-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៥០៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ាន នៃរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួនច្រើនដល់ ២ពាន់ ៥០៣ករណី ដែលកើនឡើងច្រើនដល់ ២ពាន់ ៣៤៩ករណី ប្រើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ៤នៅអាស៊ាន ប៉ុន្តែគ្រាន់តែប្រទេសសឹង្ហបុរីមួយ មានការឆ្លងច្រើនរហូតដល់ ២ពាន់ ៤៤៧ករណី។ ប្រទេសកម្ពុជា មិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសសឹង្ហបុរីមានការឆ្លង ២ពាន់ ៤៤៧ករណី, ប្រទេសប្រុយណេ មាន៤៨ករណី, មីយ៉ាន់ម៉ា មាន៧ករណី និងប្រទេសវៀតណាម មានការឆ្លង១ករណី តិចជាងគេ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អាស៊ាន ក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលជាពលរដ្ឋនៃ ប្រទសសឹង្ហបុរី។
-
គណៈរដ្ឋមន្ត្រីអនុម័តថវិកាជាតិជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ (Video Inside)

គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ ដែលគ្រោងចំណាយជាង ៩ពាន់លានដុល្លារ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២៧តុលានេះ ណែនាំឱ្យមានការចំណាយចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងចំណាយសម្រាប់ឆ្នាំក្រោយមានចំនួន ៣ម៉ឺន ៤ពាន់ ៤៩៧ប៊ីលានរៀល ដែលការចំណាយនេះ បានថយចុះ ៥.៨% បើប្រៀបធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ឆ្នាំ២០២៤ ការចំណាយបំរើលើវិស័យសង្គមកិច្ច ត្រូវគេឃើញថានៅតែជាអាទិភាពខ្ពស់ដូចជាការចំណាយលើវិស័យក្រសួងអប់រំ, ក្រសួងការងារ, ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាដើម។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយ របស់រាជរដ្ឋាភិបាល ក្នុងការបំរើឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕
-
ក្រុមគ្រួសារត្រកូនហ៊ុនកសាង «កុដិមរតក» តម្លៃជាង៨០ម៉ឺនដុល្លារ (Video Inside)

សំណង់ «កុដិមរតក» តម្លៃជាង៨០ម៉ឺនដុល្លារ ដែលប្រើប្រាស់នាមមាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលានៅថ្ងៃទី២៧តុលានេះ នៅវត្តបារមីវង្កតបុរី។ មាតា និងបិតាបង្កើតរបស់សម្តេចតេជោ គឺអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក គឺជាអតីតអ្នកធ្លាប់ចូលរួមដង្ហែតាមសម្តេចមហាវីរៈក្សត្រសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ។ សូមទស្សនាសេចក្តីរាយការណ៍
-
ក្រសួងសុខាភិបាលបដិសេធព័ត៌មានក្លែងក្លាយដែលនិយាយថាក្រសួងមានគំរោងបិទសេវាឯកជន (Video Inside)

ការផ្សាយព័ត៌មានមិនពិតមួយតាមបណ្តាញសង្គមហ្វេសប៊ុក បានប្រញាប់ឲ្យក្រសួងសុខាភិបាលចេញសេចក្តីប្រកាសបដិសេធ។ គណនីហ្វេសប៊ុកឈ្មោះ ឡុងហេង ឈាង បានសរសេរបង្ហោះផ្សាយព័ត៌មានមិនពិត ដែលនិយាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា ក្នុងកិច្ចប្រជុំពង្រឹងពង្រឹងសេវាសាធារណៈ បានសម្រេចបិទ និងលុបបំបាត់សេវាឯកជន ដូចជាបន្ទប់ថែទាំជំងឺ, បន្ទប់ថែទាំក្រោយសម្រាល, បន្ទប់ថែទាំពិនិត្យផ្ទៃពោះ ឱ្យអស់នៅមុខឆ្នាំ២០២៥។ គណនីហ្វេសប៊ុកដដែលនោះ នៅបានបង្ហោះរូបថតក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថែមទៀត។ ក្រសួងសុខាភិបាលក្នុងសេចក្តីបដិសេធមួយកាលពីថ្ងៃទី២៦តុលា បានធ្វើសេចក្តីបដិសេធ និងចាត់ទុកការផ្សាយព័ត៌មានតាមបណ្តាញសង្គមនោះ គឺជាការផ្សាយ «បំផ្លើសខុសពីការពិត» និងក្រសួងបានអំពាវនាវសាធារណជន កុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។ ក្រសួងសុខាភិបាលបានអំពាវនាវដល់អាជ្ញាធរ សូមធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីដាក់ទោសចំពោះអ្នកផ្សាយព័ត៌មានបំផ្លើសនេះ ឱ្យបានម៉ឺងម៉ាត់ និងឆាប់បំផុត។ ការផ្សាយព័ត៌មានបំផ្លើសខុសពីការពិតនេះ ត្រូវគេសម្គាល់ថា បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ ក្នុងប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងសមិទ្ធផលដ៏ធំនេះ មិនត្រូវបានក្រុមធ្វើនយោបាយប្រឆាំងគាំទ្រឡើយ បើទោះបីជាប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសបានអបអរសាទរក៏ដោយ។
-
កម្លាំងមួកខៀវកម្ពុជា៥២នាក់វិលត្រឡប់ពីប្រទេសម៉ាលី (Video Inside)

