-
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំង នឹងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងនាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ ២៦២នាក់។ រដ្ឋមន្ត្រីក្រសួងការពារជាតិសង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការជាថ្មីទៀតប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជំទាស់ជាផ្លូវការជាថ្មីទៀត នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលពួកគេកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា ជាក់ស្តែង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏បានរាយលួសបន្លាប្រវែងប្រមាណ១០០ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។ សកម្មភាពទាំងនេះ មិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង (fait accompli on the ground) និងសូមតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងឡាយដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹងដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ពីកិច្ចការងាររបស់រាជរដ្ឋាភិបាលចំពោះកិច្ចការពារបូរណភាពទឹកដី

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀតកាលពីថ្ងៃទី៣ខែមេសា ឆ្នាំ២០២៦ ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យបន្តថា តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្ដោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ ៤៥ និង ៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ សកម្មភាពឯកតោភាគីរបស់ថៃនេះ គឺជាការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្ដែង (Fait Accompli on the ground) និងការសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែនដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ នៅតាមបណ្ដោយព្រំដែននៃផ្នែកនេះ។ លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២(បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ សកម្មភាពទាំងនេះ មិនអាចចាត់ទុកថា ជាសកម្មភាពការពារខ្លួនទេ ហើយក៏មិនអាចចាត់ទុកថា ជាការអនុវត្តតាមសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។ សកម្មភាពទាំងនោះ គឺផ្ទុយស្រឡះទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ។ អ្នកនាំពាក្យបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃក៏ដូចជាជាមួយនឹងប្រទេសជិតខាងទាំងអស់ ស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។ ឆ្លៀតឱកាសនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិជ្រាបថា ការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជា ចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួន។ លិខិតតវ៉ាជាផ្លូវការនេះ គឺជាឯកសារដែលមានតម្លៃគតិយុត្តមិនអាចខ្វះបានសម្រាប់ដំណើរការដោះស្រាយបញ្ហាព្រំដែនស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាការរក្សាអាជ្ញាយុកាលនៃវិវាទឱ្យស្ថិតនៅជាធរមាន។ អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មាន៕ ដោយ៖ពលជ័យ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យស្រាវជ្រាវរកឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់លួចនាំប្រេងខុសច្បាប់ពីថៃចូលមកលក់នៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅកម្ពុជាឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។ នេះបើយោងតាមហ្វេសប៊ុកសម្តេចធិបតីនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ ការបញ្ជានេះបន្ទាប់ពីបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕ ដោយ៖ពលជ័យ
-
កម្ពុជាប្រាប់អ្នកតំណាង OHCHR អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ

ក្នុងជំនួបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជម្រាបជូនលោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) អំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា–ថៃដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖ ការបិទព្រំដែនជាឯកតោភាគី ដោយគ្មានផ្តល់ដំណឹងជាមុន ការវាយប្រហារដោយមិនរើសគោលដៅ ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាត ទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ការប្រើប្រាស់សំឡេងមានកម្រិតដេស៊ីបែលខ្ពស់និងសំឡេងរំខានផ្សេងៗ ដែលបង្កការប៉ះពាល់ ផ្លូវចិត្តដល់ប្រជាជននៅតាមតំបន់ព្រំដែន ការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការដាក់ពង្រាយ លួសបន្លា ដាក់ទូកុងតឺន័រ ឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ដោយខុសច្បាប់ដែលធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ៣៥ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញបានដោយសុវត្ថិភាព។ ក្នុងឱកាសនោះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាង លម្អិតនិងច្បាស់លាស់ហើយក៏បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ គ.ស.ម.ក. ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង គ.ស.ម.ក. និងOHCHR លើវិស័យសិទ្ធិមនុស្ស នាពេលកន្លងមក។ លោកជំទាវក៏បានជូនជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងការតែងតាំងលោក Thomas Andrews ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ជំនួស លោក Vitit Muntarbhom ដែលបានលាឈប់។ ទន្ទឹមនេះ លោកជំទាវ បានសាទរចំពោះគម្រោងរបស់គ.ស.ម.ក. ក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្តាលអាណត្តិ និងការលើកស្ទួយសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះ ផងដែរ។ លោកជំទាវ ក៏បានស្នើសុំការគាំទ្រពីគ.ស.ម.ក. ក្នុងការបន្តអនុស្សរណៈយោគយល់គ្នារវាង ប្រទេសកម្ពុជា និង OHCHR ដែលនឹងត្រូវចប់នាចុងឆ្នាំ២០២៦ នេះ។ ជាការឆ្លើយតប ឯកឧត្តម កែវ សុទ្ធិ បានថ្លែងអំណរគុណចំពោះ OHCHR ដែលតែងតែផ្តល់នូវកិច្ច សហការយ៉ាងល្អជាមួយគ.ស.ម.ក. ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ព្រមទាំង បានបញ្ជាក់ពីការគាំទ្រចំពោះការបន្តអាណត្តិរបស់ OHCHR ប្រចាំនៅកម្ពុជា បន្តទៅទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាក់ ក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ
-
សម្តេចតេជោ ហ៊ុន សែន : ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ទៅកាន់ឯកឧត្តម អគ្គរដ្ឋទូតរបស់សិង្ហបុរីថា ជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការរក្សានូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពយូរអង្វែង ។ ជាមួយនេះ កម្ពុជា នៅតែរក្សាចំហ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា នៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ នាពេលកន្លងមក ។ ការបញ្ជាក់របស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ផាង ឈីវី (Pang Chee Wee) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ក្នុងព្រះបរមនាមព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័ស របស់ឯកឧត្តម មកកាន់តំណែងជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជានាពេលនេះ បញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃរបស់សិង្ហបុរី ចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានជួបជូនសារតាំងក្នុងឱកាសនេះ…
-
កម្ពុជាបន្តរក្សាជំហរប្ដេជ្ញាចិត្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនក្រុមអ្នកសង្កេតការអាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ។ លោកវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុម (AOT) បានធ្វើរបាយការណ៍សកម្មភាពការងារ ដែលក្នុងរយៈពេលជិត៧ខែមកនេះ ក្រុម (AOT) បានប្តេជ្ញាចិត្តពេញទំហឹងនិងម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលរួមមាន៖ ការតាមដានស្ថានភាពនៅទីតាំងជាក់ស្ដែង ការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងគាំទ្រដល់កិច្ចខិតខំដើម្បីរក្សាស្ថិរភាព ទប់ស្កាត់ការកើនឡើងនូវភាពតានតឹង។ លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ថា ទោះបីបេសកកម្មជួបប្រទះបញ្ហាប្រឈមខ្លះៗ រួមមាន៖ កម្រិតនៃប្រតិបត្តិការ ភាពស្មុគស្មាញនៃការសម្របសម្រួល និងភាពរសើបនៃបរិយាកាសសន្តិសុខក្តី ក៏ក្រុម (AOT) តែងរក្សាបាននៅបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុត ភាពយុត្តិធម៌ និងសុចរិតភាព តាមរយៈការតស៊ូ និងកិច្ចសហការប្រកបដោយការទទួលខុសត្រូវ។ លោកប្រធានក្រុម (AOT) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលនៃការបំពេញបេសកកម្ម…
-
អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩

លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ បានបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប លោកជំទាវ Rabab Fatima បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា (DPoA)»។ លោកជំទាវបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។ លោកជំទាវ អគ្គលេខាធិការរង បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការសហប្រជាជាតិក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ លោកជំទាវអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើក កន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ ជាការឆ្លើយតប សម្ដេចធិបតីថ្លែងអំណរគុណចំពោះវត្តមានរបស់លោកជំទាវ…
-
ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។ លោកជំទាវបានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា, និង ការអភិវឌ្ឍវិស័យឯកជន។ លោកជំទាវបានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះមានសង្គតិភាព ទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។ លោកជំទាវក៏បានបញ្ជាក់ដែរថា កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានធនាគារ AIIB។ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ…
-
សម្តេចធិបតី បញ្ជាឱ្យធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដបុកមនុស្សស្លាប់ទាំង៦នាក់ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះថា ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាផងដែរ ដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់។ ជាមួយនឹងការសម្តែងការសោកស្តាយដល់ជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានសម្តែងការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តិអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។ សម្តេចធិបតីសូមចូលរួមមរណ:ទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។ ចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ក្នុងករណីនេះ ខ្ញុំបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វេីការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។ ក្នុងពេលជាមួយគ្នានេះដែរ សម្តេចក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើង ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។ សម្តេចធិបតីរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក។ គណ:បញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសដែលបងប្អូនប្រជាជនខ្មែរនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត…