-
ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២២មិថុនា រដ្ឋបាលខេត្ត បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន៦២នាក់។ អ្នកឆ្លងទាំងនោះ រួមមាន៣០នាក់ជាកម្មករ កម្មការិនីនៅរោងចក្រនានា, ១១នាក់ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩, ក្រៅពីនោះនៅស្រុកស្វាយជ្រំ, ស្រុកកំពង់រោទិ៍, ក្រុងស្វាយទាប, ស្រុករំដួល, ស្រុកចន្ទ្រា, ក្រុងបាវិត និងមកពីប្រទេសថៃម្នាក់។ រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់អ្នកដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ខេត្តស្វាយរៀងនៅថ្ងៃទី២២មិនថុនាក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៦នាក់ ផងដែរ។ គិតមកទល់ថ្ងៃទី២២មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៦៣២នាក់, ព្យបាលជាសះស្បើយចំនួន១ពាន់១១២នាក់, កំពុងសម្រាកព្យាបាលចំនួន៥០៧នាក់ និងមានអ្នកស្លាប់ចំនួន១២នាក់។
-
អ្នកដែលបានទៅផ្សារទំនើប ឡាក់គី សាខាផ្លូវ២០០៤ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញមួយចំនួននៅផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចន្លោះពីម៉ោង៥និង២៥នាទីដល់ម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៦មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។
-
អ្នកដែលបានទៅមន្ទីពេទ្យ ប៊ីធន កម្ពុជា ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីទទួលសេវាពិនិត្យឈាម ចន្លោះពីម៉ង២និង៥០នាទីដល់ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨មិថុនាឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។
-
អ្នកដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅ ហាង La Petangue ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៣មិថុនាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅហាង La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន។ ពិធីជប់លៀងនោះធ្វើឡើងចន្លោះម៉ោង១១យប់ថ្ងៃទី២២មិថុនាដល់ម៉ោង ១និង៣០ ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣មិថុនា ឆ្នាំ២០២១ ហើយអ្នកជំងឺកូវីដ-១៩ មិនបានពាក់ម៉ាស និងបានប៉ះពាល់ជាមួយអ្នកចូលកម្មវិធីនោះដែលមិនបានពាក់ម៉ាសដូចគ្នា ប្រមាណជាង ២០នាក់។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេលវេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។ ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ទៅធ្វើតេស្ដ។
-
ខេត្តកែប រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់ បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តកែបបានឲ្យដឹងថា យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១ គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់។ រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកឆ្លងទាំងនោះរស់នៅស្រុកដំណាក់ចង្អើ១៤នាក់ និងក្រុងកែបម្នាក់។ អ្នកវិជ្ជមានទាំង១៥នាក់នោះ គឺជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងកម្មករ កម្មការិនី នៅរោងចក្រពូចិនក្នុងស្រុកកំពង់ត្រាច ខេត្តកំពត និងរោងចក្រ ខេមបូឌា ណូប៊លថេស្ដហ្វូត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ពន្ធ័នឹងអ្នកវិជ្ជមានបន្តទៀត។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកែប បានអំពាវនាវឲ្យអ្នកដែលមានការពាក់ពន្ធ័នឹងកម្មករ កម្មការិនី រោងចក្រទាំងពីរ និងអ្នកវិជ្ជមានកូវីដ-១៩ទាំងអស់ត្រូវធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
-
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣៩នាក់ នៅថ្ងៃទី២២មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ជាអ្នករស់នៅក្រុងសៀមរាប២៨នាក់, ស្រុកពួក២នាក់, ស្រុកប្រាសាទបាគងម្នាក់,ស្រុកជីក្រែងចំនួន៣នាក់, ស្រុកបន្ទាយស្រី២នាក់ និងមកពីខេត្តបន្ទាយមានជ័យចំនួន៣នាក់។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ ថ្ងៃ២២មិថុនាដែរ ខេត្តសៀមរាបមានករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់មានឈ្មោះ កុក ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ អាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង បានស្លាប់ នៅម៉ោង៥ល្ងាចថ្ងៃទី២២ មិថុនា ឆ្នាំ២០២១ ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ គិតមកទល់នឹងថ្ងៃទី២២មិថុនាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៦៦៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៦៦នាក់ ស្លាប់៧នាក់ និង៤៩១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
-
រដ្ឋបាលលោក ចូ បៃដិន ខកខានមិនអាចសម្រេចគោលដៅចាក់វ៉ាក់សាំង Covid-19 ដល់ប្រជាជនពេញវ័យ៧០%នៅត្រឹមថ្ងៃទី០៤ ខែកក្កដាខាងមុខនេះ

