-
លោក ចូ បៃដិន បញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធមានទំហំទឹកប្រាក់២ទ្រីលានដុល្លារ ដើម្បីធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូន ការបង្កើតការងារ និងបង្កើនការវិនិយោគនៅសហរដ្ឋអាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធ ដែលមានកញ្ចប់ថវិកាទំហំ២ទ្រីលានដុល្លារនៅថ្ងៃពុធនេះ ដើម្បីធ្វើទំនើបកម្មបណ្ដាញដឹកជញ្ជូន ការបង្កើតការងាររាប់លានកន្លែង និងបង្កើនការវិនិយោគ ដែលអាចជំរុញឱ្យសហរដ្ឋអាមេរិកទប់ទល់ឥទ្ធិពលចិននៅលើឆាកសេដ្ឋកិច្ចសកល ។ គោលនយោបាយនៅដំណាក់កាលដំបូងនៃរដ្ឋបាលលោក ចូ បៃដិន គឺកម្មវិធី “Build Back Better” ឬ “កសាងត្រឡប់មកវិញកាន់តែប្រសើរ” ដែលរូបលោកបានកំណត់ផែនការនេះ នៅអំឡុងពេលថ្លែងសន្ទរកថាក្នុងទីក្រុងភីតស្បឺក (Pittsburg) ដើម្បីបកស្រាយលំអិតពីការបោះទុនវិនិយោគដ៏ធំសម្បើម មិនធ្លាប់មានក្នុងរយៈពេល៨ឆ្នាំមកនេះ ។ ពាក់ព័ន្ធនឹងផែនការហេដ្ឋារចនាសម្ព័ន្ធ លោក ចូ បៃដិន បាននិយាយថា នៅថ្ងៃនេះ ខ្ញុំស្នើឡើងនូវផែនការមួយសម្រាប់ជាតិ… ដែលនឹងកសាងសេដ្ឋកិច្ចដ៏មានតម្លាភាព… ផ្ដល់ឱ្យអ្នកគ្រប់គ្នានូវឱកាសជោគជ័យ ហើយនឹងបង្កើតសេដ្ឋកិច្ចមួយមានភាពរឹងមាំបំផុត ដែលពឹងលើខ្លួនឯង និងសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិតនៅក្នុងពិភពលោក ។ បើតាមផែនការហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ទឹកប្រាក់៦២០ពាន់លានដុល្លារនឹងត្រូវផ្គត់ផ្គង់ដល់វិស័យដឹកជញ្ជូន ក្នុងនោះរួមមានទាំងការកែលម្អផ្លូវប្រវែង៣ម៉ឺន២ពាន់គីឡូម៉ែត្រ ការជួសជុលស្ពានរាប់ពាន់កន្លែង និងបង្កើនកញ្ចប់ថវិកាសម្រាប់សេវាដឹកជញ្ជូនសាធារណៈ ៕ ប្រភព៖ Reuters
-
ប្រេសិតអង្គការសហប្រជាជាតិព្រមានថា មីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងលទ្ធភាព ផ្ទុះសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ ៕ (មានវីដេអូ)

-
យោធាមីយ៉ាន់ម៉ាប្រកាសបទឈប់បាញ់គ្នា តែមិនមែនជាមួយអ្នកតវ៉ា ៕ (មានវីដេអូ)

-
ក្រុមហ៊ុន BioNTech-Pfizer អះអាងថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនមាន ប្រសិទ្ធភាព៕(មានវីដេអូ)

-
ប្រធានាធិបតីបារាំងបញ្ជាអោយបិទសាលារៀនទាំងអស់ទូទាំងប្រទេសរយៈ៣សប្តាហ៍ ៕ (មានវីដេអូ)

-
ទីបំផុតទៅ! អង្គការសុខភាពពិភពលោកសម្រេចថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពគ្រប់គ្រាន់

អង្គការសុខភាពពិភពលោក (WHO) កំពុងសម្រេចការវិភាគចុងក្រោយរបស់ខ្លួនលើវ៉ាក់សាំងកូវីដ១៩ Sinovac និង Sinopharm ដែលផលិតដោយប្រទេសចិននោះ ខណៈដែលWHO សម្រេចថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ហើយ។ វេជ្ជបណ្ឌិត Alejandro Cravioto ប្រធានក្រុមជំនាញវិភាគថា វ៉ាក់សាំងទាំងពីរនេះកំពុងស្ថិតក្នុងដំណើរការវិភាគចុងក្រោយ ហើយអាចនឹងត្រូវសម្រេចឆាប់ៗ សម្រាប់ការប្រើប្រាស់ជាផ្លូវការ ពីអង្គការសុខភាពពិភពលោក។ បើទោះបីមន្ត្រីជំនាញរបស់អង្គការសុខភាពពិភពលោករូបនេះមិនបានបង្ហាញថា តើការប្រកាសឲ្យប្រើជាផ្លូវការនៅពេលណាក៏ដោយ ប៉ុន្តែវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ទាំងពីរដែលឆ្លងកាត់ការពិនិត្យដល់ដំណាក់ចុងក្រោយនេះ បានបង្ហាញថា ការសម្រេចចិត្តអាចនឹងធ្វើឡើងជាសាធារណៈ នាដើមខែមេសានេះ៕ ប្រភពពី CGTN
-
ប្រធានាធិបតីបារាំងបញ្ជាអោយបិទសាលារៀនទាំងអស់ទូទាំងប្រទេសរយៈពេល៣សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃការចម្លងវីរុស Covid-19

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃពុធនេះ បានចេញបទបញ្ជាអោយមានការបិទសាលារៀនទូទាំងប្រទេសរយៈពេល៣សប្តាហ៍ ចំពេលដែលការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណារលកទី៣ បានបង្កើនសម្ពាធទៅលើមន្ទីរពេទ្យ ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិ លោក ម៉ាក្រុង បានគូសបញ្ជាក់ថា យើងនឹងមិនអាចគ្រប់គ្រងឡើយ ប្រសិនបើយើងមិនធ្វើសកម្មភាពឥឡូវទេនោះ លោកថា កិច្ចខិតខំប្រឹងប្រែងនេះគឺមានភាពចាំបាច់ ខណៈការរីករាលដាលនៃវីរុសកំពុងកើនឡើង ។ ស្ថិតក្រោមការរឹតត្បិតខាងលើនេះមនុស្សត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅសម្រាប់ការលំហែ ប៉ុន្តែនៅចម្ងាយ១០គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ និងមិនត្រូវជួបជុំគ្នាទេ។ ហាងមិនចាំបាច់ភាគច្រើនក៏ត្រូវបិទដែរ ។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកជំងឺកូវីដ១៩ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅបារាំង បានកើនឡើងលើស៥ពាន់នាក់កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាការកើនឡើងខ្ពស់បំផុតលើកដំបូងក្នុងរយៈពេល១១ខែ ដែលតួលេខមានកម្រិតខ្ពស់បែបនេះ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន BioNTech-Pfizer អះអាងថា វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួនមានប្រសិទ្ធភាព១០០ភាគរយចំពោះក្មេងអាយុពី១២ដល់១៥ឆ្នាំ

អាល្លឺម៉ង់៖ ក្រុមហ៊ុន បាយអូអិនធិច-ភីហ្វីហ្សឺ (BioNTech-Pfizer) នៅថ្ងៃពុធនេះនិយាយថា វ៉ាក់សាំងរបស់ពួកគេបានបង្ហាញប្រសិទ្ធភាពរហូតដល់១០០ភាគរយប្រឆាំងនឹងវីរុស Covid-19 ចំពោះកុមារមានអាយុពី១២ដល់១៥ឆ្នាំ ។ នាយកប្រតិបត្តិក្រុមហ៊ុន ភីហ្វីហ្សឺ លោក Albert Bourla បាននិយាយថា យើងគ្រោងបញ្ជូនទិន្នន័យទាំងនេះទៅឲ្យនិយតករអាមេរិក (FDA) ជាការស្នើសុំធ្វើវិសោធនកម្មលើការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ និង ទៅអោយនិយតករដទៃទៀតនៅជុំវិញពិភពលោក ជាមួយក្តី សង្ឃឹមក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងលើក្រុមអាយុនេះ មុនពេលសាលារៀនបើកបវេសនកាលថ្មី ។ នាយកប្រតិបត្តិក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានអះអាងថា លទ្ធផលដែលបង្ហាញពីការការពារខ្ពស់សម្រាប់មនុស្សវ័យជំទង់ គឺជាការលើកទឹកចិត្តខ្លាំងបំផុត ដោយសារតែនិន្នាការដែលយើងបានឃើញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពាក់ព័ន្ធនឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួនចក្រភពអង់ គ្លេស B117 ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនទាំងពីរ ការសាកល្បងដំណាក់កាលទី៣ដែលធ្វើឡើងលើមនុស្សវ័យជំទង់ចំនួន២ពាន់២៦០នាក់នៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញពីប្រសិទ្ធភាព១០០ភាគរយ និងការឆ្លើយតបអង់ទីគ័រដ៏រឹងមាំ ៕ ប្រភព៖ Reuters
-
យោធាមីយ៉ាន់ម៉ាប្រកាសបទឈប់បាញ់គ្នា តែមិនមែនជាមួយក្រុមបាតុករនោះទេ

