-
តួកគីកំពុងស្វះស្វែងចាប់ខ្លួនជំនួយការរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក ខាហ្សូកជី

តួកគី៖ តុលាការតួកគីមួយនៅថ្ងៃពុធនេះ បានចេញដីកាប់ខ្លួនជនសង្ស័យ២នាក់ដែលស្និទ្ធនឹងព្រះអង្គម្ចាស់រជ្ជទាយាទ ម៉ូហាំម៉េត ប៊ីន សាល់ម៉ាន់ ចំពោះឃាតកម្មលើអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី ដែលវាកាន់តែដាក់បន្ថែមសម្ពាធលើមេដឹកនាំនៃព្រះរាជាណាចក្រផលិតប្រេងមួយនេះ។ ការិយាល័យរដ្ឋអាជ្ញានៅទីក្រុងអ៊ីស្តង់ប៊ុល បានដាក់ពាក្យសុំដីដាចាប់ខ្លួនបុរសឈ្មោះ អាម៉ាត អាល់-អាសស៊ីរី និង សោត អាល់-កាតានី ដោយតាមការចោទប្រកាន់ជនទាំង២ ស្ថិតក្នុងចំណោមអ្នករៀបចំផែនការធ្វើឃាតលោក ខាហ្សូកជី នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្តាន់ប៊ុល។ លោក អាសស៊ីរី ដែលជាអតីតអនុប្រធាននៃសេវាស៊ើបការណ៍របស់អារ៉ាប៊ីសាអូឌីត តែងត្រូវបានឃើញអង្គុយប្រជុំជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ ចំណែកលោក កាតានី ជាមេធាវីសំខាន់មួយរូបរបស់ព្រះអង្គម្ចាស់។ អ្នកទាំង២ត្រូវបានបណ្តេញចេញពីមុខតំណែងបន្ទាប់ពីរដ្ឋាភិបាលក្រុងរីយ៉ាដ បានទទួលស្គាល់ថា អ្នកកាសែតអាម៉េរិកដើមកំណើតអារ៉ាប៊ីសាអូឌីតរូបនេះ ត្រូវបានសម្លាប់ក្នុងស្ថានកុងស៊ុលរបស់ខ្លួន។ អារ៉ាប៊ីសាអូឌីតបានខិតខំដាក់ព្រះអង្គម្ចាស់ឆ្ងាយពីឃាតកម្មនេះ ដោយមានការគាំទ្រពីប្រធានាធិបតីអាម៉េរិកផងដែរ តែព្រឹទ្ធសមាជិកអាម៉េរិកសំខាន់២រូបមកពីគណបក្សរបស់លោក ត្រាំ ផ្ទាល់ កាលពីថ្ងៃអង្គារនេះ បានអះអាងថា ការពន្យល់បង្ហាញរបស់នាយក CIA ទៅកាន់សភា វាកាន់តែបញ្ជាក់ថា ព្រះអង្គម្ចាស់អង្គនេះទំនងជាអ្នកបញ្ជាអោយសម្លាប់លោក ខាហ្សូកជី៕
-
សហរដ្ឋអាម៉េរិកសម្រេចបើកស្ថានកុងស៊ុលរបស់ខ្លួនឡើងវិញនៅប្រទេសសូម៉ាលី ក្រោយបិទទ្វារអស់រយៈពេលជិត៣០ឆ្នាំដោយសារសង្គ្រាមស៊ីវិល

សហរដ្ឋអាម៉េរិក៖ ក្រសួងការបរទេសអាម៉េរិកបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចចិត្តបើកឱ្យមានវត្តមានមន្ត្រីទូតអចិន្ត្រៃយ៍នៅសូម៉ាលីឡើងវិញ បន្ទាប់ពីស្ថានទូតអាម៉េរិកបានបិទទ្វារអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ ដោយសារតែសង្គ្រាមស៊ីវិលរបស់ប្រទេសនៃទ្វីបអាហ៊្វ្រិកមួយនេះ។ សូម៉ាលី បាននិងកំពុងព្យាយាមស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា បន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធបានគ្របដណ្តប់នៅទូទាំងប្រទេសនៅក្នុងឆ្នំា១៩៩១ ខណៈប្រទេសនៃទ្វីបអាហ៊្វ្រិកនេះកាលពីប៉ុន្មានឆ្នំាកន្លងទៅ បានប្រឈមមុខខ្លាំងនឹងការបះបោររបស់ក្រុមសកម្មប្រយុទ្ធ អាល់ សាបាប ដែលមានទំនាក់ទំនងជាមួយពួកភេវរកម្មអាល់កៃដា ព្រមទាំងគ្រោះទុរ្ភិក្ស និងអំពើចោរកម្មតាមដែនសមុទ្រ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានឱ្យដឹងថា ការបើកស្ថានកុងស៊ុលរបស់អាម៉េរិក គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចំាងពីភាពរីកចម្រើនរបស់ប្រទេសសូម៉ាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងជាជំហានមួយទៀតឆ្ពោះទៅរកការធ្វើទំនាក់ទំនងផ្លូវការទូតរបស់អាម៉េរិកនៅរដ្ឋធានីម៉ូហ្គាឌីស៊ូ៕
-
រុស្ស៊ីព្រមានឆ្លើយតបយ៉ាងស័ក្តិសម ប្រសិនបើសហរដ្ឋអាម៉េរិកសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញា INF

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានថ្លែងព្រមានថា ទីក្រុងម៉ូស្គូនឹងបង្ខំចិត្តឆ្លើយតបយ៉ាងពេញទំហឹង បើសិនជាសហរដ្ឋអាម៉េរិកដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ហើយថែមទាំងអះអាងថា បើសិនទីក្រុងវ៉ាស៊ីនតោនចាប់ផ្ដើមអភិវឌ្ឍន៍ ឬផលិតមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យមឡើងវិញ នោះរុស្ស៊ីក៏នឹងធ្វើដូចគ្នានេះដែរ។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីខែតុលាកន្លងទៅ បានប្រកាសថា នឹងដកទីក្រុងវ៉ាស៊ីនតោនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដោយចោទថា រុស្ស៊ីរំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិនេះ បើទោះជាទីក្រុងម៉ូស្គូបដិសេធជាច្រើនលើកក៏ដោយ។ ការព្រមានរបស់ប្រមុខដឹកនំារុស្ស៊ីខាងលើនេះ ធ្វើឡើងក្រោយពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយកាលពីថ្ងៃអង្គារ៍ថា ប្រទេសលោកទំនងជាដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ក្នុងរយៈពេល៦០ថ្ងៃ បើរុស្ស៊ីមិនព្រមអនុវត្តតាមសន្ធិសញ្ញានេះទេនោះ៕
-
ទាហានអាម៉េរិក៧នាក់ បាត់ខ្លួនក្នុងហេតុការណ៍ធ្លាក់យន្តហោះចម្បាំង២គ្រឿងនៅសមុទ្រជប៉ុន

ជប៉ុន៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា ការស្វែងរក និងសង្គ្រោះកំពុងត្រូវធ្វើឡើងនៅឯតំបន់ឆ្នេរសមុទ្រជប៉ុន បន្ទាប់ពីយន្តហោះកងទ័ពម៉ារីនអាមេរិក២គ្រឿងជួបគ្រោះថ្នាក់ធ្លាក់ ធ្វើឱ្យទាហានអាមេរិក៧នាក់បាត់ខ្លួន ខណៈកងទ័ពម៉ារីនបានផ្តល់ព័ត៌មានតិចតួចអំពីគ្រោះថ្នាក់ដែលបានកើតឡើងនៅម៉ោងប្រមាណ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍តនេះ។ បើតាមកងទ័ពម៉ារីន Marine Corps បានឱ្យដឹងថា យន្តហោះបានចេញដំណើរពីស្ថានីយរបស់កងទ័ពម៉ារីននៅអ៊ីវ៉ាគូនី ប្រទេសជប៉ុន និងបានធ្វើការហ្វឹកហាត់តាមទម្លាប់ធម្មតា។ មន្ត្រីអាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា យន្តហោះមួយ គឺជាយន្តហោះប្រយុទ្ធធុន F/A 18 និងមួយទៀតជាយន្តហោះចាក់សាំង KC-130 ដែលមានទាហានសរុប៧នាក់នៅក្នុងយន្តហោះទាំងនោះ។ ពួកមន្ត្រីអាម៉េរិកមិនដឹងថា តើគ្រោះថ្នាក់នេះបានកើតឡើងយ៉ាងណាទេ ហើយការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង។ បើតាមសារព័ត៌មានអូស្ត្រាលី យន្តហោះទាំង២បានបុកគ្នា និងធ្លាក់ចូលក្នុងសមុទ្រនៅចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីស្ថានីយអ៊ីវ៉ាគូនី នៅម៉ោង២រំលងអធ្រាត ហើយក្រុមអ្នកសង្គ្រោះរបស់ជប៉ុនបានស្រង់បានទាហានម៉ារីនម្នាក់នៅរស់ ខណៈការស្វែងរកអ្នកបាត់ខ្លួន៦នាក់ទៀតកំពុងប្រព្រឹត្តទៅ៕
-
ទីប្រឹក្សាសន្តិសុខជាតិសហដ្ឋអាម៉េរិក៖ ជំនួបកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នឹងកើតឡើងនៅដើមឆ្នាំក្រោយនេះ

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូតុន បាននិយាយនៅថ្ងៃអង្គារ៍នេះថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងចូលរួមជំនួបកំពូលលើកទី២ នាដើមឆ្នាំក្រោយនេះ ជាមួយលោក គីម ជុងអ៊ុន បើទោះជាកូរ៉េខាងជើងមិនបានធ្វើ តាមការសន្យារបស់ខ្លួន ក្នុងការចាប់ផ្តើមកម្ទេចចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។ លោកបានគួសបញ្ជាក់ថា ពួកគេមិនបានធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួននោះទេ គិតមកទល់នឹងពេលនេះ នោះហើយ គឺជាហេតុផលដែលលោកយល់ឃើញថា លោកប្រធានាធិបតី ត្រាំ គិតថា មានតែជំនួបកំពូលលើកទី២ទេ ទើបទំនងជាអាចកើតចេញជាលទ្ធផលផ្លែផ្កាបាន។ លោក បូលតុន និយាយបែបនេះ គឺចង់សំដៅលើការសន្យា ដែលមេដឹកនាំកូរ៉េខាងជើងធ្វើឡើងកាលពីខែមិថុនា ក្នុងអំឡុងជំនួបតទល់ លើកដំបូងរបស់គាត់ ជាមួយលោក ត្រាំ នៅក្នុងប្រទេសសិង្ហបុរី។ នៅពេលនោះ លោក គីម បាននិយាយថា កូរ៉េខាងជើងនឹងធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដ៏ពេញលេញនៅតំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែរយៈពេលជិត៦ខែ ចាប់តាំងពីជំនួបកំពូលនៅ ប្រទេសសិង្ហបុរី ជាពេលដែលលោក ត្រាំ បានប្រកាសតាមបណ្តាញសង្គមធ្វីតធើថា កូរ៉េខាងជើងលែងជាការគំរាមកំហែងនុយក្លេអ៊ែរទៀតហើយ ប៉ុន្តែទីក្រុងព្យុងយ៉ាងនៅតែបន្តផលិតអាវុធ និងឥន្ធនៈនុយក្លេអ៊ែររបស់ខ្លួន ហើយព្រមទាំងបង្កើនសមត្ថភាពមីស៊ីល ទៀតផង ៕ …
-
អ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការបង្ហាញរូងក្រោមដីរបស់ក្រុមឧទ្ទាមហេសប៊ូឡា នៅជាប់ព្រំដែនប្រទេសលីបង់

អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានចាប់ផ្តើមប្រតិបត្តិការក្នុងការបង្ហាញ និងការពាររូងក្រោមដីវាយប្រហារឆ្លងកាត់ព្រំដែនពីប្រទេសលីបង់ ដែលជីកដោយក្រុមឧទ្ទាមហេសប៊ូឡា ។លោកវរសេនីយ៍ទោ ចូណាថាន់ កុនរីគូស ជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេបានរកឃើញរូងក្រោមដីឆ្លងកាត់ពីប្រទេសលីបង់ ចូលទៅកាន់តំបន់ភាគខាងជើងអ៊ីស្រាអែល ហើយថា ប្រតិបត្តិការនេះ អនុវត្តន៍តែក្នុងទឹកដីអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនឆ្លងកាត់ព្រំដែននោះទេ ។ ជាមួយគ្នានេះ អ៊ីស្រាអែលបានបញ្ចេញខ្សែអាតិ៍វីដេអូមួយបង្ហាញពីសម្ភារៈជីក និងដឹកជញ្ជូន នៅចំណុចទីតាំងមួយមិនបានបញ្ជាក់ច្បាស់លាស់ ដោយមានដើមឈើ និងគម្ពោធព្រៃនៅក្រោមដី ហើយពួកគេបញ្ជាក់ថា ខ្លួនកំពុងត្រៀមខ្លួនផ្នែកតាក់ទិក ដើម្បីបង្ហាញពីគម្រោងរូងក្រោមដីឆ្លងកាត់ព្រំដែនមួយនេះរបស់ក្រុមឧទ្ទាមហេសប៊ូឡា ។ពាក់ព័ន្ធនឹងរឿងខាងលើនេះ កាលពីថ្ងៃច័ន្ទកន្លងទៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដើម្បីជូនដំណឹងលោក ប៉ុមប៉េអូ អំពីប្រតិបត្តិការនៅរូងក្រោមដីមួយនេះ ៕
-
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាម៉េរិកជឿជាក់ថា រាជទាយាទអារ៉ាប៊ីសាអូឌីតជាអ្នកសម្លាប់អ្នកកាសែត ខាហ្សូកជី

សហរដ្ឋអាម៉េរិក៖ សមាជិកព្រឹទ្ធសភាអាម៉េរិកជាច្រើនរូបដោយសំអាងលើការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក CIA បាននិយាយថា ពួកគេកាន់តែប្រាកដប្រជាជាងមុនថា ព្រះអង្គមា្ចស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំ ម៉ាត់ ប៊ិនសាល់ម៉ាន់ គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ លោក ចាម៉ាល់ ខាហ្សូកជី នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចំាទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែតុលាកន្លងទៅ។ យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ចេម ម៉ាត់ទីស រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ និងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន រួមទាំងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅតែអះអាងដូចគ្នាថា ព្រះម្ចាស់រាជទាយាទមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ។ ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់មនុស្ស១១នាក់ ដែលជាប់ទាក់ទិននឹងការសម្លាប់លោក ចាម៉ាល់ ខាហ្សូកជី ហើយក៏បានស្នើឱ្យមានការកាត់ទោសប្រហារជីវិត ក្នុងចំណោមអ្នកទាំងនោះផងដែរ តែអារ៉ាប៊ីសាអូឌីតនៅតែ បដិសេធដដែលថា ព្រះអង្គម្ចាស់រាជទាយាទ ប៊ិនសាល់ម៉ាន់ មិនមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក ខាហ្សូកជី ឡើយ៕ …
-
សហរដ្ឋអាម៉េរិកដាក់ឱសានវាទ៦០ថ្ងៃឲ្យរុស្ស៊ីគោរពសន្ធិសញ្ញា INF មុននឹងខ្លួនបោះបង់ចោលសន្ធិសញ្ញានេះ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃអង្គារ៍នេះបានព្រមានថា រុស្ស៊ីមានរយៈពេល៦០ថ្ងៃ ដើម្បីចាប់ផ្តើមគោរពតាមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម ហៅកាត់ថា INF បើមិនដូច្នេះទេ ទីក្រុងវ៉ាស៊ីនតោនអាចនឹងបោះបង់ចោលសន្ធិសញ្ញានេះ។ នៅក្នុងកិច្ចប្រជុំរបស់អង្គការណាតូ នៅឯទីក្រុងព្រុចសែល រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចោទប្រកាន់រុស្ស៊ីថា បានបោកប្រាស់អំពីកាតព្វកិច្ចត្រួតពិនិត្យអាវុធរបស់ខ្លួន ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមហើយថែមទាំងបានព្រមានថា ប្រសិនបើទីក្រុងម៉ូស្គូមិនគោរពតាមលក្ខខណ្ឌនៃសន្ធិសញ្ញានេះក្នុងរយៈពេល៦០ថ្ងៃ នោះទីក្រុងវ៉ាស៊ីនតោននឹងធ្វើការជូនដំណឹងអំឡុងរយៈពេល៦០ថ្ងៃ ដើម្បីចាកចេញពីកិច្ចព្រមព្រៀងឆ្នាំ១៩៨៧នេះ។ គួរបញ្ជាក់ថា សន្ធិសញ្ញាទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី បានហាមឃាត់មីស៊ីលដែលមានមូលដ្ឋានលើដីគោក និងមីស៊ីលឆ្លងទ្វីបទាំងអស់ ដែលមានចម្ងាយចន្លោះពី៥០០ទៅ៥,៥០០គីឡូម៉ែត្រ ខណៈរុស្ស៊ីបានអះអាងថា រយៈចម្ងាយនៃប្រព័ន្ធមីស៊ីលថ្មីរបស់ខ្លួន គឺមិនលើសពី៥០០គីឡូម៉ែត្រទេ ប៉ុន្តែអាម៉េរិកបានចែករំលែកភ័ស្តុតាងជាមួយក្រុមសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ដោយបញ្ជាក់ថា មីស៊ីលឆ្លងទ្វីប SSC-8 ថ្មីរបស់រុស្ស៊ី អាចផ្តល់លទ្ធភាពឱ្យទីក្រុងម៉ូស្គូ វាយប្រហារនុយក្លេអ៊ែរមកលើទ្វីបអឺរ៉ុប ដោយមានការជូនដំណឹងតិចតួច ឬគ្មានតែម្តង៕
-
ប្រមុខការទូតកូរ៉េខាងជើងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

ចិន៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី យ៉ុងហូ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ផ្តើមពីថ្ងៃទីព្រហស្បត្តិ៍នេះ ក្នុងគោលបំណងពិភាក្សាការងារជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ាង យី។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង ហ្ស័ង បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ៍នេះថា ប្រមុខការទូតកូរ៉េខាងជើងនឹងមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន ដើម្បីដើរតួនាទីវិជ្ជមានក្នុងការអនុវត្តបន្ថែមនូវការឯកភាពគ្នាដែលបានឈានដល់ ដោយមេដឹកនាំប្រទេសទំាងពីរ។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះដែរ នឹងក្លាយជាឱកាសលើកកម្ពស់សម្ព័ន្ធភាពទ្វេភាគី ក៏ដូចជាពង្រឹងពង្រីកការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ ព្រមទំាងបញ្ហាដទៃផ្សេងទៀត។ ជាងនេះទៅទៀតនោះ លោក រី យ៉ុងហូ ត្រូវបានរំពឹងថា នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទិននឹងផែនការរៀបចំជំនួបកំពូលលើកទី២រវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមករា ឬក៏នៅក្នុងខែកុម្ភៈ ដើមឆ្នាំក្រោយនេះ៕
-
អ៊ីរ៉ងប្តេជ្ញាបិទច្រកសមុទ្រសំខាន់ បើសិនសហរដ្ឋអាម៉េរិកកាត់ផ្តាច់ការនាំចេញប្រេងរបស់ប្រទេសខ្លួន

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន់ រូហានី នៅថ្ងៃអង្គារ៍នេះ បានគំរាមបិទច្រកសមុទ្រ ហ័រមូស ជាថ្មីម្តងទៀត ដែលជាផ្លូវទឹកសំខាន់សម្រាប់ជំនួញប្រេងតាមសមុទ្រជិត១ភាគ៣នៃប្រេងទាំងអស់ ប្រសិនបើសហរដ្ឋអាម៉េរិកបិទការនាំចេញប្រេងរបស់ប្រទេសលោក។ ទូរទស្សន៍រដ្ឋបានស្រង់សម្តីលោក រូហានី ដោយនិយាយថា ប្រសិនបើថ្ងៃណាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបិទការនាំចេញប្រេងរបស់អ៊ីរ៉ង់ នោះនឹងគ្មានប្រេងណាអាចនាំចេញពីឈូងសមុទ្រពែក្សបានឡើយ។ ច្រកសមុទ្រ ហ័រមូស នៅមាត់ឈូងសមុទ្រពែក្ស គឺសំខាន់ខ្លាំងណាស់ចំពោះការផ្គត់ផ្គង់ថាមពលលើសកលលោក។ ទន្ទឹមគ្នានោះ លោក រូហានី ក៏បានសន្យាដែរថា សហរដ្ឋអាម៉េរិកនឹងមិនអាចទប់ស្កាត់អ៊ីរ៉ង់ពីការនាំចេញប្រេងឆៅបានទេ។ ជាការឆ្លើយតបវិញនោះ តំណាងរបស់សហរដ្ឋអាម៉េរិកសម្រាប់គោលនយោបាយអ៊ីរ៉ង់លោក ប្រាយអ៊ែន ហ៊ុគ បានច្រានចោលការគំរាមរបស់ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ដោយកត់សម្គាល់ថា អ៊ីរ៉ង់មិនមែនជាអ្នកត្រួតត្រាច្រកសមុទ្រហ័រមូសទេ ខណៈច្រកសមុទ្រហ័រមូស គឺជាផ្លូវទឹកអន្តរជាតិ ហើយថា សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជាមួយដៃគូរបស់យើង ដើម្បីធានាឱ្យមានសេរីភាពនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃលំហូរពាណិជ្ជកម្មនៅផ្លូវទឹកអន្តរជាតិ៕