ពីគោលបំណងរបស់សាលានោះទេ ប៉ុន្ដែនៅពេលរៀនចប់ ហើយមកដឹកនាំគេ ទើបដឹងថា ការរៀបចំប្រព័ន្ធការងារ និងការរៀបចំប្រព័ន្ធអប់រំ ឬការរៀបចំមួយអង្គភាព គឺមានលក្ខណៈដូចគ្នា៕
-
ក្រសួងកសិកម្ម ជំរុញការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមីនាំចូល

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងគាំទ្រឱ្យកសិករងាកមកប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម ជំនួសជីគីមី និងថ្នាំកសិកម្មនាំចូលពីបរទេស ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងគុណភាពដី។ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម និងអង្គការ GIZ របស់អាល្លឺម៉ង់ បានរៀបចំសិក្ខាសាលាមួយស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈក្នុងវិស័យកសិកម្ម» កាលពីថ្ងៃទី៤សីហា នៅខេត្តត្បូងឃ្មុំ។ ធ្យូងជីវៈ ឬធ្យូងអង្កាម ត្រូវបានផលិតចេញពីអង្កាម សម្រាប់ប្រើប្រាស់ជាជីកែលម្អគុណភាពដីក្នុងវិស័យកសិកម្ម និងបរិស្ថាន។ វាជាធ្យូងដែលបានមកពីការដុតកាកសំណល់អង្កាមនៅក្នុងឡជីវឧស្ម័ន។ ដោយឡែក ទឹកខ្មេះធ្យូងជីវៈវិញ គឺត្រូវបានផលិតចេញពីដំណើរការដុតធ្យូងអង្កាម ដើម្បីប្រើប្រាស់ក្នុងវិស័យកសិកម្ម ជាជំនួយក្នុងការដាំដុះបន្លែ និងស្រូវ។ នេះគឺជាដំណោះស្រាយធម្មជាតិ ដែលអាចជួយការពារ និងកម្ចាត់ជំងឺផ្សិត ព្រមទាំងការបំផ្លាញដោយសត្វល្អិត ជាពិសេសនៅក្នុងរដូវវស្សា។ លើសពីនេះ វាក៏អាចជួយលើកកម្ពស់គុណភាព និងទម្ងន់របស់ផ្លែផងដែរ។ ឯកឧត្តម យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ជាពិសេសមន្ត្រីកសិកម្មឃុំ ឱ្យទទួលបានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីចុះផ្សព្វផ្សាយ បង្ហាញការសាកល្បង និងគាំទ្រកសិករឱ្យអនុវត្តការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ។ ការអនុវត្តបច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយការប្រើប្រាស់ធាតុចូលគីមីនាំចូល កាត់បន្ថយថ្លៃដើមផលិតកម្ម…
-
ខេត្តកំពត ផលិតស៊ីម៉ង់ត៍បាន ៧លានតោនក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក

កំពត គឺជាខេត្តដែលមានការផលិតស៊ីម៉ង់ត៍ច្រើនជាងគេនៅកម្ពុជា ដោយប្រមូលផ្តុំរោងចក្រស៊ីម៉ង់ត៍ធំៗជាច្រើន និងមានសមត្ថភាពផលិតសរុបរហូតដល់៧លានតោនក្នុង១ឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ មន្រ្តីរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកំពតមានរោងចក្រផលិតស៊ីម៉ង់ត៍សរុបចំនួន ៥ កន្លែង ដោយក្នុងនោះ ៤ កន្លែងកំពុងដំណើរការផលិតយ៉ាងសកម្ម និងអាចផលិតស៊ីម៉ង់ត៍បានប្រមាណជិត ៧លានតោនក្នុងមួយឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការសាងសង់នៅក្នុងប្រទេស។ លោក មឿង គង្គា អភិបាលរងខេត្តកំពត បានឱ្យដឹងថា រោងចក្រទាំង ៤ ដែលកំពុងដំណើរការ រួមមាន រោងចក្រីទីង ក្រុមហ៊ុនស៊ីម៉ង់ត៍ជីបម៉ុង ក្រុមហ៊ុនខេធីស៊ីមិន និងក្រុមហ៊ុនស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង។ ក្រុមហ៊ុនទាំង ៤ នេះ មានទុនវិនិយោគសរុបប្រមាណ ៨២០លានដុល្លារអាមេរិក។ រដ្ឋបាលខេត្តកំពតបានបញ្ជាក់បន្ថែមថា ស៊ីម៉ង់ត៍ដែលផលិតបានទាំងអស់ គឺសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកទាំងស្រុង ដោយពុំមានការនាំចេញទៅក្រៅប្រទេសឡើយ។ បើតាមលោកអភិបាលរងខេត្ត ក្រុមហ៊ុនស៊ីម៉ង់ត៍ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងឧស្សាហកម្មខ្នាតធំក្នុងខេត្តកំពត ព្រមទាំងបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណ ២ ០០០នាក់។ ពាក់ព័ន្ធនឹងវិស័យនេះដែរ សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជាបានបញ្ជាក់ថា កម្ពុជាបានឈានដល់ចំណុចលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុង ខណៈក្រុមហ៊ុនក្នុងស្រុកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទីផ្សារ។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS…
-
សោកនាដកម្មក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងហិង្សាក្នុងគ្រួសារនៅស្រុកវាលវែង ខេត្តពោធិ៍សាត់