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃពុធនេះនិយាយថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់គ្នារយៈពេលមួយខែជាឯកតោភាគី ប៉ុន្តែលើកលែងចំពោះសកម្មភាពដែលរំខានដល់សន្តិសុខ និងប្រតិបត្តិការរបស់រដ្ឋាភិបាល ខណៈការប្រការនេះបង្ហាញយ៉ាងច្បាស់ថា នេះមិនមែនឈប់បង្ក្រាបដោយហិង្សាបណ្តាលឲ្យមនុស្សស្លាប់ទៅលើចលនាតវ៉ាទ្រង់ទ្រាយធំ ដែលកើតមានរាល់ថ្ងៃទូទាំងប្រទេសប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃ១ ខែកុម្ភៈឡើយ ។ ការប្រកាសបានកើតឡើង បន្ទាប់ពីមានការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធភាគតិចហោចណាស់២ក្រុមដែលមានភាពរឹងមាំនៅតាមតំបន់ព្រំដែន ។ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនបានព្រមាន និង គំរាមដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា នឹងធ្វើការប្រយុទ្ធ ប្រសិនបើមិនឈប់សម្លាប់អ្នកតវ៉ាដែលជាជនស៊ីវិលគ្មានអាវុធក្នុងដៃ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិងកំពុងស្វែងរកសម្ព័ន្ធភាពជាមួយក្រុមជនជាតិភាគតិចដែលប្រដាប់ដោយអាវុធ ដែលបានដាក់សម្ពាធលើរដ្ឋាភិបាលយោធា ។ វាទំនងដូចជាពួកគេចង់បង្កើតនូវអ្វីដែលពួកគេហៅថា កងទ័ពសហព័ន្ធ ដែលជាបន្ទុកមួយរបស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ។ យ៉ាងណាមិញ នៅមិនទាន់មានប្រតិកម្មភ្លាមៗទេ ចំពោះការប្រកាសបទឈប់បាញ់គ្នាពីកម្លាំងជនជាតិភាគតិចប្រដាប់ដោយអាវុធ ៕ CNA
-
ប្រេសិតពិសេសអង្គការសហប្រជាជាតិព្រមានថា មីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងលទ្ធភាពផ្ទុះសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ

អាមេរិក៖ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវជាថ្មីនៅថ្ងៃពុធនេះ ឱ្យក្រុមប្រឹក្សាសន្តិសុខធ្វើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសអាស៊ីអាគេ្នយ៍មួយនេះ ដោយព្រមានពីហានិភ័យនៃសង្រ្គាមស៊ីវិល ។ យោងតាមសមាគមជំនួយអ្នកទោសនយោបាយ បានប្រាប់ពីតួលេខអ្នកស្លាប់ ប៉ុន្តែចំនួនទំនងជានៅមានច្រើនទៀតថា គិតត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ យ៉ាងហោចណាស់មានអ្នកតវ៉ាស្លូតត្រង់ អ្នកឈរមើល និងកុមារប្រមាណ៥៣៦នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក ។ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ាលោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ បាននិយាយថា ខ្ញុំអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាលើជម្រើសទាំងឡាយដែលអាចធ្វើទៅបាន ដើម្បីធ្វើសកម្ម ភាពការពារ កុំឱ្យគ្រោះមហន្តរាយទ្រង់ទ្រាយធំកើតឡើង ។ លោកស្រីបានសង្កត់ធ្ងន់ថា ទ្វារចរចានៅតែបើកចំហចំពោះយោធាមីយ៉ាន់ម៉ា ប៉ុន្តែប្រសិនបើគ្រប់គ្នាត្រូវរង់ចាំរហូតទាល់តែយោធាត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចចរចា នោះស្ថានការណ៍បច្ចុប្បន្ននឹងកាន់តែអាក្រក់ឡើង ឬអាចនឹងក្លាយជាសង្រ្គាមស៊ីវិលបង្ហូរឈាមក្នុងពេលឆាប់ៗក៏ថាបាន ៕ ប្រភព៖ CNA