-
ក្រុមអ្នកជំនួញកំពូលៗរបស់សហរដ្ឋអាម៉េរិកជំរុញឱ្យសេតវិមានដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកជំនួញអាម៉េរិកជិត១៥០នាក់នៅថ្ងៃអង្គារ៍នេះ បានជំរុញឱ្យសេតវិមានដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មជាមួយចិន ក្នុងអំឡុងពេលរំពឹងទៅលើជំនួបពិភាក្សារវាងមេដឹកនំាប្រទេសទំាងពីរ នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន នាសប្តាហ៍នេះ។ នៅក្នុងសារលិខិតមួយផ្ញើជូនប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលតំណាងឲ្យក្រុមជំនួញទំាងនោះ បានបញ្ជាក់ថា ពួកគេសូមអំពាវនាវឱ្យលោក ត្រាំ លើកយកបញ្ហាជម្លោះពាណិជ្ជកម្មដាក់បញ្ចូលទៅក្នុងកិច្ច ប្រជុំនាពេលខាងមុខ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងជាមួយភាគីចិនទៅលើផ្នែកពាណិជ្ជកម្ម។ ការអំពាវនាវយ៉ាងទទួចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើលោក និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង មិនអាចចរចាគ្នារកដំណោះស្រាយលើបញ្ហាសង្គ្រាមពាណិជ្ជកម្មបានទេ លោកជឿជាក់ថា រដ្ឋបាលរបស់លោកនឹងបង្កើនពន្ធរាប់រយពាន់លានដុល្លារអាម៉េរិកទៀតលើទំនិញរបស់ចិននាឆ្នាំក្រោយនេះ៕
-
អ៊ុយក្រែនជម្រុញឱ្យរុស្ស៊ីដោះលែងក្រុមនាវិកអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួន

អ៊ុយក្រែន៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនបានលើកឡើងនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនលិខិតទៅអោយប្រទេសរុស្ស៊ី ដើម្បីជម្រុញឱ្យទីក្រុងម៉ូស្គូដោះលែងក្រុមនាវិកអ៊ុយក្រែន ដែលត្រូវបានចាប់ខ្លួន នាអំឡុងភាពតានតឹងនៅតំបន់សមុទ្រ អាហ្សូវ ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ផូរ៉ូហ្សេនកូបានស្នើឱ្យអង្គការណាតូបបញ្ជូននាវាចម្បាំងមកកាន់តំបន់សមុទ្រ អាហ្សូវ ដើម្បីជួយកងកម្លាំងអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នានៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀ ។មិនតែប៉ុណ្ណោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បានអះអាងដែរថា អ៊ុយក្រែនមិនអាចទទួលយកបានឡើយ ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀ ,តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងនៅតំបន់សមុទ្រ អាហ្សូវ ៕
-
ប្រធានាធិបតីបារាំងរក្សាជំហរដំឡើងថ្លៃប្រេង ទោះបីបាតុកម្មស្លាប់មនុស្សនៅតែបន្តមាន១២ថ្ងៃមកហើយក៏ដោយ

បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានការពារផែនការតំឡើងថ្លៃប្រេងសាំង ទោះបីជាមានការតវ៉ាខ្លាំងក្លាក៏ដោយ ក្នុងនោះ ក្រុមបាតុករបានធ្វើសកម្មភាពបិទផ្លូវអស់រយៈពេល១២ថ្ងៃមកហើយ ក្រោយពេលការកើនឡើងនៃតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN កាលពីម្សិលមិញ។ ការបាតុកម្មពេលនេះកាន់តែខ្លាំងក្លានៅបារាំង ដោយពួកគេបានបញ្ចេញកំហឹងកាន់តែខ្លាំងចំពោះជីវភាពរស់នៅ ពាក់ព័ន្ធនឹងតម្លៃទំនិញផ្សេងៗឡើងថ្លៃ។ មានមនុស្សយ៉ាងតិច២នាក់បានស្លាប់ ហើយច្រើនជាង៦០០នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាតុកម្មនេះ។ បាតុកម្មនេះ មានសកម្មជនមួយចំនួនបានប្រកាសទាមទារឲ្យលោកប្រធានាធិបតីបារំាង Macron ចុះចេញពីតំណែងទៀតផង។ លោកប្រធានាធិបតីនៅតែប្រកាន់ជំហររបស់ខ្លួន កាលពីថ្ងៃអង្គារ ដោយលោកនៅតែចង់ដំឡើងពន្ធលើប្រេងឥន្ទនៈ ក្នុងឆ្នាំថ្មី ប៉ុន្តែលោកប្រាប់ទៅអ្នកបោះឆ្នោតគាំទ្ររដ្ឋាភិបាលលោកថា ជាការចាប់ផ្តើមនៃថាមពលស្អាត។ លោកថា បើចង់បន្ទោស មិនមែនមានតែរដ្ឋបាលរបស់លោកទេ ព្រោះថា ផែនការនេះត្រូវបានបោះឆ្នោត កាលពីឆ្នាំ២០០៩ ២០១៤ និង២០១៥មក តាមរយៈការជំរុញផ្សេងៗគ្នា។ លោកថា ការដំឡើងពន្ធនេះ គឺចាំបាច់ត្រូវតែមាន ដើម្បីឆ្លើយតបនឹងគោលដៅបម្រែបម្រួលអាកាសធាតុ៕
-
កូរ៉េខាងជើងមកឈ្វេងយល់ពីភាពរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម

វៀតណាម៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនឹងមកដល់ទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍តនេះ ដើម្បីឈ្វេងយល់ពីសេដ្ឋកិច្ចរបស់វៀតណាម ខណៈដែលកូរ៉េខាងជើងមានបំណងចង់បានបទពិសោធន៍ពីរបៀបគ្រប់គ្រងកំណែទម្រង់សេដ្ឋកិច្ចជោគជ័យ ស្របពេលដែលប្រទេសដែលកាត់ផ្តាច់ពីកូរ៉េខាងត្បូងមួយនេះនៅតែរក្សាការគ្រប់គ្រងនយោបាយដ៏តានតឹងនោះ។ លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នឹងជួបបណ្តាមន្ត្រីរដ្ឋាភិបាលវៀតណាម និងមន្ត្រីស្ថាប័នផ្សេងៗទៀត ដើម្បីសិក្សាលទ្ធផលនៃកំណែទម្រង់បដិវត្តន៍ពីវៀតណាម ជាប្រទេសដែលបានដកខ្លួនចេញពីភាពក្រីក្រ និងការមិននៅឯកោពីអន្តរជាតិ ដោយគេដឹងថា ប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានការរីកចម្រើនខ្លាំង លើឧស្សាហកម្មនិងពាណិជ្ជកម្ម។ គួរបញ្ជាក់ថា កំណែទម្រងបដិវត្តន៍ Doi Moi នៃប្រទេសវៀតណាមបានចាប់ផ្តើមដាក់ចេញកាលពីឆ្នាំ១៩៨៦។ យ៉ាងណាក៏ដោយ ព័តមានលម្អិតបន្ថែមទៀតពីដំណើរទស្សនកិច្ចនេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ដោយគេដឹងថា លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនឹងត្រូវទទួលស្វាគមន៍ពីសមភាគី វៀតណាម គឺលោក Pham Binh Minh ហើយទស្សនកិច្ចនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៩ វិច្ឆិកា ២០១៨ ដល់ ២ ធ្នូ ២០១៨៕
-