ក្រោយមន្ត្រីនគរបាល និងប្រជាការពារ៥នាក់ បាត់បង់ជីវិតក្នុងពេលចុះធ្វើអន្តរាគមន៍នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវរកប្រភពគ្រាប់បែក និងមុខសញ្ញាចែកចាយគ្រឿងញឿននៅក្នុងមូលដ្ឋាននោះ។ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំពិធីបុណ្យសពមន្ត្រីនគរបាលជាតិ និងកម្លាំងប្រជាការពារដែលបានពលីជីវិតក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តម ស សុខា ក៏បានបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញាចែកចាយគ្រឿងញៀនក្នុងមូលដ្ឋានកើតហេតុនោះ រួមទាំងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ ដើម្បីយកផ្តន្ទាទាសតាមច្បាប់។ ឯកឧត្តមបានចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព ហើយចាត់ទុកថា សោកនាដកម្មក្នុងករណីនេះ ជាសារដាស់តឿនដល់ពលរដ្ឋទាំងអស់ថា គ្រឿងញៀនគឺជាឃាតករ និងជាសត្រូវដ៏អាក្រក់របស់យើងទាំងអស់គ្នា។ ហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដែលផ្តើមចេញពីប្រពន្ធជនសង្ស័យបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចអំពីការរងអំពើហិង្សាពីប្តី។ ភ្លាមៗក្រោយពីទទួលបានដំណឹង នាយប៉ុស្តិ៍រដ្ឋបាលឃុំអូរសោម បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសរុបចំនួន ០៧នាក់ ទៅអន្តរាគម៍។ ប៉ុន្តែក្នុងពេលអន្តរាគមន៍នោះ ជនបង្កក៏បានបំផ្ទុះគ្រាប់បែក បណ្តាលឲ្យពលីមន្ត្រីនគរបាលជាតិ និងប្រជាការពារសរុបចំនួន៥នាក់ស្លាប់ ក្នុងនោះក៏មានមេប៉ុស្តិ៍ផងដែរ រីឯប្រជាការពារម្នាក់ទៀតបានរងរបួស។ ដោយឡែក ជនបង្កក៏បានស្លាប់ក្នុងហេតុការណ៍នោះដែរ៕ សៅ សុខអេង
-
ទឹកពិសាហាយ-ធិច ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា

ក្រុមហ៊ុនទឹកពិសាហាយ-ធិច បានចូលរួមឧបត្ថម្ភទឹកចំនួន ៩០០កេស នៅក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦នេះ ដែលបានទាក់ទាញអ្នកចូលរួមរត់ប្រណាំងរហូតដល់ទៅប្រមាណ ៦៥០០នាក់ មានការកើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមលោក សែម ផល្លា ប្រធានគណៈកម្មការម៉ារ៉ាតុង។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីបើកកម្មវិធីទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកទី១១ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅមុខប្រាសាទអង្គរវត្ត។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងតំណាងអាជ្ញាធរជាតិអប្សរា រួមទាំងវត្តមាន កីឡាករ-កីឡាការិនីជាតិ ភ្ញៀវជាតិ-និងអន្តរជាតិ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសមកពីជាង ៥១ប្រទេស លើ ៤វិញ្ញាសាប្រកួត រួមមាន៖ វិញ្ញាសា ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ក្នុងនោះ ព្រឹត្តិការណ៍នៅឆ្នាំនេះមានអត្តពលិក…
-
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំ «សិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ក្រោមអធិបតីភាព ឯកឧត្តមគង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាងស្ថានប្រតិភូសហភាពអឺរ៉ុប្រចាំកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ សង្គមស៊ីវិល និងអ្នកជំនាញ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់នេះ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការ គង់ ផល្លៈ បានលើកឡើងថា ទិន្នន័យជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថល ខណៈដែលទំនុកចិត្តជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សេវាឌីជីថល ការច្នៃប្រឌិត និងការវិនិយោគ។ ការការពារទិន្នន័យបុគ្គលមិនត្រឹមតែការពារសិទ្ធិឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងការកសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពផងដែរ។ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការសិក្សាបទពិសោធន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ទំនើប ដែលការពារទិន្នន័យបុគ្គល ពង្រឹងទំនុកចិត្តសាធារណៈ គាំទ្រនវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។…
-
កម្ពុជា កំពុងរៀបចំច្បាប់ការពារទិន្នន័យបុគ្គល

