Category: ព័ត៌មានអន្តរជាតិ

  • ចិនត្រៀមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹក ជាលើកដំបូង

    ចិនត្រៀមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹក ជាលើកដំបូង

    ចិន៖ ប្រទេសចិនបានបង្ហាញភ្លើងខៀវលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមទឹកដំបូងបង្អស់ក្នុងប្រទេស នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៣០ វិច្ឆិកា ២០១៨នេះ។ ផ្លូវរថភ្លើងល្បឿនលឿន Yong-Zhou  ក្នុងគោលដៅទេសចរណ៍នេះនឹងតភ្ជាប់ពីទីក្រុងជាប់មាត់សមុទ្រ Ningbo ទៅកាន់ទីក្រុង Zhoushand នៅប្រជុំកោះភាគខាងកើត ដោយគម្រោងដែលបានស្នើនេះគឺជាផ្នែកមួយនៃគម្រោងផ្លូវរថភ្លើងប្រវែង ៧៧គីឡូម៉ែត្រដើម្បីបង្កើនទេសចរនៅក្នុងខេត្ត Zhejiang។ ក្នុងរយៈចម្ងាយ៧៧គីឡូម៉ែត្រនេះ ផ្លូវប្រវែង ៧០,៩២គីឡូម៉ែត្រនឹងត្រូវសាងសង់ថ្មី ខណៈ ១៦,២គីឡូម៉ែត្រទៀតនឹងត្រូវសាងសង់ក្រោមសមុទ្រ។ គម្រោងផ្លូវរថភ្លើង Yong-Zhou ដែលត្រូវបានរដ្ឋាភិបាលចិនលើកឡើងដំបូង កាលពីឆ្នាំ២០០៥នោះ ត្រូវបានសិក្សារហូតត្រូវបានសម្រេចចាប់ផ្តើមសាងសង់ កាលពីពេលថ្មីៗនេះ៕

  • ក្រុមហ៊ុនយក្ស អាលីបាបា សម្រេចទិញធុរេនពីម៉ាឡេស៊ី លក់តាមអនឡាញ

    ក្រុមហ៊ុនយក្ស អាលីបាបា សម្រេចទិញធុរេនពីម៉ាឡេស៊ី លក់តាមអនឡាញ

    ចិន៖ ថ្មីៗនេះ ក្រុមហ៊ុនយក្សនៅប្រទេសចិន Alibaba បានសម្រេចចុះកិច្ចព្រមព្រៀងជាមួយប្រទេសម៉ាឡេស៊ី ក្នុងការទិញធុរេន Mao Shan Wang ពីម៉ាឡេស៊ី លក់តាមអនឡាញ Tmall ខណៈដែលក្រុមហ៊ុនមួយនេះ បាននិងកំពុងទិញធុរេនពីថៃ លក់តាមអនឡាញដូចគ្នា។ នៅចិន ធុរេនប្រភេទនេះត្រូវបានគេហៅថា Musang King ។ Alibaba កំពុងទិញធុរេនពីប្រទេសថៃ ដើម្បីដាក់លក់តាមអនឡាញ Tmall  ពោលគឺក្រោយពេលដែលកំពូលមហាសេដ្ឋីពិភពលោក Jack Ma ស្ថាបនិកក្រុមហ៊ុនមួយនេះបានធ្វើបទបង្ហាញពីរបៀបលក់លឿន និងងាយស្រួលផ្លែធុរេន ដែលលោកហៅថា «ស្តេចផ្លែឈើ» ទៅកាន់អតិថិជនចិន កាលពីថ្មីៗនេះ។ លោក Jack Ma ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើនរណាអាចលក់ធុរេនបានជិត១លានផ្លែ នោះ Tmall អាចលក់បាន៨០ម៉ឺនផ្លែ ក្នុងមួយនាទី៕

  • ថៃចាប់ផ្តើមមានផ្លូវសម្រាប់ថ្មើរជើងបំផុសគំនិតតាមផ្លូវ ដូចនៅក្រុងតូក្យូ ប្រទេសជប៉ុន

    ថៃចាប់ផ្តើមមានផ្លូវសម្រាប់ថ្មើរជើងបំផុសគំនិតតាមផ្លូវ ដូចនៅក្រុងតូក្យូ ប្រទេសជប៉ុន

    ថៃ៖ សារព័ត៌មាន Coconut បានចេញផ្សាយកាលពីម្សិលមិញថា ទីក្រុង Udon Thani ជាទីក្រុងធំមួយនៅភាគខាងជើងនៃប្រទេសថៃ ទើបតែបានបង្ហាញផ្លូវដើរឆ្លងមួយ ដែលបំផុសគំនិតតាមផ្លូវដើរ ឬ inspired crossing ដូចមានក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ឈ្មោះថា Shibuya ស្ថិតនៅតំបន់ដើរទិញទំនិញដ៏ល្បី។ ផ្លូវដើរនេះ គឺជាគម្រោងមួយដែលរៀបចំឡើងដោយ សមាគមថៃដើម្បីផែនការក្រុង ដែលមានបេសកកម្មដើម្បីអភិវឌ្ឍន៍នៅទូទាំងប្រទេស។ ផ្លូវដើរ Udon Thani’s Shibuya នេះស្ថិតនៅលើផ្លូវ Prajaksilapakhom នៅខាងក្រៅស្ថានីយរថភ្លើង Udon Thani។ ការធ្វើផ្លូវនេះឡើង ជាកិច្ចប្រឹងប្រែងមួយក្នុងការធ្វើឲ្យមានផ្លូវដើរកាន់តែច្រើន ខណៈដែលនៅតែមានអ្នកបើកបរតែងតែបើកឆ្លងកាត់ ទោះមានភ្លើងសញ្ញាក្រហមក៏ដោយ។ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «លុះត្រាតែឥរិយាបថបើកបររបស់ពលរដ្ឋថៃ មានលក្ខណៈល្អដូចអ្នកបើកបរនៅប្រទេសដទៃ ប៉ុន្តែយ៉ាងហោចណាស់ វាជាការអភិវឌ្ឍដ៏ល្អមួយ»៕

  • ចិន និងឥណ្ឌា គ្រោងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាលើកទី៧ នៅខែក្រោយនេះ

    ចិន និងឥណ្ឌា គ្រោងដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាលើកទី៧ នៅខែក្រោយនេះ

    ចិន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិចិន បានអះអាងក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅថ្ងៃព្រហស្បត្តិ៍នេះថា ចិន និងឥណ្ឌា គ្រោងនឹងបន្តដឹកនំាការធ្វើសមយុទ្ធយោធារួមគ្នាលើកទី៧ ដែលមានឈ្មោះថា Hand in Hand នៅចុងឆ្នាំ២០១៨នេះ។ ការហាត់ហ្វឹកហ្វឺននេះ នឹងត្រូវចាប់ផ្តើមធ្វើឡើងនៅក្នុងទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីប្រទេសចិន ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ខាងមុខ ដោយភាគីនីមួយៗនឹងធ្វើការបញ្ជូនកងកម្លាំងចំនួន១០០នាក់មកចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដែលគ្របដណ្តប់ទៅលើការហ្វឹកហ្វឺនផ្នែកសម្របសម្រួល និងការបណ្តុះបណ្តាលមូលដ្ឋាននៃការហ្វឹកហាត់បាញ់ជាដើម។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិចិន ការធ្វើសមយុទ្ធយោធានេះ មានគោលបំណងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាការបង្កើនសមត្ថភាពប្រឆាំងភេវរកម្មនៅក្នុងជួរយោធាប្រទេសទាំងពីរ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ដូចដែលបានបង្ហាញរៀបរាប់ខាងលើនៃការហ្វឹកហ្វឺនរួមគ្នានេះ កងទ័ពចិន-ឥណ្ឌានឹងធ្វើការរួមគ្នា ដើម្បីបង្កើតផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជនមកពីភាគីទាំងពីរ។ សូមរំលឹកថា សមយុទ្ធយោធារវាងចិន និងឥណ្ឌា ត្រូវបានចាប់ផ្តើមធ្វើឡើងកាលពីឆ្នំា២០០៧មកម៉្លេះ ប៉ុន្តែការហាត់ហ្វឹកហ្វឺនលើកទី៧របស់ប្រទេសទាំងពីរ ត្រូវសម្រេចពន្យារពេលកាលពីឆ្នាំមុន ដោយសារភាពតានតឹងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ដែលស្ថិតនៅតំបន់ Donglang៕ម.ន

