-
ព្រលានយន្តហោះធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ត្រៀមសម្ពោធឆ្នាំ២០២៥ (Video Inside)
ព្រលានយន្តហោះដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ដែលនឹងក្លាយជាព្រលានយន្តហោះអន្តរជាតិទី៤ របស់កម្ពុជា។ ព្រលានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកសាងក្នុងដំណាក់កាលទី១ សម្រេចបានជិត ៧០ភាគរយរូចមកនេះ នឹងរំពឹងជួយជំរុញដំណើរការសេដ្ឋកិច្ចជាតិ និងបំពេញមហិច្ឆិតាចក្ខុវិស័យឆ្នាំ២០៣០ នៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ អប្សរាណិតរាយការណ៍
-
តម្លៃប្រេងសាំងបន្ដធ្លាក់ចុះ (Video Inside)
តម្លៃប្រេងសាំង បានបន្ដថយចុះថែមទៀត សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈសម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រេងសាំងធម្មតាមានតម្លៃចំនួន ៤ពាន់ ២៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះបានថយចុះចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល១០ថ្ងៃមុន.. ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការ លក់រយៈពេល១០ថ្ងៃមុន ដែលតម្លៃនេះ គឺបានបន្ដថយចុះចំនួន ៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
កម្ពុជាត្រៀមបង្វឹកសមត្ថភាពក្រុមកីឡាករជម្រើសជាតិ សម្រាប់កីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០២៩ (Video Inside)
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន គ្រោងនឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ក្នុងពេលខាងមុខនេះ ដើម្បីរៀបចំគំរោងជាក់លាក់មួយ សម្រាប់ការជួយបង្វឹកសមត្ថភាពក្រុមកីឡាករជម្រើសជាតិ ដើម្បីឱ្យទាន់ពេលវេលា ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៥ ក្នុងឆ្នាំ២០២៩។ ដំណើរត្រៀមទស្សនកិច្ចក្នុងពេលខាងមុខនេះ គឺនៅបន្ទាប់ពីលទ្ធផលជំនួប រវាងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន ជាមួយនឹងលេខាទី១ ស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Wang Peng។ អប្សរាណិតរាយការណ៍
-
ស្ថាប័នព្រឹទ្ធសភាថ្មីត្រៀមបើកកិច្ចប្រជុំលើកដំបូងនាដើមខែមេសា (Video Inside)
មន្ត្រីនាំពាក្យស្ថាប័នព្រឹទ្ធសភាបានថ្លែងថា កិច្ចប្រជុំព្រឹទ្ធសភាថ្មីនីតិកាលទី៥ នឹងគ្រោងធ្វើនាដើមខែមេសាឆ្នាំ២០២៤នេះ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវគេរំពឹងថា នឹងក្លាយជាប្រធានព្រឹទ្ធសភាថ្មី ដែលនឹងជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលសុំចូលនិវត្តន៍។ ចំណែកអនុប្រធានព្រឹទ្ធសភាថ្មី២រូប ដែលនឹងត្រូវជ្រើសរើស គឺលោក ប្រាក់ សុខុន នឹងក្លាយជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ នឹងក្លាយជាអនុប្រធានទី២។ អប្សរាណិតរាយការណ៍
-
ក្រសួងអប់រំប្រារព្ធទិវាជាតិអំណានថ្ងៃទី១១មីនា (Video Inside)
ក្រសួងអប់រំបានប្រារព្ធទិវាជាតិអំណាននៅថ្ងៃទី១១មីនា ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”។ រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលការលើកកម្ពស់គុណភាពអប់រំ គឺស្នូលចលករដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពធំទាំង៥។ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា អំណាននៅក្នុងសម័យបច្ចេកវិទ្យា គឺជាការអានមួយដែលផ្តល់សារៈសំខាន់យ៉ាងក្រៃលែង។ អប្សរាណិតរាយការណ៍
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងចុងសប្តាហ៍ បានមកដល់ទៀតហើយ ក្នុងរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងថ្ងៃអាទិត្យ។ ការដាច់ភ្លើងនេះ នឹងកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្ដកណ្ដាល ដែលមានរយៈពេលពី៦ម៉ោង ទៅ៩ម៉ោង។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅទីណាខ្លះ ? អប្សរាណិតរាយការណ៍
-
សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន ខណៈការបោះឆ្នោតក្រុមប្រឹក្សាជិតមកដល់ (Video Inside)
