-
ចំនួនអ្នកស្លាប់កើនដល់១៩នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារប្រទេសតួកគី និងក្រិក

តួកគី៖ មនុស្ស១៩នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសតួកគី និងក្រិក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកបានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ នៃភាគខាងលិចប្រទេសតួកគី នៅថ្ងៃសុក្រនេះ ធ្វើឲ្យអគារនានាក្នុងទីក្រុងញាប់ញ័រ និង បង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់ជាយថាហេតុ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។ គណៈគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្នរបស់តួកគី AFAD បានបញ្ជាក់ថា ជនរងគ្រោះ១៧នាក់បានស្លាប់ ខណៈមនុស្សប្រមាណ៧០៩នាក់ផ្សេងទៀតរងរបួសនៅក្នុងប្រទេសតួកគី ។ ដោយឡែកនៅកោះ Samos របស់ប្រទេសក្រិកវិញ មានយុវជន២នាក់ ក្នុងនោះមានប្រុសម្នាក់ និងស្រីម្នាក់ត្រូវបានគេរកឃើញបានស្លាប់នៅតំបន់ដែលមានជញ្ជាំងដួលរលំ ។ សូមបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏កក្រើកខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី១០គីឡូម៉ែត្រនៅក្នុងដែនសមុទ្រទល់មុខទីក្រុង អ៊ីស្មឺ របស់តួកគី ។ ពេលនេះអាជ្ញាធរតួកគីកំពុងតែចេញប្រតិបត្តិការសង្គ្រោះយ៉ាងរហ័សបំផុត ទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ ៕
-
ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

-
សហរដ្ឋអាមេរិកកំពុងពន្លឿនដំណើរការលក់យន្តហោះ F-35 ចំនួន៥០គ្រឿងអោយទៅអេមីរ៉ាត់អារ៉ាប់រួម

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានធ្វើការបកស្រាយទៅកាន់សភារួចរាល់ហើយ ចំពោះការយល់ព្រមរបស់ខ្លួនក្នុងដំណើរការលក់យន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿងអោយអេមីរ៉ាត់អារ៉ាប់រួម ក្នុងតម្លៃប្រមាណ១០ពាន់លានដុល្លារ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។ គណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក កំពុងតែធ្វើការពិនិត្យមិនទាន់ផ្លូវការនៅឡើយ ចំពោះសំណើខាងលើនេះ ខណៈកន្លងមកអេមីរ៉ាត់អារ៉ាប់រួមធ្លាប់ទទួលរងការរិះគន់ អំពីការចូលប្រឡូកក្នុងសង្គ្រាម នៅប្រទេសយ៉េមែន ដែលបានបង្កឲ្យជនស៊ីវិលជាច្រើននាក់បាត់បង់ជីវិត ។ ស្របពេលជាមួយគ្នានោះដែរ អេមីរ៉ាត់អារ៉ាប់រួមរំពឹងថា ខ្លួននឹងអាចទទួលបានការយល់ព្រមលក់យន្តហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិក នៅមុនថ្ងៃបុណ្យជាតិដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ៕
-
កូវីដ១៩៖ សហរដ្ឋអាមេរិកឆ្លងថ្មី៩ម៉ឺននាក់ត្រឹម១ថ្ងៃ ជាលើកដំបូង

កាលពីម្សិលមិញ សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួនជាង៩ម៉ឺននាក់ត្រឹម១ថ្ងៃ ជាការឆ្លងក្នុងចំនួនដ៏ច្រើនបំផុតពុំធ្លាប់មាន។ សកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកមានឆ្លងថ្មី៩១២៩៥នាក់ ក្នុងពេល២៤ម៉ោង ម្សិលមិញ នេះបើតាមពេលជាក់ស្តែង។ អាមេរិក បច្ចុប្បន្ន មានករណីកូវីដ១៩ កើនដល់៨.៩៤លាននាក់ ចាប់តាំងពីផ្ទុះលើកដំបូងមក ជាចំនួនដ៏ច្រើនបំផុត ក្នុងពិភពលោក។ ក្រៅពីឆ្លងថ្មីជាង៩ម៉ឺនករណី ម្សិលមិញនេះដែរ មានស្លាប់មនុស្ស១០២១នាក់ផងដែរ ដោយសារតែជំងឺកូវីដ១៩នេះ ធ្វើឲ្យអ្នកស្លាប់កើនដល់២២៨៦២៥នាក់ ក៏ជាចំនួនស្លាប់ច្រើនជាងគេដែរ៕
-
មេដឹកនាំពិភពលោកថ្កោលទោសករណីវាយប្រហារដោយកាំបិតនៅបារាំង ដែលបណ្តាលអោយមនុស្ស០៣នាក់ស្លាប់