  • ទីបំផុតលោក ត្រាំ សម្រេចចិត្តលុបចោលជំនួបជាមួយលោក ពូទីន ដោយសារការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី

    ទីបំផុតលោក ត្រាំ សម្រេចចិត្តលុបចោលជំនួបជាមួយលោក ពូទីន ដោយសារការប៉ះទង្គិចគ្នារវាងអ៊ុយក្រែន និងរុស្ស៊ី

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានសម្រេចចិត្តលុបចោលគម្រោងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអាហ្សង់ទីន ដោយសារតែការប៉ះទង្គិចគ្នាថ្មីៗនេះរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាភាពមិនប្រាកដប្រជានៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូល។ តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា រូបលោកបានសម្រេចចិត្តបែបនេះ ដោយផ្អែកទៅលើភាពតានតឹងចុងក្រោយ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារលើក្រុមនាវិកអ៊ុយក្រែន ហើយថែមទាំងបានរឹបអូសយកនាវាចំនួន៣គ្រឿងរបស់ពួកគេកាលពីថ្ងៃ អាទិត្យ ចុងសប្តាហ៍មុន ស្ថិតនៅក្បែរតំបន់ឧបទ្វីបគ្រីមៀ។ ការលុបចោលនេះដែរ ធ្វើឡើងស្របពេលដែលការស៊ើបអង្កេតរបស់សហព័ន្ធទាក់ទងនឹងយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ដែលសង្ស័យមានការជ្រៀតជ្រែកពីរុស្ស៊ីនោះ កំពុងដំណើរការកាន់តែខ្លាំងឡើង។ ប៉ុន្តែលោក ត្រាំ បានអះអាងដែរថា រូបលោកកំពុងទន្ទឹងរង់ចំាការរៀបចំជំនួបកំពូលដែលពោលពេញទៅដោយអត្ថន័យជាថ្មីម្តងទៀត រហូតទាល់តែស្ថានភាពតានតឹងនេះ ត្រូវបានដោះស្រាយរួចរាល់ជាមុនសិន៕ម.ន

  • សហរដ្ឋអាម៉េរិកត្រៀមដាក់ដំណើរការនាវាពិឃាតមានសមត្ថភាពវាយប្រហារក្រោមផ្ទៃទឹក លើដី និងទីអាកាសថ្មីមួយ ក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិកត្រៀមដាក់ដំណើរការនាវាពិឃាតមានសមត្ថភាពវាយប្រហារក្រោមផ្ទៃទឹក លើដី និងទីអាកាសថ្មីមួយ ក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក៖ សារព័ត៌មានស៊ីនហួររបស់ចិនបានចុះផ្សាយថា យោធាអាម៉េរិក បានប្រកាសថា ខ្លួននឹងដាក់ឲ្យដំណើរការនូវនាវាពិឃាតថ្មីបំផុត ដែលមានបំពាក់មីស៊ីលប្រដេញ ឈ្មោះថា USS Thomas Hudner នៅក្នុងសប្តាហ៍នេះ។ នាវាពិឃាត Thomas Hudner នេះ បានយកឈ្មោះតាមអតីតអាកាសយានិកនៃទ័ពជើងទឹកអាម៉េរិកម្នាក់ ដែលមានឈ្មោះពេញថា Thomas J. Hudner Jr. ដែលទទួលបានមេដាយក៏ខ្ពង់ខ្ពស់ Medal of Honor ពីអតីតប្រធានាធិបតីអាម៉េរិក លោក Harry S. Truman កាលពីឆ្នាំ១៩៥១។ លោក Hudner បានទទួលមរណភាពកាលពីឆ្នាំ២០១៧ ក្នុងវ័យ៩៣ឆ្នាំ។ ពិធីដាក់ឲ្យដំណើរការនាវាចម្បាំងខាងលើ គ្រោងនឹងប្រព្រឹត្តទៅនៅឯទីក្រុង Boston រដ្ឋម៉ាសាឈូសេត (Massachusetts) ក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ នាវានេះនឹងក្លាយជានាវាពិឃាតប្រភេទ Arleigh Burke-class ទី៦៦ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅលើទីអាកាស លើដី និងក្រោមផ្ទៃទឹកបានក្នុងពេលតែមួយ៕ម.ន

  • យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន ជួបបញ្ហាបច្ចេកទេសនៅពេលធ្វើដំណើរ

    យន្តហោះដឹកអធិការបតីអាល្លឺម៉ង់ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន ជួបបញ្ហាបច្ចេកទេសនៅពេលធ្វើដំណើរ

    អាល្លឺម៉ង់៖ យន្ដហោះដែលដឹកអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជីឡា មឺហ្គែល ទៅចូលរួមកិច្ចប្រជុំ G20 នៅប្រទេសអាហ្សង់ទីន បានបង្ខំចិត្តចុះចតដោយឥតគ្រោងទុកកាលពីយប់ថ្ងៃព្រហស្បតិ៍តម្សិលមិញនេះ នៅភាគខាងលិចប្រទេស ខណៈយោធាអាល្លឺម៉ង់បានរាយការណ៍ថា វាគឺដោយសារតែបញ្ហាបច្ចេកទេសជាមួយវិទ្យុរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ DPA បានរាយការណ៍ថា យន្តហោះ Airbus A340-300 លំដាប់ VIP របស់រដ្ឋាភិបាល ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៊ុយណូអ៊ែរ ប្រទេសអាហ្សង់ទីន បានហោះក្រវែលជុំវិញប្រទេសហូឡង់ប្រហែលមួយម៉ោង។ យន្តហោះនេះបានចុះចតដោយសុវត្ថិភាពនៅទីក្រុងខូឡូន នៅម៉ោងប្រហែល៩យប់ ជាមួយអ្នកកាសែតនៅលើយន្តហោះបានរាយការណ៍ថា គ្មានអ្នករបួសទេ។ ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តពន្លត់អគ្គីភ័យជាច្រើនបានប្រុងជើងការជាស្រេច នៅពេលដែលយន្តហោះរបស់លោកស្រី មឺហ្គែល បានចុះចត ដោយសារតែវាមានប្រេងឥន្ធនៈច្រើនជាងយន្តហោះធម្មតាក្នុងពេលចុះចត។ ទន្ទឹមគ្នានោះដែរ យន្តហោះកងទ័ពអាកាសជំនួសមួយទៀតរបស់អាល្លឺម៉ង់បានត្រៀមជាស្រេចដើម្បីដឹកលោកស្រី មឺហ្គែល និងក្រុមគណៈប្រតិភូរបស់លោកស្រីទៅកាន់កិច្ចប្រជុំ G-20 ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ ក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន៕ម.ន

  • ឥណ្ឌាបាញ់បង្ហោះផ្កាយរណបអង្កេតផែនដី និងផ្កាយរណប៣០គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ

    ឥណ្ឌាបាញ់បង្ហោះផ្កាយរណបអង្កេតផែនដី និងផ្កាយរណប៣០គ្រឿងឡើងទៅកាន់ទីអវកាសដោយជោគជ័យ

    ឥណ្ឌា៖ សារព័ត៌មានស៊ីនហួររបស់ចិនបានចុះផ្សាយថា ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) នៅថ្ងៃព្រហស្បតិ៍តនេះ បានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីស៊េរីថ្មីឈ្មោះថា ហ៊ីសអាយអ៊ែស (HysIS) ព្រមទាំងផ្កាយរណប៣០គ្រឿងទៀត តាមរយៈគ្រាប់រ៉ុក្កែត PSLV-C43 ឡើងទៅកាន់ទីអវកាស។ បាញ់បង្ហោះផ្កាយរណបនេះ គឺជាការបញ្ជូនផ្កាយរណបលើកទី២ហើយ នៅក្នុងខែវិច្ឆិកានេះសម្រាប់ទីភ្នាក់ងារអវកាសឥណ្ឌា ដោយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ អាយស្រូ (ISRO) បានបញ្ជូនផ្កាយរណបទំនាក់ទំនងមួយគ្រឿងឈ្មោះ GSAT-29 តាមរយៈគ្រាប់រ៉ុក្កែត GSLV Mark III ឡើងទៅទីអវកាស។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) បានបញ្ជាក់ថា ផ្កាយរណបទាំង៣១គ្រឿងត្រូវបានរ៉ុក្កែត PSLV-C43 នាំយកឡើងទៅកាន់ទីអវកាសពីមជ្ឈមណ្ឌលអវកាស សាទីស ដាវ៉ាន នៅលើកោះ ស្រ៊ីហារីកូតា ភាគខាងត្បូងប្រទេសឥណ្ឌាដោយជោគជ័យ ហើយក្នុងចំណោមនោះ HysIS គឺជាផ្កាយរណបចម្បងគេ។ ទីភ្នាក់ងារអវកាសឥណ្ឌា អាយស្រូ (ISRO) បានឲ្យដឹងទៀតថា ហ៊ីសអាយអ៊ែស (HysIS) នឹងចាប់យករូបភាពផែនដីទាំងមូល ក្នុងទម្រង់ប្រេកង់ជាច្រើន…

