-
ADB សន្យាជំរុញចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់កម្ពុជា (Video Inside)
ធនាគារអភិវឌ្ឍន៍អាស៊ីអេឌីប៊ី ដែលមានសុទិដ្ឋិនិយម លើនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់គម្រោងផ្តល់ហិរញ្ញប្បទានជំនួយជួយជំរុញចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់កម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ជំនួយទំហំទឹកប្រាក់សរុបប្រមាណ ១ពាន់ ២៦៣លានដុល្លារ ដើម្បីជួយជំរុញទិសដៅកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីគ្រោងអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (Video Inside)
ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នឹងឈានមកដល់សប្តាហ៍ក្រោយនេះហើយ នៅនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ យោងតាមគណៈកម្មការអន្តរក្រសួង, ទិវាថ្ងៃ២០មិថុនា ដែលរំលឹក នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នឹងអញ្ជើញចូលរួមដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ប្រវត្តិសាស្ត្របានបង្ហាញថា ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ដើម្បីតែការតស៊ូរំដោះប្រទេសជាតិ បានចាកចោលភរិយាដែលកំពុងពរពោះក្នុងផ្ទៃ ៥ខែ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលមកកសាងកម្លាំងរំដោះជាតិក្នុងទឹកដីវៀតណាម។ សេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង បានសរសេរថា ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងធ្វើរវាងពីថ្ងៃទី១១ ដល់ ១៦មិថុនា ដើម្បី «រំឭកដល់គុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ» កម្ពុជា។
-
ក្រសួងសុខាភិបាលអំពាវនាវប្រុងប្រយ័ត្នការឆ្លងកូវីដ១៩ (Video Inside)
ក្រសួងសុខាភិបាល បានអំពាវនាវការប្រុងប្រយ័ត្នការឆ្លងជម្ងឺកូវីដ១៩ ខណៈតួលេខឆ្លង ត្រូវបានគេកត់សម្គាល់ថា មានការកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមក្រសួងសុខាភិបាល, តួលេខឆ្លងវេលា២៤ម៉ោងចុងក្រោយនេះ មាន ១៤ករណី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១២មិថុនាបានថ្លែងថា «ក្នុងអំឡុង ខែឧសភា និងមិថុនាឆ្នាំ២០២៤ មានការរកឃើញថាមានការកើនឡើងនូវជម្ងឺផ្តាសាយកូវីដ១៩ ដែលមានលក្ចណៈស្របគ្នាទៅនឹងការកើនឡើងនូវជម្ងឺទាំងនេះ ក្នុងបណ្តាប្រទេសជាច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងកម្ពុជា»។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្កានូវការឆ្លងរាលដាលជម្ងឺផ្តាសាយកូវីដ១៩នេះ។ ក្រសួងបានអំពាវអ្នករកឃើញវិជ្ជមាននៃជម្ងឺនេះ ត្រូវដាក់ខ្លួនឱ្យស្ថិតឆ្ងាយដាច់ដោយឡែក ពីសមាជិកក្រុមគ្រួសារ។ គួរបញ្ជាក់ថា កម្ពុជាក្នុងស្ថានភាពដែលពិភពលោកបានឆ្លងនឹងជម្ងឺកូវីដ១៩នេះ ក៏មានមនុស្សស្លាប់ចំនួន ៣ពាន់ ៥៦នាក់ផងដែរ ដោយសារតែជម្ងឺផ្តាសាយថ្មីនេះ។
-
កម្ពុជាមិនដាក់ឈ្មោះ ធឿន ធារ៉ា ចូលរួមប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីឡើយ (Video Inside)
កម្ពុជានឹងមិនដាក់អ្នកប្រដាល់គុនខ្មែរលោក ធឿន ធារ៉ា ដើម្បីចូលរួមប្រកួតប្រជែង លើសង្វៀនព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា ឆ្នាំ២០២៤ឡើយ។ ហេតុអ្វីបានជាលោក ធឿន ធារ៉ា មិនត្រូវបានដាក់បញ្ចូល ក្នុងការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលចូលរួមមកពីជាង ២០ប្រទេសខាងមុខនេះ? អប្សរាណិតរាយការណ៍
-
រាជរដ្ឋាភិបាលចេញសារាចរកែសម្រួលរចនាសម្ព័ន្ធក្រសួងស្ថាប័ន (Video Inside)
រាជរដ្ឋាភិបាលបានចេញសារាចរស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយបញ្ជាក់មិនឱ្យបង្កើនចំនួនអង្គភាពថ្មី និងដាក់បញ្ជាត្រូវពិនិត្យរចនាសម្ព័ន្ធ ដែលមានស្រាប់ ដើម្បីចង់ដឹងថា តើបានបំរើសេចក្តីត្រូវការដល់ស្ថាប័ន និងក្រសួងតាមតម្រូវការបច្ចុប្បន្នដែរឬទេ? សារាចររាជរដ្ឋាភិបាលលេខ០៨ស.រ. ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី១១ មិថុនាឆ្នាំ២០២៤ បានដាក់ចេញវិធានការ ៣ចំណុចធំៗ ពាក់ព័ន្ធនឹងការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលស្ថិតក្រោមបង្គាប់របស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧។ ខ្លឹមសារសារាចរ បានណែនាំ «មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាព ទោះក្នុងកម្រិតណាក៏ដោយ ឬបន្ថែមទម្ងន់បែបបទ និងនីតិវិធីដែលមានស្រាប់ នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ»។ សារាចរដដែល បានបន្តថា «ក្រសួងស្ថាប័នត្រូវពិនិត្យឡើងវិញរចនាសម្ព័ន្ធមានស្រាប់ ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធ្វើការកែសម្រួលឬច្របាច់បញ្ចូលគ្នា ឬត្រូវលុបចោល»។ សារាចរដដែលបានសរសេរថា «ការបង្កើតអង្គភាពថ្មីត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងឆ្លើយតបចំពោះតម្រូវការ ដែលមានក្នុងក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា»។ សារាចរដដែលបានណែនាំមិនត្រូវធ្វើការតម្លើងកម្រិត ឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនឡើង រចនាសម្ព័ន្ធ របស់ក្រសួងស្ថាប័ន និងណែនាំជុំវិញការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត។
-
សម្តេចធិបតីពិនិត្យវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈធ្វើតែម្នាក់ឯងនោះទេ…វាគឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។ ប្រសាសន៍របស់សម្តេចធិបតី បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ នៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ អប្សរាណិតរាយការណ៍
-
សម្តេចតេជោទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអឺរ៉ុប (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប នៅថ្ងៃទី១២មិថុនា នាឱកាសអនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូត អ៊ីហ្គោរ៍ ទ្រីសម៉ាន់ រូបនេះជួបសម្តែងការគួរសមវិមានព្រឹទ្ធសភា។ ជំនួបពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងអឺរ៉ុប និងកម្ពុជា និងកិច្ចការនានាដទៃ នៃកង្វល់របស់ពិភពលោក ចំពោះប្រទេសដែលមានសង្គ្រាម។ អប្សរាណិតរាយការណ៍
-
តម្លៃប្រេងសាំងធ្លាក់ចុះ (Video Inside)
តម្លៃប្រេងសាំងសម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ ត្រូវគេរាយការណ៍ថា បានធ្លាក់ចុះមកវិញតិចតួច។ យោងតាមក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់ រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ១០០រៀល ក្នុងមួយលីត្រ ដែលតម្លៃនេះ គឺបានធ្លាក់ចុះមកវិញចំនួន ១០០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន .. ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់រៀល ក្នុងមួយលីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន តម្លៃនេះ គឺបានធ្លាក់ចុះមកវិញចំនួន៥០រៀល។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
សមត្ថកិច្ចស្វែងរកបក្ខពួកគ្រឿងញៀនក្នុងសំណុំរឿងជួញដូរ ៤២គីឡូ (Video Inside)
សមត្ថកិច្ចបានថ្លែងថា សំណុំរឿងជួញដូរគ្រឿងញៀន ៤២គីឡូក្រាម ដែលត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ កំពុងស្វែងតាមចាប់មនុស្សពាក់ព័ន្ធបន្ថែមទៀត។ ជនសង្ស័យជាតិវៀតណាម ៨នាក់ ក្នុងនោះរួមមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ជាមួយនឹងគ្រឿងញៀនសរុប ៤២គីឡូ ក្នុងទីតាំង ៤ ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។ ការបង្ក្រាបគ្រឿងញៀនទាំងបួនកន្លែងនេះ បានធ្វើកាលពីថ្ងៃទី៣ និង៤ មិថុនា ឆ្នាំ២០២៤ នៅខណ្ឌចំនួន២ គឺខណ្ឌ៧មករា និងខណ្ឌចំការមន។ យោងតាមអយ្យការសាលាដំបូងរាជធានីភ្នំពេញ, ជនជាតិវៀតណាម៧នាក់អាយុពី១៧ ដល់ ៣៣ឆ្នាំ ត្រូវបានជាប់ចោទពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៃបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រូតពិនិត្យគ្រឿងញៀន។ ចំណែកក្មេងប្រុសអាយុ១៣ឆ្នាំ ត្រូវបានសម្រេចបង្គាប់ឱ្យទទួលស្តារនីតិសម្បទា នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។ សមត្ថកិច្ចថ្លែងថា គេនឹងបន្តតាមរកបក្ខពួកដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ៤២គីឡូក្រាមនេះ។
-
គម្រោងសង់ប្រឡាយបញ្ចៀសទឹកជំនន់ជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥ភាគរយ (Video Inside)
គម្រោងសាងសង់ប្រឡាយព្រែកហូរ ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្រេចបានប្រមាណ ៩៥ភាគរយហើយ។ ការជួនដំណឹងនេះ ធ្វើឡើយដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល លោក ប្រាក់ ឡាក់ ខណៈកម្ពុជាកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់។ មន្ត្រីធនធានទឹក និងឧតុនិយម ខេត្តកណ្ដាល បានបញ្ជាក់ថា ការសាងសង់ប្រឡាយព្រែកហូរ ដើម្បីរំដោះទឹកបញ្ចៀសការជន់លិចពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ បានសាងសង់រួចរាល់ ៩៥%ហើយ។ សំណង់ ៥ភាគរយ ដែលសេសសល់ នឹងគ្រោងបញ្ចប់នា ពេលឆាប់ៗខាងមុខនេះ។ ប្រឡាយព្រែកហូរ ដែលកំពុងស្តារ និងសាងសង់នេះ រួមមានប្រវែង ៣គីឡូម៉ែត្រកន្លះ គឺត្រូវបានរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ។ ចំណែកប្រវែង ៣,៧គីឡូម៉ែត្រទៀត គឺការស្តារប្រឡាយព្រែកហូរ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង។