-
កម្ពុជាប្រាប់រដ្ឋភាគី UNCLOS អំពីមូលហេតុជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំ

ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានពន្យល់ថា ដោយសារថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ កម្ពុជាមិនមានជម្រើសណា ក្រៅពីចាប់ផ្តើមដំណើរការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនោះឡើយ។ MoU 2001 គឺជាឧបករណ៍គតិយុត្តិទ្វេភាគីតែមួយគត់ ដែលប្រទេសកម្ពុជា និងប្រទេសថៃ ប្រើជាមូលដ្ឋានសម្រាប់ការដោះស្រាយតំបន់ត្រួតស៊ីគ្នាលើព្រំដែនសមុទ្រនៃភាគីទាំង២។ ក្នុងការឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងថៃ ដែលថា កម្ពុជាមិនចាប់យកការចរចាទ្វេភាគី ហើយបែរជាធ្វើអន្តរជាតិវូបនីយកម្មនៃជម្លោះទ្វេភាគី ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងរបស់កម្ពុជា បានលើកឡើងថា ថៃមិនបានធ្វើនូវអ្វី ដូចដែលខ្លួនបានលើកឡើងនោះទេ។ ថៃបានប្រើលេសរាប់សិប ដើម្បីបដិសេធការស្នើកោះប្រជុំចរចាទ្វេភាគីក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់គ្នា។ ផ្ទុយទៅវិញ ថៃបានលុបចោលអនុស្សរណៈឆ្នាំ ២០០១ ជាឯកតោភាគី ហើយថែមទាំងប្រើកម្លាំងទ័ពរំលោភលើដែនអធិបតេយ្យភាពកម្ពុជាតែម្តង។ ឯកឧត្តម យោង ចាន់សុភារ បានបញ្ជាក់បន្ថែមថា ខណៈកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាងទាំងអស់ កម្ពុជាជ្រើសរើសដំណើរការផ្សះផ្សារដោយបង្ខំនេះគឺដើម្បីធានាការការពារ និងការគោរព អធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា។ កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តទៅពីថ្ងៃ ១៥ ដល់ ១៨ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បុរីញូវយ៉ក…
-
ទោះបីស្ថានភាពពិភពលោកប្រែប្រួល កម្ពុជានៅតែបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួម

ក្នុងជំនួបទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា កម្ពុជាគឺជាមិត្ត និងដៃគូដ៏យូរអង្វែងរបស់រុស្ស៊ី។ លោកបានរំលឹកពីការគាំទ្ររបស់អតីតសហភាពសូវៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការសាងសង់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដែលមួយចំនួននៅតែបន្តដំណើរការរហូតដល់បច្ចុប្បន្ន។ លោកប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួច ប៉ុន្តែនៅមានសក្តានុពលធំធេងសម្រាប់ការពង្រីកបន្ថែមទៀត ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងន័យនេះ លោកប្រធានាធិបតីបានអញ្ជើញក្រុមហ៊ុនកម្ពុជាចូលរួមវេទិកាសេដ្ឋកិច្ចភាគខាងកើតនៅទីក្រុងវ្ល៉ាឌីវ៉ូស្តុក (Vladivostok) នាដើមខែកញ្ញា និងសប្តាហ៍ថាមពលរុស្ស៊ី នៅទីក្រុងមូស្គូ នាខែតុលា ឆ្នាំ២០២៦ ខាងមុខ។ ចំពោះវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សវិញ លោក វ្ល៉ាឌីមៀ ពូទីន បានមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាជាង ៨ ០០០នាក់ បានបញ្ចប់ថ្នាក់ឧត្តមសិក្សានៅប្រទេសរុស្ស៊ី ហើយបច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងបន្តការសិក្សានៅទីនោះ។ សម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន រុស្ស៊ីក៏បានផ្តល់អាហារូបករណ៍ថ្មីចំនួន ៦៣កន្លែងបន្ថែមទៀតដល់និស្សិតកម្ពុជា។ ជាការឆ្លើយតប សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរប្រទេសរុស្ស៊ីចំពោះការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានប្រកបដោយជោគជ័យ ហើយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…