  • នាយករដ្ឋមន្ត្រីជប៉ុនធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20

    នាយករដ្ឋមន្ត្រីជប៉ុនធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20

    ជប៉ុន៖ សារព័ត៌មាន NHK បានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានចាកចេញទៅកាន់ប្រទេសអាហ្សង់ទីនហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធជាផ្លូវការនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ លោក អាបេ បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញដំណើរនៅថ្ងៃព្រហស្បត្តិ៍នេះថា រូបលោកនឹងមានកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅជាមួយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្រៅកិច្ចប្រជុំកំពូល G20 ដើម្បីឈានឆ្ពោះទៅរកការចរចាលើសន្ធិសញ្ញាសន្តិភាព ស្តីពីបញ្ហាជម្លោះដែនកោះ។ ជាមួយគ្នានោះ លោក អាបេ ក៏ត្រូវរំពឹងថា នឹងជួបពិភាក្សាដាច់ដោយឡែកមួយទៀត ជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈកិច្ចប្រជុំកំពូល G20 ធ្វើឡើងស្របពេលបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិនកំពុងតានតឹងខ្លាំង។ លោក អាបេ បានកត់សម្គាល់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 នាឆ្នំាក្រោយនេះ ប្រទេសជប៉ុនសង្ឃឹមថា នឹងអាចសម្រេចបាននូវប្រព័ន្ធពាណិជ្ជកម្មយុត្តិធម៌ និងសេរីឲ្យកាន់តែរឹងមាំ ក៏ដូចជាស្វែងរកមធ្យោបាយធានាដល់ស្ថេរភាពកំណើនសេដ្ឋកិច្ចសកលលោកផងដែរ៕

  • រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្ម ហើយងាកមករកតុចរចាវិញ

    រុស្ស៊ីអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្ម ហើយងាកមករកតុចរចាវិញ

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ហើយស្វែងរកមូលដ្ឋានរួមជាមួយដៃគូរបស់ខ្លួន។ ថ្លែងក្នុងវេទិការវិនិយោគរុស្ស៊ី លោក ពូទីន បាននិយាយថា លោកគិតថា យើងត្រូវសម្រេចបាននូវលទ្ធផលវិជ្ជមានសម្រាប់ខ្លួនយើង។ មិនមែនព្យាយាមធ្វើបាបដៃគូទេ ប៉ុន្តែព្យាយាមស្វែងរកសកម្មភាពរួមគ្នា ដើម្បីធ្វើការជាមួយគ្នាឱ្យកាន់តែមានប្រសិទ្ធភាព។ លោក ពូទីន បន្តថា គ្រប់គ្នានឹងបាត់បង់គ្រប់យ៉ាងពីវិធានការនយោបាយ និងឯកតោភាគី ហើយដំបូន្មានរបស់លោក នោះគឺបោះបង់គោលនយោបាយនេះ និងស្វែងរកមូលដ្ឋានរួម។ សូមរំលឹកផងដែរថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិកបានជួបភាពតានតឹងខ្លាំង ដោយសារតែប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាជាច្រើនពាក់ព័ន្ធនឹងកិច្ចការអន្តរជាតិ ក្នុងនោះរួមមានបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ជម្លោះនៅតំបន់ឧបទ្វីបគ្រីមៀ ជាពិសេសការប៉ន់ប៉ង់បំពុលសម្លាប់អតីតចារកម្មរុស្ស៊ីនៅចក្រភពអង់គ្លេស៕