Category: កម្មវិធីព័ត៌មាន

  • រដ្ឋបាលរាជធានី កែសម្រួលប្រព័ន្ធចរាចរណ៍ នៅរង្វង់មូលគួចកាណុង (Video Inside)

    រដ្ឋបាលរាជធានី កែសម្រួលប្រព័ន្ធចរាចរណ៍ នៅរង្វង់មូលគួចកាណុង (Video Inside)

    ភាពកកស្ទះនៅចំណុចរង្វង់មូលគួចកាណុង នៃខណ្ឌដូនពេញ ដែលមានស្ទើររៀងរាល់ព្រឹក និងរៀងរាល់ល្ងាច បានជំរុញឱ្យរដ្ឋបាលរាជធានី សម្រេចចិត្តកែសម្រួលប្រព័ន្ធចរាចរណ៍សាជាថ្មីនៅទីនោះ។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលរាជធានីនឹងដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស, ដាក់ខឿនបែកចែកទ្រូងផ្លូវ លើមហាវិថីព្រះមុន្នីវង្ស ចាប់ពីច្រមុះជ្រូករង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០, រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះ ទៅវត្តភ្នំចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០, និងរៀបចំផ្លូវទ្វេទិស មានទិសដៅទៅ និងមកចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំពេញ។ គម្រោងកែសម្រួលប្រព័ន្ធចរាចរណ៍ថ្មីនេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី៧ មិថុនា ឆ្នាំ២០២៤នេះហើយ។

  • ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ឃាត់ក្មេងទំនើងជិត ៣០នាក់ ជក់បារី និងផឹកស៊ីប៉ោឡែតាមថ្នល់ (Video Inside)

    ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ឃាត់ក្មេងទំនើងជិត ៣០នាក់ ជក់បារី និងផឹកស៊ីប៉ោឡែតាមថ្នល់ (Video Inside)

    ក្មេងទំនើងប្រុសស្រីជិត ៣០នាក់ ដែលនាំគ្នាជួបជុំជក់បារីអេឡិចត្រូនិច និងផឹកស៊ីប៉ោឡែ តាមផ្លូវនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ត្រូវកម្លាំងនគរបាលបានចុះប្រមូលអប់រំ និងណែនាំ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងច្បារអំពៅ បានថ្លែងថានៅថ្ងៃទី៦ និង៧មិថុនានេះ សមត្ថកិច្ចបានចុះប្រមូលក្មេងទំនើងប្រុសស្រី ដែលជួបជុំជក់បារីអេឡិចត្រូនិច និងផឹកស៊ីតាមផ្លូវសាធារណៈ សរុបចំនួន ២៨នាក់។ សមត្ថកិច្ចបានថ្លែងថា គោលដៅដែលបានចុះបង្ក្រាបនោះ គឺមួយកន្លែងស្ថិតនៅចំណុចបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនៅមូលដ្ឋានខណ្ឌច្បារអំពៅ។ ក្មេងទំនើងទាំងនេះ ត្រូវបានឱ្យធ្វើកិច្ចសន្យារាងចាល និងឱ្យអ្នកអាណាព្យាបាលមកធានា ដើម្បីវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំវិន័យដ៏តឹងតែងមួយ ដើម្បីអប់រំក្មេងទំនើង ឱ្យពួកគេក្លាយជាក្មេងល្អ និងមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។

  • សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងនៅតាកែវ (Video Inside)

    សមត្ថកិច្ចបន្តបង្ក្រាបក្មេងទំនើងនៅតាកែវ (Video Inside)

    សមត្ថកិច្ចបានបន្តបង្ក្រាបក្មេងទំនើង ខណៈប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់សាជាថ្មីថា នឹងមិនមានករណីលើកលែងដល់ក្រុមក្មេងទំនើងប្រើដាវសាមូរ៉ៃដេញកាប់គ្នានោះឡើយ។ នៅក្នុងខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤, ក្មេងទំនើង៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីវាយគ្នា និងប្រើប្រាស់អាវុធខុសច្បាប់។ ការឃាត់ខ្លួននេះ គឺបានធ្វើឡើងនៅក្នុងវិទ្យាល័យហេងសំរិនព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៦ មិថុនា នៅក្នុងពិធីសម្ពោធមួយ នៅក្នុងខេត្តកំពតបញ្ជាក់ថា ករណីក្មេងទំនើងនឹងមិនលើកលែងឡើយ។ សម្តេចធិបតីបានថ្លែងថា យុវជនជាសិស្សសាលា ត្រូវប្រកួតប្រជែងគ្នាលើការងាររៀនសូត្រ ឬកិច្ចការបំរើសង្គម ប៉ុន្តែមិនមែនការប្រជែងដោយប្រើដាវដេញកាប់គ្នានោះទេ។ យោងតាមក្រសួងយុត្តិធម៌ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង មានចំនួន ៧៣ករណី ដែលមានជនសង្ស័យចំនួន ៤៧៨នាក់ ក្នុងនោះតុលាការបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៣២០នាក់ និងនៅមានក្មេងទំនើងរត់គេចខ្លួនចំនួន ១៥៨នាក់ថែមទៀត៕

  • សមត្ថកិច្ចថ្លែងថា ជនសង្ស័យគ្រឿងញៀន បាញ់សម្លាប់ខ្លួន ពេលស្ថិតក្នុងរង្វង់ឡោមព័ទ្ធ (Video Inside)

    សមត្ថកិច្ចថ្លែងថា ជនសង្ស័យគ្រឿងញៀន បាញ់សម្លាប់ខ្លួន ពេលស្ថិតក្នុងរង្វង់ឡោមព័ទ្ធ (Video Inside)

    ជនសង្ស័យគ្រឿងញៀនម្នាក់ ដែលរងការឡោមព័ទ្ធពីសមត្ថកិច្ច ត្រូវគេរាយការណ៍ថា បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបាញ់ជាច្រើនគ្រាប់ដាក់មកលើសមត្ថកិច្ច។ ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងនេះ បានធ្វើវេលាម៉ោង៥កន្លះល្ងាចទី៧មិថុនា ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង នៃភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលបាញ់សម្លាប់ខ្លួនឯងឈ្មោះ ហ៊ុំ បូរិន្ទ អាយុប្រមាណ ៤០ឆ្នាំ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។ ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនោះ បានរងការឡោមព័ទ្ធពីសមត្ថកិច្ច និងសាក្សីនិយាយថា ជនសង្ស័យគ្រឿងញៀននោះ បានបាញ់ដាក់លើសមត្ថកិច្ចច្រើនគ្រាប់ ក្នុងពេលចង់រំដោះខ្លួនចេញពីរង្វង់ឡោមព័ទ្ធ ប៉ុន្តែសមត្ថកិច្ចបានហ៊ុំព័ទ្ធបរិវេណនោះ មិនអាចគេចរួចបានឡើយ។ សេចក្តីរាយការណ៍ខ្លះនិយាយថា មានការផ្ទុះអាវុធតទល់គ្នារវាងសមត្ថកិច្ច និងជនសង្ស័យ ប៉ុន្តែសមត្ថកិច្ចបានបដិសេធថា មិនបានបាញ់តបតទៅវិញឡើយ។ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ ឃីងសារ៉ាត់ បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ជុំវិញជនសង្ស័យបាញ់សម្លាប់ខ្លួន។ លោកឧត្តមសេនីយ៍ ឃីង សារ៉ាត់ បានថ្លែងបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ ២នាក់ ក្នុងប្រតិបត្តិបង្ក្រាបនោះ។

  • ក្រសួងវប្បធម៌ព្រមានក្រុមសិល្បៈដែលសម្តែងសកម្មភាពអសីលធម៌ (Video Inside)

    ក្រសួងវប្បធម៌ព្រមានក្រុមសិល្បៈដែលសម្តែងសកម្មភាពអសីលធម៌ (Video Inside)

    ក្រសួងវប្បធម៌ បានណែនាំដល់ក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពអសីលធម៌ និងព្រមានដាក់ទោសច្បាប់ បើសិនមិនរាងចាល។ សេចក្តីណែនាំថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើឡើងក្រោយការបង្ហោះវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញភាពអសីលធម៌របស់ក្រុមសិល្បៈមួយចំនួន នៅក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍ ដែល «បង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ»។ ក្រសួងវប្បធម៌បានហៅការសម្តែងនោះថា «ជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល»។ សេចក្តីណែនាំនិងអំពាវនាវរបស់ក្រសួងបានសរសេរថា «សូមក្រុមសិល្បៈនានា ដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទំលាប់ដ៏ថ្លៃថ្លារបស់ជាតិ ដែលជាកេរដំណែលពីដូនតាមក»។ សេចក្តីណែនាំដដែលបានព្រមានថា «ក្នុងករណីនៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ, វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ ដែលមានជាធរមាន»។

  • កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ បិទបញ្ចប់ (Video Inside)

    កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ បិទបញ្ចប់ (Video Inside)

    កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ ក្រោយដំណើរការរយៈពេល ១ថ្ងៃ នៅក្នុងខេត្តសៀមរាប។ កិច្ចប្រជុំបានចេញនូវសេចក្តីថ្លែងការណ៍រួម១២ចំណុចជាមួយការ «បញ្ជាក់ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្តៅធានាឱ្យមានប្រសិទ្ធភាព នៃការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ២០២៥ និងចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០៤៥ ក្នុងការប្រឈមនឹងបញ្ហាជាសកលនិងក្នុងតំបន់»។ កិច្ចប្រជុំបានអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍លើកទី៨៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ និង៥មិថុនា នៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ កិច្ចប្រជុំនៅកម្ពុជានេះ គឺជាផ្នែកមួយនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីអាស៊ានលើកទី២០នេះ។ សេចក្តីថ្លែងការណ៍រួមបានសរសេរថា កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២១ នឹងត្រូវធ្វើនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែមិថុនា ឆ្នាំ២០២៥។

  • សម្តេចធិបតីអំពាវនាវការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ត្រូវផ្តល់តម្លៃសីលធម៌ (Video Inside)

    សម្តេចធិបតីអំពាវនាវការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ត្រូវផ្តល់តម្លៃសីលធម៌ (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ឱ្យចំគោលដៅ ដែលប្រជាជនត្រូវការ និងចៀសវាងភាពគ្រោះថ្នាក់ដែលសង្គមមិនត្រូវការ។ ប្រសាសន៍ថ្លែងនេះ បានធ្វើឡើងក្នុងពិធីចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ២០ ដែលប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប។ សម្តេចធិបតីជាមួយនឹងប្រសាសន៍កោតសរសើរការបង្កើតឡើងនូវបច្ចេកវិទ្យាថ្មីៗ ដែលបានជួយពង្រឹងដល់សមត្ថភាពមនុស្ស បានថ្លែងដាស់តឿនថា ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី AI ត្រូវមានការបញ្ចូលនូវការគិតពិចារណាក្រមសីលធម៌, បរិយាបន្នភាព, តម្លាភាព, ភាពត្រឹមត្រូវ និងឯកជនភាពទិន្នន័យ។ បច្ចេកវិទ្យា AI ត្រូវគេឃើញមានមនុស្សមួយចំនួន បានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ ជាពិសេសការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ការប្រើប្រាស់ក្នុងគោលដៅមិនត្រឹមត្រូវនោះ បានបណ្តាលឱ្យអ្នកដែលគ្មានការយល់ដឹងជាមូលដ្ឋាន លើកិច្ចការមួយចំនួន មិនអាចស្វែងយល់ដឹងថា តើព័ត៌មានមួយណាជាព័ត៌មានមិនពិត និងមួយណាជាព័ត៌មានពិតនោះឡើយ។ សម្តេចធិបតីបានបង្ហាញការជឿជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់នៅក្នុងការជំរុញ កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍, គួរតែត្រូវខិតខំ តស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់ នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន ដែលពឹងផ្អែកយ៉ាងខ្លាំង ទៅលើគោលការណ៍ពហុភាគី ដែលឈរលើមូលដ្ឋាន នៃស្ថិរភាព, សន្តិភាព,…

  • កម្ពុជាបញ្ជាក់ការមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលគ្មានអញ្ជើញរុស្ស៊ីឱ្យចូលរួមឡើយ (Video Inside)

    កម្ពុជាបញ្ជាក់ការមិនចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលគ្មានអញ្ជើញរុស្ស៊ីឱ្យចូលរួមឡើយ (Video Inside)

    កម្ពុជាបានសម្រេចការមិនចូលរួមក្នុងកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន នៅក្នុងប្រទេសស្វីស ដែលគ្រោងរៀបចំធ្វើនាពាក់កណ្តាលខែមិថុនានេះឡើយ។ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក Fresh News នារសៀលថ្ងៃទី៧មិថុនា ដោយបង្ហាញមូលហេតុថា ការដែលកម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែននោះ ពីព្រោះភាគីរុស្ស៉ីដែលជាភាគីសំខាន់ មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីមុននេះបានថ្លែងថា ប្រទេសចិនដែលជាប្រទេស នៃសម្ព័ន្ធរបស់រុស្ស៊ី បានដាក់ការគាបសង្កត់លើប្រទេសមួយចំនួន មិនឱ្យទៅចូលរួមកិច្ចប្រជុំ ដែលត្រូវធ្វើនៅថ្ងៃទី១៥ និង១៦មិថុនាខាងមុខនេះឡើយ។ សម្តេចតេជោហ៊ុនសែន បានប្រាប់ Fresh News ថា «ការមិនទៅចូលរួម គឺជាសិទ្ធិពេញលេញរបស់កម្ពុជា និងមិនមែនធ្វើតាមការបង្គាប់របស់ចិនឡើយ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជា សម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្មានវត្តមានពីភាគីសំខាន់របស់រុស្ស៉ីនោះ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ និងក្លាយទៅជាការប្រមាថមួយ ចំពោះនយោបាយបរទេសរបស់កម្ពុជា ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន»។ សម្តេចតេជោ ហ៊ុន…

  • ៥ខែទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន សម្រេចបាន ៥,៩៩ពាន់លានដុល្លារ (Video Inside)

    ៥ខែទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន សម្រេចបាន ៥,៩៩ពាន់លានដុល្លារ (Video Inside)

    ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិន ក្នុងរយៈពេល៥ខែឆ្នាំ២០២៤ សម្រេចបានជាង ៥,៩៩ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម រយៈពេល៥ខែក្នុងឆ្នាំ២០២៣កន្លងមក ពាណិជ្ជកម្មពេលនោះ សម្រេចបានទំហំ ៥,០៧ពាន់លានដុល្លារ ប៉ុន្តែ៥ខែដើមឆ្នាំ២០២៤នេះ ពាណិជ្ជកម្មរវាងប្រទេសទាំង២ សម្រេចបាន ៥,៩៩ ពាន់លានដុល្លារ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសកម្ពុជា ខណៈប្រទេសឈរលំដាប់ទី២ គឺវៀតណាម និងបន្ទាប់មកមានសហរដ្ឋអាមេរិក ថៃ និងជប៉ុនជាដើម។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំង២ ផលិតផលមានគុណភាពដែលនាំចេញ ទៅប្រទេសចិនមានដូចជា៖ អង្ករ ចេកលឿង ស្វាយវែង ដំឡូងមី និងម្រេចជាដើម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងថាកំណើនពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន CCFTA។

  • អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់បានជាង ៧៥ភាគរយ (Video Inside)

    អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់បានជាង ៧៥ភាគរយ (Video Inside)

    អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល សម្រេចការសាងសង់ជាង ៧៥% ហើយ ក្នុងដំណាក់កាលទីមួយរបស់ខ្លួន។ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ អាកាសយានដ្ឋានថ្មី ក្នុងដំណាក់កាលទី១នេះ គ្រោងចាប់ផ្តើមប្រតិបត្តិការនៅឆមាសទី១ ឆ្នាំ២០២៥។ លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទឹកប្រាក់វិនិយោគ ១ពាន់ ៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុនទាំងមូល។ កម្ពុជាបច្ចុប្បន្ន មានព្រលានយន្ដហោះអន្ដរជាតិចំនួន៣ រួចមកហើយ គឺទី១៖ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ, ទី២៖ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ និងទី៣៖ ព្រលានយន្ដហោះអន្ដរជាតិ ខេត្តព្រះសីហនុ។ ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាព្រលានយន្តហោះអន្តរជាតិទី៤ របស់កម្ពុជា ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះធំ ខ្នាត 4F ដែលអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងជាព្រលានអាចឲ្យប្រភេទយន្តហោះធុនយក្ស Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។