-
ក្រសួងមហាផ្ទៃប្រតិកម្មចំពោះការចោទរបស់អង្គការសង់ត្រាល់ (Video Inside)
ក្រសួងមហាផ្ទៃបានប្រតិកម្មជុំវិញរបាយការណ៍បរទេសមួយ ដែលដកស្រង់សម្តីអង្គការសង់ត្រាល់ ដែលចោទថារាជរដ្ឋាភិបាល និងអង្គការសភាសម្ព័ន្ធសហជីពជាតិកម្ពុជា កំពុងគំរាមចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងអង្គការសង់ត្រាល់។ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធជុំវិញការចោទប្រកាន់ទាំងនេះ។ អប្សរាណិតរាយការណ៍
-
បុរសតខ្សែភ្លើងដាក់ជាប់នឹងរ៉ឺម៉កសារភាពមូលហេតុដែលធ្វើកុមារ១៣ឆ្នាំស្លាប់ (Video Inside)
សមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលតខ្សែភ្លើងដាក់ជាប់នឹងរ៉ឺម៉ក បណ្តាលឱ្យកុមារអាយុ ១៣ឆ្នាំបានស្លាប់។ ហេតុការណ៍បានកើតឡើងវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២កក្កដា ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍មុននេះ បាននិយាយថា មូលហេតុដែលប្តីប្រពន្ធ២នាក់ ជាម្ចាស់រ៉ឺម៉កបានតខ្សែភ្លើងពីក្នុងផ្ទះដាក់ជាប់នឹងរ៉ឺម៉កនៅខាងមុខផ្ទះនោះ គឺបង្កាខ្លាចក្រែងចោរលួច។ ជនសង្ស័យអាយុ៥៤ឆ្នាំ ឈ្មោះ អ៊ាត ចាន់ធឿន បានចេញមុខសារភាព បន្ទាប់ពីបានរត់គេចខ្លួនរហូតដល់ខេត្តព្រះវិហារ ខណៈសពរបស់កុមាររងគ្រោះឈ្មោះ សន វណ្ណា ត្រូវបានដឹកទៅបោះចោលនៅក្រោមដើមឈើធំមួយ ក្នុងខេត្តកំពង់ឆ្នាំង។ បុរសរូបនោះបានរៀបរាប់នូវហេតុការណ៍ដែលបានកើតឡើង។ របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងដែរថា ស្ត្រីជាភរិយារបស់បុរសដឹកបន្លែឈ្មោះ សោម ធូ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។
-
អគ្គស្នងការនគរបាលជាតិចេញបញ្ជាបញ្ឈប់ទង្វើស្ទាក់ចាប់ (Video Inside)
អគ្គស្នងការនគរបាលជាតិ បានចេញបញ្ជាត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះមន្ត្រីនគរបាលចរាចរណ៍ណា ដែលធ្វើសកម្មភាពពួនស្ទាក់ ខណៈតួលេខអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរនេះ មានការកើនគួរឱ្យកត់សម្គាល់។ ការធ្វើសកម្មភាពពួនស្ទាក់របស់នគរបាលចរាចរណ៍ តែងរងការរិះគន់ពីសាធារណជន ប៉ុន្តែសកម្មភាពពួនស្ទាក់នេះ ទើបត្រូវបានលើកឡើងឱ្យបញ្ឈប់ នៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត។ សកម្មភាពពួនស្ទាក់របស់នគរបាលចរាចរណ៍ ត្រូវបានគេរាយការណ៍ជារឿយៗ នូវគ្រោះថ្នាក់ដួលម៉ូតូ ដោយសារតែសមត្ថកិច្ចអនុវត្តច្បាប់ បានចេញស្ទាក់ពីមុខ ឬចាប់ដៃចង្កូតម៉ូតូ បណ្តាលឱ្យអ្នកជិះរងរបួសជាដើម។ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា គេ «ត្រូវបញ្ឈប់នូវការពួនស្ទាក់ដែលងាយនឹងមានបាតុភាពនានាកើតឡើង»។ លោកបានថ្លែងថា «ការអនុវត្តនេះ ត្រូវធ្វើដោយបើកចំហរ ក្នុងនោះមានទាំងការត្រួតពិនិត្យ ការប្រើប្រាស់ល្បឿន និងការត្រួតពិនិត្យជាតិស្រវឹងជាដើម»។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន ១ពាន់ ៥៣៤លើក, បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៧៩៣នាក់ និងរងរបួសចំនួន ២ពាន់ ១១៦នាក់។ តួលេខនេះ ត្រូវគេប្រៀបធៀបថា មានការកើនឡើងជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានមនុស្សស្លាប់ចំនួន ៧៥៦នាក់ និងអ្នករងរបួសចំនួន…
-
ដំណាំស្រូវក្នុងខេត្ត៣ ជាប់ព្រំដែនវៀតណាម រងការបំផ្លាញដោយសត្វរុយស (Video Inside)
