-
មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ចំណុចជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី លើទឹកដីអូស្ត្រាលី (Video Inside)
មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ដំណើរចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទីក្រុងម៉ែលប៊ន បានទទួលជោគជ័យគួរឱ្យកត់សម្គាល់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានវិលត្រឡប់មកដល់មាតុប្រទេសវិញ វេលាយប់ថ្ងៃទី៦មីនា បន្ទាប់ពីបំពេញបេសកកម្មរយៈពេល៦ថ្ងៃ លើទឹកដីប្រទេសអូស្ត្រាលី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ខេត្តពោធិ៍សាត់ព្រមានដាក់ទោសមន្ត្រីក្រោមបង្គាប់ ដែលពាក់ព័ន្ធការបំផ្លាញព្រៃឈើ (Video Inside)
អភិបាលខេត្តពោធិ៍សាត់ បានព្រមានដកតួនាទី និងអនុវត្តទោសទៅតាមនីតិវីធីច្បាប់ ចំពោះមន្ត្រី ឬអ្នកពាក់ព័ន្ធណាក៏ដោយ ដែលបានឃុបឃិតជាមួយបទល្មើសធនធានធម្មជាតិ ព្រៃឈើ។ សម្តីព្រមាននេះ គឺនៅទន្ទឹមនឹងសេចក្តីរាយការណ៍ អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ដែលកើតឡើងក្នុងភូមិសាស្រ្តស្រុកវាលវែង និងស្រុកភ្នំក្រវាញ។ អប្សរាណិតរាយការណ៍
-
ការធ្វើតេស្តរកសារធាតុញៀនលើកម្លាំងនគរបាលជាតិបានបញ្ចប់ ១០០ភាគរយ (Video Inside)
យុទ្ធនាការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ តាមបណ្ដារាជធានីខេត្តទូទាំងប្រទេស បានបញ្ចប់ ១០០ភាគរយ ខណៈមន្ត្រីរាជការស៊ីវិលកំពុងចាប់ផ្ដើមអនុវត្ត។ សម្តេចធិបតីកាលពីថ្ងៃទី២០កុម្ភៈ បានដាក់ចេញបទបញ្ជាដាច់ខាតប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ មន្ត្រីរាជការណាដែលរកឃើញថា បានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងនៅថ្ងៃទី៦ ខែមីនាថា យុទ្ធនាការការធ្វើតេស្ដស្វែងរកសារធាតុញៀន លើមន្ត្រីកងកម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ តាមបណ្ដារាជធានីខេត្តបានបញ្ចប់ ១០០ភាគរយហើយ។ យោងតាមក្រសួងមហាផ្ទៃ, ក្នុងរយៈពេល ៦ខែមកនេះ ការបណ្តេញមន្ត្រីនគរបាលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន មានចំនួនយ៉ាងហោច ៥៦នាក់ហើយ។
-
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តថ្កោលទោសវិទ្យុអាស៊ីសេរី (Video Inside)
ពលរដ្ឋខ្មែរដែលបានអញ្ជើញចូលរួមគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសអូស្ត្រាលី បាននិយាយបន្តថ្កោលទោសដល់វិទ្យុអាស៊ីសេរី ដែលផ្សាយព័ត៌មានមិនពិត។ វិទ្យុអាស៊ីសេរីដែលប្រើប្រាស់ថវិការបស់រដ្ឋាភិបាលអាមេរិកច្រើនសិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ត្រូវបានពលរដ្ឋកម្ពុជាចាត់ទុកថា ជាវិទ្យុផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈចោទប្រកាន់ញុះញង់បង្កឱ្យខ្មែរ និងខ្មែរស្អប់ខ្ពើមគ្នា។ វិទ្យុនេះ ត្រូវពលរដ្ឋខ្មែរនិយាយថា បាននិងកំពុងក្លាយជាឧបករណ៍ឃោសនា ឱ្យមេខ្លោងធ្វើនយោបាយប្រឆាំង នៅក្រៅស្រុក ដោយជួយផ្សាយនូវរឿងមិនពិត ក្នុងបំណងធ្វើឱ្យសាធារណមតិមានការភ័ន្តច្រឡំ។ វិទ្យុអាស៊ីសេរីក្នុងការផ្សាយមួយក្នុងសប្តាហ៍នេះ បាននិយាយចោទថា ពលរដ្ឋខ្មែរជាង ១ពាន់ ៦០០នាក់ ដែលមកទទួលស្វាគមន៍គាំទ្រដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសអូស្ត្រាលីនោះ គឺមិនមែនធ្វើដំណើរមកដោយស្ម័គ្រចិត្តទេ ប៉ុន្តែដោយសារ «ឥទ្ធិពលលុយកាក់» ឬ «ត្រូវបានគេទិញក្បាល ដើម្បីយកមកសម្តែង» ជាដើម។ ពលរដ្ឋខ្មែរដែលបានមកចូលរួមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្កោលទោសការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ ដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន។ នេះជាការដកស្រង់សម្លេងខ្លះរបស់ពលរដ្ឋ ដែលនិយាយថ្កោលទោសការផ្សាយវិទ្យុអាស៊ីសេរី។ ពលរដ្ឋខ្លះទៀតបានដាក់សំណួរថា តើហេតុអ្វីបានជារដ្ឋាភិបាលសហរដ្ឋអាមេរិក នៃបិតាលទ្ធិប្រជាធិបតេយ្យ ចំណាយលុយរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗឥតប្រយោជន៍ ដើម្បីតែការផ្សាយព័ត៌មានមិនពិត តាមវិទ្យុអាស៊ីសេរី ជាភាសាខ្មែរនេះ?
-
គណបក្សបួនចុះបញ្ជីបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ (Video Inside)
គណបក្សនយោបាយចំនួន៤ បានស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ នៅខែឧសភាខាងមុខនេះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ ដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក និងខណ្ឌ ឆ្នាំ២០២៤ មានរយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមីនា។ សេចក្តីប្រកាសព័ត៌មានថ្ងៃទី៦មីនារបស់គជប បានឱ្យដឹងថាគណបក្សទាំងបួនដែលបានចុះបញ្ជីរួចរាល់នោះ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានអំពាវនាវដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រូវសហការផ្តល់ឯកសារឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ លោកបានបញ្ជាក់ថា គជបនឹងជូនដំណឹងទៅគណបក្សនយោបាយនោះវិញ ក្នុងរយៈពេល៥ថ្ងៃ ដើម្បីឱ្យគណបក្សសាមីត្រូវរៀបចំបញ្ជូលបន្ថែមឯកសារមកកាន់គជប។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌូណេស៊ី បានជួបពិភាក្សាទ្វេភាគី ក្នុងឱកាសដែលមេដឹកនាំទាំង២ បានស្ថិតលើទឹកដីអូស្ត្រាលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន។ ជំនួបនារសៀលថ្ងៃទី៥ មីនា ឆ្នាំ២០២៤ បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ នៃវិស័យការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ទេសចរណ៍ និងសន្តិសុខ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Video Inside)
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងវៀតណាម បានជួបពិភាក្សាគ្នា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ នាព្រឹកថ្ងៃទី៦មីនា បានផ្តោតលើការពង្រឹងកាន់តែខ្លាំងថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការ នាថ្ងៃអនាគតបន្ថែមទៀត។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ឆេះចំការអំពៅ ១៥ហិកតា ដោយសារដុតភ្លើងយកឃ្មុំ (Video Inside)
ចំការអំពៅទំហំ ១៥ហិកតា នៅក្នុងខេត្តសៀមរាប ត្រូវបានឆេះខ្ទេចខ្ទីដោយសារតែក្មេងដុតភ្លើងយកឃ្មុំ។ ហេតុការណ៍បានកើតឡើងនារសៀលម៉ោង១និង៤០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិអញ្ចាញ, សង្កាត់នគរធំ ក្រុងសៀមរាប។ សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១០គ្រឿង ដោយបានរារាំងមិនឱ្យការឆេះចំការនោះ រាលដាលដល់ផ្ទះពលរដ្ឋដទៃឡើយ។ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ…ចំណែកក្មេងដែលបង្កហេតុមិនមានសេចក្តីរាយការណ៍អំពីការឃាត់ខ្លួនឡើយ។
-
រាជរដ្ឋាភិបាលចេញសារាចរដាក់វិធានការបង្ការ និងពន្លត់អគ្គិភ័យ (Video Inside)
យ៉ាងហោចក្រសួងចំនួន៥ ជាមួយនឹងរដ្ឋបាលរាជធានី និងខេត្ត បានទទួលបទបញ្ជាការអនុវត្តវិធានការបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៤នេះ។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំមួយដែលមានការព្យាករណ៍រងបាតុភូតកម្តៅអែលនីញ៉ូ។ តើរាជរដ្ឋាភិបាលដាក់ចេញបទបញ្ជាអ្វីខ្លះ ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ សម្រាប់ឆ្នាំ២០២៤នេះ? អប្សរាណិតរាយការណ៍
-
រកឃើញគ្រាប់មិនទាន់ផ្ទុះ ៥គ្រាប់ ក្នុងទីតាំងដីមួយបំរុងសាងសង់សាលារៀន (Video Inside)
គ្រាប់មិនទាន់ផ្ទុះចំនួន៥គ្រាប់ ត្រូវអង្គភាពកំចាត់មីនប្រទះឃើញនៅ២ទីតាំងផ្សេងគ្នា ក្នុងខេត្តបាត់ដំបង។ ខេត្តបាត់ដំបង គឺជាខេត្តដែលមានរាយប៉ាយគ្រាប់មិនទាន់ផ្ទុះច្រើនជាងគេ ក្នុងអតីតកាលសង្គ្រាមស៊ីវិល។ យោងតាមអង្គការស៊ីម៉ាក់, គ្រាប់មិនទាន់ផ្ទុះបីគ្រាប់ដែលបានរកឃើញនេះ គឺក្នុងពេលដែលក្រុមប្របតិ្តការកំពុងរាវរក និងបោសសម្អាតផ្ទៃដីស្រែ ដើម្បីការសាងសង់សាលារៀន ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០២៤។ យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៣គ្រាប់ រួមមានគ្រាប់កាំភ្លើងត្បាល់ធុន៦០មីលីម៉ែត្រចំនួន១គ្រាប់, គ្រាប់កាំភ្លើងត្បាល់ធុន៨២មីលីម៉ែត្រ ចំនួន១គ្រាប់ និងគ្រាប់កាំភ្លើងឡង់ចំនួន១គ្រាប់។ កម្ពុជាមានគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ទាំងស្រុង នៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដីត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅសេសសល់ ប្រមាណ ៦០០គីឡូម៉ែត្រក្រឡាថែមទៀត។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ មានប្រជាជនរងគ្រោះដោយសារគ្រាប់មីន សរុបចំនួន ៦ម៉ឺន ៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់។