Category: កម្មវិធីព័ត៌មាន

  • ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ៦០០ករណី (Video Inside)

    ៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ៦០០ករណី (Video Inside)

    តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៥៩៦ករណី ដែលកើនឡើងចំនួន ៤៨ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នានៃសប្តាហ៍មុន។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៣ប៉ុណ្ណោះ រួមមាន ប្រទេសប្រុយណេ មានការឆ្លងចំនួន ៥០៩ករណីច្រើនជាងគេ, ប្រទេសឥណ្ឌូនេស៊ី មានការឆ្លង ៨៦ករណី និងប្រទសឡាវ មានការឆ្លង ១ករណី។ កម្ពុជាមិនមានការឆ្លងកូវីដ១៩ឡើយ។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ១៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៩៦ម៉ឺន ១ពាន់ ១៤៣ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៤៥៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់៕

  • ព្រលានយន្តហោះថ្មីសៀមរាប ជួយបង្កើនអ្នកធ្វើដំណើរមកពីក្រៅប្រទេស (Video Inside)

    ព្រលានយន្តហោះថ្មីសៀមរាប ជួយបង្កើនអ្នកធ្វើដំណើរមកពីក្រៅប្រទេស (Video Inside)

    ការធ្វើដំណើររបស់មនុស្សមកពីក្រៅប្រទេសក្នុងខែមករា មានចំនួនជិត ៧០ម៉ឺននាក់ ដែលចំនួននេះត្រូវគេកត់សម្គាល់ថាកាន់តែមានតួលេខកើនឡើង។ មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា បើប្រៀបធៀបនឹងខែធ្នូឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ ដែលជាប់គ្នានេះ, ការធ្វើដំណើរមកពីក្រៅប្រទេសមានការកើនឡើង ៤.៦០%។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ កែវ វណ្ណថន បានថ្លែងថាអ្នកដំណើរបរទេសដែលចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិ ផ្លូវគោគ ផ្លូវទឹក និងផ្លូវអាកាស នៅក្នុងខែមករា ឆ្នាំ២០២៤ មានចំនួន ៦៩ម៉ឺននាក់ ខណៈនៅក្នុងខែធ្នូ ឆ្នាំ២០២៣ អ្នកដំណើរបរទេសចូលមកកម្ពុជា ៦៦ម៉ឺននាក់។ លោកបានថ្លែងកត់សម្គាល់ថា បន្ទាប់ពីកម្ពុជាបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលអាចទទួលជើងយន្តហោះរយៈចម្ងាយឆ្ងាយ និងយន្តហោះខ្នាតធំ ដែលដឹកអ្នកដំណើរបរទេសនោះមក, អ្នកដំណើរមកពីប៉ែកខាងអឺរ៉ុប, ពីអាមេរិក មានកំណើនជាបន្តបន្ទាប់។ អ្នកនាំពាក្យដដែលបានបញ្ជាក់ថា រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា បានធ្វើកិច្ចចរចាជាមួយបណ្តាញប្រទេសនានា ដោយបានចុះហត្ថលេខាជាបន្តបន្ទាប់ ភ្ជាប់ជើងហោះហើរត្រង់ ពីបណ្តាប្រទេសជិតឆ្ងាយនានា មកកាន់ប្រទេសកម្ពុជា បានចំនួនជិត ៥០ប្រទេសហើយ ជាពិសេសបណ្តាប្រទេសនៅប៉ែកអឺរ៉ុប អូស្តា្រលី ជប៉ុន ឥណ្ឌា ចិន កាណាដា និងអាមេរិកជាដើម ដើម្បីឲ្យប្រទេសទំាងនោះ តភ្ជាប់ជើងយន្តហោះហោះរបស់គេ…

  • ផ្ទុះគ្រាប់មីនដាច់ជើងបុរសម្នាក់នៅសំឡូត (Video Inside)

    ផ្ទុះគ្រាប់មីនដាច់ជើងបុរសម្នាក់នៅសំឡូត (Video Inside)