កម្លាំងទ័ពមួកខៀវរបស់កម្ពុជាចំនួន៥២រូប បានវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីអង្គការសហប្រជាជាតិ បានប្រកាសរំសាយបេសកកម្ម MINUSMA ក្នុងប្រទេសម៉ាលី។ កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប បានមកដល់រាជធានីភ្នំពេញវិញនាល្ងាចថ្ងៃទី២៧ ខែតុលានេះ ក្រោយការរំសាយបេសកកម្មកងទ័ពមួកខៀវទាំង ៣៥ប្រទេស និងបញ្ជាឱ្យចាកចេញពីប្រទេសម៉ាលីដោយសារបញ្ហាអសន្តិសុខ និងសង្គ្រាមដែលមិនអាចត្រួតត្រាបាន។ បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជាប្រមាណ២៦៩នាក់ កំពុងបំពេញបេសកកម្មការងារវិស្វកម្ម ថែទាំព្រលានយន្តហោះ និងការងារកំទេចគ្រឿងផ្ទុះនៅក្នុងប្រទេសម៉ាលី។ កងកម្លាំងមួកខៀវរបស់កម្ពុជាដទៃទៀត នឹងត្រូវបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់ ខណៈការបញ្ជាដកចេញកងកម្លាំងមួកខៀវទាំងអស់ចេញពីប្រទេសម៉ាលីនឹងត្រូវធ្វើឱ្យអស់រហូត ដល់ដំណាច់ឆ្នាំ២០២៣នេះ។
-
គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងព្រះរាជក្រឹត្យ «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» (Video Inside)

សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ត្រូវបានគណៈរដ្ឋមន្ត្រីបានអនុម័តនាព្រឹកថ្ងៃទី២៧ តុលានេះ ក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្នាក់ជាតិមួយ សម្តៅលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និរន្តរភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ប្រាប់គណៈរដ្ឋមន្ត្រីនូវហេតុផលដែលសេចក្តីព្រាងនេះ ត្រូវបានរៀបចំបង្កើតឱ្យមានៅក្នុងរាជរដ្ឋាភិបាលអាណ្ណត្តិទី៧នេះ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលការពារសេចក្តីព្រាងច្បាប់ បានថ្លែងក្នុងពេលនោះថា សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មាន៦ជំពូក និង២២មាត្រា។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ត្រូវបានសម្រេចអនុម័តក្នុងកិច្ចប្រជុំនាពេលនោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ក្នុងពេលនោះបន្ថែមទៀតថា (សម្លេង)។ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «ការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ក្រោយការអនុម័តនឹងត្រូវទូលថ្វាយដល់ព្រះមហាក្សត្រខ្មែរ ដើម្បីថ្វាយព្រះអង្គយាងពិនិត្យ និងឡាយព្រះហស្ថលេខា ដើម្បីការប្រើប្រាស់ជាផ្លូវការ។
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមមរណទុក្ខអតីតនាយករដ្ឋមន្ត្រីចិន (Video Inside)

