-
សហភាពអឺរ៉ុបសន្យាត្រៀមជួយកម្ពុជាចាកចេញពី «ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត» (Video Inside)
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានថ្លែងត្រៀមស្វាគមន៍ក្នុងការជួយកម្ពុជា ដែលត្រៀមនឹងចាកចេញពី «ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលរំពឹងថាអាចនៅក្នុងឆ្នាំ២០២៩»។ កម្ពុជាបានដាក់ចេញនូវទិសដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ ហើយសហភាពអឺរ៉ុប គឺជាដៃគូមួយដែលសន្យាថា នឹងជួយកម្ពុជាឱ្យសម្រេចបាននូវមហិច្ឆិតា ក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចកាន់តែធូរធារ ក្នុងពេលអនាគតនោះ។ អប្សរាណិតរាយការណ៍
-
ជប៉ុនផ្តល់ថវិកាកម្ចី ១៥៤លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា (Video Inside)
រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាកម្ចីសម្បទាន ១៥៤លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការចុះហត្ថលេខាទទួលកម្ចីសម្បទាននេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រវាងរដ្ឋមន្ត្រីក្រសួងការបរទេសលោក សុខ ចិន្តាសោភា ជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក កូមូរ៉ា ម៉ាសាហ៊ីរ៉ូ KOMURA Masahiro នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសបានសរសេរថា «កម្ចីសម្បទាន ១៥៤លានដុល្លារនេះ គឺក្នុងគោលបំណងជំរុញគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យ ក្នុងតំបន់ និងរួមចំណែកក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងប្រជាជាតិទាំងពីរ ដែលត្រូវបានលើកកំពស់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងចុងសប្តាហ៍បានមកដល់ទៀតហើយ ក្នុងរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ សុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលនឹងមានរយៈពេលពី៦ម៉ោងទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ? អប្សរាណិតរាយការណ៍
-
សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន ចូលរួមជាមួយគណបក្សប្រជាជន (Video Inside)
ការយល់ឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាម្លប់នៃសន្តិភាពរបស់ប្រទេសជាតិ បាននាំឱ្យសកម្មជនគណបក្សប្រឆាំង បានបន្តផ្តាច់ខ្លួន និងស្នើចូលរួមជីវភាពនយោបាយជាមួយ។ ក្រោយការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ ដែលមានពលរដ្ឋបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការរៀបចំរដ្ឋាភិបាលអាណ្ណត្តិថ្មីទី៧, សកម្មជននានា របស់ក្រុមធ្វើនយោបាយប្រឆាំងទាំងក្នុង និងក្រៅប្រទេស ត្រូវគេឃើញបាននាំគ្នា ស្នើចូលរួមជីវភាពនយោបាយជាបន្តបន្ទាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃទី១៣ មីនា ឆ្នាំ២០២៤, អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក កៀន វ៉ាង នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មុននេះរួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។
-
ក្រសួងមហាផ្ទៃគ្រោងនឹងធ្វើតេស្តជាលើកទី២ ស្វែងរកមន្ត្រីមានសារធាតុញៀន (Video Inside)
ក្រសួងមហាផ្ទៃដែលបញ្ចប់ការពិនិត្យរកសារធាតុញៀន លើមន្ត្រីរបស់ខ្លួនលើកទី១ គ្រោងនឹងរៀបចំការធ្វើតេស្តដដែលជាលើកទី២ នៅថ្ងៃខាងមុខថែមទៀត។ ការធ្វើតេស្តលើកទី១ គឺរវាងពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់នៅថ្ងៃនេះថា «ក្រសួងមហាផ្ទៃ នឹងពិចារណាកំណត់ពេលវេលាណាមួយទៀត ដើម្បីពិនិត្យរកសារធាតុញៀនជាលើកទី២ លើមន្រ្តីរបស់ខ្លួន»។ ក្រសួងមហាផ្ទៃ គឺជាក្រសួងឈានមុខគេមួយ នៅក្នុងចំណាត់ការបណ្តេញមន្ត្រីក្រោមបង្គាប់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនចេញពីតំណែង និងក្របខណ្ឌ។ មន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលជាង៦ខែមកនេះ «មន្រ្តីនគរបាលជាតិចំនួនជាង ១០០នាក់ហើយ ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌ ដោយសារតែពាក់ព័ន្ធគ្រឿងញៀន»។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមចូលរួមបិទកិច្ចប្រជុំសសយក (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងអញ្ជើញចូលរួមបិទ «កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា» នៅថ្ងៃព្រហស្បតិ៍ទី១៤មីនានេះ។ សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាស្ថាប័នយុវជន