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល បានឈានដល់ដំណាក់កាលពិភាក្សាចុងក្រោយហើយ បន្ទាប់ពីបានឆ្លងកាត់ការពិគ្រោះយោបល់ចំនួន ៣លើកកន្លងមក។ សិក្ខាសាលាផ្ទៀងផ្ទាត់លើកចុងក្រោយត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ បន្ទាប់ពីបញ្ចប់ការពិភាក្សា និងសរុបមតិយោបល់ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ មុននឹងស្នើសុំការអនុម័តពីសភា។ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ទិន្នន័យបានក្លាយជាធនធានយុទ្ធសាស្ត្រដ៏មានតម្លៃ និងជាកម្លាំងចលករសំខាន់សម្រាប់នវានុវត្តន៍ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពសេវាសាធារណៈ។ ទន្ទឹមនឹងនេះ ការការពារទិន្នន័យបុគ្គលក៏បានក្លាយជាបញ្ហាអាទិភាព ដើម្បីធានាថា ការប្រើប្រាស់ទិន្នន័យប្រព្រឹត្តទៅដោយសុវត្ថិភាព មានទំនួលខុសត្រូវ និងគោរពសិទ្ធិរបស់បុគ្គល។ ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋនឹងប្រើប្រាស់សេវាឌីជីថលដោយភាពជឿជាក់ លុះត្រាតែពួកគេមានទំនុកចិត្តថា ទិន្នន័យបុគ្គលរបស់ខ្លួនត្រូវបានការពារយ៉ាងត្រឹមត្រូវ។ ចំណែកធុរជននឹងធ្វើការវិនិយោគ ឬធ្វើនវានុវត្តន៍ដោយមានទំនុកចិត្ត លុះត្រាតែមានក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ តម្លាភាព និងអាចព្យាករបាន។ ដូច្នេះ ការការពារទិន្នន័យបុគ្គល មិនត្រឹមតែជាកាតព្វកិច្ចផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្ត និងជំរុញបរិវត្តកម្មឌីជីថលប្រកបដោយចីរភាពផងដែរ។ ទំនុកចិត្តដែលកើតចេញពីការការពារទិន្នន័យបុគ្គល មិនត្រឹមតែជាមូលដ្ឋានសម្រាប់បរិវត្តកម្មឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាជំនាន់ថ្មី ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល មិនមានគោលបំណងរារាំងនវានុវត្តន៍ ឬបង្កើតបន្ទុកនិយ័តកម្មដែលមិនចាំបាច់នោះទេ។ ផ្ទុយទៅវិញ សេចក្តីព្រាងច្បាប់នេះមានគោលបំណងបង្កើតបរិយាកាសឌីជីថលប្រកបដោយទំនុកចិត្ត ដែលក្នុងនោះ…
-
អ្នកឃ្លាំមើលសង្គម ជំរុញឲ្យអនុវត្តច្បាប់ឲ្យបានតឹងរឹងលើជនបង្កបុកគេស្លាប់ហើយរត់គេច

អ្នកឃ្លាំមើលការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានជំរុញឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរឹងទៅលើករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយរត់គេចមិនទទួលសុខត្រូវ។ ការជំរុញនេះធ្វើឡើងក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត រីឯជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ។ ជាក់ស្ដែង គ្រោះថ្នាក់ដ៏រន្ធត់ចុងក្រោយបានកើតឡើងនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យយុវតីម្នាក់ស្លាប់ និងមនុស្ស ៤នាក់ទៀតរងរបួសស្រាល។ ជនបង្កបានរត់គេចខ្លួនភ្លាមៗ ហើយ២ថ្ងៃក្រោយមក ក៏បានចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ទោះបីជនបង្កបានបង់ប្រាក់សំណងចំនួន ១៨ ៥០០ ដុល្លារដល់គ្រួសារជនរងគ្រោះក៏ដោយ។ ករណីបុករត់បែបនេះក៏បានកើតឡើងកាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នៅក្បែរផ្សារទំនើប អ៊ីអន 2 ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលបុរសម្នាក់បាត់បង់ជីវិត។ សាធារណជនទាមទារឲ្យមានចំណាត់ការផ្លូវច្បាប់ធ្ងន់ធ្ងរលើជនបង្ក ដើម្បីឲ្យពួកគេរៀលចាល និងទុកជាការព្រមានដល់អ្នកក្រោយទៀត កុំឲ្យយកគំរូតាម។ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា ការរឹតបន្តឹងការអនុវត្តច្បាប់លើជនបង្ក ដែលបុកគេស្លាប់ហើយរត់គេច អាចកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានច្រើន។ លោកបន្តថា៖ ប្រសិនបើយើងមានវិធានការឲ្យបានតឹងរឹង ប្រកបដោយតម្លាភាព ហើយស្មើភាព ខ្ញុំជឿជាក់ថាករណីនេះអាចកាត់បន្ថយបានច្រើនជាអតិបរិមា។ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីយល់ឃើញថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីសម្រាប់ដាក់ទោសទណ្ឌទៅលើជនបង្កបុកគេស្លាប់ហើយរត់គេចខ្លួន ស្ថិតក្នុងកម្រិតស្រាលនៅឡើយ។ លោកស្នើឲ្យមានការបន្ថែមទោសឲ្យបានធ្ងន់ធ្ងរជាងពេលបច្ចុប្បន្ន ។ចំណែកលោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ…