-
យោធារុស្ស៊ីប្រកាសទទួលជោគជ័យ ការបាញ់សាកល្បងមីស៊ីលប្រដេញចម្ងាយឆ្ងាយដែលបាញ់ចេញពីក្រោមផ្ទៃទឹក

រុស្ស៊ី៖ យោធារុស្ស៊ីនៅថ្ងៃអង្គារ៍នេះ បានប្រកាសពីភាពជោគជ័យក្នុងការធ្វើតេស្តបាញ់មីស៊ីលប្រដេញចម្ងាយឆ្ងាយប្រភេទ 3M-54 Kalibr ដែលបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅឯសមុទ្រ Barent ភាគខាងត្បូងមហាសមុទ្រទឹកកកអាក់ទិច។ ប្រភេទមីស៊ីលនេះ មានសមត្ថភាពវាយលុកដល់គោលដៅស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយអាស្រ័យលើការកែច្នៃបន្ថែមផ្សេងៗពីគ្នា និងអាចបំពាក់ក្បាលគ្រាប់បានដល់ទម្ងន់៤៥០គីឡូក្រាម។ ស៊េរីមួយចំនួននៃមីស៊ីល Kalibr ក៏អាចឈានដល់ល្បឿនលឿនជាងសំឡេងថែមទៀតផង ដើម្បីអាចទម្លុះឆ្លងកាត់ការទប់ទល់ពីប្រព័ន្ធការពារមីស៊ីលនៃនាវារបស់សត្រូវ។ ជាមួយគ្នានេះ យោធារុស្ស៊ីបាននិយាយថា ការធ្វើតេស្តមីស៊ីលខាងលើ ដែលត្រូវបានធ្វើឡើងក្នុងផ្នែកនៃការធ្វើសមយុទ្ធយោធារបស់រុស្ស៊ី បានបាញ់ចំគោលដៅដូចការរំពឹងទុក ដែលស្ថិតនៅចម្ងាយប្រហែលពី៧០០គីឡូម៉ែត្រពីគ្នា។ Kalibr គឺជាប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយប្រឆាំងនាវា ដែលបំពាក់នៅលើនាវាចម្បាំង និងក្នុងនាវាមុជទឹក៕
-
ក្រុមហ៊ុនអវកាស SpaceX បាញ់ផ្កាយរណបសរុប៦៤គ្រឿង ឡើងទៅកាន់គន្លងតារាវិថី

សហរដ្ឋអាមេរិក៖ សារព័ត៌មាន CGTN របស់ចិនបានចុះផ្សាយថា SpaceX បានបំបែកកំណត់ត្រានៅសហរដ្ឋអាមេរិក តាមរយៈការបញ្ជូនផ្កាយរណបសរុបចំនួន ៦៤គ្រឿង ឡើងទៅកាន់ទីអវកាសក្នុងពេលតែមួយ ។ បេសកកម្មនេះ មានឈ្មោះថា SSO-A គឺជាបេសកកម្មបញ្ជូនផ្កាយរណបឡើងទីអវកាសបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក ។ ផ្កាយរណបចំនួន៦៤គ្រឿង ដែលត្រូវរ៉ុក្កែត ហ៊្វលខុន ៩ នាំយកទៅនោះ គឺជាប្រភេទ ម៉ៃក្រូ សេតថែលឡាយ ១៥គ្រឿង និង ខ្យូបសេត៤៩គ្រឿង ដែលជាកម្មសិទ្ធិរបស់ស្ថាប័នចំនួន៣៤ខុសៗគ្នាមកពី១៧ប្រទេស ។ប្រភពដដែលបានឱ្យដឹងទៀតថា ផ្កាយរណបទាំងអស់ខាងលើ គឺជាប្រភេទផ្កាយរណបខ្នាតតូច ដោយពួកវាត្រូវបានបាញ់បង្ហោះឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតអាចប្រើប្រាស់ឡើងវិញបានរបស់ក្រុមហ៊ុនអវកាស SpaceX បន្ទាប់ពីមានការពន្យារពេលជាបន្តបន្ទាប់ ដោយសារកត្តាបញ្ហាអាកាសធាតុ ៕
-
សហរដ្ឋអាមេរិកចង់បានចំណាត់ការរឹងមំាពីចិនក្នុងរយៈពេល៩០ថ្ងៃ ខណៈមេដឹកនំាទំាងពីរព្រមព្រៀងផ្អាកការតម្លើងពន្ធ ដើម្បីទុកពេលចរចាគ្នា

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ខ្លួនត្រូវការអ្វីមួយមាំទាំមកពីចិននៅក្នុងរយៈពេល៩០ថ្ងៃ ដើម្បីស្ថាបនាកិច្ចព្រមព្រៀងជាក់លាក់មួយអំពីពាណិជ្ជកម្ម ។ ការទាមទារនេះ កើតឡើងពីរថ្ងៃក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជិនពីង បានជួបគ្នា និងព្រមព្រៀងផ្អាកការតម្លើងពន្ធរវាងមហាអំណាចទាំងពីរ ដើម្បីទុកពេលចរចាគ្នា ។រដ្ឋមន្រ្តីរតនាគារអាមេរិកលោក ស្ទេវិន ម្នូជីន បានប្រាប់សារព័ត៌មានCNBCថា អាមេរិក-ចិនបានធ្វើការពិភាក្សាពិសេសណាស់នៅទីក្រុងប៊ុយណូ អ៊ែររ៉េស កាលពីចុងសប្តាហ៍មុននេះ ស្តីពីវិធានការកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទ្វេភាគីតំលៃរាប់រយពាន់លានដុល្លារ ។ បន្ទាប់ពីជំនួបពិភាក្សារវាងលោក ត្រាំ និងលោក ស៊ី នៅក្រៅកិច្ចប្រជុំ G20 កាលពីចុងសប្តាហ៍មុននេះ អាមេរិកបានយល់ព្រមផ្អាកការយកពន្ធ២៥ភាគរយលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៩ ដោយរក្សាទុកនៅអត្រា១០ភាគរយដដែល ។ ជាថ្នូរមកវិញ ចិនត្រូវទិញទំនិញកសិកម្ម ថាមពល ឧស្សាហកម្ម និងផលិតផលដទៃទៀតពីអាមេរិកក្នុងបរិមាណច្រើនបំផុត ។សូមបញ្ជាក់ថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិកជាមួយចិនមានចំនួន៣៣៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដូច្នេះការបន្ថយឱនភាពជាគោលដៅពិសេសមួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕
-
ប្រទេសអាល្លឺម៉ង់ផលិតដើមណូអែលធ្វើពីមាសសុទ្ធតម្លៃជាង២,៦លានដុល្លារ

អាល្លឺម៉ង់៖ ក្រុមហ៊ុនជួញដូរមាសនៅក្រុងមួយនិច ប្រទេសអាល្លឺម៉ង់ឈ្មោះថា Pro Aurum បានសម្រេចបង្កើតដើមណូអែល ដោយការផ្គុំកាក់មាស២០១៨ដុំ ឬស្មើនឹង៦៣គីឡូក្រាមនៃមាសសុទ្ធ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យណូអែល នាពេលខាងមុខនេះ។ តំណាងក្រុមហ៊ុនបញ្ជាក់ថា ដើមដើមណូអែលនេះ មានកម្ពស់៣ម៉ែត្រនេះ មានតម្លៃ២,៣លានអឺរ៉ូ ឬ ២,៦លានដុល្លារអាម៉េរិក។ វាត្រូវបានចាត់ទុកថាជា ដើមណូអែលដ៏មានតម្លៃបំផុតនៅក្នុងទ្វីបអឺរ៉ុប៕
-
ការលក់រថយន្តរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៤,៩ភាគរយកាលពីខែមុន ដោយសារមិនសូវមានតម្រូវការ

កូរ៉េខាងត្បូង៖ ការលក់ឡានលើពិភពលោករបស់បណ្តាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ កាលពីខែមុន ដោយសារតែធ្លាក់ចុះតម្រូវការពីក្រៅប្រទេស នេះបើតាមទិន្នន័យឧស្សាហកម្មរថយន្តប្រទេសនេះ ចេញផ្សាយកាលពីម្សិលមិញ។ សរុបការលក់របស់ Hyundai Motor, Kia Motors, GM Korea, Ssangyong Motor និង Renault Samsung បានធ្លាក់ចុះមកត្រឹម៧២០៨៩២គ្រឿង កាលពីខែវិច្ឆិកា នៅក្នុងប្រទេស និងក្រៅប្រទេស ធ្លាក់ចុះ៤,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ការលក់ក្នុងស្រុកធ្លាក់ចុះ០,៣៤ភាគរយ មកនៅត្រឹម១៣៩៨៦២គ្រឿង ហើយនាំចេញទៅក្រៅប្រទេសវិញ ធ្លាក់ចុះ៦ភាគរយ មកនៅត្រឹម ៥៨១០៣០ គ្រឿង។ ប្រភពថា ការនាំចេញធ្លាក់ចុះ ដោយសារតែមិនសូវមានការបញ្ជាទិញពីបណ្តាប្រទេសនានា ដូចជាសហរដ្ឋអាម៉េរិកផងដែរ៕
-
សហរដ្ឋអាម៉េរិក និងចិន ផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល៩០ថ្ងៃ

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក និងសមភាគីចិន បានព្រមព្រៀងគ្នាផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល៩០ថ្ងៃដើម្បីចរចាគ្នា។ យោងតាមសារព័ត៌មានរដ្ឋចិនឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងយល់ព្រមមិនដាក់ពន្ធគយពាណិជ្ជកម្មថ្មីណាមួយទៀតនោះទេបន្ទាប់ពីថ្ងៃទី១ ខែមករា ដើម្បីបន្ដកិច្ចចរចាជាមួយអាម៉េរិក។ កិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធភាពរយៈពេល៩០ថ្ងៃ ក្រោយមេដឹកនាំមហាអំណាចទាំងពីរ គឺលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនភីង បានជួបគ្នាជាលើកដំបូងនៅទីក្រុង Beunos Aires បន្ទាប់ពីកិច្ចប្រជុំ G20 ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងកាលពីដើមឆ្នាំ។ គួរឲ្យដឹងថា មុនកិច្ចប្រជុំ G20 លោក ត្រាំ បានប្រាប់សារព័ត៌មានថា លោកគ្រោងនឹងបន្ដដំឡើងពន្ធ២០០ពាន់លានដុល្លារលើទំនិញចិនពី ១០% ទៅ ២៥% ប្រសិនបើកិច្ចចរចាជាមួយចិនមិនមានផ្លែផ្កានោះទេ៕
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឲ្យបង្រួបបង្រួមគ្នាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ប៉ូឡូញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គាដទើរ៉េស បានធ្វើការអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្រួបបង្រួមគ្នា ប្រឆាំងនឹងការកើនឡើងកំដៅសកលលោក។ ប្រមុខដឹកនាំរូបនេះបានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងពេលថ្លែងសន្ទករថារបស់លោក នៅឯវេទិកាបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលគេស្គាល់ឈ្មោះថា COP24 ដែលបានប្រារព្ធឡើងក្នុងទីក្រុងកាតូវីស ប្រទេសប៉ូឡូញ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយមានបណ្តាមេដឹកនាំចំនួន២០ប្រទេសចូលរួម ក្នុងនោះមានទាំងអូទ្រីស និងនីហ្សេរីយ៉ាផងដែរ។ នាឱកាសនោះដែរ លោក ហ្គាដទើរ៉េស បានលើកឡើងថា ការប្រមូលផ្តុំគ្នាគឺជាកត្តាដ៏សំខាន់បំផុត ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ចាប់តំាងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥កន្លងទៅ ដោយលោក ហ្គាដទើរ៉េស ថែមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្ទុះដូចគ្នានឹងកាលពី៣ឆ្នាំមុន សំដៅរក្សាការទុកចិត្តលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាក្របខណ្ឌអន្តរជាតិមួយ ដើម្បីដោះស្រាយការកើនឡើងកំដៅរបស់ផែនដីនៅឆ្នំា២០២០ខាងមុខ៕
-
លោក ដូណាល់ ត្រាំ៖ រុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក គ្រោងធ្វើកិច្ចពិភាក្សាគ្នាស្តីពីការកាត់បន្ថយការប្រកួតប្រជែងផ្នែកសព្វាវុធ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចុះផ្សាយថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកមានឆន្ទៈក្នុងការចាប់ផ្តើមធ្វើកិច្ចពិភាក្សាស្តីពីការកាត់បន្ថយការប្រកួតប្រជែងផ្នែកសព្វាវុធនាថ្ងៃអនាគត ជាមួយសមភាគីចិន និងរុស្ស៊ីរបស់លោក។ លោក ត្រាំ បានសរសេរសារបង្ហោះតាមបណ្តាញសង្គមធ្វីតធើ នៅថ្ងៃច័ន្ទនេះថា រូបលោកផ្ទាល់ជឿជាក់ថា លោក និងលោក ស៊ី ជិនពីង ព្រមទាំងលោក វ៉្លាឌីមៀ ពូទីន នឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាគ្នាអំពីការកាត់បន្ថយនូវអ្វីដែលបានក្លាយទៅជាបញ្ហាដ៏ធំបំផុតមួយ និងការប្រកួតប្រជែងផ្នែកសព្វាវុធដែលមិនអាចគ្រប់គ្រងបាន ខណៈសហរដ្ឋអាម៉េរិកបានចំណាយប្រាក់រហូតដល់៧១៦ពាន់លានដុល្លារនៅឆ្នាំនេះ។ សូមរំលឹកថា កាលពីខែតុលាកន្លងទៅ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងចាកចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម ហៅកាត់ថា INF ដោយអះអាងថា រុស្ស៊ីបានរំលោភលើសន្ធិសញ្ញាអន្តរជាតិនេះ។ យ៉ាងណាមិញ រុស្ស៊ីបានបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចពិភាក្សាជុំវិញបញ្ហានេះជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈជំនួបរវាងលោក ពូទីន និងលោក ត្រាំ នោះ គ្រោងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅអាហ្សង់ទីន។ ប៉ុន្តែលោក…
-
ប្រមុខដឹកនាំអង្គការណាតូ ស្នើឱ្យរុស្ស៊ីបញ្ចប់ការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន

បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូធែនប៊ឺគ នៅថ្ងៃច័ន្ទនេះ បានទាមទារឱ្យប្រទេសរុស្ស៊ី និងកងទ័ពជើងទឹករបស់ខ្លួន បញ្ឈប់ការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន ហើយថែមទាំងបានបដិសេធក្នុងការសន្យាផ្តល់ជំនួយថ្មីដល់ទីក្រុងគៀវ ខណៈសម្ព័ន្ធមិត្តកំពុងព្យាយាមទប់ស្កាត់ភាពតានតឹង។ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសសម្ព័ន្ធចំនួន២៩ នឹងត្រូវជួបពិភាក្សាជាមួយប្រមុខការទូតអ៊ុយក្រែននៅថ្ងៃអង្គារ៍នេះ ដើម្បីប្រឹក្សាគ្នាពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចគ្នាកាលពីសប្តាហ៍មុននៅឯតំបន់ដែនសមុទ្រអាហ្សូវ ដែលជាលទ្ធផលនោះ រុស្ស៊ីបានចាប់ខ្លួនក្រុមនាវិកអ៊ុយក្រែនចំនួន២៤នាក់ ហើយថែមទាំងរឹបអូសយកនាវារបស់ពួកគេចំនួន៣គ្រឿងទៀត។ ជាមួយគ្នានោះដែរ បណ្តារដ្ឋមន្ត្រីទាំងអស់ក៏នឹងធ្វើកិច្ចពិភាក្សាផងដែរ ទាក់ទិននឹងសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែររយៈចម្ងាយមធ្យម INF ស្របពេលដែលអាម៉េរិកបានប្រកាសថា ខ្លួននឹងបោះបង់ចោលវា ដោយសំអាងថា រុស្ស៊ីបានរំលោភបំពានលើសន្ធិសញ្ញានេះ។ យ៉ាងណាមិញ លោក ស្តូធែនប៊ឺគ បានសន្យាថា នឹងដោះស្រាយបញ្ហានេះប្រកបដោយតម្លាភាព ហើយថែមទាំងអំពាវនាវជាថ្មីម្តងទៀតឲ្យរុស្ស៊ីដោះលែងក្រុមនាវិករបស់អ៊ុយក្រែន និងនាវារបស់ពួកគេ ក៏ដូចជាអនុញ្ញាតឱ្យមានការធ្វើដំណើរនៅចំណតកំពង់ផែរបស់អ៊ុយក្រែន នៅឯតំបន់ដែនសមុទ្រអាហ្សូវ៕
-
លោក មូន ជែអ៊ីន៖ លទ្ធភាពសម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងមកកាន់ទីក្រុងសេអ៊ូលបានបើកចំហហើយ

កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយថា លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល ត្រូវបានបើកចំហហើយ។ លោក មូន បានធ្វើការកត់សម្គាល់ដូច្នេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយជាមួយអ្នកយកព័ត៌មានក្នុងតំបន់ ស្របពេលធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសញ៊ូហ្សឺឡែន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក បន្ទាប់ពីបានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន។ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានគូសបញ្ជាក់ទៀតថា បើទោះបីជាលោកប្រធាន គីម នឹងធ្វើដំណើរទស្សនកិច្ចទៅវិញទៅមកទីក្រុងសេអ៊ូលនៅក្នុងឆ្នំានេះក៏ពិតមែន ក៏ប៉ុន្តែការបំពេញទស្សនកិច្ចនេះ អាចកើតឡើងទៅបាន ក៏អាស្រ័យលើការប្តេជ្ញាចិត្តរបស់លោក គីម ផ្ទាល់ផងដែរ។ សូមរំលឹកឡើងវិញថា ក្នុងអំឡុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ លោក គីម ធ្លាប់បានសន្យាថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលវិញ ដើម្បីឆ្លើយតបទៅនឹងការបំពេញទស្សនកិច្ចរបស់លោក មូន មកកាន់ទីក្រុងព្យុងយ៉ាង៕