-
ធនាគារពិភពលោកផ្តល់ហិរញ្ញប្បទានបន្ថែមជិត ៨០លានដុល្លារ លើវិស័យអប់រំ (Video Inside)
ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩លាន ៥សែនដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាព លើវិស័យអប់រំ ប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថាថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន ៦០លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោក សម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩លាន ៥សែនដុល្លារផ្សេងទៀត ពីអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ។ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា «ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺដើម្បីពង្រឹងថែមទៀត នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពក្រីក្រ ក្នុងការសិក្សា និងកសាងមូលធនមនុស្ស ដែលចាំបាច់សម្រាប់ការលូតលាស់ នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។ សេចក្តីប្រកាសព័ត៌មានដែលបានឱ្យដឹងទៀតថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀត នៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១ពាន់ និងសាលាមត្តេយ្យចំនួន ៩០។
-
សម្តេចធិបតីអំពាវនាវសិល្បករលើកតម្កើងវិស័យវប្បធម៌ជាតិ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវសិល្បករត្រូវលើកតម្កើងវិស័យវប្បធម៌ជាតិ ដោយការចៀសវាងនូវទង្វើសម្តែងអសីលធម៌ ឬការសម្តែងណាដែលមានលក្ខណៈអុជអាល ញុះញង់ បំពុលសង្គម និងប្រកាន់ពូជសាសន៍។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ នារសៀលថ្ងៃសុក្រ ទី៣១ ឧសភា ក្នុងរាជធានីភ្នំពេញ។ ពិធីជួបជុំដែលមានមនុស្សចូលរួមប្រមាណជិត ៣ពាន់នាក់នេះ បានរៀបចំឡើង ក្រោមប្រធានបទ «អ្នកស្នងមរតក»។ សម្តេចធិបតីបានថ្លែងដាស់តឿនក្រុមសិល្បករ ត្រូវប្រព្រឹត្តនូវអ្វីដែលជាសីលធម៌ស្អាតស្អំរបស់ខ្មែរ។ សម្តេចធិបតី បានថ្លែងថា សិល្បករគ្រប់ទម្រង់ ត្រូវមានតួនាទីគន្លឹះ ក្នុងការចូលរួមថែរក្សាប្រពៃណី វប្បធម៌ សិល្បៈដ៏ផូរផង់ បន្សល់ទុកពីដូនតា ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លារបស់ខ្មែរ ទៅលើឆាកអន្តរជាតិ ជាពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួង និងសិល្បករ សិល្បការិនី រួមគ្នាថែរក្សាទម្រង់សិល្បៈបុរាណកុំឱ្យបាត់បង់។ សម្តេចបានថ្លែងអំពាវនាវការរៀបចំចងក្រងបង្កើតក្បាច់គុនខ្មែរ ដើម្បីកុំឱ្យបាត់បង់។ សម្តេចធិបតីបញ្ជាក់ថា ការថែរក្សាមរតកដូនតា មានតម្លៃធំធេងណាស់ គ្មានអ្វីអាចមកប្រៀបផ្ទឹមបានឡើយ។
-
រថភ្លើងបុកស្ត្រីធ្វើដំណើរឆ្លងកាត់ម្នាក់នៅខេត្តព្រះសីហនុ (Video Inside)
រថភ្លើងនៃក្រុមហ៊ុន ROYAL RAILWAY បានបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវដែកបណ្តាលឱ្យរងរបួសដៃ និងក្បាលធ្ងន់ធ្ងរ។ នេះជាគ្រោះថ្នាក់ថ្មីមួយទៀតកើតឡើងវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី៣០ឧសភា គ្រាដែលកង្វល់នៃគ្រោះថ្នាក់តាមផ្លូវរថភ្លើង នៅតែកើតមានគួរឱ្យសម្គាល់។ សមត្ថកិច្ចបានថ្លែងថា ស្រ្តីអាយុ ១៩ឆ្នាំឈ្មោះ ជា សុខុមបញ្ញា បានរងគ្រោះថ្នាក់ដោយសារដើរឆ្លងកាត់ដោយគ្មានប្រុងប្រយ័ត្ន ខណៈរថភ្លើង នៃក្រុមហ៊ុន ROYAL RAILWAY បានធ្វើដំណើរមកដល់នៅចំណុចក្រោយផ្សារវាលរេញ ស្ថិតនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់លើស្ត្រីអាយុ១៩ឆ្នាំនោះ បានបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង និងរងការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ខណៈស្ត្រីនោះត្រូវបានបុកខ្ទាតប៉ះនឹងជញ្ជាំងផ្ទះមួយ នៅក្បែរនោះ។ គ្រោះថ្នាក់ចុងក្រោយនេះ បានកើតឡើងក្នុងពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមនឹងបង្កើនចំនួនរថភ្លើងជាច្រើនថែមទៀត ដែលបានទិញមកពីប្រទេសជប៉ុន ដើម្បីធ្វើចរាចរណ៍ផ្លូវដែកសម្រាប់ការដឹកជញ្ជូន។
-
ព្រឹទ្ធសភាកម្ពុជាបង្កើតមិត្តភាពព្រឹទ្ធសភា-រដ្ឋសភា ជាមួយប្រទេសចំនួន១១ (Video Inside)
ព្រឹទ្ធសភាកម្ពុជាបានសម្រេចបង្កើតមិត្តភាពព្រឹទ្ធសភា-រដ្ឋសភា ជាមួយប្រទេសចំនួន១១។ ការបង្កើតនេះ បានធ្វើឡើងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣១ ខែឧសភា។ មិត្តភាពដែលបង្កើតជាមួយនឹងប្រទេសទាំង១១នោះ រួមមាន ព្រឹទ្ធសភា នៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាប្រទេសតួកគី, ព្រឹទ្ធសភា នៃប្រទេសថៃ, រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី ព្រុចសែល នៃប្រទេសប៊ែលហ្ស៊ិក។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដដែលនៅបានបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន សភាប្រើភាសាបារាំង, សហភាពអន្តរសភា, វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក, សភាតំបន់អាស៊ី និងបណ្តាញសភា នៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅបានបង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជាសម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភា ក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមានអន្តរសភាអាស៊ាន, កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម, ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព៕
-
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានអ្នកគាំទ្រលើសចំនួនកំណត់មុនថ្ងៃប្រកាសចាប់ផ្តើម (Video Inside)
មនុស្សជិតបួនម៉ឺននាក់ បានចូលរួមបរិច្ចាកគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា ដែលការទ្រទ្រង់ និងបរិច្ចាគនេះ បានធ្វើនៅមុនការប្រកាសចាប់ផ្តើមយុទ្ធនាការនោះទៅទៀត។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ឆា តាមពិតត្រៀមនឹងរៀបចំធ្វើនៅថ្ងៃទី១មិថុនានេះ ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ក្រោមការអញ្ជើញចូលរួមជាអធិបតីដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើសារលិខិតអបអរទិវាកុមារ (Video Inside)
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានអំពាវនាវ ៩ចំណុច ក្នុងសារលិខិតមួយ អបអរខួបលើកទី៧៥ ទិវាអន្តរជាតិ១មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤។ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនាឆ្នាំនេះ ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ចំណែកទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា បានស្ថិតក្រោមប្រធានបទ «រូមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទំរង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ»។ សម្តេចធិបតីក្នុងសារលិខិតអបអរទិវាកុមារពាក់ព័ន្ធនឹងប្រធានបទក្នុងឆ្នាំ២០២៤នេះ បានសរសេរថា «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់ ការប្រើប្រាស់ទំរង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងការងារដោយបង្ខំ តាមរយៈការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ពលកម្មកុមារ និងការងារដោយបង្ខំ និងពង្រឹងយន្តការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំ ជាពិសេសលើវិស័យមុខរបរ និងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់»។ សម្តេចធិបតីក្នុងចំណុចអំពាវនាវនៃខ្លឹមសារទី២បានសរសេរថា «ក្រសួងស្ថាប័នគ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈការទូន្មានប្រៀនប្រដៅ បែបវិជ្ជមាន ចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពាន លើកុមារគ្រប់រូបភាព ទាំង Off-line និង On-line ឱ្យបានសមស្រប និងទាន់ពេលវេលា»។
-
ព្យាករណ៍ប្រចាំសប្តាហ៍ (Video Inside)
ភ្លៀងនឹងបន្តធ្លាក់ច្រើនជាងសប្តាហ៍មុនថែមទៀត ខណៈកម្ពុជារងឥទ្ធិពលនៃសម្ពាធទាប។ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសាទតូចៗ ជាពិសេសនៅក្នុងតំបន់ឆ្នេរសមុទ្ទ។ អប្សរាណិតរាយការណ៍
-
ក្រសួងសង្គមកិច្ចចុះកិច្ចព្រមព្រៀងតម្លៃ ២៤លានដុល្លារ ជាមួយអង្គការចំនួន១២ (Video Inside)
ក្រសួងសង្គមកិច្ច បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន១២ លើគម្រោងអភិវឌ្ឍ ក្នុងទំហំថវិកាជាង ២៤លានដុល្លារ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាទាំង១២ ដែលក្នុងនោះរួមមាន អង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន៦ បានផ្ដោតលើវិស័យ ៣ធំៗសំខាន់រួមមាន៖ទី១.សុខុមាលភាពកុមារ ទី២. គាំពារជនរងគ្រោះ និងទី៣.ពិការភាព។ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ស៊ូនី វង្សវិសិដ្ឋ បានចុះហត្ថលេខាជាមួយអង្គការក្រៅរដ្ឋាភិបាលទាំង១២នោះ នៅថ្ងៃទី៣០ ខែឧសភា ដែលការអនុវត្តនឹងផ្តោតលើក្រុមគោលដៅជាកុមារ, គ្រួសារ, មនុស្សចាស់, ជនមានពិការភាព និងជនរងគ្រោះក្នុងគំរោងរយៈពេលរវាងពីឆ្នាំ២០២៤ដល់២០២៧។ មន្ត្រីក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណចំពោះបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបន្តកិច្ចព្រមព្រៀងគម្រោងជាថ្មីទៀត និងសូមស្វាគមន៍ចំពោះសមាគមអង្គការថ្មី ដែលបានស្នើសុំចុះកិច្ចព្រមព្រៀងគម្រោង ក្នុងការបង្កើតភាពជាដៃគូជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់រយៈពេល៣ឆ្នាំទៅមុខទៀតនេះ។ បណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានថ្លែងប្តេជ្ញាថា នឹងបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
-
សម្តេចធិបតីទទួលជួបស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao (Video Inside)
ស្តេចប្រដាល់ហ្វីលីពីនលោក Manny Pacquiao បានទទួលការអនុញ្ញាតចូលជួបសម្តែងការគួរសម ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នៅថ្ងៃទី៣០ឧសភា។ លោក Manny Pacquiao អាយុ៤៥ឆ្នាំ គឺជាអ្នកប្រដាល់អាជីពម្នាក់ ដែលមានឈ្មោះល្បីល្បាញ នៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ី គេបានចាត់ទុកលោកជាស្តេចប្រដាល់ដ៏ល្បីល្បាញមួយ ប៉ុន្តែភាពដ៏អស្ចារ្យ នៃកីឡាករកម្ពុជា នៃក្បាច់ប្រដាល់គុនខ្មែរ បានទាក់ទាញអារម្មណ៍របស់លោក ចំពោះប្រទេសកម្ពុជាជាខ្លាំង។ ដំណើររបស់លោក Manny Pacquiao គឺមកចូលរួមទស្សនាព្រឹត្តិការណ៍សង្វៀនហនុមាន គុនខ្មែរ នៅទីក្រុងកោះពេជ្រ នាថ្ងៃទី៣១ ខែឧសភា ខាងមុខនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរូបភាពបង្ហោះការចាប់ដៃជាមួយនឹងលោក Manny Pacquiao បានសរសេរថា «ស្វាគមន៍លោក ម៉ានី ប៉ាគីអាវ មកកាន់ប្រទេសកម្ពុជា»។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានថ្លែងបង្ហាញនូវក្តីរំភើបរីករាយ និងចាត់ទុកថា ដំណើរចូលរួមទស្សនារបស់ស្តេចប្រដាល់ហ្វីលីពីននេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រថ្មីមួយទៀត ដែលនឹងជំរុញវិសាលភាព «គុនខ្មែរ» កាន់តែល្បីល្បាញលើឆាកអន្ដរជាតិ។
-
សម្តេចធិបតីបញ្ជាខេត្តតាកែវស្វែងរកក្មេងទំនើងដេញកាប់គ្នា (Video Inside)
ករណីក្មេងទំនើងត្រូវគេរាយការណ៍ថា មានសភាពស្ងប់ស្ងាត់ក្នុងរាជធានី ប៉ុន្តែតាមខេត្តមួយចំនួនទៀត នៅមិនទាន់ស្ងប់នៅឡើយទេ។ នៅក្នុងខេត្តតាកែវ ក្មេងទំនើងត្រូវបានបណ្តាញសង្គមបង្ហោះនូវរូបភាពដេញកាប់គ្នា ដោយប្រើដាវសាមូរ៉ៃ នាកណ្តាលថ្នល់ក្នុងម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បញ្ជាក់ឱ្យខេត្តតាកែវ ត្រូវរកឃើញមុខសង្ស័យក្មេងទំនើងទាំងនោះ។ អប្សរាណិតរាយការណ៍