-
ការរុករកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស ២នាក់ ប្រឈមឧបសគ្គការធ្លាក់ភ្លៀង (Video Inside)
ការរុករកឧទ្ធម្ភាគចក្រ Z9 ផ្ទុកមនុស្ស២នាក់ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ កំពុងប្រឈមឧបសគ្គភ្លៀងដែលបង្កជាទឹកជំនន់។ រយៈពេល៦ថ្ងៃហើយ ដែលគេមិនទាន់រកឃើញឧទ្ធម្ភាគចក្រយោធា Z9 ដែលបាត់ជាមួយនឹងមនុស្ស២នាក់បាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ដែលជាអាកាសយានិកនោះឡើយ។ អប្សរាណិតរាយការណ៍
-
ក្រសួងព័ត៌មានរកកិច្ចសហការពីសាធារណជនស្វែងរកអ្នកសារព័ត៌មានទារកំហែងប្រាក់ (Video Inside)
ក្រសួងព័ត៌មានបានស្វែងរកកិច្ចសហការពីសាធារណជន ដែលទទួលរងនឹងការគំរាមកំហែង ដោយសារការទារជំរិតលុយ ឬការគាបសង្កត់ផ្សេងៗ ពីក្រុមសារព័ត៌មាន ដើម្បីក្រសួងមានវិធានការតាមនីតិវិធីច្បាប់។ សេចក្តីជូនដំណឹងថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ គឺនៅច្រើនម៉ោងបន្ទាប់ពីមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវ «ដុសក្អែល» ចំពោះអ្នកកាសែតដែលគ្មានវិជ្ជាជីវៈ ប្រើប្រាស់អាជីពរបស់ខ្លួន ដើរគំរាមកំហែងប្រាក់ពីពលរដ្ឋប្រកបរបរសុចរិត។ សេចក្តីជូនដំណឹងបានសរសេរថា «សូមជូនដំណឹងដល់អ្នកសារព័ត៌មាន, អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុម MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចែកចាយព័ត៌មាន ដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន»។ សេចក្តីជូនដំណឹងបានបន្តថា «សូមសាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗ ពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣ / ០១២ ៤៨៨ ១៥៦ ឬដាក់ពាក្យបណ្តឹងមកក្រសួងព័ត៌មាន ដើម្បីឱ្យក្រសួងមានវិធានការតាមនីតិវិធីច្បាប់»។ ក្រសួងព័ត៌មាននៅបានជូនដំណឹងទៀតថាគេ «នឹងប្រកាសដាក់ឱ្យអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ រួមនិងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នៅកម្ពុជា គោរព និងអនុវត្តនាពេលដ៏ឆាប់ៗខាងមុខនេះ»។
-
សម្តេចធិបតីប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន «ដុលក្អែល» អ្នកកាសែតគ្មានវិជ្ជាជីវៈ (Video Inside)
សម្តេចធិបតីបានប្រាប់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវជួយ «ដុលក្អែល» ចំពោះអ្នកសារព័ត៌មានណាដែលគ្មានវិជ្ជាជីវៈ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១៨កក្កដា ក្នុងពិធីមួយនៅខេត្តសៀមរាប ជាមួយការកត់សម្គាល់ថា ព័ត៌មានតាមបណ្តាញសង្គមខ្លះ បានផ្សាយនូវព័ត៌មានមិនពិត ដែលស្ទើរតែធ្វើឱ្យពលរដ្ឋវិះនាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងរឿងដែលមិនបានកើតឡើងទាល់តែសោះ។ អប្សរាណិតរាយការណ៍
-
សម្តេចធិបតី និងលោកជំទាវ ចូលរួមពិធីបញ្ចុះបឋមសិលាសារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» (Video Inside)
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនីពិន សែម រាជបូណ៌» ក្នុងបរិវេណវត្តរាជបូណ៌ នាខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ២០២៤។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះជន្ម៨២ព្រះវស្សា គឺជាព្រះសង្ឃខ្មែរដ៏ល្បីល្បាញម្នាក់ ដែលមានកេរ្តិ៍ឈ្មោះសុះសាយទាំងក្នុងប្រទេស និងអន្តរជាតិ។ សារមន្ទីរដែលបានដាក់ព្រះនាមរបស់ព្រះអង្គនេះ គឺជាទីកន្លែងកំណើតរបស់ព្រះអង្គ ដែលបានប្រសូតក្នុងត្រកូលកសិករនៅភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌នេះ ជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តដទៃទៀត នៅក្នុងខេត្តសៀមរាប និងអារាមមួយនេះ មានព្រះវិហារមួយ ដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុង នៃការសាងសង់ ក្នុងរាជព្រះបាទនរោត្តម។ សារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនីពិន សែម រាជបូណ៌» នឹងមានប្រយោជន៍សម្រាប់ការរក្សានូវវត្ថុបុរាណ នៃកេរដំណែលខ្មែរ ធ្វើពីថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានា ដែលរក្សាទុកក្នុងវត្តរាជបូណ៌ ដើម្បីរក្សាទុក និងតាំងបង្ហាញក្នុងអគារសារមន្ទីរ នៅក្នុងវត្តរាជបូណ៌។ សារមន្ទីរនេះ គឺជាសារមន្ទីរព្រះពុទ្ធសាសនាមួយ ដើម្បីឱ្យមនុស្សជាតិទាំងអស់…
-
ការដាច់ភ្លើងនៅចុងសប្តាហ៍មាននៅទីណាខ្លះ? (Video Inside)
ការដាច់ភ្លើងនៅចុងសប្តាហ៍បានមកដល់ទៀតហើយ ដែលមានរយៈពេល៤ថ្ងៃ គឺមាននៅថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ តើការដាច់ភ្លើងប្រចាំសប្តាហ៍នេះ មាននៅកន្លែងណាខ្លះ? សូមស្ដាប់សេចក្ដីរាយការណ៍
-
មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៦ខែដើមឆ្នាំ កើនឡើង ៥ភាគរយ (Video Inside)
ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានឱ្យដឹងថា មនុស្សជិត ៨០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ ប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់នូវតួលេខគ្រោះថ្នាក់តាមដងផ្លូវនេះ នារសៀលថ្ងៃទី១៦ ខែកក្កដា ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយបញ្ជាក់ថា តាមរយៈតួលេខគ្រោះថ្នាក់ចរាចរណ៍ ដែលមានមនុស្សស្លាប់នេះ មានការកើនឡើងប្រមាណ ៥ភាគរយ។ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានកើតឡើង ១ពាន់ ៥២០លើក មានអ្នកស្លាប់ចំនួន ៧៩៣នាក់, កើនឡើង ៣៧នាក់។ ក្នុងចំណោមអ្នកស្លាប់សរុបមាន ៧៥ភាគរយ គឺជាអ្នកជិះម៉ូតូ …ចំណែកអ្នករបួសមានចំនួន ២ពាន់ ៧២នាក់កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ។
-
ក្រសួងសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម ខណៈវដ្តផ្ទុះជម្ងឺឈានមកដល់ (Video Inside)
ការផ្ទុះឡើងនូវជម្ងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានកើនឡើងជាង ១៥ភាគរយ ខណៈឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃវដ្តវិលជុំការផ្ទុះរយៈពេល៥ឆ្នាំម្តង។ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមរូបលោក លាង ឫទ្ធា បានពន្យល់ថា ការកើនឡើងករណីជំងឺគ្រុនឈាមក្នុងឆ្នាំនេះ គឺដោយសារវដ្ដនៃការផ្ទុះជំងឺគ្រុនឈាម ដែល ៥ឆ្នាំមុននេះ គឺជាឆ្នាំ២០១៩។ យោងតាមតួលេខឆ្នាំ២០១៩ គឺនៅក្នុងខែកក្កដាដូចគ្នានេះ តួលេខអ្នកកើតជម្ងឺគ្រុនឈាម មានចំនួន ២ម៉ឺន ១ពាន់ ១៣០ករណី និងមានមនុស្សស្លាប់ ២៥នាក់ ប៉ុន្តែនៅឆ្នាំ២០២៤ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ជំងឺគ្រុនឈាមមានតែជាង ៦ពាន់ ៧០០ករណី តែប៉ុណ្ណោះ។ ជំងឺគ្រុនឈាម គឺជាជម្ងឺដែលបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺតឈាម ចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានបញ្ជាក់ថា មួយរយៈចុងក្រោយបន្ទាប់ពីចូលដល់រដូវមានភ្លៀងធ្លាក់ចូលមកដល់, ជំងឺគ្រុនឈាមមានការកើនឡើងខ្លាំង នៅបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមជាដើម។
-
ក្រុមជួញដូរគ្រឿងញៀនឆ្លងដែន បាញ់ដាក់លើសមត្ថកិច្ចនៅខេត្តស្វាយរៀង (Video Inside)
ការបង្ក្រាបគ្រឿងញៀនឆ្លងដែនមួយ នាព្រំដែនស្រុកស្វាយទាប ជាប់នឹងវៀតណាម បានធ្វើឱ្យជនសង្ស័យជាតិវៀតណាមម្នាក់ បានដកកាំភ្លើងខ្លី បាញ់ដាក់លើសមត្ថកិច្ច ក្នុងហេតុការណ៍មួយដែលមានការចាប់គ្រឿងញៀនឆ្លងដែនជិត ៩គីឡូក្រាម។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី១៧កក្កដាថា ហេតុការណ៍នោះ បានកើតឡើងកាលពីសប្តាហ៍មុននៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប នៃខេត្តស្វាយរៀង។ នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចកម្ពុជាបានហៅជនសង្ស័យជាតិវៀតណាម ២រូប ដែលជិះម៉ូតូ ២គ្រឿងឈប់ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យកញ្ចប់ឥវ៉ាន់ដែលពួកគេបានដឹក។ ជនសង្ស័យជាតិវៀតណាមទាំង២ បានប្រញាប់ផ្តួលម៉ូតូចោល ហើយរត់ចូលទៅក្នុងទឹកដីវៀតណាមវិញ ខណៈដែលកងកម្លាំងរត់ដេញតាមចាប់។ ជនសង្ស័យវៀតណាមម្នាក់ បានដកអាវុធខ្លីបាញ់សម្តៅដាក់មកលើសមត្ថកិច្ច ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងឡើយ។ កញ្ចប់ឥវ៉ាន់ដែលជនសង្ស័យទម្លាក់ចោលហើយបានរត់ចូលទៅក្នុងទឹកដីវៀតណាមនោះ ត្រូវបានរកឃើញថ្នាំញៀនកេតាមីនចំនួន ៩កញ្ចប់ ទម្ងន់ ៨ពាន់ ៨៦៣,៧៣ក្រាម, អាវុធខ្លីមួយដើម មានគ្រាប់ចំនួន ៤ និងអត្តសញ្ញាណបណ្ណវៀតណាមមួយសន្លឹក។ សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា បន្ទាប់ពីកិច្ចសហការពីសមត្ថកិច្ចវៀតណាម, ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេច។
-
កម្ពុជារងឥទ្ធិពលព្យុះត្រូពិក (Video Inside)
ព្យុះត្រូពិក «ស្រ៊ី» នឹងបង្កើនកម្រិតទឹកភ្លៀង ក្នុងប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ និងជួយបង្កើនកម្រិតទឹកឡើងនៅក្នុងទន្លេផងដែរ។ អប្សរាណិតរាយការណ៍ជុំវិញកម្ពុជារងឥទ្ធិពលព្យុះត្រូពិក «ស្រ៊ី»
-
គណៈកម្មាធិការជាតិ (គសពស) បដិសេធការផ្សាយមួលបង្កាច់ការកាត់ខេត្តបួនរបស់កម្ពុជា (Video Inside)
គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ (គសពស) បានប្រញាប់បដិសេធការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយ ដែលមួលបង្កាច់ថា ខេត្តបួន នៃភាគឥសានប្រទេសកម្ពុជា រួមមានខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងរតនគិរី ត្រូវបានកាត់ជាស្ថាពរឱ្យទៅប្រទេសវៀតណាមហើយ។ គណៈកម្មាធិការជាតិ (គសពស) បានបកស្រាយបំភ្លឺបញ្ជាក់មកវិញថា ព័ត៌មានដែលផ្សាយនោះ គឺជាព័ត៌មានក្លែងក្លាយ។ ការបកស្រាយបំភ្លឺរបស់គណៈកម្មាធិការជាតិ (គសពស) នៅថ្ងៃទី១៧កក្កដានេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមឈ្មោះ សុធា នូ ដែលបង្ហាញរូប Profile ជាព្រះសង្ឃ បានសរសេរចោទប្រកាន់ថា ការកាត់ខេត្តទាំងបួនឱ្យវៀតណាមនោះ គឺ «ក្រោមរូបភាពសម្បទានតំបន់សេដ្ឋកិច្ចត្រីកោណ បន្ទាប់ពីសម្ពោធព្រែកជីកហ៊្វូណនតេជោ»។ គណៈកម្មាធិការជាតិ (គសពស) បានសរសេរបញ្ជាក់ប្រាប់ពលរដ្ឋតាមបណ្តាញសង្គមវិញថា «ប្រទេសកម្ពុជាការពារថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ខ្លួនយ៉ាងពេញលេញ» ដែលមានន័យថា មិនមានទឹកដីកម្ពុជានៅទីណាមួយ បានបាត់បង់ ឬរបេះចេញពីផែនទីរបស់ព្រះរាជាណាចក្រកម្ពុជាឡើយ។ គណៈកម្មាធិការជាតិ (គសពស) បានសរសេរបន្តថា «គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់ បង្កចលាចលបំពុលសង្គមនោះឡើយ»។ ការផ្សាយព័ត៌មានបង្កាច់បង្ខូចថា ខេត្តខ្មែរទាំងបួនត្រូវបានកាត់ឱ្យទៅវៀតណាមនោះ បានទន្ទឹមនឹងអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានបង្កើតរដ្ឋាភិបាលនីរទេសមួយនៅក្រៅស្រុកដោយបានដាក់ឈ្មោះថា «ក្រុមសាធារណរដ្ឋខ្មែរទី២» ជាមួយការបង្កើតទង់ជាតិរបស់ខ្លួនថែមទៀត។…