-
ពលរដ្ឋខ្មែរក្នុងនិងក្រៅស្រុក បន្តគាំទ្រចំណាត់ការប្រឆាំងគ្រឿងញៀន (Video Inside)
ពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស បានបន្តផ្ញើសារសម្លេងគាំទ្របទបញ្ជាម៉ឺងម៉ាត់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រឆាំងដាច់ខាតបញ្ហាគ្រឿងញៀនតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ យោងតាមប្រសាសន៍របស់សម្តេចធិបតី មន្ត្រីរាជការណាដែលរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាព និងក្រសួង ដែលទណ្ឌកម្មនេះ នឹងមិនរារាំងដល់ការអនុវត្តច្បាប់ឡើយ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតីបកស្រាយពន្យល់មូលហេតុអ្វីបានជាមានការតម្លើងតួនាទីលោក ហ៊ុន ម៉ានី (Video Inside)
សម្តេចធិបតីបានលើកឡើងបកស្រាយ និងពន្យល់ជាសាធារណៈ នូវមូលហេតុអ្វីបានជាមានការតម្លើងតួនាទីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ានី ដែលត្រូវជាប្អួនបង្កើតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រការបំពេញបន្ថែមនាថ្ងៃទី២១កុម្ភៈ ដើម្បីក្លាយជាឧបនាយករដ្ឋមន្ត្រី ដែលជាឋានៈដ៏ខ្ពង់ខ្ពស់មួយរបស់រាជរដ្ឋាភិបាល ប៉ុន្តែមានមតិរិះគន់ខ្លះ បានលើកឡើងនូវការចោទប្រកាន់ផ្សេងៗ ពាក់ព័ន្ធនឹងការតែងតាំងនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២២កុម្ភៈ បង្ហាញជុំវិញមូលហេតុអ្វីដែលមានការគាំទ្រលោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រី។ លោក ហ៊ុន ម៉ានី អាយុ៤១ឆ្នាំ ក្រោយរដ្ឋសភា បានបោះឆ្នោតគាំទ្រការបំពេញបន្ថែមសមាសភាពនោះរួចមក ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់មកប្រមុខរាជរដ្ឋាភិបាល «ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យចាប់ពីថ្ងៃឡាយព្រហស្ថលេខា» ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៤។
-
កម្ពុជាសិក្សាកសាង «ផ្លូវរថភ្លើងធុនស្រាល» នៅរាជធានី និងសៀមរាប (Video Inside)
ក្រុមជំនាញកំពុងធ្វើការសិក្សាបង្កើតគម្រោងសាងសង់ «ផ្លូវរថភ្លើងធុនស្រាល» ចំនួន២កន្លែង នៅកម្ពុជា ដើម្បីជួយសម្រួលការដឹកជញ្ជូន និងការជួយបញ្ចៀសការកកស្ទះចរាចរណ៍។ គម្រោងកសាង «ផ្លូវរថភ្លើងធុនស្រាល» ទាំង២កន្លែងនោះ គឺមួយកន្លែងនៅខេត្តសៀមរាប ក្នុងការតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប…និងមួយកន្លែងទៀត រវាងពីខេត្តកណ្តាល មករាជធានី គម្រោងផ្លូវរថភ្លើងធុនស្រាលនេះ នឹងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោក្នុងក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។ កិច្ចពិភាក្សាលើការសិក្សាគម្រោងទាំង២នេះ បានធ្វើឡើងកាលពីថ្ងៃទី២១កុម្ភៈ រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ជាមួយនឹងអគ្គនាយកក្រុមហ៊ុនចិន លោក លី ខ័រ នៃក្រុមហ៊ុន China Metro Group នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ដ្រីអ្នកនាំពាក្យក្រសួងសាធារណការបានថ្លែងថា ពាក់ព័ន្ធនឹងគម្រោងទាំងពីរនេះ គេនៅមិនទាន់ចេញលទ្ធផលជុំវិញការចំណាយថវិកា និងពេលវេលា ដែលនឹងត្រូវសាងសង់នោះនៅឡើយទេ។
-
សម្តេចធិបតីថ្លែងថាថ្នាលអប់រំធនធាននឹងស្ទុះទៅមុខបានដោយសារការរៀបចំគ្រឹះរឹងមាំ (Video Inside)
សម្តេចធិបតីបានថ្លែងថា គ្រឹះរឹងមាំ នៃការអប់រំថ្នាលបណ្តុះបណ្តាល គឺការរៀបគ្រឹះដំបូងរបស់វាឱ្យបានរឹងមាំ។ សម្តេចធិបតីបានមានប្រសាសន៍បន្តថា ការអប់រំថ្នាលបណ្តុះបណ្តាលសិស្ស គឺចាប់ផ្តើមពីគ្រឹះដំបូង នៃថ្នាក់មតេយ្យ, បឋមជាបន្តបន្ទាប់រហូតដល់ការបញ្ចប់ថ្នាក់មធ្យមសិក្សារយៈពេល១២ឆ្នាំ។ សម្តេចធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នាថ្ងៃទី២២កុម្ភៈបញ្ជាក់ថា បើសិនជាការអប់រំថ្នាលដំបូងនេះ មានគ្រឹះរឹងមាំហើយ ធនធានរបស់សិស្សនោះ គង់នឹងល្អជាមិនខានឡើយ ពេលបន្តការឈោងចាប់រៀនអ្វីសម្រាប់អនាគតខាងមុខនោះ។ សម្ដេចធិបតី បានថ្លែងទៀតថា ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវពង្រឹងការតាមដានត្រួតពិនិត្យ ដែលមិនមែនជាវិធានការចាប់កំហុសនោះទេ ប៉ុន្តែជាផែនការជួយឱ្យបានជោគជ័យ ដោយចាប់ផ្ដើមចេញពី៥០សាលា, ឈានទៅ១០០សាលា, ២០០សាលារហូតដល់១ពាន់សាលាជាដើម…ហើយផែនការត្រួតពិនិត្យនេះ គួរអនុវត្តរៀងរាល់ ៣ខែម្ដង។
-
នាវាស្វ័យការពារកងទ័ពជប៉ុន ២គ្រឿង ចូលចតកំពង់ផែកម្ពុជា (Video Inside)
នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចំនួន ២គ្រឿង ដែលផ្ទុកកងម៉ារីនជាង ៤០០នាក់ និងឧទ្ធម្ភាចក្រ បានចូលចតនៅកំពង់ផែផែស្វ័យ័តក្រុងព្រះសីហនុនៅថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៤។ មន្ត្រីកម្ពុជាបានថ្លែងថា នាវាស្វ័យការពារទាំង២ ដែលបានចូលចតនៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុនេះ ដឹកនាំដោយមេបញ្ជាការកងពលធំទី១ គឺវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ។ ដំណើរចូលសំចត នៃនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនឈ្មោះស៊្ហីម៉ាកាហ្សេ SHIMAKAZEជាមួយ នាវិក ២៦០នាក់ និងនាវាឈ្មោះ ស៊ូហ៊្សូណាមី SUZUNAMI ជាមួយនឹងនាវិកចំនួន ១៧៥នាក់ នឹងមានរយៈពេល៣ថ្ងៃរវាងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ។ គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង។ ជប៉ុននិងកម្ពុជា មានទំនាក់ទំនងការទូតរវាងគ្នាចាប់តាំងពីឆ្នាំ១៩៥៣ មក។ ជប៉ុនបានជួយកម្ពុជាជាច្រើនលើការរៀបចំប្រទេស, ការអភិវឌ្ឍន៍ តាមរយៈការបណ្តាក់ទុន, ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ដែលអ្វីទាំងនេះ បានជួយកម្ពុជាជាច្រើន លើការកាត់បន្ថយភាពក្រីក្រ។
-
សម្តេចធិបតីពន្យល់អត្ថន័យនូវអ្វីជា «កិច្ចការទេវតា» (Video Inside)
សម្តេចធិបតីបានហៅកិច្ចការរបស់គ្រូបង្រៀន និងគ្រូពេទ្យថាជា «កិច្ចការទេវតា» ដោយសារការបន់ស្រន់ពីមនុស្សទូទៅគឺចង់បាន «សេចក្តីសុខ» និង «សុំឱ្យរកស៊ីមានបាន»។ សម្តេចធិបតីក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល នាថ្ងៃទី២២កុម្ភៈបញ្ជាក់ថា បើគេចង់បានក្តីសុខ, មានសុខភាពល្អ និងអាយុយឺនយូរ គឺគេត្រូវទៅរកពេទ្យ ចំណែកការបន់សុំឱ្យរកស៊ីមានបាន គឺត្រូវពឹងផ្អែកលើគ្រូបង្រៀន ដែលនឹងផ្តល់ចំណេះឱ្យសិស្សក្លាយជាធនធានមនុស្ស អាចប្រកបការងារទទួលបានប្រាក់ចំណូលក្លាយជាមនុស្សមានទ្រព្យសម្បត្តិបាន។ សម្តេចធិបតីបានអំពាវនាវចំពោះគ្រូបង្រៀន និងគ្រូពេទ្យ សូមជួយបំពេញការបំរើ «កិច្ចការទេវតា» នេះ ឱ្យបានល្អ ដើម្បីការបានទទួលលទ្ធផលល្អមកវិញ ពីពលរដ្ឋដែលប្រាថ្នានូវសេចក្តីសុខ និងការសុំឱ្យរកស៊ីមានបាន។
-
តម្លៃប្រេងសាំងកើនឡើង (Video Inside)
តម្លៃប្រេងសាំងបានកើនឡើងមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម, សម្រាប់ការលក់រវាងពីថ្ងៃទី២១ រហូតដល់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ៣៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះបានកើន មកវិញចំនួន ៥០រៀល បើប្រៀបធៀបទៅនឹងការលក់រយៈពេល ១០ថ្ងៃមុន។ ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន ៤ពាន់ ៣០០រៀល ក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់ រយៈពេល១០ថ្ងៃមុន គឺតម្លៃនេះគឺកើនឡើងចំនួន ៥០រៀល ក្នុងមួយលីត្រ។ សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច ៦ចុច ៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។
-
ការដាច់ភ្លើងចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងចុងសប្តាហ៍ក្នុងរដូវដែលសីតុណ្ហភាពកម្តៅកាន់តែកើនឡើង បានមកដល់ទៀតហើយ។ ការដាច់ភ្លើងក្នុងសីតុណ្ហភាពក្តៅអតិបរមា ៣៧អង្សាសេ ក្នុងសប្តាហ៍នេះ មានរយៈពេល៤ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងទាំងបួនថ្ងៃរយៈពេលពី៦ទៅ៩ម៉ោង មាននៅទីណាខ្លះ ក្នុងរាជធានី និងនៅខេត្តកណ្តាល? អប្សរាណិតរាយការណ៍
-
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់បញ្ចូលជាសមាជិកបក្ខប្រជាជន (Video Inside)
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ខណៈការស្នើសុំចូលរួមរបស់ក្រុមសកម្មជន នៃគណបក្សប្រឆាំងដទៃទៀត កំពុងមានសភាពផុលផុសគួរឱ្យកត់សម្គាល់។ សេចក្តីប្រកាសថ្ងៃទី២១កុម្ភៈរបស់គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, លោក សាន សាង សញ្ជាតិខ្មែរអាមេរិក ដែលធ្លាប់ធ្វើជាសមាជិករដ្ឋសភារបស់គណបក្ស សម រង្ស៊ី និងជាអតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ លោក សាន សាង ជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ និងបច្ចុប្បន្ន លោកជាអនុប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។
-
សម្តេចធិបតីជំរុញដំណើរទៅមុខ នៃប្រព័ន្ធ SME (Video Inside)
សម្តេចធិបតីបានលើកឡើងនូវគោលដៅធំៗ របស់ជាតិ និងដំណើរឆ្ពោះទៅសម្រេចគោលដៅ តាមចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន», សម្តេចធិបតីបានប្រាប់អ្នកចូលរួមថា គោលដៅរបស់រាជរដ្ឋាភិបាល គឺការជម្រុញសេដ្ឋកិច្ចប្រកបដោយចិរភាព និងភាពធន់និងការបង្កើតការងារឱ្យបានច្រើន ហើយមីក្រូសហគ្រាសធុនតូចនិងមធ្យម គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច។ សម្តេចបានថ្លែងការដាក់ចេញនូវផែនការនៅក្នុងការបង្កើតការងារ ត្រូវធ្វើយ៉ាងណាឱ្យមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ។ សម្តេចបានថ្លែងថាគ្រឹះ នៃសេដ្ឋកិច្ច គឺវិស័យឯកជនត្រូវរឹងមាំ និងវិស័យឯកជនរឹងមាំ ត្រូវពិនិត្យមើលលើក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមSME និងត្រូវធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះមានដំណើររបស់វាទៅមុខ។ សង្គ្រាមជិត៣០ឆ្នាំក្នុងប្រទេសកម្ពុជា បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងធ្វើឱ្យកម្ពុជាស្ថិតក្នុងប្រទេស នៃបាតតារាងរបស់សកលលោក។ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានទទួលសុខសន្តិភាពពិតប្រាកដនាចុងឆ្នាំ១៩៩៨ និងកម្ពុជាបានប្រឹងប្រែងដោយខ្លួនឯងបន្តិចម្តងៗ ក្នុងការនាំប្រទេសចេញពីភាពងងឹត នៃអ្វីដែលកម្ពុជាមិនធ្លាប់បានធ្វើសោះកាលពីមុន ក្លាយជាកម្ពុជា ដែលអាចធ្វើកិច្ចការបានជាច្រើនដោយខ្មែរខ្លួនឯងអាចធ្វើបាន។ សម្តេចធិបតីបានថ្លែងបង្ហាញការជឿជាក់ថា នាអនាគតកម្ពុជានឹងអាចធ្វើកិច្ចការខ្ពស់នានាបានទាំងអស់ តាមរយៈការពង្រឹងមូលដ្ឋាន នៃការបង្កើនចំណេះដឹងដោយខ្លួនឯង។