    បុរសម្នាក់បានរងរបួសដាច់ជើងទាំងសងខាង ក្រោយការដើរជាន់គ្រាប់មីន នៅក្នុងចម្ការរមៀតរបស់ខ្លួន នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង៩កន្លះព្រឹកថ្ងៃទី៤កុម្ភៈ ស្ថិតនៅចម្ងាយពីបន្ទាត់ព្រំដែនខ្មែរ-ថៃ ប្រហែល ៣០០ម៉ែត្រ ត្រង់ចន្លោះប៉ុស្ដិ៍នគរបាលការពារព្រំដែនគោក «ចរិយា និងទីងមោង» ស្ថិតក្នុងភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត បាត់ដំបង។ បុរសអាយុ៥៥ឆ្នាំ ឈ្មោះ ស៊ីម សុភាព ខណៈដើរជីកមើមរមៀតនៅក្នុងចម្ការរបស់ខ្លួន នាពេលនោះ ស្រាប់តែជាន់គ្រាប់មីនប្រភេទសញ្ញាលេខបូក ដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម បណ្ដាលឱ្យផ្ទុះរបួសដាច់ជើងទាំងពីរ និងរបួសដៃខ្លះផង។ ជនរងគ្រោះត្រូវបានកម្លាំងនគរបាលវរសេនាតូចលេខ៣១០ ដែលប្រចាំការតាមប៉ុស្ដិ៍ជាប់ព្រំដែនខ្មែរ-ថៃ ជួយលើក និងសែងចេញពីចំណុចកើតហេតុ រួចដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ លោក អ៊ុក សារិន បានបញ្ជាក់ថា ដីចម្ការនៅតំបន់នោះ មានប្រជាពលរដ្ឋកាប់ឆ្ការដាំដំណាំរាល់ឆ្នាំ តែមិនធ្លាប់បានដោះមីនទេ ហើយក៏មិនធ្លាប់ប្រើប្រាស់ត្រាក់ទ័រភ្ជួរដីម្ដងណាដែរ ដោយប្រជាពលរដ្ឋប្រើប្រាស់ ត្រឹមចបកាប់ ដើម្បីកាប់ដីដាំដំណាំ ដែលភាគច្រើនពលរដ្ឋបាននាគ្នាដើមដាំរមៀត។ លោកបន្តថា ដីនៅតំបន់ក្បែរព្រំដែនកន្លែងនោះ មិនទាន់មានអង្គភាពកម្ចាត់មីន ធ្វើការបោសសំអាតគ្រាប់មីន ឬយុទ្ធភ័ណ្ឌដទៃទៀតនៅឡើយទេ។ លោកថា ប្រជាពលរដ្ឋចេះតែនាំគ្នាកាប់ឆ្ការដាំដំណាំរមៀតស្រឡះស្ទើរគ្រប់កន្លែងអស់ទៅហើយ។

  • មេធាវីគណបក្សប្រជាជនកម្ពុជាព្រមានលោក សុន ឆ័យ (Video Inside)

    មេធាវីគណបក្សប្រជាជនកម្ពុជាព្រមានលោក សុន ឆ័យ (Video Inside)

    មេធាវីរបស់គណបក្សប្រជាជនកម្ពុជា បានហៅកិច្ចសម្ភាសន៍មួយរបស់លោក សុន ឆ័យ ដែលមានក្តីក្តាំនៅតុលាការ គឺជាការនិយាយបកស្រាយ ដែលមានចរឹតលក្ខណៈកេងចំណេញនយោបាយ។ សេចក្តីថ្លែងការណ៍របស់មេធាវី បានជម្រុញឱ្យលោក សុន ឆ័យ ត្រូវអនុវត្តកាតព្វកិច្ចរបស់តុលាការកំណត់ បើពុំដូច្នោះទេ គេនឹងស្នើសុំឱ្យតុលាការចាត់វិធានការបង្ខំតាមផ្លូវច្បាប់។ អប្សរាណិតរាយការណ៍

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកក (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបាងកក (Video Inside)

    សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសថៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន។ ដំណើរទស្សនកិច្ចនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២៤ នឹងផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា រាប់ចាប់តាំងពីកិច្ចការព្រំដែន រហូតដល់ការដឹកជញ្ជូន, ការធ្វើពាណិជ្ជកម្ម និងការបណ្តាក់ទុនថែមទៀត។ ថ្នាក់ដឹកនាំកម្ពុជា និងថៃ បានប្តេជ្ញាមុននេះថា នឹងជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានទំហំ ១៥ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០២៥។ អប្សរាណិតធ្វើសេចក្តីរាយការណ៍