បារាំង៖ បណ្តាមេដឹកនាំពិភពលោកបានប្រកាសថ្កោលទោសករណីវាយប្រហារដោយកាំបិតនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងនិស ដែលបារាំងបានហៅថា ជាការវាយប្រហាររបស់ក្រុមភេវរករឥស្លាម នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។ ការថ្កោលទោសនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស ព្រមទាំងសហភាពអឺរ៉ុប អារ៉ាប់ និងមេដឹកនាំអ៊ីស្រាអែលផងដែរ ។ បើតាមអាជ្ញាធរបារាំង មនុស្ស០៣នាក់ត្រូវបានស្លាប់ ក្នុងនោះរួមមានទាំងស្ត្រីម្នាក់ដែលត្រូវបានគេសម្លាប់ដោយកាត់ក្បាល បន្ទាប់ពីមានការវាយប្រហារដោយកាំបិតនៅឯព្រះវិហារគ្រឹស្ដមួយក្នុងទីក្រុងនីស ភាគខាងត្បូងប្រទេស ។ ក្រៅពីមនុស្សស្លាប់ខាងលើ មានមនុស្សជាច្រើនទៀតបានរងរបួស ខណៈអាជ្ញាធរក្នុងទីក្រុងនីស បាននិយាយថា វាមើលដូចទៅជាឧប្បត្តិហេតុភេរវកម្ម ។ ជុំវិញ បញ្ហាខាងលើនេះ នាយកដ្ឋានរដ្ឋអាជ្ញាប្រឆាំងភេរវកម្មបារាំងបញ្ជាក់ថា ខ្លួនត្រូវបានស្នើសុំឱ្យធ្វើការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់លើការវាយប្រហារនេះ ក្រោយជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ៕
-
សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មី ក្រោយទើបរកឃើញអ្នកឆ្លង Covid-19 ច្រើនជាង៩ម៉ឺននាក់លើកដំបូងក្នុងពេលមួយថ្ងៃ

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានកត់ត្រាពីចំនួនអ្នកឆ្លងជម្ងឺ Covid-19 ថ្មីៗរហូតដល់៩ម៉ឺននាក់លើកដំបូងក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នេះបើតាមរបាយការណ៍សរុបរបស់សាកលវិទ្យាល័យ Johns Hopkins ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។ ប្រទេសមហាអំណាចពិភពលោកមួយនេះ បានមើលឃើញពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជម្ងឺ Covid-19 ចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងមកនេះ តួយ៉ាងគិតត្រឹមម៉ោង៨និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) អាជ្ញាធរសុខាភិបាលអាមេរិកបានរកឃើញអ្នកឆ្លងថ្មីៗរហូតដល់៩ម៉ឺន១ពាន់២៩៥នាក់ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងជម្ងឺ Covid-19 សរុបកើនឡើងដល់៩លាន២១ម៉ឺន២ពាន់៧៦៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៤ពាន់១៧៧នាក់ និងជាសះស្បើយចំនួន៥លាន៩៨ម៉ឺន៣ពាន់៣៤៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៥លាន៣សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៨ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន៩សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៥លាន៣១ម៉ឺន៣ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៨ម៉ឺន៥ពាន់៧៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន៩៨ម៉ឺន៥ពាន់៦៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន២១ម៉ឺន២ពាន់៧៦៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៤ពាន់១៧៧នាក់ និងជាសះស្បើយចំនួន៥លាន៩៨ម៉ឺន៣ពាន់៣៤៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៨ម៉ឺន៨ពាន់៤៦នាក់ ស្លាប់ចំនួន១២ម៉ឺន១ពាន់១៣១នាក់ និងជាសះស្បើយ៧លាន៣៧ម៉ឺន១ពាន់៨៩៨នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤៩ម៉ឺន៦ពាន់៤០២នាក់ ស្លាប់១៥ម៉ឺន៩ពាន់៣៣នាក់ និងជាសះស្បើយ៤លាន៩៥ម៉ឺន៤ពាន់១៥៩នាក់ ៕
-
កូរ៉េខាងជើងស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះការគ្រប់គ្រងពលរដ្ឋមិនបានល្អ ទើបកើតមានករណីឃាតកម្មកាលពីខែមុន

