-
វៀតណាមដោះលែងពលរដ្ឋខ្មែរពីរនាក់ ក្នុងករណីបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្ទ (Video Inside)
ពលរដ្ឋខ្មែរចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្ទវៀតណាម ត្រូវបានដោះលែងមកកម្ពុជាវិញ ក្រោយការឃាត់ខ្លួនជាច្រើនខែ។ ប្រជាពលរដ្ឋខ្មែរទាំង២រូបនេះ ត្រូវបានអាជ្ញាធរវៀតណាម ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅពេលដែលពួកគេបានបើកទូកទេសចរណ៍ដឹកភ្ញៀវស្ទូចត្រី ឆ្លងចូលដែនសមុទ្ទវៀតណាម។ មន្រ្តីអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានថ្លែងថា ការលើកលែងទោស និងដោះលែងប្រជាពលដ្ឋខ្មែរទាំង២រូប ពីប្រទេសវៀតណាម មកកាន់កម្ពុជា វិញនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត នៃប្រទេសកម្ពុជា។
-
កម្ពុជាចូលជាសមាជិកផ្លូវការ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ នៃបណ្តាប្រទេសអាស៊ីបូព៌ាសម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន (Video Inside)
កម្ពុជាបានចូលជាសមាជិកផ្លូវការ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ នៃបណ្តាប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន ហៅកាត់ថាស៊ីភែដ CEAPAD ។ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក មាស គឹមហេង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី៥ នៃសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសអាស៊ីបូព៌ា សម្រាប់ការអភិវឌ្ឍប៉ាឡេស្ទីន តាមប្រព័ន្ធវីដេអូ។ លោក មាស គឹមហេង បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសមាជិក CEAPAD និងភាគីពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរនូវជំនួយនានា ដើម្បីជួយគាំទ្រ និងពង្រឹងសមត្ថភាពរបស់ប៉ាឡេស្ទីន សម្រាប់ការសម្រេចបាននូវសេចក្តីប្រាថ្នា ដើម្បីស្ថិរភាព ការស្តារសេដ្ឋកិច្ចសង្គម និងសំខាន់ជាងនេះ គឺសន្តិភាពយូរអង្វែង។ កិច្ចប្រជុំបានពិភាក្សាអំពីតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការស្តារ និងកសាងតំបន់ហ្គាហ្សាឡើងវិញ, កិច្ចខិតខំប្រឹងប្រែង នៃការផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន និងសារៈសំខាន់នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការតាមរយៈ CEAPAD ។
-
កម្ពុជាមានទុនបម្រុងអន្ដរជាតិ ២០ប៊ីលានដុល្លារ គិតត្រឹមចុងឆមាសទី១ នៃឆ្នាំ២០២៤នេះ (Video Inside)
ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា កម្ពុជាមានទុនបម្រុងអន្ដរជាតិ ២០ប៊ីលានដុល្លារ រក្សាបានជំនឿទុកចិត្តលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា គិតត្រឹមចុងឆមាសទី១ នៃឆ្នាំ២០២៤នេះ។ ប្រសាសន៍ថ្លែងរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។ អប្សរាណិតរាយការណ៍
-
មន្ត្រីបរិស្ថានកំពង់ស្ពឺបញ្ចេញកម្លាំងជួយរកឧទ្ធម្ភាគចក្របាត់ (Video Inside)
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស ៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រ ដែលបាត់ដាននៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ខណៈអាកាសធាតុ កំពុងបង្កជាឧបសគ្គ ក្នុងស្វែងរកឧទ្ធម្ភាគចក្រ Z9។ ខេត្តកំពង់ស្ពឺ គឺជាខេត្តនៃព្រំប្រទល់ដែនមួយ នៃតំបន់ជួរភ្នំក្រវាញ។ អប្សរាណិតរាយការណ៍
-
ប្រធានរដ្ឋសភាកម្ពុជាចូលរួមមរណទុក្ខអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម (Video Inside)
សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី បានធ្វើលិខិតចូលរួមសម្តែងមរណទុក្ខ ចំពោះមរណភាពអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង។ លិខិតចូលរួមមរណទុក្ខនេះ បានធ្វើទៅកាន់ប្រធានរដ្ឋសភា នៃប្រទេសវៀតណាម លោក ជិន ថាន់មិញ នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៤។ មេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូចុង បានទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ ដោយសាររោគាពាធ។ លិខិតចូលរួមមរណទុក្ខរបស់សម្តេចមហារដ្ឋសភាធិការបតី នៃប្រទេសកម្ពុជា បានសរសេរថា «មរណភាពរបស់ឯកឧត្តមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង មិនគ្រាន់តែជាការបាត់បង់ដ៏ធំធេង របស់សាធារណរដ្ឋសង្គមនិយមវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ដ៏ធំធេងសម្រាប់យើងគ្រប់គ្នា ដែលបានដឹងអំពីការតស៊ូប្រឹងប្រែង និងបានឃើញពីសមិទ្ធផលកេរដំណែលមិនអាចកាត់ថ្លៃបានរបស់ឯកឧត្តមសម្រាប់មនុស្សជាតិ»។ លិខិតដដែលបញ្ជាក់ថា «យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងវេលាដ៏លំបាកនេះ ជាមួយក្រុមគ្រួសារឯកឧត្តម សហការី និងប្រជាជនវៀតណាមទាំងអស់»។
-
កម្ពុជាប្រសិទ្ធនាមផ្លូវការមហាវិថីស៊ីជីនពីង នៃផ្លូវខ្សែក្រវាត់ក្រុងទី៣ (Video Inside)
ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលជាផ្លូវដាក់ឈ្មោះ ប្រធានាធិបតីចិន បានប្រសិទ្ធនាមជាផ្លូវការ ក្នុងពិធីមួយនៅថ្ងៃទី១៩កក្កដា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ «មហាវិថីស៊ីជីនពីង» ប្រវែងជិត៥៣គីឡូម៉ែត្រ ដែលជាជំនួយហិរញ្ញប្បទាន ២៧៣លានដុល្លារ របស់រដ្ឋាភិបាលចិន ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៣ និងពិធីដាក់ឈ្មោះជាផ្លូវការ ទើបបានធ្វើនៅថ្ងៃសុក្រនេះ ដោយមានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង វិនបិន។ អប្សរាណិតរាយការណ៍
-
ឃាត់ខ្លួនបុរសអាយុ៤០ឆ្នាំដែលប្រមាថព្រះមហាក្សត្រ (Video Inside)
បុរសម្នាក់អាយុ៤០ឆ្នាំត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប្រមាថព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ អ៊ុក ភក្តី ស្នាក់នៅផ្ទះជួល ផ្លូវលំ នៃភូមិដំណាក់ធំបួន សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវគេរាយការណ៍ បាននិយាយប្រមាថព្រះមហាក្សត្រខ្មែរ ដោយសម្តីជះកំហឹងថា មិនបានជួយដោះស្រាយបញ្ហាដល់រូបគាត់។ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ បានចែងថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ពាក្យសម្តីប្រមាថរបស់បុគ្គលរូបនោះ ត្រូវបណ្តាញសង្គម Tik Tok បានបង្ហោះតាមបណ្តាញសង្គមបញ្ជាក់ថា បានប្រព្រឹត្តនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨និង៤នាទីព្រឹកនៅ ចំណុចស្តុបអាងទឹកអូឡាំពិក សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។ បុរសនោះបានរត់គេចខ្លួនក្រោយហេតុការណ៍ប្រមាថនោះរួច និងរហូតដល់ល្ងាចម៉ោង៦ ថ្ងៃទី១៧កក្កដា គាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្លូវ២១៧ ភូមិដំណាក់ធំ៤ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
-
កូនសត្វក្រពើភ្នំ ៦០ក្បាល ញាស់ចេញពីសំបុកនៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ (Video Inside)
កូនសត្វក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យ ក្រោយការប្រទះឃើញពងរបស់វា ៥សំបុក នៅក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិថ្ងៃទី១៨ ខែកក្កដា សំបុកក្រពើភ្នំចំនួន ៥សំបុកនោះ ត្រូវបានរកឃើញតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ដែលក្នុងនោះពងមានលទ្ធភាពបង្កកំណើត មានចំនួន ៦៦គ្រាប់ ដែលជាចំនួនសម្បុកពងកូនច្រើនបំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យ ក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការរកឃើញសំបុកក្រពើភ្នំនេះ បានបង្ហាញថា តំបន់ក្នុងសួនឧទ្យានជាតិជួរភ្នំក្រវាញ គឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្ដីសង្ឃឹមដល់ការកើនឡើង នៃប្រភេទសត្វនេះ នៅក្នុងធម្មជាតិ។
-
ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ រងជំនន់ទឹកភ្លៀង (Video Inside)
តំបន់ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍ជុំវិញករណីរងជំនន់ទឹកភ្លៀង ខណៈខេត្ដនាភាគឥសានប្រទេសរួមមានខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្ដកំពង់ធំ ជាដើម ភ្លៀងបានបន្តធ្លាក់ជាបន្ថែមទៀត ខណៈទឹកភ្លៀងដែលលិចលង់នៅមិនទាន់ហូរចេញអស់នៅឡើយ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងសប្ដាហ៍នេះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែមានជាបន្ដក្នុងប្រទេសកម្ពុជា ដោយសារការរងឥទ្ធិពលព្យុះត្រូពិកឈ្មោះ ស្រ៊ី។ អប្សរាណិតរាយការណ៍
-
ប្រទះឃើញគ្រាប់មីនសញ្ញាលេខបូក ៤គ្រាប់ ក្នុងចម្ការពោតក្រោយមេឃធ្លាក់ភ្លៀងរួច (Video Inside)
គ្រាប់មីនប្រភេទ៧២ ឬមីនសញ្ញាលេខបូកចំនួន៤គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងចម្ការពោតមួយកន្លែង ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។ អភិបាលស្រុកបាណន់ លោក ស្រេង សុខា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់នៅថ្ងៃទី១៨ ខែកក្តដាថា គ្រាប់មីនប្រភេទ៧២ ចំនួន ៤គ្រាប់នេះ ត្រូវបានបុរសម្នាក់ជាម្ចាស់ចំការអាយុ ៤៤ឆ្នាំឈ្មោះ អឿន ម៉ៅ បានប្រទះឃើញនៅក្នុងចំការពោត ស្ថិតក្នុងភូមិស្នឹងកើត, ឃុំស្នឹង នៃស្រុកបាណន់។ បុរសជាម្ចាស់ចម្ការ បានថ្លែងថា គាត់បានប្រទះឃើញគ្រាប់មីនទាំងនេះ នៅក្នុងចម្ការពោត ក្រោយពេលមេឃបានធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ ដែលមានទឹកហូរកាត់ដី នៅក្នុងចំការ។ លោក អឿន ម៉ៅ បានថ្លែងថា គាត់តែងប្រទះឃើញគ្រាប់មីននៅរាយប៉ាយ ក្នុងដីចម្ការជារៀងរាល់ឆ្នាំ នៅពេលគាត់បានភ្ជួរដីធ្វើចម្ការនោះ។ គាត់បានថ្លែងថា បើគិតដល់ពេលនេះ គាត់បានប្រទះឃើញគ្រាប់មីនប្រភេទដូចគ្នានេះចំនួន ១១គ្រាប់ហើយ។ លោក អឿន ម៉ៅ បានសំណូមពរសុំឲ្យអាជ្ញាធរ ឬមន្ត្រីអង្គភាពកំចាត់មីនស៊ីម៉ាក់ ចុះរុករកគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ដីចម្ការរបស់គាត់ ពីព្រោះគាត់យល់ថា គ្រាប់មីន ឬគ្រាប់ដទៃអាចនៅមានសេសសល់ នៅក្នុងដីចម្ការគាត់នៅឡើយទេ។