-
សមត្ថកិច្ចកំពុងតាមចាប់មេឈ្មួញដែលលួចនាំចូលសាច់បង្កក១តោនពីប្រទេសថៃតាមច្រករបៀង

សាច់បង្កកជាង១តោន ច្រកជាកេសចំនួន៩៣ កេស ដែលជាទំនិញលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់ ត្រូវបានកងកម្លាំងយោធា និងនគរបាលការពារព្រំដែនគោក បង្រ្កាបបានកាលពីព្រឹកព្រលឹមថ្ងៃអង្គារ៍ ទី១១ ខែសីហា ឆ្នាំ២០២៦នេះ។ សមត្ថកិច្ចក៏បានរឹបអូសរទេះអូសទំនិញចំនួន១ផងដែរ។ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថាសាច់បង្កកទាំងនោះត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងនៅជាប់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការបង្រ្កាបទំនិញខុសច្បាប់នេះ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ញ៉ែម សុភក្រ្ត មេបញ្ជាការរងកងអនុសេនាធំទី១ សហការជាមួយកម្លាំងវរការពារព្រំដែនគោគ៨១៥ ធ្វើការពួនស្ទាក់ នៅត្រង់ចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមលោក ឯកឧត្តម គឹម មាសសុខសីហា ក្រោយការបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបាន ប្រគល់ជូនកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធី។ ចំណែកឯមេខ្លោងដែលជាឈ្មួញលួចនាំចូលទំនិញពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីយកមកចាត់វិធានការតាមផ្លូវច្បាប់៕ សៅ សុខអេង
-
រដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ច ខណៈត្រៀមសាងសង់ផ្ទះ១២៤ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជននៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពឈូសឆាយដីធ្លី ដើម្បីត្រៀមសាងសង់ផ្ទះចំនួន ១២៤ខ្នង ជូនដល់អតីតយុទ្ធជន និងនិវត្តជនដែលកំពុងជួបការលំបាកស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, កាលពីពេលថ្មីៗនេះឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។ តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានកំណត់មុខសញ្ញាគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលត្រូវទទួលបានការសាងសង់ផ្ទះជូនសរុបចំនួន ១២៤ខ្នង។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំកៀគរថវិកា ដើម្បីដំណើរការសាងសង់សម្រេចបានជោគជ័យ តាមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងឱកាសនេះដែរឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលទៅទន្ទ្រានលើទីតាំងដីសម្បទានសង្គមកិច្ចរបស់សមាគម មេត្តាប្រគល់ដីទាំងនោះជូនសមាគមវិញដោយស្ម័គ្រចិត្ត ដើម្បីចាត់ចែងសាងសង់ជម្រកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានឆាប់រហ័ស ។ សូមជម្រាបថា បច្ចុប្បន្នខេត្តស្ទឹងត្រែង មានអតីតយុទ្ធជនសរុប១.៥៥០នាក់ និងនិវត្តជនចំនួន ៣៨៨នាក់។ ក្នុងនោះមានអតីតយុទ្ធជន និងនិវត្តជនមួយចំនួនធំកំពុងជួបប្រទះបញ្ហាគ្មានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ។…
-
លោក Zelensky ថា រុស្ស៊ី ទទួលបានមីស៊ីលបាលីស្ទិកកញ្ចប់ថ្មីពី កូរ៉េខាងជើង

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងកាលពីថ្ងៃ ចន្ទ ថា ប្រទេសរុស្ស៊ីទើបទទួលបានថែមទៀតនូវមីស៊ីលបាលីស្ទិកមួយចំនួនពីកូរ៉េខាងជើង ដើម្បីយកមកប្រើក្នុងសង្គ្រាមអ៊ុយក្រែន ។ លោក ហ្សេលេនស្គី បានបង្ហោះសារតាមបណ្តាញសង្គមតេលេក្រាមថា ខណៈទើបទទួលបានមីស៊ីលផ្លោងកញ្ចប់ថ្មី រុស្ស៊ីក៏ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដាក់ពង្រាយកងកម្លាំងកូរ៉េខាងជើងថែមទៀតនៅលើទឹកដីរបស់ខ្លួនផងដែរ ។ ក្រៅពីនិយាយពីកិច្ចសហការយោធារវាងរុស្ស៊ី-កូរ៉េខាងជើង មេដឹកនាំអ៊ុយក្រែនរូបនេះ បានលើកឡើងថា កងកម្លាំងអ៊ុយក្រែនក៏ទើបតែបានវាយប្រហាររោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយទីតាំងទៀតនៅទីក្រុង Tobolsk ក្នុងតំបន់ស៊ីបេរី ដែលស្ថិតនៅចម្ងាយជាង ២,៥០០គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន ។ លោកថា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយរបស់អ្នកប្រយុទ្ធអ៊ុយក្រែន និងថា សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ឥឡូវនេះនឹងបន្តពង្រីកកាន់តែខ្លាំងឡើង ។ យ៉ាងណា ភាគីរុស្ស៊ីនៅពុំទាន់ធ្វើការអត្ថាធិប្បាយភ្លាមៗ ចំពោះការអះអាងរបស់លោក ហ្សេលេនស្គី នៅឡើយទេ ។ យោងតាមមន្រ្តីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន, កងអង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្តើមដាក់ពង្រាយនៅតំបន់ភាគខាងលិចប្រទេសរុស្ស៉ី ហើយអាចបំពាក់ជាមួយមីស៊ីលបាលីស្ទិកចំនួន ១២០គ្រាប់ និងប្រព័ន្ធបាញ់មីស៊ីល ៦គ្រឿង សម្រាប់ការវាយប្រហារប្រឆាំងអ៊ុយក្រែន ។ ចំណែកលោក ហ្សេលេនស្គី ក៏បានអះអាងដែរថា កូរ៉េខាងជើងត្រៀមដាក់ពង្រាយកងទ័ពប្រហែល ៥០,០០០នាក់ទៅកាន់រុស្ស៊ី ដើម្បីចូលរួមប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ៕…
-
អភិបាលខេត្តកណ្តាលលើកទឹកចិត្តបេក្ខជនប្រឡងកុំឱ្យភិតភ័យ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

ខេត្តកណ្តាល៖ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ កុំឱ្យមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំណេះដឹងរបស់ខ្លួន។ ឯកឧត្តមបានណែនាំបេក្ខជនឱ្យខិតខំឆ្លើយសំណួរទាំងអស់ឱ្យបានគ្រប់គ្រប់វិញ្ញាសា និងត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេស បេក្ខជនមិនត្រូវយក ឬលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ការលើកឡើងនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាប្រឡងនៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ឯកឧត្តមអភិបាលខេត្តក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រឡងឆ្នាំនេះ ដើម្បីក្លាយជាទុនសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានាពេលខាងមុខ។ សូមជម្រាបថា យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខេត្តកណ្តាលមានមណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង។…
-
ឯកឧត្តម ហ៊ុន ម៉ានី សរសើរក្រសួងអប់រំ និងជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យគ្រប់ៗគ្នា។ ឯកឧត្តមក៏បានកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន បំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារសិក្សាថ្មីនៃសាលាបឋមសិក្សាសំរោង ក្នុងខេត្តតាកែវកាលពីថ្ងៃអាទិត្យទី៩សីហា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជូនពរដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ សូមមានសុខភាពល្អ ស្មារតីរឹងមាំ និងទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នានៅក្នុងការប្រឡងដ៏មានសារៈសំខាន់មួយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា អង្គភាពថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំការប្រឡងនៅថ្ងៃចន្ទ និងអង្គារនេះ។ យោងតាមទិន្នន័យពីក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំនេះនេះមានមណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ស្មើនឹង ៦ ១០៤បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួនជាង ១៥ម៉ឺននាក់ ក្នុងនោះបេក្ខជននារីមានចំនួនជាង ៨ម៉ឺន ៤ពាន់នាក់៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា
-
កម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ី នៅម៉ុងហ្គោលី

កម្ពុជាពិតជាមោទកភាពខ្លាំងណាស់លើឆាកអន្តរជាតិ ដោយក្រុមតេក្វាន់ដូ ITF កម្ពុជាដណ្តើមបានមេដាយសរុបរហូតដល់ចំនួន៤១គ្រឿង ពីការប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលី។ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីលើកទី១១ នៅប្រទេសម៉ុងហ្គោលី ពីថ្ងៃទី០៣ ដល់ទី០៩ ខែសីហា ឆ្នាំ២០២៦ បានបញ្ចប់ហើយ ដោយអត្តពលិកកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន៤១គ្រឿង ឈរនៅចំណាត់ថ្នាក់រួមលេ៥ ក្នុងចំណោម១៨ប្រទេសចូលរួម។ មេដាយដែលកម្ពុជាដណ្តើមបាន រួមមាន៖ មេដាយមាស ៨គ្រឿង ប្រាក់ ១២គ្រឿង និងសំរឹទ្ធ ២១គ្រឿង។ ប្រទេសកូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុណ ឈរនៅចំណាត់លេខ១ ម៉ុងហ្គោលីជាម្ចាស់ផ្ទះ ឈរនៅចំណាត់លេខ២ ប្រទេសរុស្ស៊ីលេខ៣ និងប្រទេសកាហ្សាក់ស្ថានឈរនៅចំណាត់លេខ៤។ ពីប្រទេសម៉ុងហ្គោលី លោក ប៉ាល់ ជីវ័ន្ត គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ AMS ថា ប្រទេសចំនួន១៨បានបញ្ជូនអត្តពលិកមកចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ITF ជើងឯកអាស៊ីលើកទី១១ នៅប្រទេសម៉ុងហ្គោលីនេះ។ លោកបញ្ជាក់ថា សម្រាប់កម្ពុជា បើរាប់អត្តពលិកពីអាយុ១៤ឡើងទៅ គឺជាប់ចំណាត់លេខ៥ក្នុងចំណោម១៨ប្រទេសចូលរួម ប៉ុន្តែបើរាប់អត្តពលិកពីអាយុ១៨ដល់៣៤ឆ្នាំ គឺកម្ពុជាទទួលបានពាន១ ចំណាត់លេខ២ ជាប្រទេសដែលដណ្តើមមេដាយច្រើនជាងគេ បន្ទាប់ពីប្រទេសកូរ៉េខាងជើង ហើយប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣។ ដោយឡែក…
-
ក្រសួងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដើម្បីធានាយុត្តិធម៌

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ ខែសីហានេះ ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា ដំណើរការប្រឡងត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដើម្បីធានាយុត្តិធម៌ និងតម្លាភាព។ ថ្លែងនៅក្នុងពិធីបើកការប្រឡងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ស្ថានភាពនៃការប្រឡងឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុនបន្តិច ថ្វីបើមានភ្លៀងធ្លាក់ខ្លះៗនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន តែមិនបានប៉ះពាល់ដល់ដំណើរការប្រឡងឡើយ។ ឯកឧត្តម ហង់ ជួន ណារ៉ុន បញ្ជាក់ថា ក្រសួងបានត្រៀមផែនការទប់ទល់នឹងបញ្ហាអាកាសធាតុ និងហានិភ័យផ្សេងៗដែលអាចកើតឡើង ព្រមទាំងតាមដានស្ថានភាពអាកាសធាតុជាប្រចាំ។ ប្រសិនបើមានតំបន់ណាមួយប្រឈមនឹងទឹកជំនន់ ឬទឹកលិចដែលអាចប៉ះពាល់ដល់ដំណើរការប្រឡង ក្រសួងនឹងផ្លាស់ប្ដូរទីតាំងប្រឡងភ្លាមៗ។ ខេត្តនីមួយៗមានផែនការរួចជាស្រេចសម្រាប់ដោះស្រាយស្ថានភាពបែបនេះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា ក្រសួងបានរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈ និងឯកសារដែលបេក្ខជនអាចយកចូលមណ្ឌលប្រឡង ដើម្បីទប់ស្កាត់ការនាំយកសំណៅឯកសារមិនអនុញ្ញាតចូលក្នុងបន្ទប់ប្រឡង។ ឯកឧត្តមគូសបញ្ជាក់ថា ក្នុងដំណាក់កាលសំណេរ ក្រសួងមិនអនុញ្ញាតឲ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង មិនឱ្យថត និងមិនឱ្យបង្ហោះផ្សព្វផ្សាយ ដើម្បីធានាការជឿទុកចិត្ត និងទប់ស្កាត់ភាពរញ៉េរញ៉ៃ។ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ និងវិន័យ ក្រសួងនឹងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះករណីរំលោភបទបញ្ជាណាមួយ។ រដ្ឋមន្រ្តីក្រសួងអប់រំបន្តថា…
-
ក្រុមការងារចុះមូលដ្ឋានខេត្តកែប ជំរុញការអភិវឌ្ឍពហុវិស័យ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពុងជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើន នៅក្នុងខេត្តកែប ដូចជា អប់រំ សាធារណការ កសិកម្ម ទូរគមនាគមន៍ និងសុខាភិបាលជាដើម ដើម្បីកសាងសេដ្ឋកិច្ចមូលដ្ឋាន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានជំរុញក្រុមការងារ ឲ្យបន្តផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំ សាធារណការនិងដឹកជញ្ជូន កសិកម្មនិងអភិវឌ្ឍន៍ជនបទ ប្រៃសណីយ៍និងទូរគមនាគមន៍ សុខាភិបាល ទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យទាំងនេះមានគោលដៅកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសរកប្រាក់ចំណូល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ និងបណ្តុះធនធានមនុស្សឱ្យមានគុណភាព ដើម្បីជំរុញឱ្យខេត្តកែបមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា កិច្ចការដំបូងដែលក្រុមការងារត្រូវយកចិត្តទុកដាក់ គឺការផ្លាស់ប្តូរផ្នត់គំនិតក្នុងការអភិវឌ្ឍវិស័យអប់រំ តាមរយៈការរៀបចំសាលារៀនឱ្យមានបរិយាកាសល្អ មានទីធ្លាស្អាត បន្ទប់ទឹកសមរម្យ និងដាំដើមឈើបង្កើតជាម្លប់បៃតង។ ការរៀបចំបរិស្ថានសិក្សាបែបនេះ នឹងជួយបណ្តុះផ្នត់គំនិតដល់សិស្សានុសិស្សឱ្យចេះស្រឡាញ់ធម្មជាតិ រក្សាអនាម័យ មានសីលធម៌ សុជីវធម៌ និងចរិយាធម៌ ព្រមទាំងមានការប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។…
-
ឧទ្យានអង្គរផ្សព្វផ្សាយផែនការមេវត្តអារាមលើកដំបូង ដើម្បីលើកកម្ពស់ពុទ្ធសាសនា និងបេតិកភណ្ឌ

ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ បើកយុទ្ធនាការផ្សព្វផ្សាយ «ផែនការមេវត្តអារាម» លើកដំបូង ដើម្បីលើកកម្ពស់តម្លៃពុទ្ធសាសនា និងបេតិកភណ្ឌ។ ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ដែលមានព្រះមេគណខេត្តសៀមរាបជាព្រះប្រធាន ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្សព្វផ្សាយផែនការមេសម្រាប់វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ លើកទី១ កាលពីចុងសប្តាហ៍កន្លងទៅ។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម បានមានថេរដីកាកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានឧបត្ថម្ភគាំទ្រ និងសហការរៀបចំវត្តអង្គរខាងជើងឱ្យមានសោភណភាពស្រស់ស្អាត ស័ក្តិសមជាទីបដិបត្តិធម៌។ ព្រះអង្គមានបន្ទូលបន្ថែមថា ទៅថ្ងៃអនាគត វត្តអង្គរខាងជើងនឹងក្លាយជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ទីតាំងធ្វើសមាធិ និងជាកន្លែងទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាគំរូដ៏ប្រពៃសម្រាប់វត្តដទៃទៀត។ ជាមួយគ្នានេះ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានសម្តែងព្រះទ័យរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ និងបានផ្តាំផ្ញើឱ្យគណៈសង្ឃខេត្ត រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តរៀបចំប្លង់មេនៅតាមបណ្តាវត្តផ្សេងៗទៀតក្នុងតំបន់អង្គរ ជាពិសេសវត្តអង្គរខាងត្បូងឱ្យបានឆាប់។ ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការរៀបចំកែប្រែទីវត្តអារាមនេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍ព្រះសង្ឃ និងដើម្បីលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា។ លោកជំទាវបានបន្ថែមថា អ្នកជំនាញការអន្តរជាតិបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលអាចបញ្ជូលកិច្ចការសាសនា និងការការពារបេតិកភណ្ឌឱ្យដើរទន្ទឹមគ្នាយ៉ាងរលូន ដែលជាគំរូដ៏ល្អសម្រាប់បណ្តាប្រទេសផ្សេងៗយកទៅអនុវត្តតាម។ គួរបញ្ជាក់ផងដែរថា ក្នុងពិធីផ្សព្វផ្សាយនេះ មានការបង្ហាញអំពីដំណើរការរៀបចំប្លង់មេសរុបចំនួន ៥វត្ត រួមមាន វត្តអង្គរខាងជើង វត្តអង្គរខាងត្បូង វត្តព្រះវិហារប្រាំពីរល្វែង…
-
អ្នករាយការណ៍ពិសេស UN បើកទ្វារទទួលមតិយោបល់របស់ថៃ ជុំវិញបញ្ហាជនភៀសសឹក និងសិទ្ធិមនុស្សនៅព្រំដែន

លោក ថម អែនឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្វើការបកស្រាយជុំវិញការច្រានចោលរបស់ប្រទេសថៃជុំវិញអព្យាក្រឹតភាពរបស់លោកក្នុងការរាយការណ៍ពីស្ថានភាពជនភៀសសឹកកម្ពុជា។ លោកបញ្ជាក់ថា មុនពេលសេចក្តីថ្លែងការណ៍ត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោកបានផ្ញើសេចក្តីព្រាងទៅឱ្យភាគីថៃ២ថ្ងៃមុនដែរ ប៉ុន្តែភាគីថៃពុំបានឆ្លើយតបឡើយ។ ប៉ុន្តែក្រោយការផ្សព្វផ្សាយជាសាធារណៈ ភាគីថៃបានចោទលោកថាស្តាប់តែភាគីកម្ពុជា ជាពិសេសជុំវិញតួលេខប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥ម៉ឺននាក់ ដែលត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារជម្លោះព្រំដែន។ ឆ្លើយតបទៅនឹងការបដិសេធរបស់ភាគីថៃ លោក ថម អែនឌ្រូស បាននិយាយថា តួលេខនេះត្រូវបានដកស្រង់ចេញពីរបាយការណ៍នានារបស់អង្គការសហប្រជាជាតិ។ តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា លោកនឹងបន្តទាក់ទងជាមួយរដ្ឋាភិបាលថៃទៀត មុនពេលបញ្ជូនរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែក្រោយ។ លោកប្រកាសស្វាគមន៍ចំពោះការផ្តល់មតិយោបល់ពីភាគីថៃ។ លោក ថម អែនឌ្រូស បានបង្ហាញការប្តេជ្ញាចិត្តចង់ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះ រួមទាំងការផ្លាស់ទីលំនៅឋានរបស់ជនស៊ីវិល ពីព្រោះមិនថា ប្រជាជនកម្ពុជា ឬថៃនោះទេ សិទ្ធិមនុស្សមានសារៈសំខាន់។ លោកបានសង្កត់ធ្ងន់ថា ជម្លោះព្រំដែនគួរត្រូវបានដោះស្រាយ ឱ្យបានឆាប់រហ័ស និងដោយសន្តិវិធី ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញ រស់នៅដោយសុវត្ថិភាព និងទទួលបានឱកាសសេដ្ឋកិច្ចពីពាណិជ្ជកម្មតាមព្រំដែន។ នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយបញ្ចប់បេសកកម្មនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរូបនេះបានបញ្ជាក់ថា តាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព៕ សៅ សុខអេង