-
ទីបំផុតក្រុមភ្នាក់ងារស៊ើបអង្កេតឥណ្ឌូណេស៊ី បង្ហាញទិន្នន័យប្រអប់ខ្មៅយន្តហោះ Lion Air ដែលធ្លាក់ក្នុងសមុទ្រផ្តាច់ជីវិតមនុស្ស១៨៩នាក់ហើយ

ឥណ្ឌណេស៊ី៖ ទិន្នន័យបានមកពីយន្តហោះដឹកអ្នកដំណើរដែលធ្លាក់ចូលសមុទ្រជ្វាប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលាកន្លងទៅ បានបង្ហាញថា ក្រុមអាកាសយានិកបានពិបាកក្នុងការគ្រប់គ្រងយន្តហោះ ពោលគឺចាប់តាំងពីពេលហោះចេញពីអាកាសយានដ្ឋាន ស្របដែលយន្តហោះ ប៊ូអ៊ីង 737 នោះ បានសំយ៉ុងក្បាលចុះក្រោមជាច្រើនលើកច្រើនសា ដោយសារតែប្រព័ន្ធសែនសឺ ឬប្រព័ន្ធប្រាប់ទិស ដែលមានបញ្ហា។ យោងតាមខ្លឹមសារនៃរបាយការណ៍នេះ គឺក្រុមអាកាសយានិកបានទាញចង្កូតឲ្យយន្តហោះងើបក្បាលឡើងវិញម្តងហើយម្តងទៀតជាច្រើនលើក ក្នុងអំឡុងពេលហោះហើរប្រមាណ១១នាទី មុនពេលពួកគេបាត់បង់ម្ចាស់ការទាំងស្រុងលើយន្តហោះជើងហើរ៦១០ របស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី ឡាយអិន អ៊ែរ ផ្ទុកមនុស្ស១៨៩នាក់ ដែលទីបំផុតបានធ្លាក់ចូលក្នុងផ្ទៃសមុទ្រជាមួយល្បឿនជាង ៧២០គីឡូម៉ែត្រក្នុងមួយម៉ោង។ សូមបញ្ជាក់ថា ទិន្នន័យនេះ បានមកពីប្រអប់ខ្មៅផ្ទុកព័ត៌មានហោះហើររបស់យន្តហោះខាងលើ ដែលត្រូវបានចេញផ្សាយក្នុងរបាយការណ៍បឋម ដែលរៀបរៀងឡើងដោយក្រុមភ្នាក់ងារស៊ើបអង្កេតករណីធ្លាក់យន្តហោះរបស់ឥណ្ឌូណេស៊ី៕
-
ម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកដោយសារការផលិតប្រេងលើសលុប របស់អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត៖ កាលពីថ្ងៃអង្គារម្សិលមិញ តម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងគំហុកដោយសារការផលិតប្រេងជាប់កំណត់ត្រារបស់អារ៉ាប៊ីសាអូឌីត ថ្វីត្បិតតែក្រុមអ្នកជំនួញមានការប្រុងប្រយ័ត្នខ្ពស់ មុនកិច្ចប្រជុំរបស់បណ្ដាប្រទេស G20 ដែលនឹងចាប់ផ្ដើមក្នុងប្រទេសអាហ្សង់ទីន នាថ្ងៃសុក្រខាងមុខនេះ ក៏ដូចជាកិច្ចប្រជុំអង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) នៅក្នុងប្រទេសអូទ្រីសនាសប្ដាហ៍ក្រោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN។ ប្រភពថា តម្លៃប្រេងឆៅអន្តរជាតិសម្រាប់ទីផ្សារបានធ្លាក់ចុះរហូតដល់ទៅក្រោម ៦០ដុល្លារក្នុង ១បារ៉ែល ខណៈតម្លៃប្រេងឆៅសហរដ្ឋអាមេរិក សម្រាប់ទីផ្សារខាងមុខបានធ្លាក់មកនៅត្រឹម ៥១.៤៥ដុល្លារក្នុង ១បារ៉ែល ដោយធ្លាក់ចុះ ១៨សេន ឬស្មើនឹង ០.៤ភាគរយ។សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតបានបង្កើនការផលិតប្រេង ក្នុងចំនួនខ្ពស់បំផុតមិនធ្លាប់ដែលមាននៅក្នុងខែវិច្ឆិកានេះ ជាមួយនឹងការបូមប្រេងកើនឡើងដល់ ១១.៣លានបារ៉ែលក្នុង ១ថ្ងៃ៕
-
បណ្តាមេដឹកនាំប្រទេស G20 ឬប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោកនឹងជួបប្រជុំគ្នា នៅអាហ្សង់ទីន ចុងសប្តាហ៍នេះ

អាហ្សង់ទីន៖ បណ្តាមេដឹកនាំពិភពលោកនឹងជួបជុំគ្នា ក្នុងកិច្ចប្រជុំកំពូល G20 ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ២០១៨ដល់ ទី១ ធ្នូ ២០១៨ ក្នុងក្រុង ប៊ូណូស សារ៉េស ប្រទេសអាហ្សង់ទីន។ កិច្ចប្រជុំ G20 ឬកិច្ចប្រជុំនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោកត្រូវបានរៀបចំឡើង ជាការត្រួសត្រាយផ្លូវសម្រាប់ ក្រុមប្រទេសធំៗជាសមាជិកសម្របសម្រួលការឆ្លើយតបចំពោះភាពចលាចលសេដ្ឋកិច្ច ក្នុងនោះ កិច្ចប្រជុំកំពូលនាពេលខាងមុខ គេរំពឹងថា នឹងដោះស្រាយបញ្ហាតានតឹងពាណិជ្ជកម្មបច្ចុប្បន្ន។ ក្រៅពីកិច្ចប្រជុំ ក៏មានការផ្តោតជាសំខាន់លើជំនួបរវាងប្រមុខដឹកនាំប្រទេសជាច្រើន ពោលគឺមិនមែនមានតែជំនួបរវាងមេដឹកនាំអាមេរិកនិងចិនប៉ុណ្ណោះទេ៕
-
ស្លាប់មនុស្ស២២នាក់ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី នៅប្រទេសចិន

ចិន៖ អាជ្ញាធរចិនបានឱ្យដឹងនៅថ្ងៃនេះថា មនុស្ស២២នាក់បានស្លាប់ និង២២នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះនៅរោងចក្រគីមីមួយកន្លែងស្ថិតនៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។ អាជ្ញារចិនថា ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅក្បែររោងចក្រគីមី ស្ថិតនៅចម្ងាយ២០០គីឡូម៉ែត្រ ពីក្រុងប៉េកាំង។ ក្រៅពីស្លាប់មនុស្ស ហេតុការណ៍នេះ ក៏បានបំផ្លាញរថយន្ដតូចធំចំនួន៥០គ្រឿងផងដែរ ខណៈអ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។ គួរបញ្ជាក់ថា ភ្លាមៗអាជ្ញាធរចិនមិនទាន់បានបញ្ជាក់ ពីមូលហេតុផ្ទុះនេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេតកំពុងធ្វើឡើង ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ថា មានការលេចធ្លាយសារធាតុគីមី ឬក៏យ៉ាងណានោះដែរ៕
-
មីយ៉ាន់ម៉ាឃាត់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៩៣នាក់ពីកាណូតមួយគ្រឿង ខណៈពួកគេភៀសខ្លួនទៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ាបានឃាត់ទុកកាណូតមួយគ្រឿងផ្ទុកមនុស្ស៩៣នាក់ ដោយគេជឿថា គឺជាជនជាតិអ៊ីស្លាមរូហ៊ីងយ៉ា ដែលបានរត់គេចខ្លួនទៅស្នាក់នៅក្នុងជំរំភៀសខ្លួន ស្ថិតក្នុងរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា ដោយសង្ឃឹមថា នឹងបន្តដំណើរទៅដល់ប្រទេសម៉ាឡេស៊ី នេះបើតាមមន្ត្រីផ្លូវការ កាលពីម្សិលមិញ។ កាណូតនេះត្រូវបានរាយការណ៍ថា គឺជាដំណើរឆ្ពោះទៅប្រទេសម៉ាឡេស៊ី ជាលើកទីបី ពីដែនទឹករបស់មីយ៉ាន់ម៉ា ចាប់តាំងពីភ្លៀងមូសុងបានចាប់ផ្តើមធ្លាក់ កាលពីខែមុន ដោយនាំមកនូវបញ្ហាអាកាសធាតុ ដូចជារលកធំៗជាដើម។ នាយកការិយាល័យរដ្ឋាភិបាល ក្នុងក្រុង Dawei ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា ក្រុមអ្នកនេសាទបានរាយការណ៍ពីកាណូតគួរឲ្យសង្ស័យនេះ ទៅអាជ្ញាធរ។ ក្រោយមក កងទ័ពនាវាជើងទឹករបស់មីយ៉ាន់ម៉ាបានឃាត់ទុកកាណូតមួយគ្រឿងនេះ កាលពីថ្ងៃអាទិត្យ ដោយឃាត់ខ្លួនមនុស្សទាំង៩៣នាក់នោះតែម្តង។ បើតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា មានជនជាតិរូហ៊ីងយ៉ាច្រើនជាង៧០ម៉ឺននាក់បានភៀសខ្លួនទៅប្រទេសបង់ក្លាដេស កាលពីឆ្នាំមុន ដោយគេចចេញពីការបង្ក្រាបដោយហិង្សាដោយកងទ័ពមីយ៉ាន់ម៉ា លើក្រុមឧទ្ទាម នៅរដ្ឋរ៉ាក់ឃីន ដោយការបង្ក្រាបនេះ ក៏នាំឲ្យមានការថ្កោលទោសពីអន្តរជាតិទៀតផង៕
-
លោក ស៊ី ជិនពីង អំពាវនាវឲ្យបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងអេស្ប៉ាញ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ីន ជិនពីង បានធ្វើការអំពាវនាវឲ្យចិន និងអេស្ប៉ាញ បង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន នៅក្នុងអត្ថបទដែលបានចុះហត្ថលេខា និងត្រូវបានផ្សព្វផ្សាយដោយកាសែតអេស្ប៉ាញនៅថ្ងៃអង្គារ៍នេះ ស្របពេលដែលលោក ស៊ី បានបំពេញទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសនេះ ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែវិច្ឆិកាខាងមុខ។ បើតាមការគ្រោងទុកនោះ លោកប្រធានាធិបតី ស៊ី នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ អាហ្សង់ទីន ប៉ាណាម៉ា និងព័រទុយហ្គាល់ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៥ ខែធ្នូខាងមុខ ហើយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនោះ លោក ស៊ី នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលគ្រោងធ្វើឡើងក្នុងប្រទេសអាហ្សង់ទីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ។ នៅអត្ថបទដែលចេញផ្សាយដោយកាសែតអេស្ប៉ាញ លោកប្រធានាធិបតី ស៊ី បានធ្វើការពន្យល់អំពីគោលបំណងចម្បាងរបស់លោក សម្រាប់ការបំពេញទស្សនកិច្ចនេះ គឺធ្វើឡើងដើម្បីជួបពិភាក្សាជាមួយបណ្តាមេដឹកនាំនានា សំដៅស្វែងរកការបង្រួបបង្រួមគ្នាឱ្យកាន់តែរឹងមាំនៅក្នុងសហគមន៍អន្តរជាតិ ការលើកកម្ពស់អភិបាលកិច្ចសកល ភាពជាដៃគួអភិវឌ្ឍន៍ ការពង្រឹងពង្រីកកិច្ចសហសប្រតិបត្តិការមិត្តភាព ក៏ដូចជាជំរុញលើកកម្ពស់ស្ថេរភាព សន្តិភាព និងវិបុលភាពពិភពលោក៕
-
បារាំងគ្រោងកាត់បន្ថយសមាមាត្រថាមពលនុយក្លេអ៊ែររហូតដល់៥០ភាគរយនៅឆ្នាំ២០៣៥