-
ក្រសួងមុខងារសាធារណៈបន្តរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាង៥ពាន់នាក់ទៀតនៅឆ្នាំនេះ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងជ្រើសរើសមន្រ្តីចំនួនជាង៥ពាន់នាក់នៅឆ្នាំនេះ។ ការជ្រើសរើសនេះ គឺដើម្បីបំពេញបន្ថែមនៅក្នុងក្របខណ្ឌក្រសួងយុត្តិធម៌, អគ្គនាយកដ្ឋានពន្ធដារ, វិទ្យាស្ថានជាតិស្ថិតិ, គ្រូបង្រៀននិងគ្រូពេទ្យ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបែបនេះ នៅក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សូមរំលឹកថា ក្នុងអាណត្តិទី៧នៃរដ្ឋសភាព ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន៥៨លើករួចមកហើយ៕ ដោយ៖ង៉ាន់ ទិត្យរូបភាព៖រិន រចនា
-
កម្ពុជា-កូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគវិស័យគ្រឿងបង្គុំយានយន្ត

ក្នុងពេលបំពេញបេសកកម្មនៅប្រទេសកូរ៉េខាងត្បូង ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Kyungshin ដែលជាក្រុមហ៊ុនយក្សរបស់កូរ៉េ ឯកទេសខាងផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងខ្សែភ្លើងរថយន្ត។ បន្ទាប់ពីបានបញ្ចប់ការដឹកនាំវទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ពីប្រតិបត្តិការរបស់ក្រុមហ៊ុន Kyungshin ។ ក្រុមហ៊ុននេះ គឺជាដៃគូឧស្សាហកម្មដ៏មានឥទ្ធិពល និងជាក្រុមហ៊ុនឈានមុខគេមួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត។ យោងតាមឯកឧត្តម ស៊ុន ចាន់ថុល នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាត្រូវបានទទួលការស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន Kyungshin ។ ចូលរួមអមដំណើរគណៈប្រតិភូ CDC ក្នុងទស្សនកិច្ចការងារនេះមាន : លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន ព្រមទាំងតំណាងមកពីក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងតំណាងសមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។…
-
ក្រសួងប្រៃសណីយ៍និងធនាគារជាតិបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគាររបស់អ្នកប្រើប្រាស់

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយធនាគារជាតិនៃកម្ពុជា បើកយុទ្ធនាការស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជាង៤០០នាក់។ យុទ្ធនាការនេះមានគោលបំណងការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែកក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ។ លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការខាងលើឱ្យបានកាន់តែទូលំទូលាយ។ ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ”។ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី…
-
សមត្ថកិច្ចរឹបអូសគ្រឿងទេស និងប្រហិតនាំចូលខុសច្បាប់ពីថៃជិត១តោននៅក្រុងតាខ្មៅ

នៅក្នុងប្រតិបត្តិការកាលពីថ្ងៃអង្គារម្សិលមិញ កម្លាំងជំនាញរដ្ឋបាលខេត្តកណ្តាល បានបង្ក្រាបទីតាំងសិប្បកម្មផលិតប្រហិតមួយកន្លែងនៅក្នុងក្រុងតាខ្មៅ ដោយបានរកឃើញ និងដកហូតទំនិញនាំចូលខុសច្បាប់សរុបចំនួន ១៨មុខ ទម្ងន់ជាង ២តោនកន្លះ ក្នុងនោះផលិតផលនាំចូលខុសច្បាប់ពីថៃមានទម្ងន់ជិត ១តោន។ ទំនិញដែលត្រូវបានត្រួតពិនិត្យមានដូចជា ទឹកប៉េងប៉ោះ ម្សៅសូកូឡា ទឹកជ្រលក់ ម្សៅបំពងស្រួយ ទឹកម្ទេសកាដុង ប្រហិតហតដកស្នូលឈីស និងប្រហិតបង្គាបកជាដើម។ យោងតាមរដ្ឋបាលខេត្តកណ្តាល ក្រោយពីបានរកឃើញវត្ថុតាងជាក់ស្តែង កម្លាំងជំនាញបានសម្រេចដកហូតទំនិញទាំងអស់យកទៅរក្សាទុកជាបណ្តោះអាសន្ន។ ដោយឡែក ម្ចាស់ទីតាំងសិប្បកម្មត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំភ្លាមៗនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេត និងស្វែងរកប្រភពមេខ្លោងដែលផ្គត់ផ្គង់ទំនិញខុសច្បាប់ទាំងនេះបន្តទៀត។ វត្ថុតាងខុសច្បាប់ទាំងអស់ត្រូវបានមន្ត្រីជំនាញចាត់វិធានការតាមនីតិវិធី ដើម្បីការពារសុខភាព និងសុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានណែនាំឱ្យម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ជាពិសេសត្រូវធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពច្បាស់លាស់នៃទំនិញ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្វីដែលសំខាន់នោះគឺត្រូវបញ្ឈប់ការលក់ និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀត។ សូមបញ្ជាក់ដែរថា ការចុះពិនិត្យឃ្លាំងទំនិញសង្ស័យមានប្រភពនាំចូលពីថៃជាបន្តបន្ទាប់នេះ គឺអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ដែលបានបានប្រកាសស្រាវជ្រាវដល់ឫសគល់មន្ត្រីពាក់ព័ន្ធ នាំទំនិញថៃចូលកម្ពុជា។ លើសពីនេះ សម្ដេចតេជោ ក៏បានបញ្ជាទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស៊ើបអង្កេតហើយបន្តពិនិត្យតាមឃ្លាំងសាច់បង្កកធំៗបន្ថែមទៀត៕
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងតំណាងធុរជនកម្ពុជាផងដែរ ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនា អាស៊ាន-រុស្ស៊ី នេះ គឺជាកាលានុវត្តភាពដ៏សំខាន់ក្នុងការកំណត់ទិសដៅ និងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំអាស៊ាន-រុស្ស៊ី ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា…
-
ក្រសួងការងារសហការជាមួយក្រុមហ៊ុនជប៉ុន ដើម្បីបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី និងលើកកម្ពស់សុវត្ថិភាពកម្មករ

បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global ស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែងការងារប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករនិយោជិត ។ អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពបងប្អូនកម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ, ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox) និងផ្តល់ជម្រើសថ្មីៗលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គាំទ្រដល់គោលដៅបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី និងការអភិវឌ្ឍការដឹកជញ្ជូនបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹង និងការសិក្សាពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងចីរភាព។ ជាមួយនឹងការចុះហត្ថលេខាលើ MoU នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានសហការជាមួយក្រុមហ៊ុន Zo Motors (Cambodia) ផលិតបានថ្នាក់បណ្តុះបណ្តាលជំនាញចល័តចំនួន ៨គ្រឿងសម្រាប់បង្រៀនជំនាញថែទាំបរិក្ខារត្រជាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្តាញបំពង់ទឹកក្នុងអគារ, ការថែទាំនិងជួសជុលរថយន្ត, ការជួសជុលម៉ាស៊ីនត្រជាក់, ជំនាញឌីជីថល, ធុរកិច្ចភេសជ្ជៈ (ឆុងកាហ្វេ និងទឹកផ្លែឈើ), និងសេវាកម្មសម្ផស្ស-សាឡន។ នាឱកាសនោះ…
-
គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្មគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះចាប់ផ្ដើមតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ដោយក្រុមអ្នកជំនាញបានជួសជុលពង្រឹងគ្រឹះនៃតួខ្លោងទ្វារ និងរៀបថ្មដាក់ទីតាំងដើមឡើងវិញតាមលំនាំដើម ចាប់ពីគ្រឹះ និងខឿន រហូតឡើងដល់កំពូលខាងលើនៃមុខព្រហ្ម សម្រេចបានប្រមាណ៧៥ភាគរយហេីយ។ អ្នកស្រី នេត ស៊ីមន បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងនៃកំពែងទី៥របស់ប្រាសាទតាព្រហ្ម តម្រូវឱ្យប្រើបច្ចេកទេសអាណាស្ទីឡូស (Anastylosis) ដោយមានការរុះរើរចនាសម្ព័ន្ធសំណង់ទាំងមូល ហើយរៀបផ្គុំឡើងវិញតាមលំនាំដើម។ ដ្បិតមុនជួសជុល រចនាសម្ព័ន្ធរបស់ខ្លោងទ្វារនេះ បានដួលរលំទាំងស្រុង ឯថ្មផ្សេងៗក៏ច្របល់ចូលគ្នា។ ក្រុមអ្នកជំនាញ បានអនុវត្តបច្ចេកទេសតាមដំណាក់កាលនីមួយៗ ដូចជា ការសម្រង់ប្លង់ ថតរូបស្ថានភាពមុនរុះរើ និងសរសេរលេខសម្គាល់លើថ្មនីមួយៗ មុននឹងរុះរើថ្ម ។ បន្ទាប់មករុះរើថ្មតាមរួតនីមួយៗរហូតដល់គ្រឹះចុះបញ្ជីថ្មដែលរើរួច កំណាយបុរាណវិទ្យាសិក្សាពីស្ថានភាពគ្រឹះ និងស្វែងរកថ្មដែលកប់ក្នុងដី។ ការសិក្សាពិសោធន៍ពីកំហាប់របស់ដី និងពិសោធន៍ថ្មភក់ ព្រមទាំងថ្មបាយក្រៀម។ ចំពោះថ្មដែលរលុះធ្លាក់រាយប៉ាយ ក្រុមអ្នកជំនាញបានស្វែងរកដើម្បីកំណត់អត្តសញ្ញាណ រួចផ្គុំសាកល្បងរកទីតាំងដើមរបស់ថ្មទាំងនោះឡើងវិញ។ អ្នកស្រី ស៊ីមន បញ្ជាក់ថា ការដួលរលំរបស់តួខ្លោងទ្វារ បានបង្កឱ្យថ្មមួយចំនួនបានខូចខាត បាក់បែកខូចគុណភាព និងថ្មមួយចំនួនបានបាត់បង់ សរុបប្រមាណ១៥ភាគរយ។ ក្នុងការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធរបស់តួខ្លោងទ្វារទាំងមូលឱ្យរឹងមាំឡើងវិញ…
-
ថៃបាត់បង់ចំណូលជិត ៦៣០លានដុល្លារ ពីការនាំចេញទំនិញមកកម្ពុជាក្នុងរយៈពេល ៥ខែ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចូលទំនិញពីប្រទេសថៃមកកម្ពុជា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានតម្លៃសរុបជាង ៨៥៤លានដុល្លារអាមេរិក ថយចុះ ៤២,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការធ្លាក់ចុះនេះមានន័យថា ថៃបានបាត់បង់ចំណូលពីទីផ្សារកម្ពុជាប្រមាណ ៦២៩លានដុល្លារអាមេរិក។ ដោយឡែក ការនាំចេញពីកម្ពុជាទៅថៃវិញសម្រេចបាន ២៩៦លានដុល្លារ គឺថយចុះ២៥ភាគរយ។ របាយការណ៍ដដែលបង្ហាញថា ជារួម ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបានជាង ១,១ពាន់លានដុល្លារ ថយចុះ ៣៨,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ទោះបីយ៉ាងណា ប្រទេសថៃ គឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៥របស់កម្ពុជា ខណៈប្រទេសចិននៅតែស្ថិតលំដាប់កំពូលដែលបាននាំចូលទំនិញមកកម្ពុជាច្រើនជាងគេ តាមពីក្រោយដោយអាមេរិក វៀតណាម និងជប៉ុន។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា និន្នាការនៃការធ្លាក់ចុះការនាំចូលទំនិញថៃនេះ បានកើតឡើងតាំងពីពេលមានជម្លោះព្រំដែន និងការឈ្លានពានផ្នែកយោធាពីសំណាក់ភាគីថៃមកម៉្លេះ។ ព្រឹត្តិការណ៍នាពេលនោះ បានជំរុញឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាធ្វើពហិការផលិតផលថៃ ដែលជាឱកាសឱ្យអាជីវករ និងអ្នកផលិតក្នុងស្រុក បង្កើនសមត្ថភាពផលិតទំនិញ ដើម្បីបំពេញតម្រូវការទីផ្សារជំនួសវិញ។ យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមទំនិញដែលបន្តនាំចូលពីថៃ រួមមាន មធ្យោបាយផលិតកម្ម ដូចជាគ្រឿងចក្រ គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ម៉ាស៊ីនច្រូត…