អាមេរិក៖ សេតវិមានបានប្រកាសថា ខ្លួននឹងមិនអាចឈានទៅសម្រេចគោលដៅរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់១ដូសជូនដល់មនុស្សពេញវ័យរបស់ខ្លួនប្រមាណ ៧០ភាគរយនៅត្រឹមថ្ងៃទី០៤ ខែកក្កដា ដែលជាថ្ងៃបុណ្យឯករាជ្យនោះទេ ខណៈ បច្ចុប្បន្នមានតែរដ្ឋចំនួន១៥ និង ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ ដែលបានសម្រេចនូវគោលដៅនោះ ។ ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានជំរុញឱ្យជនជាតិអាមេរិកមកទទួលការចាក់វ៉ាក់សាំង ខណៈមានការគំរាមកំហែងពីវីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមពីឥណ្ឌា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។ សូមជម្រាបផងដែរថា យោងតាមទិន្នន័យចុងក្រោយរបស់សហព័ន្ធ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបង្ហាញថា ប្រជាជនប្រមាណជាង១៥០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ឬច្រើនជាង៤៥ភាគរយនៃចំនួនប្រជាជនសរុប បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ (ពីរដូស) ៕ ប្រភព៖ Reuters
-
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក៖ វីរុសបម្លែងខ្លួនថ្មី Delta គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះការឆ្លើយតបនឹងជំងឺរាតត្បាតនៅក្នុងសហរដ្ឋអាមេរិក

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកលោក អាន់តូនី ហ្វាវស៊ី បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃអង្គារនេះថា វីរុសបម្លែងខ្លួនថ្មី Delta ដែលមានប្រភពដើមពីឥណ្ឌា គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការលុបបំបាត់ជំងឺកូវីដ១៩នៅតាមព្រំដែនរបស់ខ្លួន ។ ស្របពេលជាមួយគ្នានេះដែរ លោក អាន់តូនី ហ្វាវស៊ី បានគូសបញ្ជាក់ថា ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានវ៉ាក់សាំង Pfizer-BioNTech គឺមានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីបាន ។ លោក ហ្វាវស៊ី បាននិយាយថា យើងមានរបស់ការពារជាច្រើនហើយ ដូច្នេះសូមប្រើប្រាស់ពួកគេ (វ៉ាក់សាំង) ហើយកម្ចាត់រោគរាតត្បាត ។ គួរកត់សម្គាល់ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី សួមយ៉ា ស្វាមីណាថាន់ កាលពីនៅថ្ងៃសុក្រសប្តាហ៍មុនបញ្ជាក់ថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា កំពុងក្លាយជាវីរុសរាតត្បាតនៅពាសពេញពិភពលោកហើយ ។ គិតត្រឹមពេលនេះដែរ វីរុសកូវីដ១៩បម្លែងខ្លួនថ្មីចំនួន១៣ហើយ ត្រូវបានកំណត់នៅទូទាំងពិភពលោក ៕ ប្រភព៖ Reuters
-
ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២២មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាននៅស្រុកព្រះសេ្តច ចំនួន១០នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង ចំនួន៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកពាមជរម្នាក់, ស្រុកពាមរក៍ម្នាក់ និងទៅពីខេត្តកណ្តាល ចំនួន ២នាក់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣២នាក់នោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។ គិតមកដល់ថ្ងៃទី២២មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់២៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧៦១នាក់ មានអ្នកស្លាប់ចំនួន១៧នាក់ និងនៅសល់៤៧៧នាក់កំពុងទទួលការព្យាបាល។
-
ថៃអនុញ្ញតអោយភ្ញៀវទេសចរធ្វើដំណើរទៅលេងកោះភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលនេះជាគម្រោងសាកល្បងជំហានដំបូង

ថៃ៖ នៅថ្ងៃអង្គារ៍នេះ អាជ្ញាធរថៃបានអនុញ្ញាតសម្រាប់ដំណើរទេសចរណ៍ដោយមិនចាំបាច់ធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរនៅឆ្នេរខ្សាច់ដ៏ល្បីភូកេត ដែលនេះជាជំហានទី១ ឆ្ពោះទៅរកការបើកគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសខ្លួន ក្រោយជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ។ ឧស្សាហកម្មទេសចរណ៍សំខាន់ដ៏ធំ បានស្ថិតនៅដំណាក់កាលបើកសាកល្បងតាំងពីខែមីនា នៅពេលរដ្ឋាភិបាលថៃបានដាក់ចេញគម្រោងហៅថា «ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលទៅក្នុងប្រទេសថៃដោយពុំចាំបាច់ធ្វើចត្តាឡីស័កឡើយ ។ ប៉ុន្តែបន្ទាប់ពីរលកកូវីដ-១៩លើកទី៣បានផ្ទុះខ្លាំងឡើងក្នុងខែមេសា គម្រោងនេះមិនដំណើរការឡើយ ។ យ៉ាងណាមិញ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ មុនពេល៨ថ្ងៃនៃការចាប់ផ្តើមជាផ្លូវការមកដល់នោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា បានបើកភ្លើងខៀវលើគម្រោងនេះហើយ ។ ប្រសិនបើគម្រោងប្រអប់ខ្សាច់ដំណើរការដោយរលូននោះ អាជ្ញាធរនឹងអនុវត្តនៅតំបន់ទេសចរណ៍ផ្សេងទៀតដូចជា ក្រាពី និងកោះសាមុយជាដើម ៕ ប្រភព៖ AFP