-
រដ្ឋមន្ត្រីអប់រំ ចុះសួរសុខទុក្ខសិស្ស គ្រូនៅវិទ្យាល័យបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលកំពុងមានការផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា

(ឧត្ដរមានជ័យ)៖ ខណៈកំពុងមានការផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងប្រតិភូអប់រំ បានចុះតាមដានស្ថានភាព និងសួរសុខទុក្ខសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ជាតំបន់ក្តៅ ៕ ដោយ ៖ វណ្ណលុកម
-
សមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសផ្អាកបណ្តោះអាសន្ន មហាសន្និបាត វិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជននៅទូទាំងប្រទេស

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ នៃសមាគម អតីត យុទ្ធជន កម្ពុជា បានជូនដំណឹងថា យោងតាមការចាំបាច់របស់សមាគម អតីតយុទ្ធជនកម្ពុជា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា សម្រេចផ្អាកបណ្តោះអាសន្ននូវការប្រារព្ធ មហាសន្និបាតវិសាមញ្ញតំណាងសមាគម អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ ៕ ដោយ ៖ វណ្ណលុក
-
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់សាធារណជន និងអ្នកសារព័ត៌មានត្រូវស្រង់យកព័ត៌មានទាក់ទងនឹងសមរភូមិតាមប្រភពផ្លូវការចំនួនបួន

ភ្នំពេញ៖ខណៈដែលការផ្ទុះអាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ បានកើតឡើងនៅថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន អំពាវនាវសាធារណជន និងអ្នកសារព័ត៌មានដែលប្រើប្រាស់ព័ត៌មានទាក់ទងនឹងសមរភូមិនៅតំបន់ព្រំដែន ត្រូវស្រង់យកប្រភពព័ត៌មានផ្លូវការសំខាន់ចំនួនបួន។ ប្រភពបួនសំខាន់ដែលជាប្រភពផ្លូវការនោះគឺ ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ, ២-ក្រសួងការពារជាតិ, ៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវការក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។ ទន្ទឹមនេះឯកឧត្តមរដ្ឋមន្រ្តីក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ៕ដោយ៖មុនី
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ អំពាវនាវឱ្យសាធារណជន និង អ្នកសារព័ត៌មានប្រើប្រាស់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥នេះដោយបញ្ជាក់ថា”សូមជម្រាបជូនដល់បងប្អូនសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ”។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕ ដោយ ៖ ម៉ាដេប៉ូ
-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។…
-
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនសាធារណជន និងអ្នកសារព័ត៌មាន ដោយត្រូវស្រង់យកប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនសាធារណជន និងអ្នកសារព័ត៌មាន ដោយត្រូវស្រង់យកប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន, ប្រភព ៤ សំខាន់ដែលជាប្រភពផ្លូវការ គឺ១-ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ២-ក្រសួងការពារជាតិ ៣-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៤-អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រភពផ្លូវ ក្រៅពីនោះ គឺមិនមែនជាព័ត៌មានផ្លូវការទេ។ ជាមួយគ្នានេះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។ សូមបងប្អូនចូលរួមសហការឱ្យបានម៉ឺងម៉ាត់៕
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពាន

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពាន ។ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី បានសរសេរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រ នៃការវាយប្រហារទៅដល់តំបន់មុំបី។ កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ។ សូមរក្សាភាពស្ងាត់ស្ងៀម និងមានលំនឹងក្នុងចិត្ត និងសូមបន្តការងារប្រចាំថ្ងៃជាប្រកតី ៕ ដោយ ៖ វណ្ណលុក
-
ការបាញ់ប្រហាររវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះរាលដាលនៅភ្នំខ្មោច ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រោយផ្ទុះអាវុធនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅពេលនេះ ការផ្ទុះអាវុធ បានរាលដាលនៅភ្នំខ្មោច ក្នុងខេត្តព្រះវិហារ ដោយនៅម៉ោងនេះកងទ័ពទាំង២ កំពុងបាញ់ដាក់គ្នា។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ។ កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា ៕ ដោយ ៖ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន ៖ ទាហ៊ានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជា គ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ និងសូមជនរួមជាតិកម្ពុជា កុំភ័យស្លន់ស្លោ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥៖ “ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ដែលបានចេញបទបញ្ជាពីម្សិល ពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។ សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃ។ល។ សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដែលរងការបាញ់ ផ្លោងពីកងទ័ពឈ្លានពានថៃ។ សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង៕ ដោយ ៖ វណ្ណលុក
-
កម្ពុជា ប្រកាសសម្រេចទម្លាក់កម្រិតការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត (ត្រឹមលេខាទី២) ហើយតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា ដើម្បីជាការឆ្លើយតបចំពោះការបណ្តេញឯកអគ្គរាជទូតកម្ពុជា ពីទីក្រុងបាងកក

(ភ្នំពេញ)៖ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក» ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួល ចេញពីកម្ពុជាដូចគ្នា ។ ការប្រកាសបណ្តេញមន្ត្រីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។ ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថា ជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ច សន្ទនា និងបានជ្រើសរើសយកការប្រឈមមុខដាក់គ្នាជំនួសវិញ៕ ដោយ ៖ វណ្ណលុក