-
សម្តេចធិបតីពន្យល់អត្ថន័យការបណ្តាក់ទុន ខណៈក្រុមប្រឆាំងបន្តការរិះគន់ (Video Inside)

សម្តេចធិបតីបានថ្លែងចាត់ទុកកត្តាសន្តិភាព គឺជាកត្តាសំខាន់បំផុត នៃការនាំប្រទេសឱ្យធ្វើដំណើរទៅមុខចាកចេញពីភាពក្រីក្រឈានទៅរកការអភិវឌ្ឍន៍។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលមួយជាមួយកម្មករ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសម្តេចបានរៀបរាប់ពន្យល់ជុំវិញអត្ថន័យ នៃការបណ្តាក់ទុន របស់ក្រុមហ៊ុនបរទេសនានា នៅក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមធ្វើនយោបាយប្រឆាំងតែងរិះគន់ជាប្រចាំ ជាពិសេសការបណ្តាក់ទុនណាដែលមកពីប្រទេសចិននោះជាដើម។ កម្ពុជាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ដំណាក់កាលរៀបចំអភិវឌ្ឍន៍ ត្រូវបានរៀបចំឡើងសាជាថ្មី។ កម្ពុជាបើទោះបីមិនសូវសំបូរនូវធនធានធម្មជាតិ និងខ្វះខាតធនធានមនុស្សថែមទៀតនោះ នៅតែធ្វើឱ្យប្រទេសដែលទើបងើបពីសង្គ្រាមស៊ីវិល ក្លាយជាប្រទេស ដែលមានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង មិនដែលបានទទួលស្គាល់នូវកិច្ចប្រឹងប្រែងដ៏នឿយហត់របស់រាជរដ្ឋាភិបាលឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់ថា ការអភិវឌ្ឍន៍ប្រទេសទៅមុខបាន គឺអាស្រ័យលើកត្តាដ៏ធំបង្អស់មួយ…នោះគឺសន្តិភាព។ សម្តេចធិបតីបានថ្លែងថាការគៀងគរការបណ្តាក់ទុនពីបរទេស គឺដើម្បីជួយពលរដ្ឋមានការងារធ្វើ និងការយកលុយមកកសាងហេដ្ឋារចនាសម្ព័ន្ធ បំរើដល់សេដ្ឋកិច្ច។
-
រដ្ឋមន្ត្រីមហាផ្ទៃព្រមាននគរបាលពាក់ព័ន្ធគ្រឿងញៀន ខណៈខេត្តព្រៃវែងរកឃើញមាននគរបាល១១នាក់ (Video Inside)

ក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការច្បាប់ចំពោះនគរបាលណា ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈដែលខេត្តព្រៃវែង ទើបបានរកឃើញមានមន្ត្រីនគរបាលចំនួន១១នាក់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ សម្តីព្រមាននេះបានធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា នៅថ្ងៃទី០២ ខែវិច្ឆិកា ក្នុងពិធីមួយក្នុងខេត្តបាត់ដំបង។ អប្សរាណិតរាយការណ៍
-
រាជរដ្ឋាភិបាលអនុវត្តកម្មវិធីគន្លឹះ «មួយផ្នែក» នៃមហិច្ឆតាសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្តកម្មវិធីគន្លឹះដែលជាផ្នែកមួយ នៃមហិច្ឆតានៃចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ កម្មវិធីគន្លឹះនេះ គឺការបណ្ដុះបណ្តាលយុវជនពីគ្រួសារក្រីក្រទូទាំងប្រទេស ខណៈដែលកម្មវិធីជួយបណ្តុះបណ្តាលជំនាញយុវជនក្រីក្រចំនួន ១លាន ៥សែននាក់ គ្រោងនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៤វិច្ឆិកាខាងមុខនេះហើយ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ដែលការនាំកម្ពុជាឱ្យក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។ កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១លាន ៥សែននាក់នេះ គឺជាផ្នែកមួយ នៃទិសដៅដើម្បីការសម្រេចចក្ខុវិស័យទាំងនេះ។ អប្សរាណិតរាយការណ៍
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០៦ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១០៦ករណី ដែលបានកើតលើប្រទេសតែ៣ ប៉ុណ្ណោះនៅអាស៊ាន។ ករណីឆ្លងនៅថ្ងៃនេះ បានកើនឡើងមកវិញចំនួន ១០០ករណី បើប្រៀបធៀបការឆ្លងកាលម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីនពីន មានការឆ្លងចំនួន ៩៦ករណីច្រើនជាង, វៀតណាមមានការឆ្លង ៩ករណី និងប្រទេសមីយ៉ាន់ម៉ា មានការឆ្លង ១ករណីតិចជាគេក្នុងចំណោមប្រទេសទាំង ៣។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
-
១០ខែរកចំណូលពីប្រាសាទអង្គរបានជាង២៧លានដុល្លារ (Video Inside)