នៃទំពាំងស្នងឫស្សី ដែលស្ថិតក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ លោក ហ៊ុន ម៉ានី ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៣មីនា បានថ្លែងកត់សម្គាល់ថា «ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តតួនាទីស្នូលរបស់ខ្លួនបានយ៉ាងរឹងមាំ ស្របតាមបរិបទនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលបានប្រែក្លាយរាល់បញ្ហាប្រឈម និងជាកាលានុវត្តន៍ភាព ដើម្បីចូលរួមយ៉ាងសកម្មក្នុងបញ្ហាសង្គម និងបន្ដចូលរួមជាធ្លុងមួយ ជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិមាតុភូមិ»។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានបញ្ជាក់ការប្តេជ្ញា «បន្ដបោះជំហានទៅមុខយ៉ាងមុះមុត ស្វាហាប់ បំពេញភារកិច្ចកាន់តែស៊ីជម្រៅ និងទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ឯករាជ្យ ម្ចាស់ការ និងច្នៃប្រឌិត ដោយបានផ្ដួចផ្ដើមគំនិតដឹកនាំ និងធ្វើសកម្មភាពគាំទ្រជាប់ជាប្រចាំ ដល់យុវជន ឲ្យមានលក្ខណៈសម្បត្តិជាវិជ្ជមាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ…
-
កម្ពុជាបណ្តេញជនបរទេស ១៧នាក់ ពាក់ព័ន្ធគ្រឿងញៀន (Video Inside)
ជនបរទេសជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ីចំនួន ១៧នាក់ ត្រូវបានសម្រេចបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយការចាប់ខ្លួនក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងគ្រឿងញៀន។ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លោក ឃឹង សារ៉ាត់ បានឱ្យដឹងថា ជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ១៤នាក់ ដែលត្រូវបានបង្ក្រាបក្នុងបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំឯកសារបណ្តេញពីកម្ពុជា។ ក្នុងការបង្ក្រាបនោះ ក៏មានការឃាត់ខ្លួនជនជាតិខ្មែរ ១១នាក់ទៀតផងដែរ ក្នុងនោះ ៥នាក់ត្រូវបញ្ជូនទៅតុលាការ និង៦នាក់ទៀតត្រូវបញ្ជូនទៅមណ្ឌលព្យបាលស្តារនិតិសម្បទា។ គ្រឿងញៀនដែលបង្ក្រាបបានក្នុងក្លឹបកម្សាន្តហ្កាឡាក់ស៊ី១៤២នោះ រួមមានមេតំហ្វេតាមីន (ICE) ទម្ងន់៧៩.៧២ក្រាម, គ្រឿងញៀនអ៊ិចស្តាស៊ី MDMA ទម្ងន់៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៨.៥២ ក្រាម។
-
ចៅក្រមឃុំខ្លួនលោកស្រីឧកញ៉ា ឡេង ចាន់ណា (Video Inside)
លោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ ក្រោយការសាកសួររយៈពេលមួយថ្ងៃរួចមកនេះ។ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងថា មនុស្សបីនាក់ដែលបានឃុំខ្លួនថ្ងៃទី១៣មីនានេះ រួមមានឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើល…ឈ្មោះ ចាន់ ឃីន អគ្គនាយករងក្រុមហ៊ុន និងឈ្មោះ ផុន សាមាន ដែលជាអគ្គនាយករងក្រុមហ៊ុនផងដែរ។ លោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ យោងតាមដីកាតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យទាំងបីនាក់បានជាប់ពាក់ព័ន្ធនឹង «បទលើ្មសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។
-
សមាគមឧកញ៉ាបារម្ភខូចកេរ្តិ៍ឈ្មោះ ក្រោយពលរដ្ឋរិះគន់ថាឧកញ៉ារកស៊ីខុសច្បាប់ (Video Inside)
សម្តីវាយប្រហារដាក់លើឧកញ៉ានានា ដែលមិនជាប់ពាក់នឹងរឿងរកស៊ីខុសច្បាប់ ក្រោយមានការឃាត់ខ្លួនឧកញ៉ា ឡេង ចាន់ណា នោះមក បានធ្វើឱ្យសមាគមឧកញ៉ា បានបារម្ភនឹងការខូចកេរ្តិ៍ឈ្មោះល្អ របស់ឧកញ៉ាដែលជាគោរមងារប្រោសព្រះរាជទាន ពីព្រះមហាក្សត្រខ្មែរ។ សមាគមឧកញ៉ានៅថ្ងៃទី១៣មីនា បានអំពាវនាវដល់បណ្តាញសង្គម និងអ្នកផ្សព្វផ្សាយព័ត៌មានសូមកុំប្រើសម្តីវាយប្រហារពាសវាលពាសកាល ដោយធ្វើឱ្យខូចឈ្មោះឧកញ៉ាជាច្រើន ដែលមិនពាក់ព័ន្ធក្នុងអំពើរកស៊ីខុសច្បាប់ឡើយ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីសម្ពោធមន្ទីរពេទ្យតំបន់ «តេជោសែនកោះធំ» តម្លៃ១០លានដុល្លារ (Video Inside)
មន្ទីរពេទ្យតំបន់ដ៏ទំនើបមួយតម្លៃ ១០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ ក្រោមការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត។ មន្ទីរពេទ្យ «តេជោសែនកោះធំ» ដែលទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលសម្ពោធនៅថ្ងៃពុធនេះ នឹងក្លាយជាមណ្ឌលផ្តល់សេវាសុខាភិបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង, ស្រុកកោះធំ, ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ និងតំបន់ជុំវិញផងដែរ។ អប្សរាណិតរាយការណ៍