  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ២ពាន់ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ២ពាន់ករណី (Video Inside)

    នៅទូទាំងអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ ចំនួន ១ពាន់ ៦៥៩ករណី ដែលបានកើនឡើងមកវិញចំនួន ១ពាន់ ៦៥៧ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ដែលមានឆ្លងតែ ២ករណីប៉ុណ្ណោះ។ ការឆ្លងនៅថ្ងៃនេះ បានកើតលើប្រទេសចំនួន ២នៅអាស៊ាន រួមមានប្រទេសសឹង្ហបុរី ដែលមានការឆ្លងច្រើនរហូតដល់ ១ពាន់ ៦៥៨ ច្រើនជាងគេ និងប្រទេសឡាវ មានការឆ្លង ១ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ គ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន៩៥ម៉ឺន ៨ពាន់ ៦៨៣ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៧៤នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០២លានករណី, និងការស្លាប់មានជាង ៦លាន ៩៧ម៉ឺននាក់ហើយ៕

  • សម្តេចធិបតីអបអរខេត្តកំពត និងខណ្ឌដូនពេញ ទទូលបានពានរង្វាន់ទេសចរណ៍អាស៊ាន (Video Inside)

    សម្តេចធិបតីអបអរខេត្តកំពត និងខណ្ឌដូនពេញ ទទូលបានពានរង្វាន់ទេសចរណ៍អាស៊ាន (Video Inside)

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរខេត្តកំពត និងខណ្ឌដូនពេញ នៃរាជធានី ដែលទទួលបានពានរង្វាន់ទេសចរណ៍ស្អាតរបស់អាស៊ាន។ ការទទួលបានចំណាត់ថ្នាក់ នៃពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតរបស់អាស៊ានលើកទី៤នេះ ត្រូវបានធ្វើឡើងតាមរយៈវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ប្រព្រឹត្តទៅថ្ងៃទី២៦ មករា ឆ្នាំ២០២៤ ក្នុងទីក្រុងវៀងចន្ទន៍ នៃប្រទេសឡាវ។ ពិធីនោះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ មកពីប្រទេសជាសមាជិកអាស៊ាន, មកពីប្រទេសចិន, ជប៉ុន កូរ៉េខាងត្បូង, ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការដៃគូមួយចំនួនថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានសរសេរក្នុងបណ្តាញសង្គមថា «អបអរសាទរខេត្តកំពត និងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ដដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន លើកទី៤ ឆ្នាំ២០២៤» នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គួរបញ្ជាក់ថា ខេត្តកែប នៃប្រទេសកម្ពុជា ក៏ជាខេត្តដែលទទួលបានចំណាត់ថ្នាក់ នៃពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត របស់អាស៊ានលើកទី៤នេះផងដែរ។

  • CMAC ដាក់ផែនការណ៍ដោះមីនឆ្នាំ២០២៤ លើទំហំដី ២៧៤គីឡូម៉ែត្រក្រឡា (Video Inside)

    CMAC ដាក់ផែនការណ៍ដោះមីនឆ្នាំ២០២៤ លើទំហំដី ២៧៤គីឡូម៉ែត្រក្រឡា (Video Inside)

    អង្គភាពដោះមីន CMAC បានដាក់ចេញផែនការណ៍រំដោះផ្ទៃដីគ្រាប់មីនទំហំ ២៧៤គីឡូម៉ែត្រក្រឡា សម្រាប់ឆ្នាំនេះ ខណៈផែនការណ៍កំណត់ឱ្យអស់មីនទាំងស្រុងពីកម្ពុជា នឹងមកដល់ឆ្នាំ២០២៥ ឆ្នាំក្រោយនេះហើយ។ ការដាក់នូវផែនការណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ការងារឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៣ ការបោសសំអាតផ្ទៃដីគ្រាប់មីន បានរំដោះដីទំហំជាង ២៨១គីឡូម៉ែត្រក្រឡា ក្នុងទីតាំង ២ពាន់ ៦០២កន្លែង។ ក្នុងប្រតិបត្តិការរំដោះផ្ទៃដីក្នុងឆ្នាំ២០២៣ គេបានកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន ៨ម៉ឺន ៣ពាន់ ៨១៤គ្រាប់។ ពលរដ្ឋដែលបានទទួលប្រយោជន៍ពីការរំដោះដីនេះ មានចំនួន ៥៤ម៉ឺន ៥ពាន់ ៣៧៨គ្រួសារ។ កម្ពុជាបានដាក់ចេញនូវផែនការ សំអាតគ្រាប់មីនសេសសល់ពីអតីតកាលសង្គ្រាមស៊ីវិល ឱ្យអស់នៅក្នុងឆ្នាំ២០២៥។

  • ក្រសួងបរិស្ថានបង្ហាញគម្រោងសង្គ្រោះបឹងទន្លេសាបពីសំរាម និងថង់ផ្លាស្ទិក (Video Inside)

    ក្រសួងបរិស្ថានបង្ហាញគម្រោងសង្គ្រោះបឹងទន្លេសាបពីសំរាម និងថង់ផ្លាស្ទិក (Video Inside)

    រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ពីគម្រោងសម្អាតផ្ទៃបឹងទន្លេសាប ពីសំរាម និងថង់ផ្លាស្ទិក ខណៈដែលមានអង្គការរបស់អាល្លឺម៉ង់ ក៏កំពុងជួយសម្អាត ថង់ផ្លាស្ទិកនេះ នៅក្នុងបឹងទន្លេសាបផងដែរ។ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ថ្លែងក្នុងសន្និសីទមួយកាលពីថ្ងៃទី៣១មករា នៅក្នុងខេត្តសៀមរាប បានបញ្ជាក់ជុំវិញមធ្យោបាយសម្អាតថង់ប្លាស្ទិក លើផ្ទៃទឹក ជាពិសេសនៅលើផ្ទៃបឹងទន្លេសាប ដែលជាប្រភពផ្គត់ផ្គង់ត្រីដល់ប្រជាជនប្រមាណ ៦លាននាក់។ លោកបញ្ជាក់ថា បើសិនជាថង់ផ្លាស្ទីកបានបំពុលបរិស្ថានក្នុងបឹងទន្លេសាប កម្ពុជានឹងខាតបង់ធំដោយសារការបាត់បង់ត្រី។ លោកបញ្ជាក់បន្តថានៅពេលដែលផ្លាស្ទិកកាន់តែកើនឡើងច្រើននោះ ត្រីនឹងស៊ីផ្លាស្ទិក ហើយនៅពេលដែលប្រជាពលរដ្ឋបរិភោគសាច់ត្រីដែលមានមានផ្ទុកមីក្រូផ្លាស្ទិក ពួកគេក៏នឹងទទួលរងនូវជំងឺនានា ដែលបង្កដោយមីក្រូផ្លាស្ទិកជាមិនខាន។ លោកបានថ្លែងថា ក្នុងជំហានទី១ ដើម្បីកាត់បន្ថយលំហូរផ្លាស្ទិកចូលក្នុងបឹងទន្លេសាប គឺគេត្រូវទប់ស្កាត់តាមព្រែកនីមួយៗ ដែលចូលមកក្នុងបឹងទន្លេសាប មិនឱ្យហូរនាំមកនូវសំរាម, ថង់ផ្លាស្ទិក ដោយមិនត្រូវឱ្យបឹងទន្លេសាប ក្លាយជាកន្លែងផ្ទុកសំរាមជាពិសេសថង់ផ្លាស្ទិកឡើយ។

  • ទីតាំងធ្វើសំណង់ដែលផ្ទុះគ្រាប់មីន ត្រូវបានរកឃើញថាជាចំការមីន (Video Inside)

    ទីតាំងធ្វើសំណង់ដែលផ្ទុះគ្រាប់មីន ត្រូវបានរកឃើញថាជាចំការមីន (Video Inside)

    ទីតាំងគ្រោងធ្វើសំណង់ដែលមានគ្រាប់មីនផ្ទុះកាលពីថ្ងៃទី៣០ មករា ឆ្នាំ២០២៤ ត្រូវគេចាត់ទុកថាជាចំការមីន ក្រោយការរកឃើញគ្រាប់មីនជិត ១០០គ្រាប់ថែមទៀត។ គួរបញ្ជាក់ថា កម្មករសំណង់ចំនួនបីនាក់ បានរងរបួសពេលដែលពួកគេទម្លាក់ឥដ្ឋមកលើដីប៉ះចំគ្រាប់មីន បណ្តាលឱ្យផ្ទុះ នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់។ អប្សរាណិតរាយការណ៍