-
ឡាវផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ជូនមនុស្សវ័យជាង៦០ឆ្នាំ

ប្រទេសឡាវបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់មនុស្សមានវ័យជាង៦០ឆ្នាំ ឡើងទៅដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូហ្វាម ខណៈដែលប្រទេសជិតខាងកម្ពុជាមួយនេះដាក់ផែនការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋ៥០ភាគរយ នៃចំនួនប្រជាជនសរុប៧លាន២សែននាក់ នៅត្រឹមចុងឆ្នាំ២០២១នេះ។ អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលឡាវបានផ្តល់ភ្លើងបៃតង ក្នុងការចាក់វ៉ាក់សាំងប្រជាពលរដ្ឋវ័យជាង៦០ឆ្នាំ ចាក់ស៊ីណូហ្វាម និងចាក់លើក្រុមមនុស្សស្ថិតក្រោមលក្ខខណ្ឌសុខភាព នេះបើតាមយោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសុខាភិបាលឡាវ នាថ្ងៃចន្ទ ទី២១ មិថុនា ២០២១នេះ។ ប្រទេសឡាវបានចាក់វ៉ាក់សាំងដល់ក្រុមជួរមុខរួចរាល់ហើយ នៅតាមព្រំដែន បុគ្គលិកពេទ្យ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនទៀត ជាមួយនឹងម្ជុលស៊ីណូហ្វាម។ យោងតាមមន្ត្រីសុខាភិបាលថា ប្រជាពលរដ្ឋជាង៧០ម៉ឺននាក់នៅប្រទេសឡាវបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចហើយ ខណៈដែលមនុស្សជាង៤០ម៉ឺននាក់ ចាក់បានដូសទី២៕ ប្រភពពី CGTN
-
ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤០នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី២០ មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៨៨៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៤០នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកបាធាយ១៤នាក់, ស្រុកចំការលើ២នាក់, និងស្រុកកងមាស២៤នាក់។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ខេត្តកំពង់ចាមគិតត្រឹមថ្ងៃទី២០មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៥៦០នាក់ ក្នុងនោះបានជាសះស្បើយចំនួន១ពាន់៦៤នាក់ និងនៅសល់៥០០នាក់កំពុងទទួលការព្យាបាល។
-
អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋខ្វះខាតក្នុងតំបន់បិទខ្ទប់ ១០០គ្រួសារ នៅស្រុកព្រៃកប្បាស

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី ២១ ខែមិថុនា ឆ្នាំ ២០២១ បានអញ្ជើញ ជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ការខ្វះខាត ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិកំពែងធំ ឃុំកំពែង ចំនួន ១០០គ្រួសារ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ក៏បានមាន ប្រសាសន៍ណែនាំដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដែលបិទខ្ទប់ខាងលើបន្តអនុវត្ត ឲ្យបានត្រឹមត្រូវ នូវវិធានការ ការពារខ្លួន ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនបន្តទៀត មិនត្រូវមានការប្រហែសទ្បើយ ព្រោះពួកយើងទាំងអស់គ្នា មិនអាចដឹងថា ជំងឺមួយនេះ វាកំពុងស្ថិតនៅទីណាឬកន្លែងណាមួយនោះឡើយ ដូច្នេះសូមមានការប្រុងប្រយ័ត្ន អោយបានខ្ពស់ទាំអស់គ្នា ។ ជាមួយគ្នានោះផងដែរ…
-
អាជ្ញាធរខេត្តកោះកុង រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីជិត ១០០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាកដោយធ្វើតេសរហ័ស (Rapit Test ) រកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី២១មិថុនាឆ្នាំ២០២១ ខេត្តកោះកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៩៩នាក់។ អ្នកឆ្លងទាំង៦១នាក់នោះ រស់នៅស្រុកមណ្ឌលសីមា,ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អ្នកជំងឺកូវីដ-១៩ទាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងកន្លែងព្យាបាលមួយចំនួនទៀត។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានបន្ថែមទៀត។
-
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៣៥នាក់បន្ថែមទៀតនៅថ្ងៃនេះ អ្នកជាសះស្បើយជាង ៥០០នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់

យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២១មិថុនាឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃ២០មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៧៣៥នាក់ ដែលក្នុងនោះអ្នកដំណើរមកពីបរទេសចំនួន២៧នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃ២០មិថុនា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៥១៤នាក់។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤ម៉ឺន៣ពាន់៤៤៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣ម៉ឺន៨ពាន់៣នាក់ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបាននៅថ្ងៃនេះ មានអ្នកស្លាប់ចំនួនថ្មីចំនួន១០នាក់ ដែលនាំឲ្យ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៤៤១នាក់ហើយ។
-
ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២២នាក់ បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តរតនគិរីបានឲ្យដឹងថា នៅថ្ងៃទី២០មិថុនា គេបានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើមនុស្សចំនួន ២២នាក់បន្ថែមទៀត។ ក្នុងនោះមាននៅក្រុងបានលុង, ស្រុកលំផាត់ និងស្រុកកូនមុំ ។ អ្នកវិជ្ជមាន និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យបង្អែកក្នុងខេត្ត។ ខេត្តរតនគិរី គិតមកដល់ថ្ងៃទី២០មិថុនាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៨នាក់ និងនៅសល់១៥៤នាក់កំពុងសម្រាកព្យាបាល។
-
ប្រធានាធិបតីកោះតៃវ៉ាន់អរគុណសហរដ្ឋអាមេរិកសម្រាប់ជំនួយវ៉ាក់សាំង និងថា ជំនួយនេះនឹងជួយបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩របស់ខ្លួន

