Category: ព័ត៌មាន

  • កម្ពុជាប្រកាសប្តេជ្ញាចិត្តការពារជីវៈចម្រុះ និងជំរុញការអនុវត្តផែនការគូនមីង ក្នុងកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល នៅប្រទេសអាមេនី

    កម្ពុជាប្រកាសប្តេជ្ញាចិត្តការពារជីវៈចម្រុះ និងជំរុញការអនុវត្តផែនការគូនមីង ក្នុងកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល នៅប្រទេសអាមេនី

    នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មកពីជាង ៥០ ប្រទេស មកពីជុំវិញពិភពលោក រួមទាំងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីសមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងនោះការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពដើម្បីជីវៈចម្រុះជាតិ (NBSAP) និងការការផ្សារភ្ជាប់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ (Biodiversity and Climate Effort)។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានដើរតួនាទីឈានមុខក្នុងការរួមបញ្ចូលគ្នារវាងការការពារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកកិច្ចការទាំងពីរនេះ សម្រាប់ចីរភាពបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា តាមរយៈការអនុវត្ត«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន»…

  • អាមេរិក គ្រោងប្រើគ្រាប់បែកខ្នាតយក្សតម្លៃ ១៧ ម៉ឺនដុល្លារ វាយ អ៊ីរ៉ង់ បើផ្ទុះសង្គ្រាមជុំថ្មី

    អាមេរិក គ្រោងប្រើគ្រាប់បែកខ្នាតយក្សតម្លៃ ១៧ ម៉ឺនដុល្លារ វាយ អ៊ីរ៉ង់ បើផ្ទុះសង្គ្រាមជុំថ្មី

    វ៉ាស៊ីនតោន ៖ អាមេរិកបានរៀបចំគម្រោងវាយប្រហារកាន់តែសាហាវជាងមុន តាមរយៈការបញ្ចេញគ្រាប់បែកខ្នាតយក្សប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើលោកប្រធានាធិបតី Donald Trump បញ្ជាឲ្យចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធឡើងវិញ ។ បើតាមសេចក្តីរាយការណ៍របស់ Aljazeera កាលពីថ្ងៃព្រហស្បតិ៍, គ្រាប់បែកខ្នាតយក្សដែលអាមេរិកអាចយកប្រើវាយអ៊ីរ៉ង់ មានឈ្មោះថា Mother of All Bombs ឬ MOAB ។ វាមានតម្លៃប្រហែល ១៧ ម៉ឺនដុល្លារក្នុងមួយគ្រាប់ ។ គ្រាប់បែក MOAB មានទម្ងន់សរុបប្រមាណ ៩ តោនកន្លះ ក្នុងនោះក្បាលគ្រាប់ផ្ទុកសារធាតុផ្ទុះប្រហែល ៨ តោនកន្លះ ។ កម្លាំងផ្ទុះរបស់គ្រាប់បែកនេះ មានអង្កត់ផ្ចិតចន្លោះពី ១ ទៅ ១,៦ គីឡូម៉ែត្រ ពោលគឺអាចបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សំណង់អគារ រូងភ្នំ និងសូម្បីតែទីតាំងមានការការពាររឹងមាំក៏ដោយ ។ ជាមួយគ្នានេះ គ្រាប់បែក MOAB ប្រើប្រព័ន្ធកំណត់ទីតាំង GPS សម្រាប់ណែនាំទិសដៅ និងរចនាឡើងសម្រាប់វាយប្រហារគោលដៅលើដីគោក ព្រមទាំងទីតាំងដូចជាបណ្តាញរូងភ្នំ និងផ្លូវរូងក្រោមដី ។…

  • កូរ៉េខាងជើង កំពុងសំងំរៀនសូត្របទពិសោធន៍ជាច្រើនពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន

    កូរ៉េខាងជើង កំពុងសំងំរៀនសូត្របទពិសោធន៍ជាច្រើនពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន

    ព្យុងយ៉ាង ៖ បន្ទាប់ពីបញ្ជូនទ័ពចូលរួមប្រយុទ្ធឲ្យរុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ពេលនេះកូរ៉េខាងជើងទទួលបានមេរៀនជាច្រើន និងកំពុងសំងំដកស្រង់បទពិសោធន៍ទាំងនេះដើម្បីយកមកបង្កើនសមត្ថភាពដាក់ពង្រាយកងទ័ព និងគ្រឿងសឹកទៅកាន់សមរភូមិ ។ មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Xavier Brunson និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងបានរៀនសូត្រពីរបៀបដឹកជញ្ជូនកងទ័ព គ្រឿងសព្វាវុធ និងសម្ភារយោធាពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី ព្រមទាំងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ។ លោក Brunson សង្កត់ធ្ងន់ថា បទពិសោធន៍ទាំងនេះ មិនត្រឹមតែជួយឱ្យកងទ័ពកូរ៉េខាងជើងយល់ដឹងអំពីយុទ្ធសាស្ត្រនៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពចល័តកងកម្លាំង ការកេណ្ឌធនធាន និងការគ្រប់គ្រងផ្នែកភស្តុភារយោធាផងដែរ ។ មេបញ្ជាការអាមេរិករូបនេះព្រមានថា សមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការដាក់បញ្ចូលបទពិសោធន៍ក្នុងសម័យសង្គ្រាម ទៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន កំពុងបង្កើតបញ្ហាប្រឈមថ្មីដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅឧបទ្វីបកូរ៉េ ។ បើតាម Korea Times, ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចទាំងពីរកាន់តែស្អិតរមួតឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីខែមិថុនា ឆ្នាំ២០២៤ ។ ក្រោមកិច្ចព្រមព្រៀងនេះ កូរ៉េខាងជើងបានបញ្ជូនកងទ័ព និងផ្គត់ផ្គង់អាវុធ ដើម្បីគាំទ្រក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ៕ ប្រភព…

  • លោក ត្រាំ ថា កំពុងចរចាជាមួយ រុស្ស៊ី និង ចិន ឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ

    លោក ត្រាំ ថា កំពុងចរចាជាមួយ រុស្ស៊ី និង ចិន ឈានទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការចរចាជាមួយទីក្រុងមូស្គូ និង ទីក្រុងប៉េកាំង ដោយមានគោលបំណងឈានឆ្ពោះទៅលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសទាំងនេះ ដែលសុទ្ធតែជាម្ចាស់ឃ្លាំងអាវុធអាវុធនុយក្លេអ៊ែរធំជាងគេបំផុត នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់ Reuters។ បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, រុស្ស៊ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងស្តុកច្រើនជាងគេបំផុត។ បន្ទាប់មក គឺ សហរដ្ឋអាមេរិក និង ចិន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន មានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយច្រើនជាង ទីក្រុងមូស្គូ។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញព័ត៌មាន Newsmax, លោក ត្រាំ បាននិយាយថា លោកជឿជាក់ថា ក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចិន នឹងតាមទាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លោក ត្រាំ បានប្រាប់ទៀតថា «វាជារឿងគួរឱ្យស្តាយណាស់ ព្រោះខ្ញុំពិតជាចង់ឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន។ តាមពិតទៅ យើងកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ»។ បើតាម Reuters , ការលើកឡើងរបស់លោក ត្រាំ…

  • ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

    ក្រុមហ៊ុន Toyota គ្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

    ក្រុមហ៊ុន Toyota ដែលជាការវិនិយោគរបស់វិនិយោគិនជប៉ុន បានបង្ហាញពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹង​ស្តង់ដាឧស្សាហកម្មទំនើបនាពេលបច្ចុប្បន្ន។ តំណាងរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានបញ្ជាក់ដូច្នេះ នៅក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Toyota បានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបអំពីគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។ ក្រុមហ៊ុន Toyota នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ដោយសហការជាមួយវិទ្យាស្ថានបច្ចេកទេស JVC ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។ ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងការកែសម្រួលគោលនយោបាយលើកទឹកចិត្ត និងការលើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកក្នុងការផលិតគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ដល់គម្រោងដំឡើងរថយន្តនៅកម្ពុជា៕ ខន ណារី…

  • កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

    កម្ពុជា និងវៀតណាម បន្តសហការគ្នាបង្ក្រាបបទល្មើសឆ្លងដែន

    នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយក្រសួងនគរបាលវៀតណាម ដើម្បីពិភាក្សាអំពីការបង្ការ និងបង្ក្រាបបទល្មើស និងគ្រឿងញៀន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យមើលលទ្ធផលនៃកិច្ចសហការកន្លងមក ដែលមានការរីកចម្រើនល្អ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក៏ដូចជាបទល្មើសសេដ្ឋកិច្ច និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួម ការតាមចាប់ខ្លួនជនល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងកាន់តែស្មុគស្មាញពីបទល្មើសឆ្លងដែន និងរួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន២ រួមមាន កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុព្រមព្រៀងស្តីពីកិច្ចសហការ និងដែនសមត្ថកិច្ចរបស់ក្រុមការងាររួមកម្ពុជា-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះនៅឆ្នាំ២០២៧៕ សៅ សុខអេង

  • សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ

    សម្ដេចធិបតី៖ ការចរចាព្រំដែនត្រូវមានមូលដ្ឋានច្បាស់លាស់ ​មិនមែនពឹងលើញាណពិសេស ឬតាមលឺគេថានោះទេ

    កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទាឱ្យមានមូលដ្ឋានច្បាស់លាស់ ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម នៅថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចការព្រំដែនមិនអាចធ្វើដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ ឬបណ្តាញសង្គម, តាមលឺគេថា, ឬតាមញ្ញាណពិសេស ។ល។ នោះទេ។ សម្តេចធិបតីបន្តថា ចំពោះការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី ដែលកម្ពុជាកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC ឬជាយន្តការអន្តរជាតិ ដែលកម្ពុជាកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS នោះទេ។ សម្តេចក៏បានឆ្លៀតជូនពរគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាដោយបង្ខំ ក្នុងវិវាទដែនសមុទ្រកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍…

  • រុស្ស៊ី បាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១,២០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរដោយជោគជ័យ

    រុស្ស៊ី បាញ់សាកល្បងមីស៊ីលហោះចម្ងាយ ១,២០០ គីឡូម៉ែត្រ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរដោយជោគជ័យ

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានបាញ់សាកល្បងមីស៊ីលនាំផ្លូវប្រភេទ Oniks និង Kalibr ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Novosibirsk ដោយជោគជ័យ នាអំឡុងសមយុទ្ធយោធានៅឯមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងនោះមួយគ្រាប់អាចហោះក្នុងចម្ងាយ ១,២០០ គីឡូម៉ែត្រ ។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃ ព្រហស្បតិ៍ ។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Novosibirsk ដែលស្ថិតក្នុងកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានបាញ់មីស៊ីលទៅកាន់គោលដៅសមុទ្រ និងគោលដៅលើដីគោក ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរបស់ខ្លួន ។ បើតាមក្រសួងការពារជាតិរុស្ស៊ី, មីស៊ីលនាំផ្លូវ Oniks ត្រូវបានបាញ់សំដៅទៅកាន់គោលដៅសមុទ្រ ដែលតំណាងឱ្យនាវាចម្បាំងរបស់សត្រូវ ហើយបានវាយប្រហារចំគោលដៅនៅចម្ងាយជាង ១៧០ គីឡូម៉ែត្រ ។ រីឯមីស៊ីលនាំផ្លូវ Kalibr បានបាញ់សំដៅទៅកាន់ទីលានសាកល្បង Kura នៅលើឧបទ្វីប Kamchatka របស់រុស្ស៊ី ដែលមានចម្ងាយជាង ១.២០០ គីឡូម៉ែត្រពីទីតាំងបាញ់ ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ការបាញ់សាកល្បងមីស៊ីលទាំងពីរគ្រាប់បានសម្រេចជោគជ័យទាំងស្រុង ដោយមីស៊ីលទាំងពីរបានវាយប្រហារចំគោលដៅដែលបានកំណត់ ។ ក្នុងអំឡុងពេលបញ្ចេញសាច់ដុំយោធានេះ នាវាចម្បាំង និងនាវាគាំទ្រផ្សេងទៀតនៃកងនាវាប៉ាស៊ីហ្វិក ក៏បានចូលរួមធានាសុវត្ថិភាពនៅតំបន់បាញ់សាកល្បងមីស៊ីល និងរឹតត្បិតលើការធ្វើដំណើររបស់នាវាស៊ីវិល ក៏ដូចជាយន្តហោះដែលហោះហើរចូលទៅកាន់តំបន់នោះផងដែរ…

  • កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ

    កម្ពុជា ទទូចឱ្យមានការប្តេជ្ញាចិត្តកាន់តែខ្លាំងជាសកលចំពោះកិច្ចការរំសាយសព្វាវុធ

    កម្ពុជាបានទទូចឱ្យបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការរំសាយសព្វាវុធ និងគាំទ្រសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាយោធាកំពុងបង្កើនអសន្តិសុខជាសកល។ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលឡើងវិញ ក្នុងការរំសាយសព្វាវុធ និងលុបបំបាត់អាវុធនុយក្លេអ៊ែរ ដើម្បីធានាសន្តិភាព និងសន្តិសុខពិភពលោក។ ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃគណៈកម្មាធិការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៤ ខែតុលា នៅទីក្រុងញូវយ៉ក ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តឡើងវិញជាអន្តរជាតិ ក្នុងការពង្រឹងកិច្ចការរំសាយសព្វាវុធ ដោយសារការកើនឡើងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាកកើតថ្មី កំពុងបង្កើនអសន្តិសុខសកល។ ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងសន្ធិសញ្ញាស្តីពីការហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជំរុញឱ្យមានការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ ផងដែរ។ ទន្ទឹមនឹងនេះ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពមីន តាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពេញអង្គជាន់ខ្ពស់របស់មហាសន្និបាត UN ដើម្បីរំលឹក និងលើកកម្ពស់ទិវាអន្តរជាតិសម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ឯកឧត្តម កែវ ឈា ក៏បានអំពាវនាវឱ្យគោរពសុចរិតភាពនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ លើកកម្ពស់សសរស្តម្ភទាំងបីនៃសន្ធិសញ្ញានេះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរផងដែរ៕ ទួន សុផល

  • ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦

    ប្រាសាទមេបុណ្យខាងលិចត្រៀមសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦

    អាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់ការជួសជុលប្រាសាទមេបុណ្យខាងលិចជាស្ថាពរ ហើយកំពុងរៀបចំសោភ័ណភាពចុងក្រោយ ដើម្បីត្រៀមសម្ពោធជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ប្រាសាទមេបុណ្យខាងលិចបានបង្ហាញរូបរាងជាថ្មី នៅកណ្តាលបារាយណ៍ខាងលិច ក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យ និងរៀបចំសោភ័ណភាពការដ្ឋានប្រាសាទមេបុណ្យខាងលិច កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះ។ បើតាមអាជ្ញាធរជាតិអប្សរា បច្ចុប្បន្នការងារជួសជុលប្រាសាទមេបុណ្យខាងលិចត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ។ ស្របពេលដែលអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការសម្អាត រៀបចំសណ្តាប់ធ្នាប់ និងកែសម្រួលបរិស្ថានជុំវិញប្រាសាទ គេសង្កេតឃើញមានភ្ញៀវទេសចរជាច្រើនបានអញ្ជើញទៅទស្សនា និងថតរូបកម្សាន្តយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរភាគច្រើនសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពប្រាសាទដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ ព្រមទាំងកោតសរសើរដល់ស្ថាបត្យកម្មដ៏ល្អឯក និងកិច្ចខិតខំប្រឹងប្រែងជួសជុលលើកតម្លៃនៃប្រាសាទឡើងវិញអស់រយៈពេលច្រើនឆ្នាំរបស់ក្រុមការងារជំនាញ។ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិចបានបង្ហាញរូបរាងយ៉ាងត្រចះត្រចង់ បន្ទាប់ពីរងការខូចខាតធ្ងន់ធ្ងរ និងបាត់បង់ថ្មអស់ជាច្រើននាពេលកន្លងមក។ ប្រាសាទនេះស្ថិតនៅចំកណ្តាលបារាយណ៍ខាងលិច មានទំហំ ១០០ម៉ែត្របួនជ្រុង ហ៊ុព័ទ្ធដោយផ្ទៃទឹកល្ហល្ហេវ ដែលកាលពីអតីតកាលត្រូវបានទឹកលិចអស់ទាំងស្រុងនារដូវវស្សា។ ប្រាសាទនេះមានសម្រស់ប្រែប្រួលទៅតាមពេលវេលាចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច ដែលកំពុងក្លាយជាចំណុចទាក់ទាញទេសចរយ៉ាងខ្លាំង។ ផ្អែកតាមការស្រាវជ្រាវដំបូង ប្រាសាទនេះមានប្រាង្គចំនួន ១២ ដែលប្រាង្គមួយធ្លាប់ត្រូវបានសាលាបារាំងចុងបូព៌ាជួសជុលម្តងរួចមកហើយ។ ដំណើរការជួសជុលឡើងវិញដោយអ្នកជំនាញសាលាបារាំងចុងបូព៌ា និងអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមតាំងពីឆ្នាំ២០១២ មក ប៉ុន្តែត្រូវបានផ្អាកមួយរយៈពេលនៅឆ្នាំ២០១៨ ដោយសារខ្វះខាតថវិកា ហើយបានចាប់ផ្តើមឡើងវិញនៅឆ្នាំ២០១៩ រហូតទទួលបានជោគជ័យជាស្ថាពរនាពេលនេះ។…