-
រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ហិរញ្ញប្បទានជិត ១០លានដុល្លារអាមេរិកដល់កម្ពុជា (Video Inside)

រដ្ឋាភិបាល នៃប្រទេសជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងជិត ១០លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអង្កេតវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស, ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ នឹងត្រូវធ្វើតាមរយៈការចុះហត្ថលេខារវាងឯកអគ្គរាជទូតជប៉ុនលោក អ៊ូអ៊ីណុ អាត់ស៊ូស្ហ៊ី និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក សុខ ចិន្តាសោភា នៅថ្ងៃទី២៦ តុលា ឆ្នាំ២០២៣។ តាមរយៈគម្រោងនេះ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១ពាន់ ៣៣៨លានយ៉េន ដែលស្មើប្រមាណ ៩លាន៧សែនដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ លើគម្រោងសម្រាប់កសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ គោលបំណង នៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
-
អភិបាលរាជធានីស្នើអូស្ត្រាលីពិនិត្យលទ្ធភាពបណ្តាក់ទុនលើសេវាដឹកជញ្ជូន (Video Inside)

-
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងជួបសំណេះសំណាលកម្មករខេត្តកំពង់ចាម (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញជួបសំណេះសំណាលកម្មករជាង ១ម៉ឺន ២ពាន់នាក់ក្នុងខេត្តកំពង់ចាមនាវេលាព្រឹកថ្ងៃទី២៥តុលានេះ។ ជំនួបថ្ងៃទី២៥នេះ គឺជាជំនួបលើកទី៦ ហើយ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ក្រោយពេលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាកម្មករ និងនិយោជិត ១ម៉ឺន ២ពាន់ ៦០នាក់ ដែលនឹងជួបជាមួយសម្តេចធិបតី គឹជាកម្មករពីបណ្តារោងចក្រ និងសហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ រោងចក្រសហគ្រាសទាំង ១៤នេះ គឺជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានចំនួន៧, រោងចក្រដេរស្បែកជើងចំនួន៥, រោងចក្របោះពុម្ពលើសម្លៀកបំពាក់ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។
-
អាកាសយានដ្ឋានថ្មីខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍កើនទ្វេដង (Video Inside)

ព្រលានអាកាសយានដ្ឋានថ្មី ក្នុងខេត្តសៀមរាប បានទទួលកំណើនភ្ញៀវទេសចរណ៍ទ្វេដង គួរឱ្យកត់សម្គាល់។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកទទួលជើងហោះហើរជាផ្លូវការ ចំនួនអ្នកដំណើរតាមយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ២ពាន់ ៦០០នាក់ ក្នុងមួយថ្ងៃ ខណៈពេលកន្លងមកមានការហោះហើរចំនួន ១៧ជើងដូចគ្នា ប៉ុន្តែទទួលបានអ្នកដំណើរបានប្រមាណ ជាង ១ពាន់នាក់តែប៉ុណ្ណោះ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយ នៃគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបបានដំណើរការក្នុងខែតុលានេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង នៃឃុំពពេល និងភូមិប្រវ៉ាល នៃឃុំតាយ៉ែក ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកស៊ីន ចាន់សិរីវុត្ថាបានលើកឡើងថា ចំនួនភ្ញៀវកើនឡើងនេះ អាចមកពីខែតុលានេះ គឺជារដូវភ្ញៀវច្រើនដោយចំនួនអ្នកដែលធ្វើដំណើរ មានប្រមាណ ៨០ភាគរយ នៃចំនួនកៅអី នៃយន្តហោះនីមួយៗ។
-
រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តពលរដ្ឋបង្កើនចំនួនកូន (Video Inside)

ប្រមុខរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តប្រជាជនរបស់ខ្លួនបង្កើនចំនួនកូនឱ្យបានច្រើន ខណៈចំនួនប្រជាពលរដ្ឋបច្ចុប្បន្នមានប្រមាណ១៧លាននាក់។ បើប្រៀបធៀបនឹងបណ្តាប្រទេសលើសកលលោក, ចំនួនប្រជាពលរដ្ឋរបស់កម្ពុជា ត្រូវគេរាយការណ៍ថាបានស្ថិតក្នុងលំដាប់ទី៧៣ ជាមួយនឹងទំហំដង់ស៊ីតេប្រជាជនកម្ពុជា ក្នុងមួយគីឡូម៉ែត្រមាន៩៦នាក់។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ លោកកូមូរ៉ា ម៉ាសាហ៊ីកូ KOMURA Masahiko ជាមួយនឹងប្រសាសន៍ប្រៀបធៀបអតីតកាលកម្ពុជា ដែលលោកធ្លាប់បានស្គាល់ បានថ្លែងសម្តែងក្តីភ្ញាក់ផ្អើលក្នុងការឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាបច្ចុប្បន្ន។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
កម្ពុជា-កូរ៉េខាងត្បូង-អង្គការសហប្រជាជាតិហ្វឹកហ្វឺនត្រីភាគីក្នុងប្រទេសកម្ពុជា (Video Inside)

