Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ប្រកាសបន្តអភិវឌ្ឍន៍ និងធ្វើតេស្តមីស៊ីល បើទោះជាមានការប្រឆាំងពីសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់ប្រកាសបន្តអភិវឌ្ឍន៍ និងធ្វើតេស្តមីស៊ីល បើទោះជាមានការប្រឆាំងពីសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ អ្នកនាំពាក្យកម្លាំងទាហានអ៊ីរ៉ង់បានប្រកាសនៅថ្ងៃអាទិត្យចុងសប្តាហ៍មុនេះថា ប្រទេសលោកនឹងបន្តធ្វើការអភិវឌ្ឍ ក៏ដូចជាធ្វើតេស្តមីស៊ីល ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីប្រទេសណាមួយនោះឡើយ ហើយថា ទាំងនោះ ជាសិទ្ធិរបស់ប្រទេសដែលមានអធិបតេយ្យភាពពេញលេញ។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានច្រានចោលការប្រកាសរបស់ប្រមុខកាទូតអាម៉េរិកលោក ម៉ៃ ម៉ុបប៉េអូ ដែលបានបញ្ជាក់ថា កម្មវិធីបរមាណូរបស់អ៊ីរ៉ង់ បំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ បើតាមអ្នកនាំពាក្យកម្លាំងទាហានអ៊ីរ៉ង់ លោក អាបួហ្វាល់ ហ្សេកកាជី បានបញ្ជាក់ថា ការសាកល្បងមីស៊ីល និងសព្វាវុធផ្សេងៗទៀតរបស់អ៊ីរ៉ង់ គឺដើម្បីធានាដល់សកម្មភាពការពារជាតិរបស់ប្រទេសខ្លួន ហើយថា ទីក្រុងតេហេរ៉ង់នឹងបន្តផលិត និងធ្វើតេស្តមីស៊ីល ដោយមិនចាំបាច់សួរនាំពីប្រទេសណាមួយនោះឡើយ។ សូមរំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុម ប៉េអូ បាននិយាយថា អ៊ីរ៉ង់បានធ្វើតេស្តកាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យម បំពានទៅនឹងសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមប្រាមអ៊ីរ៉ង់ ធ្វើសកម្មភាពសាកល្បងអាវុធផ្សេងៗ ដែលអាចបំពាកក្បាលគ្រាប់បរិមាណូ៕ម.ន

  • មេដឹកនាំរុស្ស៊ី និងតួកគី ព្រមព្រៀងគ្នាលើគម្រោងបង្កើតតំបន់គ្មានយោធានៅក្នុងប្រទេសស៊ីរី

    មេដឹកនាំរុស្ស៊ី និងតួកគី ព្រមព្រៀងគ្នាលើគម្រោងបង្កើតតំបន់គ្មានយោធានៅក្នុងប្រទេសស៊ីរី

    រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ប្រធានាធិបតីរុស្ស៊ី និងសមភាគីតួកគី បានឯកភាពគ្នាលើជំហានថ្មីទៀត ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធានៅខេត្តអ៊ីដលីប ប្រទេសស៊ីរី។ បើតាមក្រសួងការបរទេសរុស្ស៊ីនោះ លោក ឡាវរូវ បានបញ្ជាក់ថា ក្នុងអំឡុងកិច្ចប្រជុំនៅឯប្រទេសអាហ្សង់ទីន មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើជំហានថ្មីបន្ថែមទៀត ដើម្បីគោរពកិច្ចព្រមព្រៀងស្តីពីការបង្កើតតំបន់គ្មានយោធាមួយ ខណៈមានការចាត់វិធានការផងដែរ ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមបំពានលើកិច្ចព្រមព្រៀងដដ៏សំខាន់ ដែលបានទទួលការស្វាគមន៍ដោយទាំងអស់គ្នានេះ។ វិមានក្រឹមឡាំងបានលើកឡើងថា ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ដែលរៀបចំឡើងនៅប្រទេសអាហ្សង់ទីន ដោយពួកលោកបានប្រឹក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់ និងរបៀបវារៈអន្តរជាតិ៕