យ៉ាងហោចមានខេត្តចំនួន៣ ត្រូវបានសត្វរុយស បំផ្លាញដំណាំស្រូវ ខណៈដង្កូវហ្វូងថ្មីមិនទាន់បានថមថយនៅឡើយ។ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងថា ខេត្តទាំង៣ ដែលកំពុងរងការបំផ្លាញពីពពួកសត្វរុយស នោះរួមមាននៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា ស្រូវស្រែ និងដំណាំកសិកម្ម ដែលរងការបំផ្លាញដោយសត្វរុយសនោះ មានទំហំប៉ះពាល់ធំប៉ុណ្ណាឡើយ។ សត្វរុយស គឺជាសត្វល្អិត មានដងខ្លួនស្រទន់ ដែលគ្របដណ្តប់ដោយស្លាបពណ៌ស និងជាប្រភេទសត្វដែលបំផ្លាញដំណាំស្រូវ។ វដ្តជីវិតរបស់សត្វ រុយស មានរយៈពេល ១៧ទៅ២៤ថ្ងៃ ដែលរុយស១ក្បាល អាចពងបានពីចន្លោះ ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោម នៃស្លឹកស្រូវ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ដើម្បីកម្ចាត់រុយស, ពលរដ្ឋត្រូវចុះពិនិត្យវត្តមានរុយសក្នុងស្រែយ៉ាងតិច២-៣ដង ក្នុងមួយសប្តាហ៍ និងប្រើថ្នាំកសិកម្មបាញ់សម្អាតស្មៅ ដែលជាជម្រករបស់សត្វរុយស។
-
ផ្អាកការងារបណ្តោះអាសន្ននគរបាល និងមន្ត្រីជាប់កិច្ចសន្យា ដែលបង្ករបួសដល់អ្នកជិះម៉ូតូ (Video Inside)
មន្ត្រីនគរបាលចរាចរណ៍ម្នាក់ និងមន្រ្តីកិច្ចសន្យាម្នាក់ទៀត ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារបានធ្វើឱ្យម៉ូតូពលរដ្ឋកំពុងជិះបានដួល។ គ្រោះថ្នាក់នេះ បានកើតឡើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ គ្រាដែលមានសេចក្តីរាយការណ៍តាមបណ្តាញសង្គមនៅថ្ងៃទី២កក្កដាបានចោទថា មាននគរបាលចរាចរណ៍បានស្ទាក់ម៉ូតូ ដោយការចាប់ចង្កូតម៉ូតូ ពេលកំពុងជិះបណ្តាលឲ្យដួលរងរបួស។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យាទាំង ២នាក់នោះ មកសាកសួរ និងខណៈកំពុងធ្វើការស៊ើបអង្កេតនេះ មន្រ្តីចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាទាំងពីររូបនោះ ត្រូវបានផ្អាកការងារបណ្តោះអាសន្នសិន។
-
ក្រសួងការពារជាតិព្រមានបណ្តេញមន្ត្រីក្រោមបង្គាប់បើរកឃើញពាក់ព័ន្ធគ្រឿងញៀន (Video Inside)
រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលព្រមានបណ្តេញចេញពីការងារនូវមន្ត្រីយោធាណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈក្រសួងមហាផ្ទៃ និងក្រសួងស៊ីវិលនានាមួយចំនួន បានអនុវត្តការបណ្តេញចេញនេះ ជាច្រើនខែមកហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា ប្រសាសន៍ព្រមានរបស់រដ្ឋមន្រ្តីការពារជាតិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ មន្ត្រីនាំពាក្យដដែលបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីការពារជាតិដែលបញ្ជាក់ថា «ករណីដែលរកឃើញយោធិនណាម្នាក់ ប្រើប្រាស់នូវគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែងឡើយ»។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅបានជំរុញឱ្យអង្គភាពទាំងអស់ចំណុះក្រសួងការពារជាតិ ត្រូវមានវិធានការម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យរកសារធាតុញៀន ក្នុងជួរកងទ័ពថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានដាក់ចេញបទបញ្ជាដាច់ខាត ប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ ក្នុងរយៈពេល៦៩ថ្ងៃ គិតត្រឹមថ្ងៃទី២៩…
-
ខេត្តបន្ទាយមានជ័យបង្ក្រាបស្លឹកក្រាក់ថំ (Video Inside)
ខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបសារធាតុញៀនម្យ៉ាង ដែលផ្សំមកពីស្លឹកក្រាក់ថំ។ ស្លឹកក្រាក់ថំ គឺជាប្រភេទរុក្ខជាតិម្យ៉ាង ដែលគេផលិតជាទឹកទទួលទាន និងអាហារប្រភេទនេះ បានធ្វើឱ្យមនុស្សញៀន។ ស្លឹកក្រាក់ថំនេះ ត្រូវបានប្រទេសជិតខាងថៃ និងម៉ាឡេស៊ី ធ្លាប់បានបង្ក្រាបជារឿយៗ និងក៏ធ្លាប់ត្រូវបានអាជ្ញាធរខ្មែរ តាមព្រំដែនភាគខាងលិច ធ្លាប់បានបង្ក្រាបកន្លងមកនេះផងដែរ។ អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានថ្លែងនៅថ្ងៃទី២កក្កដាថា កម្លាំងចម្រុះដឹកនាំដោយលោកអភិបាលខេត្ត អ៊ុំ រាត្រី បានចុះទៅពិនិត្យ និងហាមឃាត់ទីតាំងផលិតទឹក នៃស្លឹកក្រាក់ថំនេះ នៅទីតាំងចំនួន ៥កន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ សមត្ថកិច្ចដកហូតសម្ភារៈផលិត ជាមួយនឹងទឹកច្រកដបលិតពីស្លឹកក្រាក់ថំនោះ បានជាច្រើនផងដែរ ។ មិនមានសេចក្តីរាយការណ៍ថា តើស្លឹកក្រាក់ថំនោះ ត្រូវបានកម្ពុជាចាត់បញ្ចូលជាសារធាតុគ្រឿងញៀនដែរឬយ៉ាងណាឡើយ ខណៈដែលស្លឹកក្រាក់ថំនេះ ត្រូវបានប្រទេសជិត ខាងបានចាត់វិធានការបង្ក្រាបរួចមកហើយ។
-
អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នៅក្នុងខេត្តកោះកុង គ្រោងដាក់ប្រើប្រាស់នៅចុងខែសីហា (Video Inside)
មន្ត្រីអាកាសចរស៊ីវិលកម្ពុជាបានថ្លែងថា អាកាសយានដ្ឋានអន្ដរជាតិ «តារាសាគរ» នៅក្នុងខេត្តកោះកុង គ្រោងនឹងដាក់ឱ្យដំណើរការហោះហើរជាលើកដំបូង នៅចុងខែសីហា ឆ្នាំ២០២៤។ មន្ត្រីនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ត្រូវបានគេដកស្រង់សម្តី ដែលប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកនៅថ្ងៃទី២កក្កដាថា គំរោងហោះហើរនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៣០មិថុនា ដែលបានស្នើសុំដាក់ដំណើរការការហោះហើរជាដំបូង នូវកម្រិតក្នុងស្រុក និងឈានជាបណ្តើរៗ ទៅរកការបើកការហោះហើរកម្រិតមធ្យម និងកម្រិតធំ ជាលក្ខណៈអន្តរជាតិនាពេលខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គឺជាការបណ្តាក់ទុន របស់ក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ នៃដំណាក់កាលទី១។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បានដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។
-
សកម្មភាពក្មេងទំនើងនៅតែផុសផុល (Video Inside)
ករណីក្មេងទំនើង នៅតែមានសកម្មភាពគួរឱ្យកត់សម្គាល់។ សមត្ថកិច្ចរាជធានីបានថ្លែងថា ក្មេងទំនើងដែលទើបបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី១កក្កដា គឺជាក្រុមដែលពាក់ព័ន្ធ នឹងករណីឆក់ប្លន់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។ អប្សរាណិតរាយការណ៍
-
ខេត្តត្បូងឃ្មុំដែលអស់គ្រាប់មីន មានមនុស្សស្លាប់ដោយសារមីនតោនផ្ទុះ (Video Inside)
ខេត្តត្បូងឃ្មុំដែលប្រកាសជាខេត្តទី៦ ដែលអស់គ្រាប់មីន មានសេចក្តីរាយការណ៍ អំពីគ្រាប់មីនបានផ្ទុះសម្លាប់បុរសអាយុ ៦៦ឆ្នាំម្នាក់ ដែលបានជីកដីប៉ះចំគ្រាប់មីនតោន។ ហេតុការណ៍ផ្ទុះគ្រាប់មីនតោននេះ បានកើតឡើងវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី១កក្កដា ស្ថិតនៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង នៃស្រុកពញាក្រែក។ ជនរងគ្រោះឈ្មោះ ឡេង ថាន បានប្រើប្រាស់ចបជីក ដើម្បីជីកដីដាក់បង្គោលធ្វើរបងចំការ និងក្នុងពេលកំពុងជីកនោះ ស្រាប់តែប៉ះចំមីនតោន បណ្តាលឱ្យផ្ទុះឡើង បណ្តាលឱ្យបាត់បង់ជីវិត។ ខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសនៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២២ ជាខេត្តទី៦ ដែលអស់គ្រាប់មីន។អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណា ដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន មុនចូលតំបន់នោះ និងសូមកុំប៉ះពាល់ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ ដល់អាជ្ញាធរ មានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។