Category: កម្មវិធីព័ត៌មាន

  • នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបង្កើនកម្រិតទំនាក់ទំនងទ្វេភាគី (Video Inside)

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពបង្កើនកម្រិតទំនាក់ទំនងទ្វេភាគី (Video Inside)

    ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងជាលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានបង្កើនកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូ ដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” និងបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា និងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៥ថែមទៀត។ ថ្នាក់ដឹកនាំប្រទេសទាំង២ បានបញ្ជាក់នូវជំហរប្តេជ្ញារក្សាព្រំដែន នៃប្រទេសទាំង២ ជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងលោកនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់លោកថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យមានក្រុមមនុស្សប្រើប្រាស់ទឹកដីថៃ ក្នុងការធ្វើសកម្មភាពគ្រោះថ្នាក់ប្រឆាំងនឹងប្រទេសកម្ពុជាបានឡើយ។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងមានចំនួន ៤៦៩ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងមានចំនួន ៤៦៩ករណី (Video Inside)

    នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួន ៤៦៩ករណី ដែលបន្តកើនឡើងចំនួន ២១២ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើប្រទេសចំនួន ៣ នៅអាស៊ាន រួមមានប្រទេសម៉ាឡេស៊ី ដែលមានការឆ្លងចំនួន ៣៦៥ ច្រើនជាងគេ, ប្រទេសថៃ មានការឆ្លង ១០៣ករណី និងប្រទេសកម្ពុជា មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៦ម៉ឺន ៤ពាន់ ៤០៩ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៦៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕

  • ស្លាប់និងរបួស១២២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ថ្ងៃ (Video Inside)

    ស្លាប់និងរបួស១២២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ថ្ងៃ (Video Inside)

    គ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ថ្ងៃ បានបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន ១២២នាក់។ យោងតាមមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃរវាងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៤ គ្រោះថ្នាក់តាមដងផ្លូវ បានសម្លាប់មនុស្ស ២៩នាក់ និង ៧៣នាក់ទៀត បានរងរបួសធ្ងន់ និងស្រាល។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា រាជធានីភ្នំពេញ គឺជាកន្លែងដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ។ ចំណែកនៅថ្ងៃទី៦កុម្ភៈនេះវិញ, គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៦នាក់ និង១៤នាក់រងរបួសធ្ងន់ស្រាល។ សេចក្តីរាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរងបួសសរុប២០នាក់នៅថ្ងៃនេះ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១២លើក។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្ក អោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៦លើក ស្លាប់៥នាក់, មិនគោរពសិទ្ធិ១លើក, មិនប្រកាន់ស្តាំ១លើក, បើកប្រជែងគ្រោះថ្នាក់២លើកស្លាប់១នាក់, បត់ ក្នុងសភាពគ្រោះថ្នាក់ ១លើក និងគ្រោះថ្នាក់ដោយកត្តាយានយន្ត១លើក៕

  • កម្ពុជារកឃើញបុរសកើតជម្ងឺអុតស្វា (Video Inside)

    កម្ពុជារកឃើញបុរសកើតជម្ងឺអុតស្វា (Video Inside)

    កម្ពុជាបានរកឃើញអ្នកឆ្លងជម្ងឺអុតស្វាម្នាក់ទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងដោយសារវីរុសនាំចូលមកពីទ្វីបអាហ្វ្រិកនោះ កើនដល់ចំនួន ៥នាក់ហើយ គិតចាប់តាំងពីខែធ្នូ។ សេចក្តីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៥មករា បានឱ្យដឹងថា បុរសឆ្លងថ្មីនៃជម្ងឺអុតស្វានោះ កំពុងដាក់ឱ្យស្ថិតនៅដោយឡែក ក្នុងមន្ទីរពេទ្យយ៉ាងត្រឹមត្រូវ។ ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។ ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗតាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូក ជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។ វីរុសអុតស្វា ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈ ទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាលតាមរយៈការប៉ះពាល់បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។ ក្រសួងសុខាភិបាល បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការឆ្លង នៃជំងឺអុតស្វានេះ។

  • ថ្នាក់ដឹកនាំអង្គភាពនគរបាលទេសចរណ៍សៀមរាបរងការពិន័យ (Video Inside)

    ថ្នាក់ដឹកនាំអង្គភាពនគរបាលទេសចរណ៍សៀមរាបរងការពិន័យ (Video Inside)

    ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទេសចរណ៍ចំនួន ៦រូប នៅក្នុងខេត្តសៀម បានរងការពិន័យ ក្នុងនោះរួមមាន ២នាក់ ត្រូវបានដកហូតចេញពីមុខតំណែង។ សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលអ្នកសារព័ត៌មានបានឃើញនៅថ្ងៃនេះ បានសម្រេចការផ្ទេរភារកិច្ចដោយបង្ខំចំពោះឧត្តមសេនីយ៍ត្រី យឹម ស៊ីយូណា ពីអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ឱ្យមកជាអនុប្រធានអង្គភាពអន្តរាគមន៍ និងព្រមានលើកទី១។ សេចក្តីប្រកាសដដែលបានផ្ទេរដោយបង្ខំចំពោះវរសេនីយ៍ទោ ទី សុខឡែន ពីប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឱ្យមកជាមន្ត្រីលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ។ សេចក្តីប្រកាស បានសម្រូលភារកិច្ចចំពោះមន្ត្រីនគរបាល ២រូបពីអនុប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ជានាយរងការិយាល័យ នៃនាយកដ្ឋាននគរបាលទេសចរណ៍។ មន្ត្រីនគរបាលទាំង២ គឺវរសេនីយ៍ទោ ឌូ សុធា និង ឱម ពុទ្ធី។ ដោយឡែកមន្ត្រីនគរបាល ២នាក់ទៀតឋានៈវរសេនីយ៍ត្រី ឈ្មោះ ប៉ាត់ សំណាង និងឈ្មោះ ហេង សុវណ្ណថា ត្រូវបានដកហូតមុខតំណែង ពីអនុប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឱ្យមកជាមន្ត្រី នៃនាយកដ្ឋាននគរបាលទេសចរណ៍ មូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

  • ក្រសួងមហាផ្ទៃបណ្តេញអធិការរងនគរបាលក្រុងកំពត (Video Inside)

    ក្រសួងមហាផ្ទៃបណ្តេញអធិការរងនគរបាលក្រុងកំពត (Video Inside)

    ក្រសួងមហាផ្ទៃបានបណ្ដេញអធិការរងនគរបាលក្រុងកំពតម្នាក់ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបានទទួលនៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៤, អនុសេនីយ៍ឯក មាស ពិសិដ្ឋ នៃអធិការរងក្រុងកំពត ត្រូវបានដកហូតឋាន្តរសក្តិ៍ និងបណ្តេញចេញពីក្របខ័ណ្ឌថែមទៀត ដោយសារបទល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ បានអោយដឹងថា ការបណ្តេញនេះ គឺផ្អែកលើគោលការណ៍ «សំអាតផ្ទះយើង» និង «អ្វីៗដើម្បីភាពកក់ក្តៅជួនប្រជាពលរដ្ឋ»។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា ផ្អែកទៅលើគោលការណ៍នេះ, ក្រសួងមហាផ្ទៃបានបណ្តេញមន្រ្តីនគរបាលអសកម្មចេញពីក្របខណ្ឌប្រមាណជាង ៨០នាក់ហើយ ក្នុងនោះរួមមានអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងបទល្មើសវិន័យ របស់ក្រសួងមហាផ្ទៃ។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមបំពេញទស្សនកិច្ចលើកដំបូងក្នុងប្រទេសថៃ (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមបំពេញទស្សនកិច្ចលើកដំបូងក្នុងប្រទេសថៃ (Video Inside)

    ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅកាន់នៅប្រទេសថៃ នឹងធ្វើនៅថ្ងៃពុធទី៧កុម្ភៈ។ ក្រសួងការបរទេសថៃ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាពេលខាងមុខនេះ «គឺជាឱកាសដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមតំបន់ព្រំដែន, ការជំរុញពាណិជ្ជកម្មទៅវិញទៅមក និងការវិនិយោគទ្វេភាគី, ការតភ្ជាប់ការដឹកជញ្ជូនកាន់តែជិតស្និទ្ធ, កិច្ចសហប្រតិបត្តិការទេសចរណ៍ ក៏ដូចជាការជំរុញទំនាក់ទំនងជិតស្និទ្ធ រវាងប្រជាជន នៃព្រះរាជាណាចក្រទាំងពីរ»។ អប្សរាណិតរាយការណ៍

  • គណបក្សប្រជាជនកម្ពុជាគាំទ្រពាក្យបណ្តឹងមេធាវី (Video Inside)

    គណបក្សប្រជាជនកម្ពុជាគាំទ្រពាក្យបណ្តឹងមេធាវី (Video Inside)

    គណបក្សប្រជាជនកម្ពុជា បានគាំទ្រពាក្យបណ្តឹងរបស់ក្រុមមេធាវី ដែលបានប្តឹងមន្ត្រីនាំពាក្យអង្គការអាដហុក។ យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាថ្ងៃទី៦ កុម្ភៈ លោក ស៊ឹងសែន ករុណា ត្រូវបានប្តឹងពីបទ «ប្រព្រឹត្តអំពើទុច្ចរឹតនិយាយបំផ្លើស និងមួលបង្កាច់ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់ បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៤»។ សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាបានសរសេរថា គេ «មិនអាចយកបញ្ហានយោបាយមកលាយឡំ ជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមស្លាកសិទ្ធិមនុស្ស ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ខ្លួនបានដែរ»។ គួរបញ្ជាក់ថាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងមុននេះថា «គណបក្សប្រជាជនកម្ពុជានឹងមិនផ្តល់ឱកាសសម្រាប់មនុស្សណា ដែលប្រមាថមើលងាយគណបក្សតទៅទៀតឡើយ»។ សម្តេចតេជោបញ្ជាក់ចុងក្រោយច្បាស់លាស់ថា «យើងត្រូវរកយុត្តិធម៌ សម្រាប់ខ្លួនយើងតាមផ្លូវតុលាការ»។ មេធាវីគណបក្សប្រជាជនកម្ពុជា ក្នុងពាក្យបណ្តឹងថ្ងៃទី៥កុម្ភៈ បានស្នើសុំឱ្យតុលាការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសដល់បុគ្គលរូបនោះ តាមច្បាប់ជាធរមាន និងបានប្តឹងទារសំណងប្រាក់ ២ពាន់លានរៀលពីលោក ស៊ឹងសែន ករុណា ថែមទៀត។

  • ក្រុមសង្គមស៊ីវិលថ្កោលទោសលោក សុន ឆ័យ និង ស៊ឹងសែន ករុណា (Video Inside)

    ក្រុមសង្គមស៊ីវិលថ្កោលទោសលោក សុន ឆ័យ និង ស៊ឹងសែន ករុណា (Video Inside)

    សម្តីរបស់អ្នកនាំពាក្យអង្គការអាដហុកលោក ស៊ឹងសែន ករុណា ក្នុងការចង់និយាយការពារលោក សុន ឆ័យ ត្រូវបានប្រជាពលរដ្ឋប្រតិកម្មខឹងសម្បារ។ លោក ស៊ឹងសែន ករុណា ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily បានចោទថាគណបក្សប្រជាជនកម្ពុជា តែងតែយកតុលាការ ធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមស៊ីវិល, ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ បានថ្កោលទោសសម្តីរបស់លោក ស៊ឹងសែន ករុណា និងបានចាត់ទុកសម្តីអ្នកនាំពាក្យអង្គការសិទ្ធិមនុស្សអាដហុកនេះ ធ្វើឡើងក្នុងគោលបំណងភូតកុហក និងប្រជាភិថុត។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតីពន្យល់នូវអ្វីជាកម្មវិធីគាំពារសង្គមដាក់ចេញដោយរាជរដ្ឋាភិបាល (Video Inside)

    សម្តេចធិបតីពន្យល់នូវអ្វីជាកម្មវិធីគាំពារសង្គមដាក់ចេញដោយរាជរដ្ឋាភិបាល (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពន្យល់នូវអត្ថន័យអ្វីជាកម្មវិធីគាំពារសង្គម ដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីជួយប្រជាជនដែលរងគ្រោះ។ កម្មវិធីគាំពារសង្គម គឺជាកម្មវិធីបង្កើតឡើងដើម្បីការជួយកាត់បន្ថយភាពក្រីក្រ ឬភាពងាយរងគ្រោះ តាមគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយធ្វើយ៉ាងណា ឱ្យពលរដ្ឋដែលរងផលប៉ះទង្គិច បានទទួលបានមកវិញនូវលំនឹងជីវភាពរស់នៅធម្មតា និងកម្មវិធីខ្លះថែមទាំងបានជួយរៀបចំឱ្យពលរដ្ឋ បានក្រេបជញ្ជក់យកអាជីព ដើម្បីការអាចចិញ្ចឹមជីវិតរស់នៅជាប្រចាំដោយភាពងាយស្រួលបានថែមទៀត។ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង និងក្រុមដែលតែងច្រណែនឈ្នានីស លើការដឹកនាំសន្តិភាព របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានព្យាយាមចង់ប្រើប្រាស់កម្មវិធីគាំពារសង្គម ដាក់ចេញដោយរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការចង់មួលបង្កាច់ និងបង្ខូចកិត្តិយស ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលមានអាយុជិត៦ខែមកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទា នៅថ្ងៃទី៦កុម្ភៈ បានថ្លែងពន្យល់នូវអត្ថន័យធ្វើជាកម្មវិធីគាំពារសង្គម។ សម្តេចធិបតីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧ ក្នុងការអភិវឌ្ឍន៍បន្តនូវប្រព័ន្ធការពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចិរភាព ដោយឈរលើស្មារតីមិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ តាមរយៈកិច្ចអន្តរាគមន៍របស់ រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។