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង បានធ្វើការបង្ហាញផែនការថ្មីមួយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ប្រទេសបារាំង ទៅលើថាមពលនុយក្លេអ៊ែរចាប់ពី៧០ភាគរយមកនៅត្រឹម៥០ភាគរយនៅឆ្នំា២០៣៥ខាងមុខ។ យោងតាមសេចក្តីព្រាងផែនការគោលនយោបាយថាមពលរបស់ខ្លួននៅថ្ងៃអង្គារ៍នេះ លោក ម៉ាក្រុង បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រចំនួន១៤ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រចំនួន៥៨ ដែលបានកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសបារាំងនឹងត្រូវបិទ ហើយថា រដ្ឋាភិបាលក្រុងប៉ារីសមានគម្រោងបង្កើនទិន្នផលថាមពលអគ្គិសនី ឲ្យបានទ្វេដង ក៏ដូចជាបង្កើនថាមពលអគ្គិសនី៥ដងទៀតនៅឆ្នាំ២០៣០។ ទន្ទឹមគ្នានេះ លោក ម៉ាក្រុង បានលើកឡើងថា រដ្ឋាភិបាលក៏មានផែនការបោះទុនវិនិយោគប្រចាំចំនួន៧ពាន់លាន ទៅ៨ពាន់លានអឺរ៉ូ ដែលស្មើនឹង៨ពាន់លាន ទៅ៩ពាន់លានដុល្លារអាម៉េរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើថាមពលកកើតឡើងវិញ។ យ៉ាងណាមិញ លោក ម៉ាក្រុង បានសង្កត់ធ្ងន់ទៀតថា បើទោះបីជាបារាំងមានគម្រោងនឹងបិទរ៉េអាក់ទ័រនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ ប៉ុន្តែទីក្រុងប៉ារីសនឹងមិនបញ្ឈប់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរទាំងស្រុងនោះទេ៕
-
ជប៉ុនកំពុងពិចារណាទិញយន្តហោះចម្បាំង F-35 ចំនួន១០០គ្រឿងពីសហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់ការការពារជាតិ

ជប៉ុន៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយថា រដ្ឋាភិបាលក្រុងតូក្យូកំពុងធ្វើការពិចារណាទិញយន្តហោះចម្បាំងជំនាន់ថ្មី F-35 ពីសហរដ្ឋអាម៉េរិករហូតដល់១០០គ្រឿង ក្នុងតម្លៃជាង៨,៨ពាន់លានដុល្លារ ខណៈជប៉ុនកំពុងព្យាយាមទប់ទល់ការរីកធំឡើងនៃឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់។ ជប៉ុនក៏ត្រូវគេរាយការណ៍ផងដែរថា កំពុងពិចារណាកែលម្អឲ្យប្រសើរឡើងនូវ នាវាដឹកឧទ្ធម្ភាគចក្ររបស់ខ្លួនឈ្មោះ អ៊ីហ្ស៊ូមុ (Izumo) ឲ្យទៅជានាវាដឹកយន្តហោះចម្បាំងពេញលេញ ដែលជារឿងដ៏ចាំបាច់មួយ នៅចំពោះមុខការបង្កើនឥទ្ធិពលយោធាតាមផ្លូវសមុទ្ររបស់ចិន។ ទោះបីយ៉ាងណាក៏ដោយ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមនាពេលបច្ចុប្បន្ននេះ យោធាជប៉ុនត្រូវបានដាក់កំហិតឲ្យនៅត្រឹមមានសិទ្ធិតែសម្រាប់ការពារខ្លួនឯងប៉ុណ្ណោះ ហើយជប៉ុនមានការពឹងផ្អែកធំធេងទៅលើសហរដ្ឋអាម៉េរិក ដោយឈរលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។ គួរបញ្ជាក់ថា សេចក្តីរាយការណ៍ព័ត៌មាននេះ បានលេចឡើង ស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងតែជំរុញឲ្យជប៉ុនជួយទិញបរិក្ខារយោធា ព្រមទាំងសម្ភារអាម៉េរិកដទៃៗទៀត ដោយលើកហេតុផលថា ទីក្រុងវ៉ាស៊ីនតោនមានគម្លាតឱនភាពពាណិជ្ជកម្មធំខ្លាំងជាមួយទីក្រុងតូក្យូ៕
-
ចំនួនមនុស្សស្លាប់កើនជិត១០០នាក់ និងច្រើនជាង២០០នាក់បាត់ខ្លួន ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន NHK បានចុះផ្សាយថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នាពេលថ្មីៗនេះ បានបន្តកើនឡើងដល់៩១នាក់ហើយ ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ ខណៈការរុករកមនុស្សបាត់ខ្លួនច្រើនជាង២០០នាក់ទៀតកំពុងបន្តនៅឡើយ។ រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានលេបត្របាក់ដោយភ្លើងឆេះព្រៃទ្រង់ទ្រាយធំចំនួនពីរ នៅក្នុងខែវិច្ឆិកានេះ មួយនៅជុំវិញទីក្រុងផារ៉ាដាយ មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងមួយទៀតនៅភាគខាងត្បូងតំបន់ Ventura ស្ថិតនៅក្បែរទីក្រុងឡូស អាន់ជីលេស ហើយភ្លើងឆេះព្រៃទាំងពីរនេះ ត្រូវបានក្រុមពន្លត់អគ្គិភ័យពន្លត់បានទាំងស្រុងកាលពីថ្ងៃអាទិត្យកន្លងទៅ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ភ្លើងឆេះព្រៃភាគខាងជើងបានលេបត្របាក់ផ្ទៃដីប្រហែល៦២,០០០ហិកតា និងបំផ្លិចបំផ្លាញលំនៅដ្ឋានអស់ប្រមាណជាង១៣,០០០ខ្នង ស្របពេលដែលប្រជាជនជាច្រើន បាននិងកំពុងបន្តជ្រកកោនក្នុងជំរំ ឬនៅក្នុងសណ្ឋាគារ៕
-
លោក ត្រាំ ព្រមានថានឹងដំឡើងពន្ធលើទំនិញរបស់ចិនតម្លៃ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត នៅឆ្នាំក្រោយ

សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានអះអាងថា ការដំឡើងពន្ធលើទំនិញរបស់ចិននាំចូលទៅអាម៉េរិកទំនងជាត្រូវបង្កើនទៀត ជាការលើកឡើង នៅមុនប៉ុន្មានថ្ងៃដែលនឹងមានជំនួបកំពូលរវាងលោកត្រាំ និងលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia។ លោក ដូណាល់ ត្រាំបាននិយាយកាលពីម្សិលមិញថា ប្រសិនបើលោក និងលោកស៊ីមិនអាចចរចាគ្នារកដំណោះស្រាយលើបញ្ហាសង្គ្រាមពាណិជ្ជកម្មបានទេ លោកជឿជាក់ថា រដ្ឋបាលរបស់លោកនឹងបង្កើនពន្ធរាប់រយពាន់លានដុល្លារអាម៉េរិកទៀត លើទំនិញរបស់ចិននាឆ្នាំក្រោយ។ រដ្ឋបាលលោកត្រាំ មកទល់ពេលនេះ បានដំឡើងពន្ធលើមុខទំនិញរបស់ចិនតម្លៃជាង២៥០ពាន់លានដុល្លារអាម៉េរិករួចមកហើយ ជាការដំឡើងក្នុងគោលដៅដាក់សំពាធឲ្យប្រទេសនេះផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្មរបស់ខ្លួន។ ថ្លែងប្រាប់សារព័ត៌មាន The Wall Street Journal លោក ត្រាំ ថា ប្រសិនបើយើងមិនមានដំណោះស្រាយណាមួយទេ នោះខ្ញុំនឹងបន្ថែមពន្ធ២៦៧ពាន់លានដុល្លារអាម៉េរិកទៀត។ ដោយលោកចង់សំដៅលើមុខទំនិញផ្សេងៗទៀតរបស់ចិន ដែលមិនទាន់ស្ថិតក្នុងការដំឡើងពន្ធ។ លោកបន្ថែមទៀតថា ដំណោះស្រាយតែមួយគត់ គឺចិនត្រូវតែបើកចំហឲ្យប្រទេសរបស់ខ្លួន ក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាម៉េរិក។ ក្នុងករណីដូចលោក ត្រាំ ព្រមានមែននោះ ការដំឡើងពន្ធនេះគេជឿថា នឹងឈាមដល់ការប៉ះពាល់លើផលិតផល Apple ដែលកំពុងមានរោងចក្រផលិតនៅប្រទេសចិន៕ម.ន