សកម្មជនគណបក្សប្រឆាំងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណៈដែលកម្ពុជាត្រៀមនឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ខាងមុខនេះ។ សកម្មជន២នាក់តាមរយៈវីដេអូដែលទទួលបាននៅថ្ងៃទី៧ មីនា ឆ្នាំ២០២៤ បានប្រកាសផ្តាច់ខ្លួន ចេញពីគណបក្សរបស់ខ្លួន និងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
-
មន្ត្រីនគរបាល៥៩នាក់ ត្រូវបានបណ្តេញចេញ ក្រោមបទល្មើសវិន័យ (Video Inside)
មន្ត្រីនគរបាលចំនួន៥៩នាក់ ដែលចំណុះស្នងការដ្ឋាននគរបាលរាជធានី និងខេត្តចំនួន១៦ ត្រូវបានបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១មីនា ប៉ុន្តែទើបបានទទួលថ្ងៃនេះ បានសរសេរថា មន្ត្រីនគរបាលទាំង ៥៩នាក់ ដែលរងការបណ្តេញចេញនោះ គឺដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ថា តើបទល្មើសវិន័យនោះ បានជាប់ពាក់ព័ន្ធនឹងអ្វីខ្លះឡើយ។ សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាត ត្រូវបណ្តេញមន្ត្រីរាជការណាក៏ដោយ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ យោងតាមក្រសួងមហាផ្ទៃ, ដើម្បីស្វែងរកមន្ត្រីពាក់ព័ន្ធនឹងគ្រឿងញៀននេះ គេបានធ្វើតេស្តរកសារធាតុញៀនដល់មន្ត្រីនគរបាលគ្រប់រូប ទូទាំងប្រទេស និងការធ្វើតេស្តនោះ ត្រូវបានបិទបញ្ចប់ ១០០ភាគរយហើយ។ ក្នុងចំណោមមន្ត្រីនគរបាលទាំង ៥៩នាក់ ដែលរងការបណ្តេញនោះ រួមមាន ៣នាក់ នៃស្នងការដ្ឋានគរបាល ខេត្តឧត្តរមានជ័យ, ៣នាក់នៅស្ទឹងត្រែង, ៦នាក់នៅរតនគិរី, ៤នាក់នៅខេត្តកណ្តាល, ៣នាក់នៅខេត្តក្រចេះ, ម្នាក់នៅខេត្តព្រះវិហារ, ម្នាក់នៅខេត្តបន្ទាយមានជ័យ, ម្នាក់ខេត្តត្បូងឃ្មុំ, ៤នាក់នៅខេត្តតាកែវ, ៣នាក់នៅខេត្តកំពង់ស្ពឺ, ៦នាក់នៅខេត្តបាត់ដំបង, ម្នាក់នៅខេត្តកំពង់ធំ, ២នាក់នៅខេត្តពោធិ៍សាត់, ២នាក់នៅខេត្តកំពត, ៥នាក់នៅខេត្តសៀមរាប, ម្នាក់នៅខេត្តព្រះសីហនុ និង១៣នាក់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ យោងតាមមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេល៦ខែចុងក្រោយនេះ, ក្រសួងមហាផ្ទៃបានបណ្តេញមន្រ្តីនគរបាល ដែលល្មើសវិន័យមានសរុបចំនួនជាង ៨០នាក់ហើយ។
-
សម្តេចធិបតីចូលរួមជាមួយពិភពលោកអបអរទិវាអន្តរជាតិ៨មីនា (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមជាមួយនឹងពិភពលោកអបអរទិវាអន្តរជាតិនារី និងបញ្ជាក់ចំពោះការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ ចំពោះទិវាអន្តរជាតិនារីត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៨មីនានៅទូទាំងពិភពលោក។ ឆ្នាំនេះទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធក្រោមប្រធានបទ «វិនិយោគលើស្ត្រី» ដើម្បីជំរុញសន្ទុះអភិវឌ្ឍន៍។ នៅក្នុងកម្ពុជានេះវិញ, ទិវាអន្តរជាតិនារី៨មីនា បានស្ថិតក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ សម្តេចធិបតីក្នុងប្រសាសន៍ថ្លែងអបអរទិវាអន្តរជាតិនារី៨មីនា បានថ្លែងបង្ហាញនូវការដាក់ចេញចំណុចជាគន្លឹះសំខាន់ៗមួយចំនួន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ សម្តេចធិបតីបានលើកឡើងនូវការដាក់ចេញការអនុវត្តវិធានការគាំទ្រ គោលនយោបាយដល់សហគ្រិនស្ត្រី, បន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានដោយសមធម៌, ការលើកកម្ពស់កម្មវិធីតុល្យភាព ជីវិតគ្រួសារ និងការងារ និងទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ, កាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និងក្មេងស្រី ដើម្បីផ្តល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី, ការដោះស្រាយគំលាតយេនឌ័រក្នុងវិស័យឌីជីថល, បន្តលើកកម្ពស់សីលធម៌សង្គម និងលើកតម្លៃស្ត្រី និងសុខដុមរមនាក្នុងរង្វង់គ្រួសារ និងចំណុចនានាជាច្រើនទៀត ដែលជាការយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ។
-
ម៉ៅ ហាជី នៃផលិតកម្ម Town Entertainment សុំទោសបទ «Team ទឹកត្នោតជូរ» (Video Inside)
តារាចម្រៀង ម៉ៅ ហាជី នៃផលិតកម្ម Town Entertainment បានប្រញាប់សុំទោសប្រជាពលរដ្ឋជាសាធារណៈ បន្ទាប់ពីមានការរិះគន់បទ «Team ទឹកត្នោតជូរ» ដែលយកទំនុកភ្លេងព្រះរាជនិពន្ធដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មកច្រៀង ក្នុងអំពើសប្បាយសេពគ្រឿងស្រវឹងទឹកត្នោតជូរ។ តារាចម្រៀង ម៉ៅ ហាជី ក្នុងវីដេអូសុំទោសនិយាយថា វាជាកំហុសអចេតនា។ អប្សរាណិតរាយការណ៍