  • មនុស្ស២៥នាក់របួស ហើយអគារ និងលំនៅដ្ឋានជាង១០០ខ្នងរងការខូចខាត ដោយសារព្យុះ Tornado វាយប្រហារសហរដ្ឋអាម៉េរិក

    មនុស្ស២៥នាក់របួស ហើយអគារ និងលំនៅដ្ឋានជាង១០០ខ្នងរងការខូចខាត ដោយសារព្យុះ Tornado វាយប្រហារសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ព្យុះដ៏កំណាច ថូរណាដូ បានធ្វើការវាយសង្គ្រប់យ៉ាងដំណំលើរដ្ឋអ៊ីលីណយ ភាគកណ្តាលសហដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍មុននេះ ធ្វើឲ្យមនុស្សសរុប២៥នាក់ទទួលរងរបួស ហើយអគារ និងលំនៅឋានប្រមាណជាង១០០ខ្នងរងការបំផ្លិចបំផ្លាញ។ ទីភ្នាក់ងារតាមដានអាកាសធាតុអាម៉េរិក បានឱ្យដឹងថា ព្យុះដ៏កំណាចនេះ បានបង្កការខូចខាតធ្ងន់ជាងគេនៅក្នុងទីក្រុង ថាយឡឺវាល រដ្ឋអ៊ីលីណយ ហើយសាលារៀន និងអគារសាធារណជាច្រើនតម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នរហូតដល់ដើមសប្តាហ៍នេះ ខណៈក្រុមសង្គ្រោះកំពុងដឹកនាំការសម្អាតកន្លែងរងគ្រោះ។ សូមរំលឹកឡើងវិញផងដែរថា កាលពីឆ្នាំមុន ព្យុះកំណាចដូចគ្នានេះ បានកើតឡើងនៅរដ្ឋ វីសខុនសិន ភាគខាងលិចសហរដ្ឋអាម៉េរិក បានឆក់យកអាយុជីវិតមនុស្សម្នាក់ និង២៥នាក់ផ្សេងទៀតទទួលរងរបួស៕

  • ប្រមុខការពារជាតិសហរដ្ឋអាម៉េរិករិះគន់រុស្ស៊ី ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន

    ប្រមុខការពារជាតិសហរដ្ឋអាម៉េរិករិះគន់រុស្ស៊ី ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាជាមួយអ៊ុយក្រែន

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ជែម ម៉ាត់ទីស នៅថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ បានធ្វើការរិះគន់រុស្ស៊ី ទាក់ទិនទៅនឹងការបាញ់ប្រហារឲ្យក្រុមនាវិកអ៊ុយក្រែនរងរបួស និងថែមទាំងរឹបអូសយកនាវារបស់ពួកគេ ហើយថា ទីក្រុងម៉ូស្គូបានបំពាននូវកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយប្រទេសអឺរ៉ុបខាងកើត។ លោក ម៉ាត់ទីស បានធ្វើការកត់សម្គាល់បែបនេះ នៅឯវេទិការការពារជាតិ រីហ្គិន ក្នុងក្រុង ស៊ីមី វ៉ាលី រដ្ឋកាលីហ្វ័រញ៉ា ដោយចង់សំដៅទៅលើកិច្ចព្រមព្រៀងកាលពីឆ្នំា២០០៣ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអនុញ្ញាតឱ្យនាវាភាគីទំាងពីរធ្វើដំណើរឆ្លងកាត់ដោយសេរី តាមរយៈដែនសមុទ្រឃើច ដែលពុះចែកសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ។ គួររំលឹកឡើងវិញថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅ កងនាវាជើងទឹកអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសយកនាវារបស់អ៊ុយក្រែន៣គ្រឿង ស្ថិតនៅក្បែរដែនសមុទ្រឃើច ដែលបណ្តាលឲ្យក្រុមនាវិកយោធាអ៊ុយក្រែន៦នាក់រងរបួស។ ជាមួយគ្នានោះ ទីក្រុងម៉ូស្គូបានអះអាងថា នាវាអ៊ុយក្រែនបានរំលោភបំពានលើព្រំដែនរបស់រុស្ស៊ី ហើយថែមទាំងបានធ្វើការហាត់ហ្វឹកហ្វឺនដ៏គ្រោះថ្នាក់ផងដែរ បើទោះបីជាមានការព្រមានពីរុស្ស៊ីក៏ដោយ៕

  • សេតវិមានបញ្ជាក់ថា លោក ត្រាំ ធ្វើកិច្ចសន្ទនាក្រៅផ្លូវការជាមួយលោក ពូទីន ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន

    សេតវិមានបញ្ជាក់ថា លោក ត្រាំ ធ្វើកិច្ចសន្ទនាក្រៅផ្លូវការជាមួយលោក ពូទីន ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន

    សហរដ្ឋអាម៉េរិក៖ សេតវិមាន នៅថ្ងៃសៅរ៍សប្តាហ៍មុននេះ បានលើកឡើងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើកិច្ចសន្ទនាក្រៅផ្លូវការមួយជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍ដដែល។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បានឱ្យដឹងថា ដូចធម្មតា នៅក្នុងព្រឹត្តិការណ៍ពហុភាគីលោកប្រធានាធិបតី ត្រាំ និងលោកជំទាវទី១ តែងតែមានការសន្ទនាក្រៅផ្លូវការមួយចំនួនជាមួយបណ្តាមេដឹកនាំពិភពលោក នៅពេលពិសាអាហារពេលល្ងាច ក្នុងនោះរួមមានទាំងលោកប្រធានាធិបតី ពូទីន។ យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានរូបនេះ មិនបានបញ្ជាក់លម្អិតអំពីរបៀបវារៈនៃកិច្ចសន្ទនានោះទេ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុននេះ បានសម្រេចចិត្តលុបចោលគម្រោងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអាហ្សង់ទីន ដោយសារតែការប៉ះទង្គិចគ្នានាពេលថ្មីៗនេះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាភាពមិនប្រាកដប្រជានៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូល។ ប៉ុន្តែលោក ត្រាំ បានអះអាងដែរថា រូបលោកកំពុងទន្ទឹងរង់ចំាការរៀបចំជំនួបកំពូលដែលពោរពេញទៅដោយអត្ថន័យជាថ្មីម្តងទៀត រហូតទាល់តែស្ថានភាពតានតឹងនេះ ត្រូវបានដោះស្រាយរួចរាល់ជាមុនសិន៕ម.ន

  • ផ្ទុះបាតុកម្មប្រឆាំងការឡើងថ្លៃប្រេងនៅបារាំង ឈានដល់សប្តាហ៍ទី៣ហើយ របួស និងចាប់ខ្លួនរាប់រយនាក់

    ផ្ទុះបាតុកម្មប្រឆាំងការឡើងថ្លៃប្រេងនៅបារាំង ឈានដល់សប្តាហ៍ទី៣ហើយ របួស និងចាប់ខ្លួនរាប់រយនាក់

    បារាំង៖ មនុស្សយ៉ាងហោចណាស់១១០នាក់បានរងរបួស និង២៧០នាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅអំឡុងមហាបាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃនៅទូទាំងប្រទេសបារាំង ជាពិសេសគឺនៅក្នុងទីក្រុងប៉ារីស កាលពីចុងសប្តាហ៍កន្លងទៅ។ បាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃ និងគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ពីសំណាក់ក្រុមបាតុករ អាវកាក់ពណ៌លឿន បានឈានដល់សប្ដាហ៍ទី៣ហើយ កាលពីថ្ងៃសៅរ៍។ អាជ្ញាធរបារាំងបានប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែក ហ្វូងបាតុករនៅក្នុងទីក្រុងបារីស ខណៈក្រុមបាតុករខ្លះបានដុតបំផ្លាញរថយន្ដ និងខ្លះទៀតមានដំបងនៅក្នុងដៃ។ អ្នករងរបួស និងចាប់ខ្លួនរាប់រយនាក់នេះបានកើតឡើង ក្រោយពេលដែលមានមនុស្សស្លាប់ផងដែរ ក្នុងបាតុកម្មស្រដៀងគ្នានេះ កាលពីប៉ុន្មានសប្តាហ៍មុន។ គួរឲ្យដឹងថា ការតវ៉ានេះ ត្រូវធ្វើឡើងក្រោយ រដ្ឋាភិបាលបារាំង របស់លោកម៉ាក្រុង បានដំឡើងថ្លៃប្រេងជាង ២០% នៅពាក់កណ្ដាលឆ្នាំដំបូងពី ៦០ដុល្លារក្នុងមួយបារ៉ែល ទៅ ៨៦,០៧ ដុល្លារក្នុងមួយបារ៉ែល កាលពីខែតុលា ដោយមួយបារ៉ែលមានចំណុះ២០០លីត្រ៕

  • ក្រសួងសេដ្ឋកិច្ចថៃអនុម័តគម្រោងផ្តល់ស៊ីមកាតអ៊ីនធើណិតមិនគិតថ្លៃ ជូនអ្នករកចំណូលបានទាប

    ក្រសួងសេដ្ឋកិច្ចថៃអនុម័តគម្រោងផ្តល់ស៊ីមកាតអ៊ីនធើណិតមិនគិតថ្លៃ ជូនអ្នករកចំណូលបានទាប

    ថៃ៖ ក្រសួងហិរញ្ញវត្ថុរបស់ថៃបានសម្រេចឲ្យគណៈកម្មការជាតិឃោសនា និងទូរគមនាគមន៍ ហៅកាត់ថា NBTC ផ្តល់ស៊ីមកាតអ៊ីនធើណិតមិនគិតថ្លៃ សម្រាប់អ្នករកចំណូលទាប នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Apisak Tantivorawon បាននិយាយថា ក្រសួងបានអនុម័តគម្រោងផ្តល់ស៊ីមកាត១៤,៥លានបន្ទះ រយៈពេល៦ខែ ជូនទៅដល់កសិករក្រីក្រ ដែលខ្វះលទ្ធភាព។ យ៉ាងណាក៏ដោយ NBTC ដែលជាអ្នកទទួលបន្ទុកចំណាយក្នុងកម្មវិធីនេះ នឹងនៅតែពិចារណាចំពោះគម្រោងនេះ តែលោក Apisak Tantivorawon ជឿជាក់ថា គម្រោងនេះនឹងអនុវត្តបាន ក្នុងករណី NBTC ស្នើសុំការជួយពីបណ្តាក្រុមហ៊ុនទូរគមនាគមន៍នានា ហើយបើNBTC ព្រមព្រៀងនោះ សំណើនេះនឹងត្រូវបញ្ជូនឲ្យគណៈរដ្ឋមន្ត្រីអនុម័ត៕

  • ការទាក់ទាញវិនិយោគបរទេសរបស់វៀតណាមធ្លាក់ចុះ៦,៨% ក្នុងរយៈពេល១១ខែនៃឆ្នាំ២០១៨កន្លងមក

    ការទាក់ទាញវិនិយោគបរទេសរបស់វៀតណាមធ្លាក់ចុះ៦,៨% ក្នុងរយៈពេល១១ខែនៃឆ្នាំ២០១៨កន្លងមក

    វៀតណាម៖ ប្រទេសវៀតណាមទទួលបានការវិនិយោគពីបរទេស៣០,៨ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨កន្លងមកនេះ បើធៀបនឹងឆ្នាំមុន ធ្លាក់ចុះ៦,៨ភាគរយ នេះបើតាមការទីភ្នាក់ងារវិនិយោគបរទេសរបស់វៀតណាម ចេញផ្សាយកាលពីសប្តាហ៍មុន។ ក្នុងចំណោមជាង៣០ពាន់លានដុល្លារអាម៉េរិកនេះ មានជិត២៣,២ពាន់លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីអនុវត្តគម្រោងថ្មី២៧១៤គម្រោង រួមនឹងគម្រោងដែលមានស្រាប់ ខណៈដែលមួយផ្នែកទៀត គឺជាការវិនិយោគពីបរទេសលើហិរញ្ញវត្ថុ ដែលត្រូវបានប្រើដើម្បីទិញភាគហ៊ុន ឬក៏ចូលហ៊ុន ក្នុងបណ្តាក្រុមហ៊ុនវៀតណាម។ ក្នុងរយៈពេល១១ខែកន្លងមកនេះ មាន៤៦,២ភាគរយនៃទំហំវិនិយោគបរទេសទាំងនេះ គឺចរាចរណ៍ ក្នុងផ្នែកកម្មន្តសាល និងផលិតកម្មក្នុងស្រុក ក្នុងនោះ ២១,៣ភាគរយ ក្នុងពាណិជ្ជកម្មអចលទ្រព្យ និង១០ភាគរយ ក្នុងការលក់ដូរទំនិញផ្សេងៗ នេះបើតាមទីភ្នាក់ងារដែលចំណុះ ក្រោមក្រសួងវិនិយោគ និងផែនការវៀតណាមមួយនេះ៕

  • កិច្ចប្រជុំរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងចិន នៅអាហ្សង់ទីនសម្រេចជោគជ័យដ៏ធំធេង

    កិច្ចប្រជុំរវាងមេដឹកនាំសហរដ្ឋអាម៉េរិក និងចិន នៅអាហ្សង់ទីនសម្រេចជោគជ័យដ៏ធំធេង

    អាហ្សង់ទីន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីរបស់លោក ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបានឯកភាពគ្នា ដើម្បីជៀសវាងការបង្កើនវិធានការពាណិជ្ជកម្មរឹតត្បិត ក៏ដូចជារៀបចំវគ្គពិភាក្សារវាងចិន-អាម៉េរិកនៅដំណាក់កាលបន្ទាប់។ ក្នុងជំនួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងបូណូ អ៊ែរ៉េស ប្រទេសអាហ្សង់ទីន នាថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ស៊ី បានបញ្ជាក់ថា ចិន និងសហរដ្ឋអាម៉េរិក ជាប្រទេសធំៗដែលមានឥទ្ធិពលយ៉ាងធំធេង ទទួលបន្ទុកសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលសុខពិភពលោក ហើយលោកក៏សូមលើកទឹកចិត្តអាម៉េរិក និងកូរ៉េខាងជើងសហការគ្នាបំពេញការងារក្នុងគោលដៅតែមួយ យកចិត្តទុកដាក់លើការព្រួយបារម្ភស្របច្បាប់របស់គ្នាទៅវិញទៅមក និងការរំសាយអាវុធនុយក្លេអ៊ែរ និងការបង្កើតយន្តការសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េនេះស្របគ្នា។ ជាមួយគ្នានេះ លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមរបស់លោកនៅពេលចាប់ផ្តើមកិច្ចប្រជុំនោះថា ពួកលោកនឹងអាចសម្រេចបានរឿងរ៉ាវដ៏អាស្ចារ្យបំផុត ពាក់ព័ន្ធនឹងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ហើយលោក ត្រាំ ថែមទាំងបានលើកឡើងថា ទំនាក់ទំនងដែលមិនគួរឱ្យជឿ ដែលលោក និងលោក ស៊ី បានបង្កើតឡើងនេះ នឹងក្លាយជាមូលហេតុចម្បងដែលពួកលោកអាចធ្វើឱ្យមានភាពរីកចម្រើនលើពាណិជ្ជកម្ម៕

  • លោក ដូណាល់ ត្រាំ និយាយថា ជំនួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើងទំនងជាកើតឡើងនៅឆ្នាំក្រោយនេះ

    លោក ដូណាល់ ត្រាំ និយាយថា ជំនួបជាមួយប្រមុខដឹកនាំកូរ៉េខាងជើងទំនងជាកើតឡើងនៅឆ្នាំក្រោយនេះ

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកអាចនឹងមានជំនួបកំពូលលើកទី២ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។ ការថ្លែងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅលើយន្តហោះ Air Force One កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ តាមផ្លូវធ្វើដំណើរត្រលប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន។ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា លោកគិតថា ពួកយើងបាននឹងកំពុងធ្វើរឿងដ៏ត្រឹមត្រូវមួយនាពេលឆាប់ៗខាងមុខ ទំនងជានៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នំាក្រោយ ហើយទីតាំងចំនួន៣កំពុងស្ថិតក្រោមការពិចារណា ហើយលោក ត្រាំ ថែមទាំងបានលើកឡើងនូវចំណុចសំខាន់មួយចំនួនផងដែរ ដោយរូបលោកនឹងអញ្ជើញលោក គីម មកបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក៕