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនដល់ប្រធានាធិបតីចិន ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង។ លោក លី ខឺឈាង បានទទួលមរណភាពកាលពីយប់ម៉ោង ១២ និង១០នាទីយប់ ឈានចូលថ្ងៃទី២៧ ខែតុលានេះ។ សារលិខិតសម្តេចតេជោថ្ងៃទី២៧តុលា ជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង បានសរសេរថា «ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពរបស់ឯកឧត្តម លី ខឺឈាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ»។ សារលិខិតដដែលបានបន្តថា «មរណភាពរបស់ឯកឧត្តម លី ខឺឈាង តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស»។ សម្តេចតេជោក្នុងសារលិខិត បានចាត់ទុក «ឯកឧត្តម លី ខឺឈាង គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជន នៃប្រទេសយើងទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សយើងទាំងពីរ»។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៥២ករណី (Video Inside)

នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានតែប្រទេសហ្វីលីពីន១ប៉ុណ្ណោះ ដែលមានករណីឆ្លងថ្មីជំងឺកូវីដ១៩។ ប្រទេសហ្វីលីពីនថ្ងៃនេះ មានករណីឆ្លងថ្មីចំនួន ១៥២ករណី ដែលកើនឡើងចំនួន ៣៧ករណី បើប្រៀបធៀបនឹងម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ៣៩៤ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៦២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕
-
កម្រិតទឹកភ្លៀងធ្លាក់ខ្សោយក្នុងសប្តាហ៍ឈានមកដល់នេះ (Video Inside)

កម្រិតធ្លាក់ទឹកភ្លៀងត្រូវគេព្យាករណ៍ថា នឹងថមថយក្នុងសប្តាហ៍ទី៤ ខែតុលានេះ បើទោះជាកម្ពុជាទទួលឥទ្ធិពលសម្ពាធទាបនៅសមុទ្ទចិនខាងត្បូងក៏ដោយ។ ក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា នៅថ្ងៃទី៣០តុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀត ពីប្រទេសចិនគ្របដណ្ដប់លើផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង ខណៈខ្យល់នឹងប្ដូរទិសដៅបក់ពីទិសឦសាន មកលើប្រទេសកម្ពុជា។ យោងតាមការព្យាករណ៍បណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្ទ និងបណ្តាខេត្តមួយចំនួន ក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ រវាងពីថ្ងៃទី២៦ រហូតដល់ ថ្ងៃទី២៩ ខែតុលា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់ លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។ បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់ លើផ្ទៃដីពី ៣០ភាគរយ ទៅ ៤០ភាគរយ។ នៅថ្ងៃទី៣០ ខែតុលា នៅតំបន់ទំនាបកណ្ដាលនិងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតមធ្យម គ្របដណ្តប់លើផ្ទៃដីពី ៣០ ភាគរយ ទៅ ៤០ភាគរយ ហើយនៅតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយ គ្របដណ្ដប់លើផ្ទៃដីពី ១០ ភាគរយ ទៅ ២០ភាគរយ។
-
ធនាគារ ADB សន្យាបន្ថែមទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសន្យាចំពោះក្រសួងធនធានទឹក និងឧតុនិយម ជុំវិញការបន្ថែមទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តក្នុងប្រទេសកម្ពុជា។ ការសន្យាបន្ថែមទុនវិនិយោគនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងតំណាងធនាគារ ADB លោកស្រី យ៉ូតសាណា វ៉ាម៉ា Jyotsana Varma ជាមួយនឹងលោករដ្ឋមន្ត្រី ថោ ជេដ្ឋា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៦ តុលា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានប្រាប់ ADB ថា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យ នៃគ្រោះធម្មជាតិ, លោកសូមស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយមនេះ។ លោករដ្ឋមន្ត្រីបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបង្កើនកិច្ចសហប្រតិបត្តិការកែលម្អផែនការ រយៈពេលវែងរបស់ខ្លួន លើកិច្ចការវិនិយោគវិស័យធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ២០២៤-២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត និងបង្កើនជាអតិបរមានូវបរិស្ថានបៃតង និងអេកូទេសចរណ៍។ លោកស្រីនាយិកា ADB ប្រចាំកម្ពុជា បានទទួលយកនូវសំណើនេះ និងបានសន្យាបន្ថែមទុនវិនិយោគ ជាមួយក្រសួងធនធានទឹក និងឧតុនិយម លើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ធនាគារ ADB រហូតមកទល់នឹងបច្ចុប្បន្ននេះ បានធ្វើការវិនិយោគជាបន្តបន្ទាប់ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ។…