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងគម្រោងហ្វឹកហ្វឺនត្រីភាគីមួយរវាង កម្ពុជា-កូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិ។ គម្រោងហ្វឹកហ្វឺនត្រីភាគីនេះ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣។ គម្រោងរៀបចំនេះត្រូវបានលើកឡើងក្នុងជំនួបមួយថ្ងៃទី២៤តុលារវាងមន្រ្តីអង្គការសហប្រជាជាតិលោក ជូលៀន អូទិនកូរ៉ាង Julian Otinkorang និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។ គម្រោងដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាបមុខនេះ នឹងផ្តោតសំខាន់ទៅលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិលើកិច្ចសហប្រតិបត្តិការបង្កើតវគ្គហ្វឹកហ្វឺនត្រីភាគីនេះ និងលោកថាកម្ពុជានឹងត្រៀមធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគីដដែលនេះនាឆ្នាំ២០២៤ និង២០២៥ថែមទៀត។ មន្ត្រីអង្គការសហប្រជាជាតិ បានសម្តែងភាពរីករាយជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីនេះ និងលោករំពឹងថាសិក្ខាកាមដែលចូលរួមវគ្គហ្វឹកហ្វឺន នឹងប្រើប្រាស់ចំណេះជំនាញទាំងអស់ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕
-
ក្រសួងអប់រំហាមសិស្សសាលាប្រើប្រាស់ទូរស័ព្ទក្នុងពេលកំពុងសិក្សា (Video Inside)

-
ក្រុមប្រឹក្សាធម្មនុញ្ញផ្តល់ធម្មនុញ្ញភាពដល់ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (Video Inside)

ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទ និងចាត់ទុកច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាន «ស្របនឹងរដ្ឋធម្មនុញ្ញ»។ សេចក្តីសម្រេចនេះ បានធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាធម្មនុញ្ញកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម។ ច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលរួមមាន១១មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២៣ និងស្ថាប័នព្រឹទ្ធសភា បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា បានបង្កើតជាលើកដំបូងនូវការិយាល័យអាកាសចរណ៍ស៊ីវិល នៅឆ្នាំ១៩៥៥ និងបានចូលជាសមាជិកអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅឆ្នាំ១៩៥៦។ បន្ទាប់ពីវិវត្តខ្លួនជាបន្តបន្ទាប់ ការិយាល័យអាកាសចរណ៍ស៊ីវិលត្រូវបានប្តូរទៅជា អាជ្ញាធរអាកាសចរណ៍ស៊ីវិល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣។ ក្រោយមកអាជ្ញាធរអាកាសចរណ៍ស៊ីវិល ត្រូវបានប្តូរឈ្មោះទៅជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅឆ្នាំ១៩៩៦។
-
គណបក្សប្រជាជនកម្ពុជា និងគណបក្ស ២៨ ត្រៀមចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពនយោបាយ (Video Inside)

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន ២៨ គ្រោងនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅវេលាថ្ងៃទី២៥តុលានេះ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគ្នានេះ នឹងមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាវិមាន៧មករា។ គណបក្សនយោបាយទាំង២៨ ដែលនឹងចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា នេះរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា, គណបក្សមហានគរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងមុននេះ ចាត់ទុកការចងសម្ព័ន្ធភាពគណបក្សនយោបាយនេះ គឺដើម្បីការការពាររបបរាជានិយម, ការពារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ សម្តេចតេជោនៅបានថ្លែងទៀតថា ការចងសម្ព័ន្ធភាពគ្នារវាងគណបក្សប្រជាជនកម្ពុជា ជាមួយនឹងគណបក្សនយោបាយផ្សេងទៀត ក៏ជាកាតព្វកិច្ច ដើម្បីរួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម…