-
ពលការីនីខ្មែរ ១៥នាក់ ដែលគេបោកប្រាស់ធ្វើការនៅប្រទេសអារ៉ាប់សាអ៊ូឌីត វិលត្រឡប់មកមាតុប្រទេស (Video Inside)
ពលការីនីខ្មែរ ១៥នាក់ ដែលគេបោកប្រាស់ឱ្យទៅធ្វើការនៅក្នុងប្រទេសអារ៉ាប់សាអ៊ូឌីត បានវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤ ក្រោមការជួយសម្រួបសម្រួល ពីរាជរដ្ឋាភិបាល។ ការវិលត្រឡប់មកមាតុប្រទេសវិញនេះ បានធ្វើឱ្យចំនួនពលការីនី ដែលរងការបោកប្រាស់ធ្វើការនៅក្នុងប្រទេសអារ៉ាប់សាអ៊ូឌីតនោះ មានសរុបចំនួន ៧៨នាក់រួចហើយ។ អំពើបោកប្រាស់ក្នុងវិស័យការងារនេះ ត្រូវបានគេរាយការណ៍ធ្លាប់កើតមានជាច្រើន លើប្រទេសនានា ក្នុងសកលលោក ដោយសារតែពលករជឿលង់ ការចាញ់បោកមេខ្យល់ ដែលសន្យាថានឹងផ្តល់ប្រាក់ខែ។ ពលការិនីខ្មែរដែលវិលមកវិញនោះ ត្រូវបានទទួលយ៉ាងកក់ក្តៅ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ រហូតមកទល់ពេលនេះ ពលការិនីសរុបចំនួន ៧៨នាក់ ដែលវិលត្រឡប់មកវិញ ទទួលបានការផ្សព្វផ្សាយពីឱកាសការងាររាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក, ការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយឥតគិតថ្លៃ រួមទាំងទទួលបានការពិនិត្យសុខភាពថែមទៀតផង មុននឹងការជូនដំណើរទៅកាន់គេហដ្ឋាន។
-
កម្ពុជាចូលរួមជាមួយពិភពលោកប្រារព្ធទិវាបរិស្ថាន (Video Inside)
កម្ពុជាបានចូលរួមជាមួយនឹងពិភពលោកប្រារព្ធទិវាបរិស្ថាន ទាំងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។ ពិភពលោកតែងប្រារព្ធទិវាបរិស្ថាន World Environment Day រៀងរាល់ថ្ងៃទី៥មិថុនា ដើម្បីការលើកទឹកចិត្ត និងបង្កើនការយល់ដឹងដល់មនុស្សលើផែនដី ជុំវិញសកម្មភាពការពារបរិស្ថាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារតាមបណ្តាញសង្គមនាថ្ងៃទី៥មិថុនានេះ បានសរសេរថា «អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៨ ក្រោមប្រធានបទ ”ការកែប្រែគុណភាពដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត“។ ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសខ្លះអាស៊ីខាងត្បូង ដូចជាប្រទេសឥណ្ឌា និងប៉ាគីស្ថានជាដើម ក្នុងឆ្នាំ២០២៤នេះ បានរងនឹងការកើនកម្តៅក្តៅបែកក្រហែង ដែលកម្រិតសីតុណ្ហភាពមានជាង ៤០អង្សាសេ។ នៅប្រទេសក្នុងអាស៊ីខាងត្បូងនោះ សីតុណ្ហភាពកម្តៅបានកើនឡើងដល់ ៥០អង្សាសេ និងខ្ពស់ជាងនេះថែមទៀត។ ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានបានថ្លែងថា ក្នុងឆ្នាំ២០២៤នេះទៀត ការធ្វើអាជីវកម្មរ៉ែតាមបណ្តាប្រទេសមួយចំនួន លើសកលលោក បានបង្កើតជាធូលី និងជាតិពុលបង្កឱ្យគុណភាព ខ្យល់ល្អ កាន់ធ្លាក់ចុះ។ ក្រុមអ្នកវិទ្យាសាស្ត្របរិស្ថានបានថ្លែងទៀតថា ផលប៉ះពាល់ដល់បរិស្ថានមួយចំណែកទៀតនោះ គឺការបំផ្លាញទីជំរកសត្វមានជីវិត ក្នុងព្រៃ, ជំរកព្រៃលិចទឹក, ការបំពុលទឹក និងដី គឺជាក្តីបារម្ភដែលនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស។ ទិវាបរិស្ថានពិភពលោកដែលកម្ពុជា និងប្រទេសទាំងឡាយ បានប្រារព្ធនៅថ្ងៃទី៥មិថុនានេះ ត្រូវបានគេឧទ្ទិសសូមកុំឱ្យមនុស្សធ្វើសកម្មភាពអ្វី…
-
អាជ្ញាធរស៊ើបអង្កេតភាពសង្ស័យមិនប្រក្រតីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្ត (Video Inside)
អាជ្ញាធរកំពុងស៊ើបអង្កេតលើករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ដែលគេសង្ស័យពាក់ព័ន្ធភាពមិនស្របច្បាប់ ទាក់ទងនឹងករណីដោះលែងជនជាតិចិន ៨រូប ដែលឆ្លងដែនខុសច្បាប់ ចូលមកក្នុងទឹកដីកម្ពុជា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានហៅការដោះលែងនោះជា «ករណីមិនប្រក្រតី»។ ជនជាតិចិន ៨រូបនោះ គឺជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ មកក្នុងទឹកដីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើការចាប់ និងដោះលែងទៅវិញនោះ បានកើតឡើងនៅថ្ងៃណាឡើយ។ យោងតាមក្រសួងមហាផ្ទៃ ជនជាតិចិនទាំង ៨នាក់នោះ ត្រូវបានព្រះរាជអាជ្ញារងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែង ចេញលិខិតដោះលែងដោយមិនបានធ្វើលិខិតប្រគល់ ទទួល ជនជាតិចិន ឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការបណ្តេញចេញពីកម្ពុជាឡើយ។ ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលចូលរួមដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីស្វែងរកមូលហេតុពាក់ព័ន្ធអ្វីខ្លះ បានបណ្តាលឱ្យមានការដោះលែងជនជាតិចិនឆ្លងដែនខុសច្បាប់នេះ ដោយមិនអនុវត្តតាមនីតិវិធី?។ គណៈកម្មការចំពោះកិច្ចដើម្បីស៊ើបអង្កេតនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ ប៉ុន្តែរហូតដល់ជាងមួយខែមកនេះ ការស្រាវជ្រាវនៅមិនទាន់បានបញ្ចេញឱ្យដឹងជាផ្លូវការឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់នៅថ្ងៃទី៥មិថុនាថា ករណីស៊ើបអង្កេតនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។
-
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទស្សនកិច្ចវៀតណាម (Video Inside)
មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ កំពុងបំពេញទស្សនកិច្ចបីថ្ងៃ ក្នុងប្រទេសវៀតណាម ដែលជាទស្សនកិច្ច «បង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរអង្វែង» រវាងកម្ពុជា និងវៀតណាម។ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។ ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី៥ដល់៧មិថុនា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជួបសម្តែងការគួរសម ជាមួយឧត្តមសេនីយ៍ឯកបម្រុង ទៀង តិនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាមលោក ឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ងៀ «ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យយោធា រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។ សេចក្តីប្រកាសព័ត៌មានកងទ័ពជើងគោកបានសរសេរថា ដំណើរទស្សនកិច្ចនេះ គឺនឹងបង្ហាញពីការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងដ៏យូរអង្វែង ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ក៏ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រជាជាតិទាំងពីរផងដែរ»៕
-
កំពង់ផែពហុបំណងកំពតតម្លៃ ១៥០០លានដុល្លារ សម្ពោធថ្ងៃទី៦មិថុនា (Video Inside)
សម្តេចធិបតីគ្រោងនឹងអញ្ជើញបើកសម្ពោធឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពតតម្លៃ ១ពាន់ ៥០០លានដុល្លារ នៅថ្ងៃព្រហស្បតិ៍ទី៦មិថុនា។ នេះជាកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតរបស់កម្ពុជា ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦ម៉ឺនតោន ដល់ ១០ម៉ឺនតោន អាចចូលសំចតបាន។ កំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត មានទីតាំងស្ថិតនៅក្នុងភូមិគីឡូ១២ ក្នុងសង្កាត់កោះតូច និងក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ កំពង់ផែមានវិសាលភាពលើផ្ទៃដីគោកទំហំ២០៧ហិកតា និងលើផ្ទៃទឹក៦៧៨ហិកតា។ វិសាលភាពដែនគោក គឺជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ គឺជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាល បានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែនោះ៕
-
ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ជួយគុយបា ក្នុងរបៀបផលិតស្រូវអង្ករ (Video Inside)
ប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជា បានបង្ហាញនូវគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវអង្ករ ដើម្បីកាត់បន្ថយការនាំចូល។ ការបង្ហាញនូវគម្រោងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ប្រទេសគុយបា គឺជាប្រទេសដែលធ្វើស្រូវមិនបានល្អដូចកម្ពុជាឡើយ។ ទិន្នផលស្រូវផលិតដោយកសិករគុយបា ត្រូវគេរាយការណ៍ថា មិនបានគ្រប់គ្រាន់ តាមតម្រូវការឡើយ។ ប្រទេសគុយបា តែងចំណាយថវិកាទិញនាំចូលអង្ករ ក្នុងមួយឆ្នាំៗជាច្រើនរយលានដុល្លារ។ សម្តេចតេជោបានថ្លែងថា ប្រទេសគុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែង ពីព្រោះបច្ចុប្បន្ន គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀង ដែលជាបញ្ហាសំខាន់ ត្រូវយកចិត្តទុកដាក់ដោះស្រាយ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវ ដោយប្រើរយៈពេលខ្លី ដោយប្រើទឹកតិច និងអាចជួយដល់គុយបា ជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបា កំពុងតែទទួលរងនូវការហ៊ុមព័ទ្ធទណ្ឌកម្មសេដ្ឋកិច្ច។
-
៥ខែដើមឆ្នាំបង្ក្រាបគ្រឿងញៀនជិត ៥តោន (Video Inside)
គ្រឿងញៀនបានជិត៥តោន និងជនសង្ស័យចំនួនជាង ៩ពាន់នាក់ ត្រូវបានចាប់ខ្លួន និងបង្ក្រាប ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ។ តួលេខនេះមានការកើនឡើង ២៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន គិតចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០២៤, ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ដែលត្រូវបានចាប់ខ្លួន មានចំនួន ៩ពាន់ ៣៦៩នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន គឺមានចំនួន ៧ពាន់ ២៣០នាក់។ របាយការណ៍ដដែលបានបន្តថា ក្នុងចំណោមជនសង្ស័យទាំង ៩ពាន់ ៣៦៩នាក់នេះ មានជនសង្ស័យចំនួន ៣២៤នាក់ ជាជនបរទេស ដែលមាន ១៣សញ្ជាតិផ្សេងៗគ្នា។ គ្រឿងញៀនដែលរឹបអូសបាន មានចំនួនសរុប ៤,៧១តោន ដែលចំនួននេះកើនឡើងខ្លាំង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយក្នុងរយៈពេល៥ខែដើមឆ្នាំមុននោះ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានតែជាង ៧៨០គីឡូក្រាមប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងកត់សម្គាល់ថ្មីៗនេះថា «ភាគច្រើននៃគ្រឿងញៀន និងសារធាតុគីមីផ្សំ ដែលបាននិងកំពុងចរាចរណ៍ដោយការកែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមក តាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ»។ លោករដ្ឋមន្ត្រីបានដាក់បញ្ជាឱ្យមានការរឹតបន្តឹងការបង្ក្រាបសារធាតុគីមីច្នៃ…
-
ព្រៃលិចទឹកជំរកត្រីពងប្រមាណជិតមួយហិកតារងការបំផ្លាញនៅកំពង់ឆ្នាំង (Video Inside)
ព្រៃលិចទឹកដែលជាសំបុកត្រីពងកូន និងជាសំបុកជម្រកសត្វស្លាប ក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេប្រទះឃើញរងការកាប់បំផ្លាញពីក្រុមជនអនាមិក។ យោងតាមសេចក្តីរាយការណ៍របស់រដ្ឋបាលជលផលផ្សារឆ្នាំង នៃក្រុងកំពង់ឆ្នាំង ចំណុចដែលត្រូវបានក្រុមមនុស្សមិនស្គាល់មុខកាប់បំផ្លាញនោះ ស្ថិតនៅចំណុចបាតអាងទំនប់តាមេវ ក្នុងទំហំប្រមាណជិត ១ហិចតា ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង នៃក្រុងកំពង់ឆ្នាំង។ សេចក្តីរាយការណ៍របស់អាជ្ញាធរបានសន្និដ្ឋានថា អំពើកាប់បំផ្លាញជំរកព្រៃលិចទឹកនេះ ទើបបានធ្វើរយៈពេលប្រមាណ ២សប្តាហ៍មកនេះ ដោយក្រុមជនល្មើសបានកាប់បំផ្លាញយកដើមឈើធំៗ ជាព្រៃលិចទឹកនោះ ធ្វើជាសម្រាស់បោះចូលក្នុងទឹកទន្លេដើម្បីចាប់ត្រី និងក៏អាចទន្ទ្រានយកដីទាំងនោះ ធ្វើចំការជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ដឹកនាំដោយលោក តាត សីហាក់ បានថ្លែងថា គេកំពុងតាមដានស្រាវជ្រាវស្វែងរកជនល្មើសដែលបានប្រព្រឹត្តអំពើខុសច្បាប់ទាំងនេះ។
-
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ស្វែងរកម្ចាស់ម៉ូតូដែលចោរបានលួច (Video Inside)
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រកាសស្វែងរកម្ចាស់ម៉ូតូ ក្រោយការរកឃើញម៉ូតូចំនួន ៥គ្រឿង ដែលគេជឿថា ជាម៉ូតូក្រុមចោរបានលួចយកទៅដាក់លក់។ ការប្រកាសរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើនៅថ្ងៃទី៤មិថុនានេះ បន្ទាប់ពីជនសង្ស័យចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួនជាមួយនឹងម៉ូតូចំនួន ៥គ្រឿង ដែលគេបានរកឃើញដាក់លក់នៅចំណុចភូមិកន្ទុងព្រិច, ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ម៉ូតូទាំង៥ សមត្ថកិច្ចប្រកាសស្វែងរកម្ចាស់នោះរួមមាន៖ ១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកំពត 1E-0418. ២.ម៉ូតូហុងដា C125 ពណ៌ខ្មៅ ស្លាកលេខតាកែវ 1AA-7212. ៣.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខព្រះវិហារ 1E-3770. ៤.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1AB-6385. ៥.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1V-4011. ជនសង្ស័យទាំង៤ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣មិថុនា ជាពលរដ្ឋដែលមានទីលំនៅ នៅក្នុងស្រុកព្រៃកប្បាស, ស្រុកអង្គបុរី និងស្រុកសំរោង ខេត្តតាកែវ។
-
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងស្នើទិញឧបករណ៍ការពាររន្ទះ (Video Inside)
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គេគ្រោងនឹងស្នើរាជរដ្ឋាភិបាល ដើម្បីទិញឧបករណ៍ការពាររន្ទះ ខណៈមនុស្សរងគ្រោះដោយសាររន្ទះបាញ់មានចំនួនច្រើន គួរកត់សម្គាល់។ ការលើកឡើងនូវគំរោងស្នើទិញឧបករណ៍ការពាររន្ទះបាញ់នេះ បានធ្វើឡើងដោយទេសរដ្ឋមន្ត្រី គន់ គីម ដែលជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី៤មិថុនា ក្នុងរាជធានីភ្នំពេញ។ គ្រោះធម្មជាតិរន្ទះបាញ់ក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្សច្រើនសិបនាក់ក្នុងមួយឆ្នាំៗ និងមិនមានឆ្នាំណាដែលគ្មានអ្នករងគ្រោះដោយសារគ្រោះរន្ទះបាញ់ឡើយ ដោយសារតែកម្ពុជា មិនទាន់បានដាក់ប្រព័ន្ធការពារបង្ការន្ទះបាញ់ បានគ្រប់សព្វកន្លែងទូទាំងប្រទេសឡើយ។ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា លោកនឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យអំពីថវិកា ក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះបាញ់ ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា។ លោកថ្លែងថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។ គ្រោះធម្មជាតិដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលកន្លះខែនៅក្នុងខែឧសភា កន្លងមកនេះ បានធ្វើឱ្យមនុស្សស្លាប់ និងរបួសចំនួន ៥០នាក់, ផ្ទះពលរដ្ឋជាង ១ពាន់ខ្នង និងហេរដ្ឋារចនាសម្ព័ន្ធមួយចំនួន រងផលប៉ះពាល់ និងខូចខាត។