ចំណូលពីការលក់សំបុត្រទស្សនាអង្គរក្នុងរយៈពេល១០ខែក្នុងឆ្នាំនេះ បានទទួលថវិកាជាង ២៧លានដុល្លារ។ របាយការណ៍របស់គ្រឹះស្ថានអង្គរបានឱ្យដឹងថាចំនួនភ្ញៀវទេសចរ ទិញបណ្ណចូលទស្សនាអង្គររយៈពេល១០ខែនេះ មានជាង ៦០ម៉ឺន ២ពាន់ ៥៧០នាក់ និងរកចំណូលបាន ២៧លាន ៨៨ម៉ឺន ២ពាន់ ៤៣៥ដុល្លារ ដែលកើនឡើង២៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា៣ប្រភេទ គឺសំបុត្រចូលទស្សនា១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។
-
តម្លៃប្រេងសាំងបន្ដកើនឡើង ម៉ាស៊ូតថយចុះ (Video Inside)

តម្លៃប្រេងសាំង នៅតែបន្ដកើនឡើង ខណៈប្រេងម៉ាស៊ូតបានធ្លាក់ចុះ នៅក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់ រវាងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់៤០០រៀលក្នុង១ លីត្រ ដែលតម្លៃនេះ បានកើនឡើងមកវិញចំនួន៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៥៥០រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន តម្លៃនេះគឺបានថយចុះចំនួន១០០រៀល ។ ដោយឡែកតម្លៃប្រេងស៊ុបពែ័រវិញ គឺមិនបានកំណត់ក្នុងតារាងក្រសួងពាណិជ្ជកម្មនោះទេ ប៉ុន្តែតម្លៃលក់តែងតែខ្ពស់ជាងតម្លៃប្រេងសាំងធម្មតា។ នៅថ្ងៃនេះប្រេងសាំងស៊ុបពែ័រតាមស្ថានីយ៍ខ្លះ គឺមានតម្លៃចំនួន ៥ពាន់៥០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៥ពាន់១០០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
កម្រិតទឹកភ្លៀងចាប់ផ្ដើមថយចុះ (Video Inside)

កម្រិតទឹកភ្លៀងធ្លាក់នឹងថយចុះក្នុងមួយសប្តាហ៍កំពុងឈានមកដល់នេះ ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទទួលនូវរបបខ្យល់មូសុងឦសាន។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្រិតធ្លាក់របស់ទឹកភ្លៀងនឹងមានប្រមាណពី១០ទៅ៣០ភាគរយរវាងពីថ្ងៃទី១ដល់៣វិច្ឆិកា។ បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្ទ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី រវាងពី ១០ភាគរយ ទៅ ២០ភាគរយ។ ចំណែកនៅរាជធានីភ្នំពេញ, បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើត ជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដី រវាងពី២០ភាគរយទៅ៣០ ភាគរយ។
-
ក្រុមអ្នកស្រាវជ្រាវបរទេសថ្លែងថាចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ កម្ពុជាអាចជួបឧបសគ្គប្រែប្រួលអាកាសធាតុ (Video Inside)

ក្រុមអ្នកស្រាវជ្រាវបានថ្លែងថាភាពប្រែប្រួលអាកាសធាតុ និងកត្តាប្រឈមរបស់វា នឹងអាចក្លាយជាឧបសគ្គដល់ចក្ខុវិស័យ ឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា បើសិនជាមិនមានវិធានការទប់ស្កាត់ជាមុននោះទេ។ ការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាបំរែបំរួលអាកាសធាតុនេះ ត្រូវបានលើកឡើងក្នុងពិធីសម្ពោធរបាយការណ៍ ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហៅកាត់ថា CCDR ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣១តុលា ក្រោមការរៀបចំរបស់អង្គការធនាគារពិភពលោក។ តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, មីយ៉ាន់ម៉ា និងឡាវ លោកស្រី Mariam Sherman បានថ្លែងថា កម្ពុជាមានមហិច្ឆតាចង់សម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប៉ុន្តែបញ្ហាប្រឈមមួយនោះ គឺការប្រែប្រួលអាកាសធាតុ ដែលអាចជះឥទ្ធិពលទាំងដោយផ្ទាល់និងប្រយោល។ លោកស្រីលើកឡើងថាប្រទេសកម្ពុជា គឺជាប្រទេស១ក្នុងចំណោមប្រទេសទាំងឡាយ ដែលមានភាពងាយរងគ្រោះចំពោះទឹកជំនន់ និងការកើនឡើងកម្តៅខ្លាំង។ លោកស្រីថ្លែងថារបាយការណ៍ CCDR នាពេលនេះបានចង្អុលបង្ហាញជាច្រើន ដើម្បីឱ្យកម្ពុជា អាចចាប់យកនូវទិដ្ឋភាពទាំងនេះ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់អាកាសធាតុ។
-
សម្តេចធិបតីអបអរសាទរអង្ករ SKO របស់កម្ពុជាឈ្នះពានរង្វាន់មាស (Video Inside)

អង្ករម៉ាកសមូហភាព SKO របស់កម្ពុជា ដែលផលិតចេញពីពូជស្រូវសែនក្រអូប នៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃមួយប្រព្រឹត្តទៅក្នុងប្រទេសចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមនៅថ្ងៃទី១វិច្ឆិកានេះ ថ្លែងអបអរសាទរចំពោះអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨តុលា នៅតំបន់ស្វយ័តក្វាងស៊ីចូវ (Guangxi Zhuang) ក្នុងប្រទេសចិន។ ការទទួលបានពានរង្វាន់មាសនេះបានធ្វើឡើងក្នុងរង្វង់ការប្រកួតប្រជែងសំណាកអង្ករ នៃពូជស្រូវសរុបចំនួន៦១ ដែលក្នុងនោះចំនួន ១២ប្រភេទ មកពីប្រទេសអាស៊ានចំនួន ៥ប្រទេស និងចំនួន ៤៩ប្រភេទផ្សេងទៀត មកពីតំបន់ស្វយ័ត និងខេត្តដែលដាំដុះស្រូវ នៅប្រទេសចិន។
-
កីឡាករ Dave Leduc បញ្ជាក់ក្តីរំភើបក្នុងការត្រៀមជួបសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា (Video Inside)

កីឡាករ Dave Leduc ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់ Lethwei នៃប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាវេលាថ្ងៃទី២វិច្ឆិកានេះ នៅមុនពេលដែលស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ ត្រៀមនឹងជួបប្រកួតជាមួយកីឡាករមេដាយមាសស៊ីហ្គេមកម្ពុជា លោក ព្រំសំណាង។ ស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ មកដល់ប្រទេសកម្ពុជាវេលាយប់ម៉ោង១១យប់ថ្ងៃទី១វិច្ឆិកា ខណៈការប្រកួតប្រដាល់ក្នុងសង្វៀន Town នឹងគ្រោងធ្វើនៅថ្ងៃទី៥វិច្ឆិកា។ ថ្លែងក្នុងបណ្តាញសង្គមរបស់ខ្លួន, កីឡាករ Dave Leduc បានបញ្ជាក់ថា លោកមានកិត្តិយសណាស់ក្នុងការជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅថ្ងៃទី២វិច្ឆិកា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់មុននេះថា សម្តេចរីករាយក្នុងការត្រៀមជួបជាមួយស្តេចប្រដាល់ប្រទេសមីយ៉ាន់ម៉ានោះ។ លោក Dave Leduc បានសរសេរក្នុងបណ្តាញសង្គមបញ្ជាក់ទៀតថា លោកមានមោទនភាពជាខ្លាំង ដែលសម្តេចបានចាប់អារម្មណ៍លើក្បាច់គុណបុរាណរបស់លោក ព្រំ សំណាង។ លោក Dave Leduc និយាយសន្យាថានឹង «បង្ហាញផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យដល់ពិភពលោក»។ កីឡាប្រដាល់រវាងលោកព្រំសំណាងជាមួយនឹងលោក Dave Leduc នឹងធ្វើតែក្នុងមួយទឹករយៈពេល ៩នាទីដោយអ្នកទាំង២ នឹងប្រដាល់ដោយមិនពាក់ស្រោមដៃហ្គង់ឡើយ នៅក្នុងការប្រកួតថ្ងៃទី៥វិច្ឆិកាខាងមុខនេះ។