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងស្តីបន្ទោសកូរ៉េខាងត្បូងថា គ្រប់គ្រងពលរដ្ឋមិនបានល្អ ទើបបង្កឲ្យមានការបាញ់សម្លាប់មន្ត្រីជលផល ពីសំណាក់ឆ្មាំការពារដែនសមុទ្រកូរ៉េខាងជើងកាលពីខែមុន នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើងនេះបានរាយការណ៍ថា នៅក្នុងឧប្បត្តិហេតុនោះ ឆ្មាំការពារដែនសមុទ្ររបស់យើងបានបាញ់ទៅលើមន្ត្រីម្នាក់ បន្ទាប់ពីរូបគេបានព្យាយាមចូលមកកាន់ដែនទឹកកូរ៉េខាងជើង ។ វាគឺជាលទ្ធផលដែលបានមកពីការគ្រប់គ្រងពលរដ្ឋមិនត្រឹមត្រូវ នៅតំបន់ក្តៅដែលមានស្ថានការណ៍ផុយស្រួយ ក្នុងអំឡុងជំងឺ COVID-19 កំពុងរាតត្បាតដ៏តានតឹង ។ យ៉ាងណាមិញ បើតាមសារព័ត៌មានមួយចំនួននៅកូរ៉េខាងត្បូង មន្ត្រីជលផលរបស់ខ្លួន ដែលត្រូវបានកូរ៉េខាងជើងបាញ់សម្លាប់នោះ គឺមិនមែនជាឧប្បត្តិហេតុឡើយ តែជាការបញ្ជាពីថ្នាក់លើ ហើយក្រោយការបាញ់សម្លាប់នោះ កូរ៉េខាងជើងបានចាក់សាំងស្រោចលើសាកសព រួចដុតកម្ទេចចោល ៕
-
ផ្ទុះបាតុកម្មនៅមុខហាងសម្លៀកបំពាក់របស់ព្រះអានុជ ស្តេចថៃ

-
ការសិក្សាស្រាវជ្រាវនៅអង់គ្លេសរកឃើញថា អង់ទីគ័រការពារ Covid-19 ធ្លាក់ចុះយ៉ាងឆាប់រហ័ស

អង់គ្លេស៖ ការសិក្សាថ្មីមួយទៅលើប្រជាជនអង់គ្លេសបង្ហាញថា អង់ទីគ័រការពារមេរោគក្នុងសារពាង្គកាយមនុស្ស ដើម្បីទប់ទល់ជំងឺ Covid-19 មានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងចំណោមប្រជាជនជាតិអង់គ្លេសនៅរដូវក្តៅកន្លងទៅ ដែលនេះបង្ហាញថា ភាពស៊ាំប្រឆាំងនឹងវីរុសនេះក្នុងរាងកាយរបស់ពួកគេ មិនស្ថិតស្ថេរបានយូរនោះទេ នេះបើតាមសារព័ត៌មានCGTNនៅថ្ងៃទី២៩ខែតុលាឆ្នាំ២០២០ ។ ការសិក្សាស្រាវជ្រាវខាងលើនេះធ្វើឡើងដោយមហាវិទ្យាល័យ អ៊ីមភើរៀ ទីក្រុងឡុង និងត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតបន់) ដែលក្នុងនោះរួមមានការធ្វើតេស្តសាកល្បងទៅលើជនជាតិអង់គ្លេសចំនួនជាង៣៦ម៉ឺន៥ពាន់នាក់ក្នុងអំឡុងពេលពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២៨ ខែកញ្ញាកន្លងទៅនេះ ។ លទ្ធផលនេះក៏បានបង្ហាញពីការធ្លាក់ចុះនៃអង់ទីគ័រការពារជម្ងឺ Covid-19 ក្នុងរាងកាយពលរដ្ឋអង់គ្លេស នៅមុនពេលការផ្ទុះឆ្លងរលកទី២ នៃវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលបានបង្ខំឲ្យមានការរឹតបន្តឹងឡើងវិញ និង ការបិទតំបន់មួយចំនួនក្នុងមូលដ្ឋាន ៕