-
បុរសម្នាក់ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ត្រូវបានរថយន្តបុក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១និង ២៣នាទីយប់ ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចវត្តពពេច ស្ថិតនៅក្នុងភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានអោយដឹង បុរសរងគ្រោះមានឈ្មោះ ឡាយ សុខាន់ អាយុ ៣៣ឆ្នាំ។ យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថាជនរងគ្រោះបានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ដែលមានទីតាំងនៅឃុំបាក់ចិញ្ចៀន រួចដើរតាមបណ្ដោយផ្លូវលេខ ៥៥ ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបានបុកចំពីមុខបណ្ដាលឱ្យជនរងគ្រោះស្លាប់នៅហ្នឹងកន្លែងកើតហេតុ រីឯអ្នកបើកបរបានបើករថយន្តគេចខ្លួនបាត់។ របាយការណ៍ដដែលបានបន្តថា ជនរងគ្រោះធ្លាប់បានប្រើប្រាស់នូវសារធាតុញៀនផងដែរ។ ចំពោះសាកសពសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
-
កម្មករកម្មការិនីចំនួន ២១នាក់ បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅខេត្តកំពង់ស្ពឺ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងវេលាម៉ោង ៦ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើផ្លូវលំ ត្រង់ចំណុចភូមិច្បារច្រុះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានអោយដឹងថាក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ រថយន្តមួយគ្រឿងម៉ាកហ៊ី យ៉ាន់ដាយពណ៌ស គ្មានស្លាកលេខ ដែលដឹកកម្មកររោងចក្រ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកដើមឈើ តែម្ដងបណ្តាលអោយ កម្មករកម្មការិនី ចំនួន២១នាក់រងរបួសក្នុងនោះ កម្មករចំនួន៦នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ដោយឡែកចំពោះមូលហេតុ សមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាបណ្តាលមកពីអ្វី?។
-
កិច្ចប្រជុំស្ដីពីការធ្វើកំណែទម្រង់ វិទ្យាស្ថានជាតិអប់រំ

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាតាមអនឡាញ ក្នុងគោលដៅប្រែក្លាយវិទ្យាស្ថានជាតិអប់រំ ជាគ្រឹះស្ថានឧត្តមសិក្សាជាតិទទួលបន្ទុកបណ្តុះបណ្តាលគ្រូ បង្រៀន និងមន្ត្រីគ្រប់គ្រងអប់រំ ឈានមុខគេនៅកម្ពុជា ទាំងផ្នែកចំណេះដឹង ជំនាញ និងឥរិយាបថ៕ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធនានា។ កិច្ចប្រជុំស្ដីពីការធ្វើកំណែទម្រង់វិទ្យាស្ថានជាតិអប់រំនេះ ដើម្បីកំណត់បេសកកម្ម និងគោលដៅ ពិនិត្យមើលផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ (ផ្នែករឹង) ពិនិត្យមើលកំណែទម្រង់ផ្នែកទន់ និងការស្វែងរកវិធានការដោះស្រាយ៕ដោយ -រ៉ាវុធ
-
គណបក្សប្រជាជនកម្ពុជាផ្ញើសាររំលែកទុក្ខចំពោះមរណភាពទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក

-
រថយន្តដឹកលើសទម្ងន់ចំនួន ១៧២គ្រឿង ត្រូវបានចាប់ផាកពិន័យក្នុងខែឧសភា ឆ្នាំ២០២១

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅខែឧសភា ឆ្នាំ ២០២១ បានចាប់រថយន្តដឹកជញ្ជូនលើសទម្ងន់១៧២គ្រឿង ដោយធ្វើការពិន័យបានថវិកាសរុបចំនួន ២៤២ លានរៀល។ ចំនួននោះ មានការកើនឡើង ៦% បើធៀបនឹងទិន្នន័យ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដែលមានរថយន្តដឹកលើសទម្ងន់ចំនួន ១៦១ គ្រឿងត្រូវបានចាប់ផាកពិន័យ ។ ជាមួយគ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានអំពាវនាវឲ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា ការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិដែលនាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។
-
រាជធានីភ្នំពេញ ទុករយៈពេល ០១សប្ដាហ៍ ឱ្យធ្វើការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ

-
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានបណ្ឌិត្យសភានគរបាលជាតិតួកគី តាមប្រព័ន្ធអនឡាញ

នារសៀលថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយ ឯកឧត្ដម បណ្ឌិត Yilmas COLAK ប្រធានបណ្ឌិត្យសភានគរបាលជាតិតួកគី តាមប្រព័ន្ធអនឡាញ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ១- បណ្ឌិត្យសភានគរបាលជាតិតួកគីអញ្ជើញថ្នាក់ដឹកនាំបណ្ឌិត្យសភា ដើម្បីចូលរួមសន្និសីទ Interpa សម្រាប់ឆ្នាំ២០២១ នៅក្នុងខែវិច្ឆិកា នៅប្រទេសតួកគី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលទាំង២។ ២- បណ្ឌិត្យសភានគរបាលជាតិតួកគីបានឯកភាពដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២២។ ៣- ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បណ្ឌិត្យសភានគរបាលជាតិតួកគីនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញដល់និស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា លើមុខវិជ្ជានៃជំនាញឯកទេសសំខាន់ៗចំនួន៣ គឺ៖ ១-ជំនាញប្រឆាំងភេវរកម្ម ២-ជំនាញប្រឆាំងចារកម្ម និង ៣-ជំនាញស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងត្រូវរៀបចំឡើងនៅអំឡុងខែកញ្ញា នៅឆ្នាំ២០២១នេះ។ដោយ -រ៉ាវុធ
-
លោក ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំពង្រឹងការងារស្រាវជ្រាវ បង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជា ប្រធានក្រុមការងារ ស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ភេទ តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ។ នៅក្នុងកិច្ចប្រជុំនេះ សំដៅពង្រឹងបន្ថែមទៀតក្នុងការស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពិសេសស្រាវជ្រាវរកមេខ្យល់ ដែលនាំពលករ ចេញ-ចូល ប្រទេសថៃ ក៍ដូចជា នាំពលករគិចពីការធ្វើចត្តាឡីស័ក ។ លោក ក៏បានកោតសរសើរដល់កងកម្លាំងជួរមុខគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត និងឃ្លាតឆ្ងាយពីគ្រួសារ ជាទីស្រលាញ់ ដើម្បីជាតិមាតុភូមិ ហើយដោយឃើញផ្ទាល់ នូវ ទុកលំបាករបស់កងកម្លាំងជួរមុខ, ឯកឧត្តម មានប្រសាសន៍ថា នឹងនាំបញ្ហាប្រឈមទាំងនេះជូនថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយ ជូនក្នុងពេលឆាប់ៗនេះ ។ ក្រោយពីបញ្ចប់អង្គប្រជុំ ឯកឧត្តម ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យច្រកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ (ច្រក៤០០) ផងដែរ ៕ ដោយវណ្ណលុក
-
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ឯ,ឧ ត្រាំ អ៉ីវតឹកដែលបានទទួលមរណភាព

-
សម្តេចតេជោៈលោកទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ភ្នំពេញៈនៅរសៀលថ្ងៃទី១ខែមិថុនាឆ្នាំ២០២១នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ។ ក្នុងសារបានបញ្ជាក់ថា” ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថាឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយ សង្គហធម៌ដ៏ល្អនិងជាការបាត់បង់ឪពុកជីតាប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេសបានទទួលមរណភាពនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះបន្ទាប់ពីបញ្ជូនមកពីព្យាបាលជំងឺនៅក្រៅប្រទេស។នេះបើតាមការជូនដំណឹងតាមបណ្តាញតេលេក្រាមរបស់ខុទ្ទកាល័យរបស់ទេសរដ្ឋមន្ដ្រីត្រាំ អ៊ីវតឹក។ បើយោងតាមមន្ដ្រីជាន់ខ្ពស់នៃក្រុមការងាររបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា លោក ត្រាំអ៊ីវវតឹក បានដាក់ច្បាប់ឈប់សម្រាកពីការងាររយៈពេលជាងមួយខែមកហើយដើម្បីទៅសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស។ លោក ហុក រិទ្ធី បានប្រាប់ថា សពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក ត្រាំ អ៊ីវតឹក មានអាយុ៧៣ឆ្នាំ គឺជាអតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និង ដឹកជញ្ជូននិងអតីតរដ្ឋមន្ត្រីក្រសួង ប្រៃសណីយ និងទូរគមនាគមន៍។ បច្ចុប្បន្នក្នុងតំណែងជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេសលោក ក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