-
ពលរដ្ឋជាង១០០គ្រួសារប្តឹងឧកញ៉ា ហ៊ី គឹមហុង ពីបទបោកប្រាស់លុយពលរដ្ឋច្រើនម៉ឺនដុល្លារ (Video Inside)

ប្រជាពលរដ្ឋជាង១០០គ្រួសារ បានប្តឹងឧកញ៉ារកស៊ីលក់ដីឈ្មោះ ហ៊ី គឹមហុង ក្រោយសមត្ថកិច្ចបានចាប់ខ្លួន ក្នុងហេតុការណ៍មួយ ដែលមានអ្នកក្រោមបង្គាប់បានប្រើកម្លាំងហិង្សាដាក់លើសមត្ថកិច្ច។ ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង បានចោទថាឧកញ៉ាដែលជាអគ្គនាយកក្រុមហ៊ុនដីមាសនោះ បានបោកប្រាស់ពួកគេច្រើនម៉ឺនដុល្លារដោយសារតែជំនួញដីទុច្ចរិត។ អប្សរាណិតរាយការណ៍
-
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មោទនភាពនឹងសមត្ថភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី (Video Inside)

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាក្នុងអាណ្ណត្តិ៥ឆ្នាំទៅមុខទៀតនេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនឹងដាក់ចេញគោលការណ៍បញ្ចកោណ ដែលនឹងត្រូវអនុវត្តដោយគណរដ្ឋមន្ត្រីថ្មី ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ លោកបានថ្លែងថា សមាសភាពជួរអ្នកដឹកនាំរាជរដ្ឋាភិបាលថ្មី គឺសុទ្ធតែជាមនុស្សមានសមត្ថភាព ដែលប្រសូតចេញពីជួរចង្កោមទំពាំងស្នងឫស្សី របស់គណបក្សប្រជាជនកម្ពុជា។ អប្សរាណិតរាយការណ៍
-
ពលរដ្ឋខ្មែរក្រៅប្រទេសបន្តការអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ភាពអបអរសាទររបស់ពលរដ្ឋក្នុង និងក្រៅប្រទេស ដែលគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជានៅតែបន្តថែមទៀតក្នុងថ្ងៃទី៨ សីហា ឆ្នាំ២០២៣។ ពលរដ្ឋខ្មែរដែលជាពលករបំរើការក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើសារតាមបណ្តាញសង្គមរៀងៗខ្លួន ស្វាគមន៍ដល់នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា ជាមួយនឹងការរំពឹងថាកម្ពុជានឹងកាន់តែវិវត្តន៍រកភាពរីកចម្រើនថ្មីថែមទៀត ក្រោមការដឹកនាំរបស់បណ្ឌិត ហ៊ុន ម៉ាណែត។ បណ្ឌិត ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ គឺជាជនជាតិខ្មែរលើកដំបូងគេបំផុត ដែលបានប្រឡងជាប់ចូលសិក្សានៅសាលាបណ្ឌិតយោធា West Point សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York និងបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេស។ យុវជនពីក្រៅស្រុក បានអបអរសាទរ ចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជាមេដឹកនាំប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីពេញលេញនៅថ្ងៃទី២២ សីហា ឆ្នាំ២០២៣ ដែលជាថ្ងៃនៃថ្នាកដឹកនាំរបស់គណរដ្ឋមន្ត្រីថ្មី ត្រូវចូលស្បថឡើងកាន់តំណែង។
-
ថ្នាក់ដឹកនាំប្រទេសឡាវអបអរសាទរ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានអបអរបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានការត្រាស់បង្គាប់តែងតាំងពីព្រះមហាក្សត្រខ្មែរ ក្លាយជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ លោក ថងលុន ស៊ីសុលីត ដែលជាប្រធានរដ្ឋនៃប្រទេសឡាវ ក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយនឹងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ សីហា ឆ្នាំ២០២៣ បានចាត់ទុកព្រឹត្តិការណ៍តែងតាំងនោះ គឺជាប្រវត្តិសាស្ត្រដែលមាន «ការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា»។ លោកបានថ្លែងថាគណបក្សប្រជាជនបដិវត្តន៍ឡាវ «ជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត»។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូនោះរួចមក, ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសឡាវ បានសន្យា និង «ប្តេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស, រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង២»។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តបទៅវិញ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសឡាវ «ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី «ដែលនឹងដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត និងថា «ជាការឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំង២»។
-
ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» ដល់បណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

ព្រះមហាក្សត្រខ្មែរបានត្រាស់បង្គាប់ផ្តល់គោរមងារបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត»។ ព្រះរាជបន្ទូលត្រាស់បង្គាប់នេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ សីហា ឆ្នាំ២០២៣។ ព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ថា «ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តមបំផុត នៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយគត់»។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះ គឺនៅមួយថ្ងៃ បន្ទាប់ពីព្រះអង្គបានចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
-
សម្តេចព្រះមហាក្សត្រីមានព្រះរាជបន្ទូលកោតសរសើរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

សម្តេចម៉ែ បានធ្វើព្រះរាជសារកោតសរសើរបណ្ឌិត ហ៊ុន ម៉ាណែត និងរំពឹងថា ក្នុងរយៈពេលដឹកនាំ៥ឆ្នាំខាងមុខនេះ, ប្រទេសកម្ពុជាកាន់តែទទួលបានជោគជ័យបន្ថែមទៀត ដើម្បីជាប្រយោជន៍របស់ប្រជាជាតិ។ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាថានឹងខិតខំអស់ពីសមត្ថភាព ដើម្បីការពារព្រះរាជបល្ល័ង្គ, ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ។ អប្សរាណិតរាយការណ៍
-
៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣០០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសអាស៊ាន កាន់តែធ្លាក់ចុះ។ ប្រទេសកម្ពុជា ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ក៏បានរកឃើញអ្នកឆ្លងថ្មី ២នាក់។ យោងតាមក្រសួងសុខាភិបាលកម្ពុជា ការឆ្លងថ្មី២ករណី ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ គឺបានកើតឡើងនៅថ្ងៃសៅរ៍ ១ករណី និងថ្ងៃអាទិត្យ១ករណី។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៣៤៧ករណី ដែលជាតួលេខឆ្លងបន្តថយចុះថែមទៀតច្រើនដល់ ៩៧៧ករណី បើប្រៀបធៀបការឆ្លងបីថ្ងៃដូចគ្នាកាលពីសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៧ នៅអាស៊ាន រួមមានប្រទេសហ្វីលីពីន, ឥណ្ឌូនេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, កម្ពុជា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសហ្វីលីពីន គឺជាប្រទេស ដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ១៥៤ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសសឹង្ហបុរី, ម៉ាឡេស៊ី និងប្រទេសថៃ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មាន ១៨នាក់…
-
៧ខែនាំអង្ករចេញបានជាង៣៦ម៉ឺនតោន (Video Inside)

កម្ពុជានាំចេញអង្ករជាង៣៦ម៉ឺនតោន ដោយរកចំណូលបានជាង២៥៣លានដុល្លារ ក្នុងរយៈពេល៧ខែ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា, ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ, ការនាំចេញអង្ករចេញ បានជិត៥២% នៃផែនការ៧០ម៉ឺនតោនតែប៉ុណ្ណោះ។ កម្ពុជាបានដាក់ចេញនូវផែនការនាំអង្ករចេញ១លានតោនតាំងពីឆ្នាំ២០១៥ ប៉ុន្តែរយៈពេល ៨ឆ្នាំមកនេះ មិនទាន់បានបំពេញផែនការនោះបាននៅឡើយទេ។ ក្នុងរយៈពេល៧ខែកន្លងមកនេះ ក្រុមហ៊ុនចំនួន៥២ បាននាំចេញអង្ករចេញទៅកាន់គោលដៅផ្សេងៗ ដែលក្នុងនោះសម្រាប់ប្រទេសចិន បានចំនួនជាង១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០លានដុល្លារ, ទៅកាន់៤ប្រទេសជាសមាជិកអាស៊ាន បានចំនួនជាង៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។ កម្ពុជាក្រៅពីអង្ករ នៅបាននាំចេញស្រូវចំនួនជាង ២លានតោនកន្លះផងដែរ ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣លានដុល្លារ។
-
២១គ្រួសាររងគ្រោះដោយទឹកជំនន់ ទទួលបានអំណោយនៅក្រចេះ (Video Inside)

ពលរដ្ឋ២១គ្រួសារនៅខេត្តក្រចេះ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា។ អំណោយកាកបាទក្រហម ដែលនាំយកមកចែកជូនពលរដ្ឋនៅថ្ងៃទី៧សីហាននេះ បានដឹកនាំដោយអភិបាលរងខេត្ត លោក គង់ គីមនី ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់ ដែលបានជម្លៀសមកទីទួលសុវត្ថិភាពនោះ គឺមានចំនួន២១គ្រួសារ ក្នុងនោះស្ត្រីមានផ្ទៃពោះ ៦នាក់ ស្ថិតនៅក្នុងភូមិបល្លង្គ័ ឃុំដំរីផុង ស្រុកឆ្លូង នៃខេត្តក្រចេះ។ ចំពោះអំណោយជាគ្រឿងឧបភោគបរិភោគដែលចែកជូននោះ គឺក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូក្រាម, មុងគ្រែ១, មុងអង្រឹង៣,ធុងចំរោះទឹក១,ទឹកសុទ្ធ១ដបធំ,មី១កេះ, ត្រីខ១ យួរ,សាប៊ូ, ថ្នាំដុសធ្មេញ កន្សែង, សំឡីអនាម័យនារី១ប្រអប់, តង់១ដុំ, ថ្នាំក្លរ៉ាមីន២០គ្រាប់ និង ថវិកា៥ម៉ឺនរៀល។
-
កម្ពុជាទទួលបានមេដាយ៧១គ្រឿង ពីការប្រកួតកីឡានគរបាលអន្តរជាតិនៅកាណាដា (Video Inside)

ការប្រកួតកីឡាប៉ូលីស និងកងពន្លត់អគ្គិភ័យពិភពលោក ក្នុងប្រទេសកាណា បានបញ្ចប់ហើយ ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន៧១គ្រឿង។ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាលនេះ បានធ្វើនៅក្នុងក្រុងវីនីផេក រវាងពីថ្ងៃទី២៨ កក្កដា ដល់៦ សីហា ដោយមានការចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០ នៅលើសកលលោក។ យោងតាមក្រសួងមហាផ្ទៃ, ក្នុងចំណោមមេដាយ៧១គ្រឿង ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្តើមបាន រួមមាន មេដាយមាស៣៣, ប្រាក់២៨ ,និងសំរឹទ្ធ ៩គ្រឿង។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដា។ សម្ដេចបានចាត់ទុកបេសកកម្មនេះថា ជាការរួមចំណែកលើកតម្កើងមោទនភាពជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យលើការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ក្នុងការប្រកួតរយៈពេល៩ថ្ងៃដែលមានវិញ្ញាសារសរុប៦៣កីឡា, កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែចំនួន៤៨នាក់សម្រាប់តែ វិញ្ញាសារចំនួន១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push Pull…