វិមានក្រឹមឡាំងបញ្ជាក់ថា កិច្ចជំនួបរវាងលោក ពូទីន និងលោក ត្រាំ នៅតែកំពុងរៀបចំ បើទោះជាលេចឮព័ត៌មានថា ត្រូវបានលុបចោល

រុស្ស៊ី៖ វិមានក្រឹមឡាំងរបស់រុស្ស៊ីបានលើកឡើងនៅថ្ងៃពុធនេះថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្តល់ព័ត៌មានមកកាន់ទីក្រុងម៉ូស្គូនៅឡើយទេថា ជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន នាខែវិច្ឆិកានេះ ត្រូវសម្រេចលុបចោលវិញ ហើយថា វានៅតែកំពុងរៀបចំនៅឡើយ។ សូមរំលឹកថា លោក ត្រាំ បាននិយាយនៅថ្ងៃអង្គារ៍នេះថា រូបលោកទំនងជាសម្រេចចិត្តលុបចោលជំនួបពិភាក្សាជាមួយលោក ពូទីន បន្ទាប់ពីរុស្ស៊ីរឹបអូសនាវា៣គ្រឿង និងបាញ់ឲ្យក្រុមនាវិករបស់អ៊ុយក្រែនរងរបួសជាច្រើននាក់នៅឯតំបន់ឆ្មេរសមុទ្រនៃតំបន់គ្រីមៀ ហើយថា រូបលោកកំពុងទន្ទឹងរង់ចារបាយការណ៍ពេញលេញ ដែលនឹងបញ្ជូនមកពីក្រុមសន្តិសុខជាតិរបស់លោក ពាក់ព័ន្ធនឹងហេតុការណ៍នេះ។ យ៉ាងណាមិញ អ្នកនំាពាក្យវិមានក្រឹមឡាំងលោក ឌីមីតទ្រី ផេសស្គូវ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសិទកាសែតមួយថា វិមានក្រឹមឡាំងបានដឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ខាងលើនេះ ប៉ុន្តែកិច្ចប្រជុំបានឯកភាពគ្នារួចរាល់ហើយ និងនៅតែបន្តកំពុងរៀបចំផងដែរ៕
-
រុស្ស៊ីគ្រោងដាក់ពង្រាយមីស៊ីលប្រឆាំងយន្តហោះជាច្រើនថែមទៀតនៅតំបន់គ្រីមៀ ក្រោយអ៊ុយក្រែនប្រកាសប្រើច្បាប់អាជ្ញាសឹក

រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃពុធនេះ បានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិកំពូលរបស់រុស្ស៊ីលោក វ្ល៉ាឌីម អាស្តាយ៉េវ ដែលនិយាយថា រុស្ស៊ីនឹងបន្ថែមប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះមួយទៀត បន្ថែមពីលើប្រព័ន្ធ៣ដែលបានដាក់ពង្រាយរួចហើយនៅក្នុងឧបទ្វីបនេះ។ ការប្រកាសនេះ ធ្វើឡើង៣ថ្ងៃបន្ទាប់ពីឆ្មាំព្រំដែនរុស្ស៊ីបានបាញ់ប្រហារលើនាវាអ៊ុយក្រែន៣គ្រឿង រួចរឹបអូសយកនាវាទាំង៣ និងឃាត់ខ្លួនក្រុមនាវិកទាំងអស់ ខណៈការប្រឈមមុខដាក់គ្នាផ្នែកយោធាជាលើកដំបូងរវាងប្រទេសជិតខាងទាំង២នេះ បានលើកឡើងពីទិដ្ឋភាពនៃជម្លោះដ៏ធំមួយនាពេលអនាគត ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអះអាងថា ហេតុការណ៍ប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនៅឯច្រកសមុទ្រឃើច នាពេលថ្មីៗនេះ គឺជាឆាកល្ខោនដែលរៀបចំឡើង ក្រោមគោលបំណងធ្វើយ៉ាងណាឲ្យមានលេស ដើម្បីអាចប្រើច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅច្រកសមុទ្រឃើច គឺជាឧប្បត្តិហេតុតូចតាចមួយនៅព្រំដែនប៉ុណ្ណោះ ជាពិសេសនៅពេលធៀបទៅនឹងបញ្ហាជម្លោះនៅភាគខាងកើតអ៊ុយក្រែន ឬក៏បញ្ហាតំបន់គ្រីមៀកាលពីឆ្នាំ២០១៤ជាដើម ដែលពុំមានការដាក់ចេញនូវច្បាប់អាជ្ញាសឹកឡើយនាពេលនោះ៕ម.ន
-
ការធ្វើសមយុទ្ធរបស់យោធារុស្ស៊ីនៅឆ្នំា២០១៨នេះ កើនឡើង២ដង បើធៀបទៅនឹងឆ្នំាមុន

រុស្ស៊ី៖ មេបញ្ជាការកងកម្លាំងយោធារុស្ស៊ីនៃតំបន់ភាគខាងត្បូងលោក Alexander Dvornikov បានឱ្យដឹងថា កងកម្លាំងយោធារុស្ស៊ីនៃតំបន់ភាគខាងត្បូង បានដឹកនាំការធ្វើសមយុទ្ធយោធាច្រើនជាង៣,០០០លើកក្នុងឆ្នាំ២០១៨នេះ ពោលគឺច្រើនជាង២ដងបើធៀបទៅនឹងឆ្នំា២០១៧។ មេបញ្ជាការរូបនេះ បានប្រាប់សារព័ត៌មាននៅក្នុងស្រុកនៅថ្ងៃពុធនេះថា ការចែករំលែកបទពិសោធន៍ និងអាវុធទំនើបៗសម្រាប់កងកម្លាំងយោធាតំបន់ភាគខាងត្បូង បានកើនឡើង៦៥ភាគរយ ។ កងកម្លាំងយោធាភាគខាងត្បូង គឺជាអង្គភាពយោធាមួយក្នុងចំណោម៥របស់កងទ័ពរុស្ស៊ី និងមានមូលដ្ឋាននៅទីក្រុង Rostov-on-Don។ លោក Dvornikov បានសង្កត់ធ្ងន់ទៀតថា ការធ្វើសមយុទ្ធយោធាផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកក៏បានកើនឡើងបីដងផងដែរ ស្របពេលដែលយន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន៦,០០០គ្រឿងបានចូលរួមធ្វើសមយុទ្ធយោធាក្នុងឆ្នាំ២០១៨នេះ៕ម.ន
-
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សាយថា លោក គីម ជុងអ៊ុន យល់ព្រមបើកឱ្យធ្វើការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរដ៏ធំរបស់ខ្លួន

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មាន យន់ហាប់ របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពពីមន្ត្រីការទូតជាន់ខ្ពស់មួយរូប សុំមិនបញ្ចេញអត្តសញ្ញាណ មកចុះផ្សាយថា មេដឹកនំាកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងអនុញ្ញាតឲ្យក្រុមអ្នកសង្កេតការណ៍អាចចុះត្រួតពិនិត្យនៅទីតាំងនុយក្លេអ៊ែរដ៏ធំរបស់ប្រទេសខ្លួន។ បើតាមមន្ត្រីដដែលនេះ ខ្ញុំយល់ថា លោកប្រធាន គីម បានប្រាប់លោកប្រធាធិបតី មូន ជែអ៊ីន ក្នុងអំឡុងជំនួបកំពូលរបស់ពួកលោកកាលពីខែកញ្ញាថា ប្រសិនបើសហរដ្ឋអាម៉េរិកបានចាត់វិធានការសមស្របនោះ លោកនឹងមិនត្រឹមតែមានបំណងបិទរោងចក្រនុយក្លេអ៊ែរ យ៉ុងប្យុង នោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ផងដែរ។ យ៉ុងប្យុង គឺជារោងចក្រនុយក្លេអ៊ែរដ៏សំខាន់មួយរបស់កូរ៉េខាងជើង មានទីតាំងស្ថិតនៅភាគខាងលិចប្រទេស។ ប្រភពនេះបានឱ្យដឹងទៀតថា ក្រោយពេលទទួលបានដំណឹងនេះ លោក មូន បាននាំសារនេះទៅឲ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅពេលដែលពួកលោកបានជួបពិភាក្សាទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក កាលពីខែកញ្ញាកន្លងទៅ៕ម.ន
-
អ៊ុយក្រែនកំពុងបង្កើនការប្រុងជើងការក្នុងកម្រិតខ្ពស់ ខណៈកំពុងជួបភាពតានតឹងខ្លាំងជាមួយរុស្ស៊ី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក ផេត្រូ ផរ៉ូហ្សេនកូ បានព្រមានថា ប្រទេសរបស់លោកកំពុងស្ថិតនៅក្រោមការគំរាមកំហែង នៃសង្គ្រាមទ្រង់ទ្រាយធំជាមួយរុស្ស៊ី ដែលកំពុងបង្កើនវត្តមានយោធារបស់ខ្លួនកាន់តែច្រើន នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង បន្ទាប់ពីឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូក៣គ្រឿង ព្រមទាំងចាប់ខ្លួនក្រុមនាវិកអ៊ុយក្រែន២៤នាក់ ដោយចោទថា បានចូលក្នុងដែនសមុទ្ររបស់ខ្លួនដោយខុសច្បាប់នៅឯច្រក សមុទ្រឃើច ដែលតភ្ជាប់រវាងដែនសមុទ្រ អាហ្សូវ ជាមួយសមុទ្រខ្មៅនៃតំបន់ឧបទ្វីបគ្រីមៀ កាលពីចុងសប្តាហ៍មុននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ដើម្បីដោះស្រាយការប្រឈមមុខនឹងរុស្ស៊ីនោះ សភាអ៊ុយក្រែនបានសម្រេចចិត្តប្រកាសប្រើច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃ សម្រាប់តំបន់ព្រំដែនជាប់រុស្ស៊ី ស្របពេលដែលទីក្រុងម៉ូស្គូព្រមានទីក្រុងកៀវថា នឹងជួបផលវិបាកធ្ងន់ បើមិនព្រមបញ្ឈប់សកម្មភាពបង្កហេតុ៕
-
សហរដ្ឋអាម៉េរិកត្រូវរំពឹងថា នឹងយកកិច្ចប្រជុំអង្គការ NATO ធ្វើជាថ្ងៃប្រកាសដកខ្លួនពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី

សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូបត្រូវគេរាយការណ៍ថា នឹងប្រាប់សម្ព័ន្ធមិត្តក្នុងអង្គការ NATO អំពីគម្រោងរបស់ទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងការដកខ្លួនចេញពីសន្ធិសញ្ញាទ្វេភាគី ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី។ INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ ដោយអតីតមេដឹកនាំសូវៀត លោក មីឃែល ហ្គ័របាឆេវ និងអតីតប្រធានាធិបតីអាម៉េរិក លោក រ៉ូណាល់ រីហ្គែន ដែលបានព្រមព្រៀងគ្នាកម្ទេចមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់ចោលទាំងអស់ ហើយឈានដល់ការបញ្ចប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ កាលពីសម័យសង្គ្រាមត្រជាក់ ។ សន្ធិសញ្ញា INF នេះ បានហាមមិនឲ្យអាម៉េរិក និងរុស្ស៊ីមានមីស៊ីលផ្លោងប្រភេទបាញ់ចេញពីផ្ទៃដី ដែលមានរយៈចម្ងាយវាយប្រហារពី៥០០ ទៅ៥,០០០គីឡូម៉ែត្រ ខណៈអាម៉េរិកបានចោទរុស្ស៊ីថា បានបំពានលើសន្ធិសញ្ញានេះមុន ទើបបង្ខំឲ្យខ្លួនសម្រេចដើរចេញ។ ជុំវិញបញ្ហានេះដែរ មានសេចក្តីរាយការណ៍ថា ប្រធានស្ថាប័នស៊ើបការណ៍ជាតិសម្ងាត់អាម៉េរិកលោក ដេន ខូត នឹងជួបជាមួយបណ្តាអ្នកតំណាងនៃបណ្តាប្រទេសអឺរ៉ុប នៅក្នុងកិច្ចប្រជុំអង្គការ NATO នាសប្តាហ៍នេះ នៅឯទីក្រុងព្រុចសែល ដើម្បីជជែកអំពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ជាការរំលោភរបស់រុស្ស៊ីលើសន្ធិសញ្ញានុយក្លេអ៊ែរ INF ឆ្នាំ១៩៨៧៕…