តៃប៉ិ៖ បន្ទាប់ពីការមកដល់នៃវ៉ាក់សាំង Moderna ចំនួន២.៥លានដូស ប្រធានា ធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន (Tsai Ing-wen) បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដោយបានអរគុណដល់សហរដ្ឋអាមេរិកចំពោះការបង្ហាញពីកាយវិការនៃភាពជាមិត្ត ហើយថា ជំនួយវ៉ាក់សាំងទាំងនេះ នឹងមានដំណើរវែងឆ្ងាយឆ្ពោះទៅរកសុវត្ថិភាព និងសុខភាពរបស់កោះតៃវ៉ាន់ ។ សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២,៥លានដូស ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយលើសចំនួនវ៉ាក់សាំងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់កាលពីមុនដល់ទៅជាងបីដង ។ វ៉ាក់សាំង Moderna ខាងលើនេះ បានដឹកជញ្ជូនតាមជើងហោះហើរពីសហរដ្ឋអាមេរិកទៅដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ។ គួរកត់សម្គាល់ សហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញថា កំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្តនយោបាយតាមរយៈវ៉ាក់សាំងការទូត ។ អាមេរិកកាលពីដំបូងឡើយ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥ម៉ឺនដូសប៉ុណ្ណោះ ក៏ប៉ុន្តែចំនួននេះត្រូវបានបង្កើនបីដងរហូតដល់២.៥លានដូស ៕ ប្រភព៖ Reuters
-
ប្រេស៊ីលមានអ្នកស្លាប់ដោយសារ Covid-19 កើនជាងកន្លះលាននាក់ ឈរនៅលំដាប់ទី២បន្ទាប់ពីអាមេរិក ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក

ប្រេស៊ីល៖ ក្រសួងសុខាភិបាលប្រេស៊ីលបញ្ជាក់ថា ចំនួនអ្នកសា្លប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងជាង៥០ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន ខណៈតួលេខថ្មីនេះ ធ្វើអោយប្រេស៊ីលឈរនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក ជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេនៅលើពិភពលោក ។ អតីតប្រធាននិយតករសុខភាពប្រេស៊ីល លោក Gonzalo Vecina បានគូសបញ្ជាក់ថា ខ្ញុំគិតថា យើងនឹងឈានទៅដល់ការស្លាប់៧០ម៉ឺន ទៅ៨០ម៉ឺននាក់ មុនពេលយើងឃើញពីប្រសិទ្ធភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ លោកបានសង្កត់ធ្ងន់ទៀតថា យើងកំពុងប្រឈមនឹងការមកដល់វីរុសបំប្លែងខ្លួនថ្មីទាំងនោះ ហើយវីរុសបំប្លែងខ្លួនឥណ្ឌាក៏នឹងធ្វើអោយយើងជួបបញ្ហាប្រឈមដែរ ។ គួរកត់សម្គាល់ គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះប្រេស៊ីលទើបចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជនរបស់ខ្លួនពេញលេញ បានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ដោយអ្នកឯកទេសជំងឺឆ្លងបានព្រមានថា ជាមួយនឹងការមកដល់រដូវត្រជាក់ និងវីរបុសបំប្លែងខ្លួនកំពុងរាតត្បាត ចំនួនអ្នកស្លាប់នឹងកាន់តែឡើងខ្ពស់ ប្រសិនបើការចាក់វ៉ា់ក់សាំងមានភាពយឺតយ៉ាវ ៕ ប្រភព៖ CGTN
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៧៩លាន២៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៨៨ម៉ឺននាក់ និងជាសះស្បើយ១៦៣លាន៨១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧៩លាន២៥ម៉ឺន៥ពាន់១១៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៨៨ម៉ឺន២ពាន់៨០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៣លាន៨១ម៉ឺន៨ពាន់៥៦៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤០ម៉ឺន៦ពាន់១នាក់ ស្លាប់ចំនួន៦១ម៉ឺន៧ពាន់១៦៦នាក់ និងជាសះស្បើយចំនួន២៨លាន៧១ម៉ឺន១ពាន់៣១៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៩លាន៩៣ម៉ឺន៤ពាន់៣៦១នាក់ ស្លាប់៣៨ម៉ឺន៨ពាន់១៦៤នាក់ និងជាសះស្បើយ២៨លាន៨៣ម៉ឺន៦ពាន់៥២៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៧លាន៩២ម៉ឺន៧ពាន់៩២៨នាក់ ស្លាប់ចំនួន៥០ម៉ឺន១ពាន់៩១៨នាក់ និងជាសះស្បើយ១៦លាន២២ម៉ឺន២៣៨នាក់ ៕ ប្រភព៖ worldometers
