-
២ខែបង្ក្រាបបទល្មើសល្បែងស៊ីសង ៣០០ករណី, ចាប់មនុស្សជិត ៥០០នាក់ (Video Inside)
មនុស្ស ៤៩៦នាក់ ត្រូវសមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បង្រ្កាបក្នុងករណីបទល្មើសល្បែងស៊ីសង ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤នេះ។ ការបង្ក្រាបបានធ្វើលើទីតាំងចំនួន ៣០០កន្លែង នៅក្នុងរាជធានី និងខេត្តចំនួន១៩ ទូទាំងប្រទេស រវាងពីថ្ងៃទី១មករា ដល់៣មីនាឆ្នាំ២០២៤។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងថា ក្នុងចំណោមករណីល្បែងស៊ីសងទាំង ៣០០លើកនោះ សមត្ថកិច្ចបានកសាងសំណុំរឿងចំនួន ៦៩ករណី និងបញ្ជូនខ្លួនជនសង្ស័យ ១៩៤នាក់ ទៅកាន់តុលាការ ធ្វើការចោទប្រកាន់ផ្ដន្ទាទោស។ ចំណែក ២៣១ទីតាំងទៀតពាក់ព័ន្ធនឹងមនុស្ស ៣៣៩នាក់, អាជ្ញាធរបានអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យារាងចាលបញ្ឈប់ការប្រព្រឹត្ត។ ក្នុងចំណោមករណីបទល្មើសល្បែងស៊ីសងបង្ក្រាបទាំង ៣០០ករណី រួមមានការលេងល្បែងភ្នាល់តាម Internet ជ្រកក្រោមផ្លាកអាជីវកម្មឬអាជ្ញាប័ណ្ណ និងក៏មានល្បែងភ្នាល់ផ្សេងៗទៀត ដែលកើតនៅតាមមូលដ្ឋាន។ ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គឺជាមុខសញ្ញាមួយក្នុងចំណោមទិសដៅអាទិភាពមួយ របស់រាជរដ្ឋាភិបាលអណ្ណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងប្រសាសន៍មួយកាលពីចុងសប្តាហ៍នេះ ប្រាប់ពលរដ្ឋខែ្មរប្រមាណជាង ១ពាន់ ៦០០នាក់ ក្នុងប្រទេសអូស្ត្រាលីបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺការដាក់ពង្រាយរោងចក្រ ដើម្បីផ្តល់ការងារដល់ប្រជាជន… មិនមែនដាក់ពង្រាយនូវបនល្បែង ដែលបង្កភាពមិនសប្បាយ ចិត្តដល់ប្រជាជនឡើយ។
-
ក្រសួងធនធានទឹកអំពាវនាវការសន្សំសំចៃទឹកក្នុងរដូវប្រាំង (Video Inside)
ក្រសួងធនធានទឹកបានអំពាវនាវពលរដ្ឋ ត្រូវសន្សំសំចៃទឹក ខណៈការព្យាករណ៍ក្នុងរដូវប្រាំងនឹងត្រូវប្រឈមចំណោទការខ្វះទឹកប្រើប្រាស់ ដោយសាររងបាតុភូតកម្តៅអែលនីញ៉ូ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា ស្ថានភាពអាកាសធាតុ នឹងមានការប្រែប្រួល ជាពិសេសរវាងពីខែមីនា រហូតដល់ខែមេសា ឆ្នាំ២០២៤ ដោយសារតែបាតុភូតកម្តៅ El Nino ប្រមាណជាង៧០% មានឥទ្ធិពលនៅក្នុងតំបន់មហាសមុទ្ទប៉ាស៊ីហ្វិក។ ក្តីបារម្ភនឹងភាពប្រែប្រួលអាកាសធាតុដែលនឹងធ្វើឱ្យតាមតំបន់កម្ពុជាមួយចំនួន នឹងខ្វះទឹកប្រើប្រាស់នោះហើយ, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺលោក ហ៊ុន ម៉ានី បានថ្លែងដាស់តឿនដល់ប្រជាពលរដ្ឋក្នុងខេត្ត សូមឱ្យមានការប្រុងប្រយ័ត្នការប្រើប្រាស់ទឹក ក្នុងលក្ខណៈសន្សំសំចៃ។ យោងតាមក្រសួងធនធានទឹកដដែល, ចាប់ពីខែឧសភា អត្រានៃបាតុភូតកម្តៅ El Nino នឹងថយចុះមកនៅ ត្រឹម២០% ដោយជំនួសមកវិញនូវបាតុភូត ENSO-Neutral ដែលជាបាតុភូត ស្ថិតពាក់កណ្តាលក្តៅពាក់កណ្តាលត្រជាក់។ យោងតាមការព្យាករ អាកាសធាតុក្តៅហើយ ស្ងួត ជាមួយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤នេះ។ យោងតាមការព្យាករណ៍ដដែល សីតុណ្ហភាពកម្តៅនៅទូទាំងប្រទេស នឹងហក់ឡើងខ្ពស់ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅហើយស្ងួត។ ចំណែកបរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ…ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្ទះ រន្ទះ និងខ្យល់កន្ត្រាក់ ដែលកើតឡើងច្រើន។
-
ក្រុមហ៊ុនអ៊ីហ្គ្រោស Aegros បង្ហាញបំណងពង្រីកវិនិយោគលើវិស័យសុខាភិបាល (Video Inside)
ក្រុមហ៊ុនអ៊ីហ្គ្រោស Aegros របស់ប្រទេសអូស្ត្រាលី បានបង្ហាញបំណងចង់ពង្រីកការវិនិយោគវិស័យសុខាភិបាលរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ បំណងពង្រីកវិនិយោគលើវិស័យសុខាភិបាលនេះ បានលើកឡើងក្នុងឱកាសដែលប្រធានក្រុមហ៊ុន Aegros ត្រូវបានអនុញ្ញាតចូលជួបសម្តែងការគួរសម ចំពោះសម្តេចធិបតី ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលីចង់បណ្តាក់ទុនបង្កើតរោងចក្រកែច្នៃអង្ករកម្ពុជា (Video Inside)
ក្រុមហ៊ុន SunRice Group របស់អូស្ត្រាលី បានបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ កម្ពុជាគឺជាប្រទេសមួយដែលតែងជាប់ចំណាត់ថ្នាក់អង្ករលេខ១ជារឿយៗ និងកម្ពុជាក៏ជាប្រទេសដែលបាននាំអង្កររបស់ខ្លួន ចេញទៅលក់នៅលើទីផ្សារអន្តរជាតិផងដែរ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
លទ្ធផលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាជាផ្លូវការប្រកាសនៅថ្ងៃទី៥មីនា (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងប្រកាសលទ្ធផលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាផ្លូវការ នៅថ្ងៃទី៥មីនានេះ ខណៈគ្មានពាក្យបណ្តឹងណាមួយ បានជំទាស់ចំពោះលទ្ធផល នៃការបោះឆ្នោតអសកលនេះឡើយ។ អ្នកនាំពាក្យគជប លោក ហង្ស ពុទ្ធា បានឱ្យដឹងថានៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់ការទទួលពាក្យបណ្តឹងជំទាស់ ពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ន ដោយមិនទទួលបានពាក្យបណ្តឹងអ្វីពីគណបក្សនយោបាយ ដែលបានចូលរួមក្នុងការប្រកួតប្រជែងនោះឡើយ។ មន្ត្រីនាំពាក្យដដែលថ្លែងបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសពីលទ្ធផលផ្លូវការ នៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងចំនួនអាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។ យោងតាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រក្នុងមណ្ឌលភូមិភាគទាំង៨ នូវសំឡេងឆ្នោតសរុបចំនួន ១ម៉ឺន ៥២សំឡេង ដែលរំពឹងថា នឹងទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សឆន្ទៈខ្មែរ មានសំឡេងឆ្នោតគាំទ្រ ១ពាន់ ៣៩៤សំឡេង រំពឹងថា នឹងទទួលបានចំនួន ៣អាសនៈ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមក្នុងការប្រកួតប្រជែង មិនទទួលបានអាសនៈឡើយ។ មន្ត្រីនាំពាក្យគជប បានថ្លែងថា បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ និងចំនួនអាសនៈរួចរាល់…
-
សម្តេចធិបតីហៅការតវ៉ារបស់ក្រុមប្រឆាំងនៅអូស្ត្រាលីថា «ឥតបានការ» (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានហៅសកម្មភាពតវ៉ារបស់មនុស្សមួយចំនួន ដែលប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់សម្តេច នៅក្នុងប្រទេសអូស្ត្រាលីថា ជាការតវ៉ាដែលគ្មានបានប្រយោជន៍អ្វីសោះឡើយ។ សម្តេចធិបតីកំពុងស្ថិតនៅក្នុងប្រទេសអូស្ត្រាលីក្នុងដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី អេនថូនី អាល់បានីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានអូស្ត្រាលី និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ានអូស្ត្រាលី ប្រព្រឹត្តទៅរវាងថ្ងៃទី៤ ដល់៦ មីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង ក្រោមការញុះញង់របស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានបំផុសចលនាតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចនោះ ដោយចោទថាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នផ្តាច់ការ និងបក្ខពួកនិយម។ សម្តេចធិបតីក្នុងពិធីជួបជុំមួយជាមួយនឹងពលរដ្ឋខ្មែរអូស្ត្រាលី និងមកពីប្រទេសនូវែលហ្សេឡង់ ប្រមាណជាង ១ពាន់ ៦០០នាក់ បានថ្លែងហួសចិត្ត ចំពោះការធ្វើបាតុកម្មប្រឆាំងកាលពីចុងសប្តាហ៍ ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះ ចំពោះជាតិកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលីនាពេលនេះផងដែរ ទន្ទឹមនឹងមានអ្នកតវ៉ា ប្រមាណពី ១០០ទៅ ២០០នាក់នោះ ក៏មានពលរដ្ឋខ្មែរជាច្រើនលើសលុបបាននាំគ្នា កាន់បដាប្រកាសគាំទ្រដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងគគ្រឹកគគ្រេងថែមទៀត។ អ្នកបានចូលរួមគាំទ្របាននាំគ្នាកាន់បដាដែលសរសេរថា «គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជាតិ, បដាខ្លះសរសេរថា «គាំទ្រសន្តិភាព…គាំទ្រគណបក្សប្រជាជនកម្ពុជា», «គាំទ្រពេញទំហឹងការបោះឆ្នោតតាមច្បាប់រដ្ឋធម្មនុញ្ញយ៉ាងទៀងទាត់» និងបដាសរសេរគាំទ្រជាច្រើនទៀត។ សម្តេចធិបតីបានថ្លែងអរគុណចំពោះប្រជាពលរដ្ឋដែលបានធ្វើដំណើរមកពីទីជិតឆ្ងាយ…
-
Enserv Holding Australia ចង់វិនិយោគដំណាំ Sorghum នៅកម្ពុជា (Video Inside)
ក្រុមហ៊ុន Enserv Holding Australia បានបង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំ ធញ្ញជាតិស៊័រហ្គឹម នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពល Energyserv Thailand ដែលជាក្រុមហ៊ុននាំមុខគេ ក្នុងការបង្កើតថាមពលស្អាត, ការកាត់បន្ថយការបំភាយឧស្ម័ន្ធ និងសេវាកម្មបំរែបំរួលអាកាសធាតុ។ អប្សរាណិតរាយការណ៍
-
ព្រះរាជពិធី៧ថ្ងៃថ្វាយព្រះរាជមហាកុសលដល់ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានបញ្ចប់ (Video Inside)
