-
ថ្នាក់ដឹកនាំខេត្តកំពង់ធំប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១១

កំពង់ធំ៖ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំព្រមទាំងសហការី និងពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា និងទេយ្យទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាដល់វត្តចំនួន១១នៅក្នុងខេត្តកំពង់ធំដោយប្រារព្ធនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ សូមជម្រាបថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពងធំ តែងតែប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តនានានៅក្នុងខេត្តកំពង់ធំ ។ វត្តទាំង១១មាន វត្តព្រះមេគណខេត្តទាំងពីរគណៈចំនួនពីរវត្តដោយវត្តនីមួយៗទទួលបានទៀនព្រះវស្សាមួយគូ អង្ករមួយតោន មី ២០កេស ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យកសាងមួយចំនួន។ ចំណែកវត្តព្រះអនុគណក្រុង-ស្រុក ទាំង៩ ក្នុងមួយវត្តទទួលបាន ទៀនព្រះវស្សាមួយគូ អង្ករ ៥០០គីឡូក្រាម មី១០កេស ទឹកក្រូច ២០កេស ទឹកសុទ្ធ ២០កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ ១៥យួរ និងបច្ច័យកសាងមួយចំនួន៕ដោយ៖ ប៊ុន រដ្ឋា
-
ឯកឧត្តមបណ្ឌិត ជុក ជំនោរ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនាពិធីបើកកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ៖ ទស្សនវិស័យអំពី «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនាពិធីបើកកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ៖ ទស្សនវិស័យអំពី «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ដោយមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ កិច្ចពិភាក្សានេះ ត្រូវបានសហការរៀបចំដោយស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដើម្បីពិភាក្សាក្នុងន័យផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងវិស័យទេសចរណ៍ ពិសេសបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវចក្ខុវិស័យរួម «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ៕ចាន់ វិចិត្រ
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ប្រាប់មន្ត្រីមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យពីការងារសំខាន់ៗ

បន្ទាយមានជ័យ៖ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា បរិស្ថានគឺសំដៅឱ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយផាសុកភាពល្អ ,មានជីវភាពសមរម្យ ,មានសុខុមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ ។ មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យកាលព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បន្តថា គោលការណ៍របស់ក្រសួងបរិស្ថានមានបីចំណុចសំខាន់ គឺសមត្ថភាពបុគ្គល, ការបេ្តជ្ញាចិត្តខ្ពស់ និងបំពេញភារកិច្ចបានល្អមានតម្លាភាព ប្រសិទ្ធភាព។ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រីបានគូសរំលេចថា ដោយឈរលើមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន(២០២៣-២០២៨ ) គឺសំដៅជំរុញការអភិវឌ្ឍប្រកបដោយភាពស្អាត ភាពបៃតង ។ក្នុងវិស័យបរិស្ថានរួមគ្នាគិត រួចធ្វើរួមគ្នាដោះស្រាយ ក្នុងការឆ្លើយតប ទៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅលើភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់។ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកោតសរសើរចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឱ្យបទល្មើសមានការថយចុះ។ ក្នុងឱកាសនេះលោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានធ្វើសេចក្ដីរាយការណ៍សង្ខេបជុំវិញ ការងាររួមរបស់មន្ទីរបរិស្ថានខេត្តជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរ៕ដោយ៖ឃិន គន្ធា
-
សមត្ថកិច្ចជំនាញបង្ក្រាបទីតាំងស្តុកចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយ

កំពង់ស្ពឺ៖ ក្រុមមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ រ៉ែន នរិន្ធ កាលពីថ្ងៃទី២៤ ខែកក្កដា បានចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីសង្ស័យប្រេងរំអិលក្លែងក្លាយ ។ករណីនេះបានធ្វើដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation ។ ប្រភពពីមន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឱ្យដឹងថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវ របស់សមត្ថកិច្ចទើបឈានដល់ការចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីសង្ស័យលួចស្កុតប្រេងរំអិលក្លែងក្លាយ ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឆែករកឃើញ និងដកហូតវត្ថុតាង រួមមាន ប្រេងរអិលម៉ាកNOVA 2Tក្លែងក្លាយចំនួន ១.២៦២កំប៉ុង ស្មើនឹង ៨៧៦លីត្រ និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយចំនួន ៣.០៨៦ប៊ីដុង ស្មើនឹង…
-
មន្ទីរនិងរដ្ឋបាលស្រុកស្វាយលើរួមគ្នាផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

សៀមរាប៖មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តនិងរដ្ឋបាលស្រុកស្វាយលើ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីការត្រួត ពិនិត្យគ្រឿងញៀននៅសាលប្រជុំសាលាស្រុកដោយមានការចូលរួម ពីលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយ លើ លោក ណាម ណម នាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។ ការប្រជុំផ្សព្វផ្សាយច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀនធ្វើឡើងក្នុងគោលបំណងបង្ការ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងបទល្មើសគ្រឿងញៀនដើម្បី រួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដើម្បីឱ្យជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បានល្អប្រសើរ៕ ដោយ៖ប៊ុន រដ្ឋា
-
រដ្ឋបាលខេត្តរតនគិរីធ្វើសិក្ខាសាលាស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីនៅឃុំ សង្កាត់

រតនគិរី៖នៅសាលប្រជុំសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានប្រារព្ធសិក្ខាសាលាស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ គោលបំណងនៃអង្គសិក្ខាសាលាដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីពាក់ព័ន្ធឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅអំពីបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការងាររៀបចំដែនដី និងនគរូបនីយកម្ម ។លើកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ព្រមទាំងចែករំលែកនូវទស្សនទាន និងបទពិសោធន៍នៃការងាររៀបចំដែនដី និងនគរូបនីយកម្ម និងជំរុញការងាររៀបចំ និងការអនុវត្តការងាររៀបចំដែនដី និងនគរូបនីយកម្មឱ្យកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព។ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជ្រើសរើសយកខេត្តរតនគិរី ធ្វើជាទីតាំងរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីការងាររៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ នាពេលនេះ ៕ ដោយ៖ គតិ យុត្ត
-
ប្តីស្លាប់ ប្រពន្ធដេកពេទ្យ បន្ទាប់ពីបរិភោគសម្លផ្សិតជាមួយសាច់គីង្គក់

រតនគិរី៖ បុរសជាប្តីបានគ្រោះថ្នាក់ដល់ជីវិតខណៈបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តរតនៈគិរីនិងស្រ្តីជាប្រពន្ធទទួលការសង្រ្គោះពីក្រុមគ្រូពេទ្យ ។ករណីនេះកើតឡើងបន្ទាប់ពីពួកគេបរិភោគសម្លផ្សិតដែលដកពីព្រៃលាយជាមួយសាច់សត្វគីង្គក់។គ្រូពេទ្យដាក់ការសង្ស័យថាជាករណីពុលម្ហូប។ របាយការណ៍បឋមរបស់ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរីកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤បានរៀបរាប់ថា នៅម៉ោងប្រមាណ២៣:៣០យប់ថ្ងៃទី២៣ ខែកក្កដានៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ មានករណីសង្ស័យពុលផ្សិតបណ្ដាលឱ្យបុរសជាប្តីស្លាប់។ចំណែកប្រពន្ធត្រូវបានគ្រូពេទ្យជួយសង្រ្គោះ បន្ទាប់ពីបរិភោគស្ងោរផ្សិតជាមួយសត្វគីង្គក់នានវេលាម៉ោងប្រហែល៦ល្ងាច។បន្ទាប់មកប្រហែលម៉ោង៨យប់ ក៏មានអាការៈ ឈឺពោះ វិលលមុខ ឈឺក្បាល ក្អួត ចុកពោះ រហូតដល់ម៉ោងប្រហែល២៣:៣០យប់បានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ស្រុកវ៉ើនសៃ ។ ដោយស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ប្តីក៏បានបាត់បង់ជីវិតនៅវេលាម៉ោង០៣:៣៤ទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកក្កដា។ ជនរងគ្រោះជាប្តីឈ្មោះ ប្រង កេះ អាយុ៣០ឆ្នាំ ។ក្រោយមរណភាពមន្ទីរសុខាភិបាល ដឹកនាំដោយលោក ជា និត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីរួមជាមួយមន្រ្តីនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពវ៉ើនសៃ បានចុះអង្កេតសា្រវជ្រាវករណីនេះដល់ភូមិកើតហេតុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការអប់សុខភាពបឋមដល់ប្រជាជននៅទីនោះ។ គួររំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមកប្រជាពលរដ្ឋ នៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវចំនួន១៧នាក់បានពុលផ្សិតម្យ៉ាងបន្ទាប់ពីពួកគេយកមកធ្វើម្ហូប តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទេបន្ទាប់ពីដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។បន្ទាប់មកនៅថ្ងៃទី២៣ ខែកក្កដា ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីបង្ការបញ្ហាសុខភាពបណ្តាលមកពីបរិភោគផ្សិតពុល ៕ដោយ៖ គតិ យុត្ត
-
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប រីករាយចំពោះវឌ្ឍនភាពគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង

បាត់ដំបងៈគណៈប្រតិភូ នៃ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងប្រតិភូសហភាពអឺរ៉ុប(EU)តាមរយៈ ការពិនិត្យជាក់ស្តែងនិងជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាកសិករនៅតាមសហគមន៍នានា គណៈប្រតិភូជាម្ចាស់ហិរញ្ញប្បទានបានចាត់ទុកការដ្ឋាននេះថា បានឆ្លើយតប និងស្របតាមទស្សនវិស័យ”បង្កើតដោយសហគមន៍ ធ្វើការជាមួយសហគមន៍ និងដើម្បីសហគមន៍”។ ដោយចំណាយពេលពីរថ្ងៃចាប់ពីថ្ងៃទី២៤និង២៥ ខែកក្កដាឆ្នាំ២០២៤នេះឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីបច្ចេកទេសក្រសួង មន្ត្រីជំនាញ ក្នុងខេត្ត បានអមគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុបអញ្ជើញពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនិងគម្រោងជួសជុលខូចខាតដោយទឹកជំនន់ ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍនិងសហភាពអឺរ៉ុប។ ប្រតិភូរួមមាន ឯកឧត្តម ហ្សាក់កេ ប៉ែលឡេត(Jacques Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង,លោក ហ្សង់ព្យែរ ម៉ាសែលលី(Jean-Pierre MARCELLI) នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន,លោកស្រី ដានឌ្រីន ប៊ូសេ (Dandrine BOUCHER)នាយក AFD ប្រចាំកម្ពុជា,លោកស្រី សាននី សារ៉េ(Janny Scharrer )នាយកស្ថានតំណាងKFWប្រចាំនៅកម្ពុជា,លោក ប្រ៊ីយ៉ាន ហ្វតណេរី(Bryan FOR)NARI ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុប(EU)ប្រចាំនៅកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ នៅថ្ងៃទីមួយ…
-
ឯកឧត្តម ជុក ជំនោរ បានធ្វើបទបង្ហាញ និងជំរុញការអនុវត្តការងាររបស់ គ.ជ.អ.អ. ប្រកបដោយប្រសិទ្ធភាព ស្របតាម និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)”

ភ្នំពេញ-ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.អ. ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌ គ.ជ.អ.អ. និងពិនិត្យលទ្ធភាពក្នុងការរៀបចំ “វេទិកាជាតិអេកូទេសចរណ៍ លើកទី៤”ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ។ នាឱកាសនោះ ឯកឧត្តមអគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន បានធ្វើបទបង្ហាញលម្អិតអំពីវឌ្ឍនភាពនៃការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ និងទិសដៅអនុវត្តបន្តក្នុងក្របខណ្ឌគណៈកម្មាធិការជាតិ សម្រាប់អាណត្តិទី៧នេះ សំដៅជំរុញការអនុវត្តការងាររបស់ គ.ជ.អ.អ. ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយជាតិអេកូទេសចរណ៍ ២០១៩-២០៣០ និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍន៍៣ (BUILD + 3Ds)” ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ “វិស័យទេសចរណ៍ជាមាសបៃតង” យ៉ាងពិតប្រាកដ៕ ចាន់ វិចិត្រ
-
ធនាគារជាតិបើកប្រជុំពិភាក្សាលើការសម្របសម្រួលការចរាចរណ៍ក្រដាសប្រាក់ដុល្លារចាស់នៅខេត្តសៀមរាប

សៀមរាប៖នាខេត្តសៀមរាប ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ដោយមានវត្តមានចូលរួមពីឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងបានបើកកិច្ចប្រជុំពិភាក្សាជាមួយបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជីវករ តំណាងសេវាកម្មទេសចរណ៍ក្នុងខេត្តប្រមាណ១០០នាក់។ កិច្ចប្រជុំនេះដើម្បីសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកចាស់ និងដាក់ចេញនូវវិធានការជាយន្តការបន្ទាន់សម្រាប់អនុវត្តនៅក្នុងខេត្តសៀមរាប។ឯកឧត្តម អ៊ូ ចាន់តារា អគ្គបេឡាធនាគារជាតិនៃកម្ពុជា បានប្រាប់កិច្ចប្រជុំថាថ្មីៗនេះធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវយន្តការចំនួនបួនចំណុចដើម្បីសម្រួលដល់ការចាយវាយក្រដាសប្រាក់ដុល្លារដែលមានសភាពចាស់ ទក់ ឬរហែកនៅក្នុងខេត្តសៀមរាប។ ធនាគារជាតិបានតម្រូវឱ្យធនាគារពាណិជ្ជនៅទូទាំងខេត្តសៀមរាបមិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែមលើក្រដាសប្រាក់ដុល្លារដែលរហែក ទក់ ឬចាស់នោះទេ។ ឯកឧត្តមអគ្គបេឡាបន្ថែមថាការសម្រេចរបស់ធនាគារជាតិនេះ ធ្វើឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា សង្កេតឃើញពីការលំបាកក្នុងការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរបរទេស។ លោក ឈឹម ច័ន្ទកុសល អគ្គបេឡារងបានលើកឡើងថា ចាប់ពីពេលនេះទៅ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងខេត្តសៀមរាបទាំងអស់ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ខូចគុណភាព ដោយមិនគិតកម្រៃសេវាពីអតិថិជន។ ចំពោះក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពពុកផុយ កណ្តៀរកាត់ ភ្លើងឆេះ ប្រឡាក់ទឹកថ្នាំ ធនាគារជាតិនៃកម្ពុជាកំពុងពិភាក្សាជាមួយដៃគូក្រៅប្រទេសក្នុងការនាំយកក្រដាសប្រាក់ដុល្លារអាមេរិកទាំងនេះទៅការធ្វើកោសល្យវិច័យ ដើម្បីបន្ថយថ្លៃបង់សេវាឱ្យមានកម្រិតទាបជាងមុន។ លោកបានសំណូមពដល់ បងប្អូនអាជីវករ និងអ្នកបម្រើសេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាបប្រើប្រាស់ កម្មវិធីបាគង អេប (Bakong App)…