ព្រះរាជពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលដល់ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស រយៈពេល៧ថ្ងៃ បានបញ្ចប់នារាត្រីថ្ងៃទី៤ មីនា ឆ្នាំ២០២៤។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះជន្ម៩៣ព្រះវស្សា បានចូលព្រះទីវង្គតនាល្ងាចថ្ងៃចន្ទទី២៦កុម្ភៈដោយសារព្រះជរាពាធិ។ យោងតាមកម្មវិធី, ចាប់ពីថ្ងៃទី៥មីនារហូតដល់ថ្ងៃទី៣០ឧសភា នឹងមានការរៀបចំព្រះរាជពិធីបង្សុកូល ដោយព្រះមេគណរាជធានី ខេត្ត និងព្រះគ្រូអនុគណតាមវេនជាលំដាប់លំដោយ។ ក្រោយរយៈពេល៣ខែ នៃព្រះរាជពិធីបង្សុកូល គឺនៅថ្ងៃចន្ទ១២រោច ខែពិសាខ ឆ្នាំរោងឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦ព្រឹក នឹងរៀបចំព្រះរាជពិធីដង្ហែរ ព្រះបរមសពឆ្ពោះទៅកាន់វាលព្រះមេរុមុខវត្តបុទុមវតីរាជវរាម ប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង។
-
យុវជនជិត ២០០នាក់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា (Video Inside)
យុវជនជិត ២០០នាក់ បានមកទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា។ ជំនាញវិជ្ជាជីវៈមរតកដូនតា គឺជាផ្នែកមួយ នៃកម្មវិធីជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន ១លាន ៥សែននាក់ ពីរង្វង់យុវជនមកពីគ្រួសារក្រីក្រ។ អគ្គនាយករងបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ជ័យ ច័ន្ទកិត្យា បានថ្លែងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា មកដល់ពេលនេះទើបមានយុវជន ១៨៥នាក់ មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប៉ុណ្ណោះ បានមកទទួលការបណ្តុះបណ្តាល លើជំនាញវិជ្ជាជីវៈមរតកដូនតា។ វគ្គទី១ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឡើងក្នុងខែកុម្ភៈនេះ បានកំណត់ និងជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រសរុបចំនួន ៣០០នាក់ ដោយការសិក្សានឹងមានរយៈពេល ១២ខែ សម្រាប់ជំនាញវិជ្ជាជីវៈមរតកដូនតា។ វគ្គបណ្តុះបណ្តាលកំពុងតែប្រព្រឹត្តទៅក្នុងទីតាំងចំនួន ១១ ដែលមាន ១៣ថ្នាក់ នៅខេត្តចំនួន៦។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា។ តាមរយៈចំណេះ និងជំនាញជួយបណ្តុះបណ្តាលនេះ នឹងត្រូវរំពឹងថា នឹងជួយរួមចំណែកឱ្យកម្ពុជាអាចសម្រេចនូវមហិច្ឆតាចក្ខុវិស័យ…
-
មួយសប្តាហ៍ចាប់ខ្លួនជនល្មើសបទព្រហ្មទណ្ឌចំនួន ៩៤នាក់ (Video Inside)
ជនសង្ស័យចំនួន៩៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ពាកព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងថា ការចាប់ខ្លួនជនសង្ស័យ ៩៤នាក់ នោះបានធ្វើរវាងពីថ្ងៃទី១៩ ដល់២៥កុម្ភៈ ក្នុងការបង្ក្រាបចំនួន ៦១ករណី ក្នុងនោះរួមមាន ១៩ករណីជាអំពើលួច, ៧ករណីជាអំពើប្លន់, ៥ករណី ជាអំពើរំលោភសេពសន្ធវៈ, អំពើហិង្សា ១៥ករណី និងបទល្មើសផ្សេងទៀតចំនួន ៤ករណី។ បើប្រៀបធៀបនឹងសប្តាហ៍មុន តួលេខចាប់ខ្លួននេះ បានកើនឡើង ៣០នាក់។