-
ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅទីប្រជុំជនក្នុងរដ្ឋធានីនៃប្រទេសតួកគី ស្លាប់មនុស្ស៤នាក់

តួកគី៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់ចំទីប្រជុំជនក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បណ្តាលឲ្យនាយទាហានយ៉ាងតិច៤នាក់បានស្លាប់ និងម្នាក់ទៀតស្ថិតក្នុងការសង្គ្រោះបន្ទាន់ កាលពីម្សិលមិញ។ ឧទ្ធម្ភាគចក្រ UH-1 បានធ្លាក់ទៅលើដងផ្លូវមួយខ្សែដែលសម្បូរទៅដោយលំនៅឋានក្នុងសង្កាត់ Sancaktepe នៃតំបន់មានជនជាតិអាស៊ីរស់នៅច្រើន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ បើតាមសេចក្តីថ្លែងការណ៍របស់អភិបាលក្រុង ឧទ្ធម្ភាគចក្រយោធាបានធ្លាក់ក្នុងអំឡុងពេលធ្វើការហ្វឹកហ្វឺនមួយ។ ឧទ្ធម្ភាគចក្រដែលមិនត្រូវបានបញ្ជាក់ថា តើជាធុនអ្វីនោះ បានធ្លាក់បន្ទាប់ពីប៉ះជាមួយដំបូលអគារមួយខ្នង ស្របពេលព្យាយាមធ្វើការចុះចតនៅលើផ្លូវ ដោយសារតែមានបញ្ហា។មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ គឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយទេ។ បើតាមកាសែតមួយឈ្មោះថា Hurriyet បានចេញផ្សាយថា នេះគឺជាហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រលើកទី៥ នៅរដ្ឋធានីអ៊ីស្តង់ប៊ុល ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ៕ម.ន
-
ព្យុះ យូសាជី វាយប្រហារភាគខាងត្បូងប្រទេសវៀតណាម សម្លាប់មនុស្ស បំផ្លាញផ្ទះ និងផ្លូវជាច្រើន ហើយសាលារៀនត្រូវបិទទ្វារ

វៀតណាម៖ ព្យុះសង្ឃរា យូសាជី ដែលបានបង្កឲ្យមានការបាក់ដី នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះសម្បែងជាច្រើន ខណៈដែលកាណូត និងផ្លូវថ្នល់ជាច្រើនទៀតត្រូវបានបំផ្លិចបំផ្លាញដែរ នេះបើតាមការរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងកសិកម្មនៃប្រទេសវៀតណាម ចេញផ្សាយកាលពីម្សិលមិញ ចុះផ្សាយតាមរយៈសារព័ត៌មានហ្ស៊ីនហួរ។ ព្យុះសង្ឃរាដែលបានវាយប្រហារភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យម្សិលមិញ ពីខេត្ត Ba Ria Vung Tau ទៅខេត្ត Ben Tre មុនពេលវិវត្តន៍ទៅជាវិសម្ពាធត្រូពិកនោះ បានបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅក្នុងទីក្រុងហូជីមិញ ខណៈដែលកំពុងបើកម៉ូតូ ហើយក៏ត្រូវបានដើមឈើដ៏ធំរលំបាក់សង្កត់លើតែម្តង។ ប្រភពបន្តថា ព្យុះយូសាជីនេះបានបំផ្លាញផ្ទះចំនួន៥១ខ្នង នាវានិងកាណូត៤៦គ្រឿង ជនលិចដីដាំស្រូវ៧១៨ហិកតា និងដំណាំផ្សេងៗទៀត៣៨០ហិកតា ព្រមទាំងប៉ះពាល់ដល់ផ្លូវជាតិជាង១គីឡូម៉ែត្រ និងផ្លូវលំជិត៣គីឡូម៉ែត្រ។ ក្រៅពីនេះ ក៏បានធ្វើឲ្យដើមឈើ១១៩ដើមដួលរលំទៀតផង។ សាលារៀនជាច្រើនក្នុងក្រុងហូជីមិញ និងខេត្ត Ninh Thuan បានបិទទ្វារដោយសារតែភ្លៀងខ្លាំង និងទឹកជំនន់។ សូមរម្លឹកថា កាលពីឆ្នាំ២០១៧ ព្យុះសង្ឃរាបានសម្លាប់មនុស្ស៣៨៦នាក់ នៅវៀតណាម បំផ្លាញផ្ទះច្រើនជាង៦០ម៉ឺនខ្នង ទំហំខូចខាតគិតជាប្រាក់មានប្រមាណ៦០លានលានដុង ឬ ២,៦ពាន់លានដុល្លារអាម៉េរិក នេះបើតាមការក្រសួងកសិកម្មរបស់វៀតណាម៕ម.ន
-
លោក ដូណាល់ ត្រាំ ជំរុញឱ្យម៉ិកស៊ិកបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតវិញ និងអំពាវនាវជាថ្មីទៀតលើមូលនិធិជញ្ជាំងព្រំដែន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បាននិយាយថា ម៉ិកស៊ិកគួរតែបញ្ជូនជនចំណាកស្រុកដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាម៉េរិកនោះ វិលត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ការកត់សម្គាល់បែបនេះរបស់លោក ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាជ្ញាធរអាម៉េរិក បានសម្រេចចិត្តបិទច្រកព្រំដែនខាងត្បូងដ៏មមាញឹកបំផុត ហើយនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងក្រុមជនអន្តោប្រវេសន៍។ លោក ត្រាំ បានប្តេជ្ញាថា អ្នកស្វែងរកសិទ្ធិជ្រកកោននឹងមិនអាចចូលក្នុងទឹកដីសហរដ្ឋអាម៉េរិកបានយ៉ាងងាយស្រួលនោះឡើយ ហើយបានព្រមានជាថ្មីទៀតនៅថ្ងៃច័ន្ទនេះ នឹងបិទព្រំដែនអាម៉េរិក-ម៉ិកស៊ិកដែលមានប្រវែង៣,២០០គីឡូម៉ែត្រ។ ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានធ្វើការអំពាវនាវម្តងទៀតទៅកាន់សភា ដើម្បីផ្តល់មូលនិធិសាងសង់ជញ្ជាំងព្រំដែន ដែលជាការសន្យាជាយូរមកហើយរបស់លោក ខណៈសមាជិកសភាអាម៉េរិកបានវិលត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញកាលពីថ្ងៃច័ន្ទនេះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យ Thanksgiving ជាមួយមូលនិធិរដ្ឋាភិបាលសហព័ន្ធដែលនឹងផុតកំណត់នៅថ្ងៃទី០៧ ខែធ្នូខាងមុខ។ បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ថែមទាំងគំរាមម្តងហើយម្តងទៀត ក្នុងការបិទរដ្ឋាភិបាលសហព័ន្ធ រហូតទាល់តែការសាងសង់ជញ្ជាំងព្រំដែនត្រូវបានផ្តល់មូលនិធិ៕ម.ន
-
យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA ចុះចតលើភពអង្គារដោយជោគជ័យជាប្រវត្តិសាស្ត្រ

សហរដ្ឋអាម៉េរិក៖ នៅទីបំផុតយានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានធ្វើការចុះចតដោយជោគជ័យហើយ នៅលើផ្ទៃភពព្រះអង្គារ ក្រោយការផ្សងគ្រោះថ្នាក់អំឡុងពេលនៃការព្យាយាមចុះចតតែ៧ ទៅ ១០នាទីប៉ុណ្ណោះ។ យានរុករកផ្ទៃក្នុងភពអង្គារ InSight បានចុះទៅជាន់ដល់លើផ្ទៃរបស់ផ្ទៃភពព្រះអង្គារ Mars នៅម៉ោងប្រមាណ៣រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីការធ្វើដំណើរសរុបចម្ងាយ៤៨០លានគីឡូម៉ែត្រពីផែនដី។ តំបន់ថ្មីដែលយាន InSight ធ្វើការចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល២ឆ្នាំតាមការគ្រោងទុក។ បន្ទាប់ពីការចុះចតជោគជ័យនោះ យាន InSight ក៏បានបញ្ជូនរូបភាពមួយចំនួនពីផ្ទៃភពអង្គារ មកកាន់ក្រុមការងារអង្គការ NASA ផងដែរ រួមទាំងរូបភាព Update មួយចំនួន ដែលត្រូវបានថតដោយផ្កាយរណបភ្លោះ ដែលផ្តាច់ចេញពីយាន InSight នោះគឺ MarCo CubeSats ៕ម.ន
-
អ៊ីរ៉ង់ព្រមានថា បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ត្រូវបំផ្លាញនោះ ផលវិបាកដ៏ធ្ងន់បំផុតមិនធ្លាប់មាននឹងផ្ទុះឡើង

អ៊ីរ៉ង់៖ សហភាពអឺរ៉ុបទំនងជាជួបផលវិបាកដ៏ធ្ងន់បំផុតមិនធ្លាប់មាន បើបណ្ដោយឱ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ត្រូវបានបំផ្លាញដោយសារតែសហរដ្ឋអាម៉េរិក។ នេះបើតាមការព្រមានរបស់ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Akbar Salehi នៅក្នុងថ្ងៃច័ន្ទម្សិលមិញ។ ទោះបីយ៉ាងណាក៏ដោយ ប្រទេសជាហត្ថលេខីដូចជាអង់គ្លេស រុស្ស៊ី បារាំង អាល្លឺម៉ង់ និងចិន ធ្លាប់បានបង្ហាញក្ដីសង្ឃឹមថា ពួកគេអាចនឹងបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់នៅតែគោរពតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បើទោះជាសហរដ្ឋអាម៉េរិកប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះក៏ដោយ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ប្រមុខអង្គការថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់រូបនេះ បាននិយាយទៀតថា បើទោះជាសហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ ព្រមទាំងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើងវិញក៏ដោយ តែសហភាពអឺរ៉ុបគួរតែជួយសង្គ្រោះកិច្ចព្រមព្រៀងមួយនេះ៕
-
មេដឹកនាំអ៊ុយក្រែនសម្រេចប្រើច្បាប់អាជ្ញាសឹក ក្រោយប៉ះទង្គិចគ្នាជាមួយរុស្ស៊ី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko នៅថ្ងៃច័ន្ទនេះ បានធ្វើការចុះហត្ថលេខាលើច្បាប់អាជ្ញាសឹក ដែលការសម្រេចចិត្តនេះ ធ្វើឡើងក្រោយទូកអ៊ុយក្រែនបីគ្រឿងត្រូវបានឆ្មាំសមុទ្ររុស្ស៊ីរឹបអូសនៅឯតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀ។ ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បន្ទាប់ពីទីក្រុងម៉ូស្គូចោទថា ទូកអ៊ុយក្រែនបីគ្រឿងបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ ចំណែកអាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថា ទូកប្រដាប់ដោយកាំភ្លើង២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស ដោយការបាញ់ប្រហារពីភាគីរុស្ស៊ី ខណៈប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក។ សូមជម្រាបផងដែរថា ច្បាប់អាជ្ញាសឹកខាងលើ នឹងត្រូវអនុវត្តសម្រាប់រយៈពេល២ខែ ប៉ុន្តែមុននឹងត្រូវចូលជាធរមាន ទាល់តែមានការអនុម័តពីសភាអ៊ុយក្រែនជាមុនសិន ហើយគេក៏រំពឹងដែរថា ក្រុមតំណាងរាស្ត្រអ៊ុយក្រែន នឹងអនុម័តលើការប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងពេលឆាប់ៗនេះ៕
-
មេដឹកនាំអឺរ៉ុបទាំង២៧ អនុម័តលក្ខខណ្ឌរបស់កិច្ចព្រមព្រៀង Brexit ជាប្រវត្តិសាស្ត្រមួយជាមួយអង់គ្លេស

បែលហ្ស៊ិក៖ មេដឹកនាំរបស់ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នៅក្នុងថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បានអនុម័តលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀង ព្រីហ្ស៊ីត (Brexit) ជាប្រវត្តិសាស្ដ្រមួយជាមួយចក្រភពអង់គ្លេស នៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយនៅទីក្រុងប្រ៊ុចសែល។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក ដូណាល់ ថាស់ បានប្រកាសនៅលើបណ្តាញសង្គម ធ្វីតធើ ថា សហភាពអឺរ៉ុបដែលមាន២៧ប្រទេស បានអនុម័តកិច្ចព្រមព្រៀងចាកចេញ និងសេចក្ដីប្រកាសនយោបាយស្តីពីទំនាក់ទំនងរបស់សហភាពអឺរ៉ុប និងអង់គ្លេសនៅពេលអនាគត។ សេចក្ដីសម្រេចជាផ្លូវការបញ្ជាក់ថា ក្រុមប្រឹក្សានៃមេដឹកនាំអឺរ៉ុបអនុម័តកិច្ចព្រមព្រៀងស្ដីពីការចាកចេញរបស់អង់គ្លេស និងប្រទេសអៀរឡង់ខាងជើង ពីសហភាពអឺរ៉ុប និងពីសហគមន៍ថាមពលអាតូម៉ិកអឺរ៉ុប ។ សេចក្ដីប្រកាសនេះ អញ្ជើញរាល់ស្ថាប័នរបស់អឺរ៉ុបទាំងអស់ ឲ្យចាត់វិធានការចាំបាច់ដើម្បីធានាថា កិច្ចព្រមព្រៀងនេះ អាចចាប់ផ្ដើមអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដើម្បីផ្ដល់ការចាកចេញត្រឹមត្រូវតាមច្បាប់។ សេចក្ដីប្រកាសនេះទៀតសោត នឹងផ្ដល់ការយល់ព្រមជាផ្លូវការដល់សេចក្ដីប្រកាសនយោបាយស្ដីពីទំនាក់ទំនងនៅពេលអនាគតរវាងអង់គ្លេស និងអឺរ៉ុប ដែលគ្របដណ្ដប់លើបញ្ហាជាច្រើន ដែលរួមមានទាំងពាណិជ្ជកម្ម សន្តិសុខ និងបរិស្ថានផងដែរ៕
-
ត្រីបាឡែនជិត២០០ក្បាលងាប់ ក្រោយជាប់ខ្លួននៅឆ្នេរសមុទ្ររបស់ប្រទេសនូវែលសេឡង់

នូវែលសេឡង់៖ ត្រីបាឡែនចំនួន១៤៥ក្បាលបានងាប់ បន្ទាប់ពីពួកវាបានជាប់ខ្លួននៅលើឆ្នេរសមុទ្រនៃកោះ ស្ទេវ៉ដ ប្រទេសនូវែលសេឡង់ ដោយត្រីបាឡែនទាំងនោះ ត្រូវបានប្រទះឃើញដោយក្រុមអ្នកដើរលេងកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅតាមបណោយឆ្នេរសមុទ្រនៃឆកសមុទ្រ ម៉ាសុន ។ ក្រុមអាជ្ញាធរនូវែលសេឡង់និយាយថា ចំនួនពាក់កណ្តាលនៃត្រីបាឡែនបានងាប់ ហើយចំនួនពាក់កណ្តាលទៀតត្រូវបានសម្លាប់ ព្រោះពិបាកក្នុងការជួយសង្គ្រោះពួកវា។ លោក Ren Leppens មកពីក្រុមអភិរក្សប្រចាំតំបន់ (DOC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គួរឱ្យស្តាយដោយលទ្ធភាពនៃជួយការត្រីបាឡែន ដែលនៅសេសសល់ឱ្យរស់រានឡើងវិញនោះ គឺមានកម្រិតទាបបំផុត។ លោកបន្តថា ទីតាំងដាច់ស្រយាលនោះ ខ្វះខាតបុគ្គលិកនៅក្បែរនោះ និងស្ថានភាពខ្សោយកម្លាំងរបស់ត្រីបាឡែនទាំងនោះ ដែលមានន័យថា អ្វីដែលត្រូវធ្វើនោះ គឺសម្លាប់ពួកវាចោល ប៉ុន្តែវាជាការសម្រេចចិត្តដ៏លំបាកខ្លាំង។ ក្រុមអភិរក្សប្រចាំតំបន់នេះ បានបញ្ជាក់ថា ការហែលមកជាប់កឿងរបស់ត្រីបាឡែន គឺមិនកើតឡើងញឹកញាប់ទេនៅប្រទេសនូវែលសេឡង់ ហើយថា មានហេតុការណ៍បែបនេះចំនួនជិត៨៥លើកក្នុងមួយឆ្នាំ។ ក្រុមអភិរក្សនេះបាននិយាយថា វាមិនត្រូវបានគេដឹងច្បាស់ថា ហេតុអ្វីបានជាត្រីបាឡែន ឬត្រីផ្សោតហែលមកទើរជាប់នៅឆ្នេរសមុទ្របែបនេះទេ។ ប៉ុន្តែហេតុផលដែលអាចកើតមាន គឺថាវាអាចជាជំងឺហែលផ្លាស់ទីខុស ឬ ត្រូវបានដេញតាមស៊ីដោយសត្វត្រី ឬសត្វសមុទ្រផ្សេងៗដែលធំជាងពួកវា៕ម.ន
-
ជនអន្តោប្រវេសន៍ជាច្រើនបង្ខំចិត្តភៀសខ្លួនជាបណ្តោះអាសន្ន ក្រោយរងការវាយប្រហារដោយឧស្ម័នបង្ហូរទឹកនៅតំបន់ព្រំដែនសហរដ្ឋអាម៉េរិក-ម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរអាម៉េរិកបានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងជនអន្តោប្រវេសន៍ ដែលព្យាយាមឆ្លងព្រំដែនដោយខុសច្បាប់ពីទីក្រុង ទីជូអាណា ប្រទេសម៉ិកស៊ិក ចូលមកកាន់ទឹកដីសហរដ្ឋអាម៉េរិក។ ក្រោយការប៉ះទង្គិចគ្នាខាងលើ អាជ្ញាធរអាម៉េរិកក៏បានសម្រេចចិត្តបិទព្រំដែននៃតំបន់ សាន វ៉ាយស៊ីដ្រូ ជាបណ្ដោះអាសន្នផងដែរ មុននឹងបើកវាឡើងវិញកាលពីរសៀលថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។ សូមរំលឹកឡើងវិញថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា នឹងបិទព្រំដែនភាគខាងត្បូងជាប់ជាមួយប្រទេសម៉ិកស៊ិក នៅក្នុងករណីចាំបាច់ ហើយថា ជនអន្តោប្រវេសន៍ទាំងអស់ ត្រូវរង់ចាំទទួលការវាយតម្លៃនៅលើទឹកដីម៉ិកស៊ិកជាមុនសិន មុននឹងចង់ចូលមកកាន់សហរដ្ឋអាម៉េរិក៕
-
អ៊ុយក្រែនអះអាងថា រុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសយកទូកអ៊ុយក្រែនជាច្រើនគ្រឿងនៅក្បែរតំបន់គ្រីមៀ

អ៊ុយក្រែន៖ កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង នៅឯតំបន់ដែនសមុទ្រឧបទ្វីបគ្រីមៀ កាលពីថ្ងៃ អាទិត្យចុងសប្តាហ៍មុននេះ ក្រោយពេលធ្វើការបាញ់ប្រហារទៅពួកគេ និងបណ្តាលឱ្យនាវិកជាច្រើនរងរបួស។ ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយរុស្ស៊ីចោទថា ទូកអ៊ុយក្រែនទាំង៣គ្រឿងខាងលើបានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់។ ក៏ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធររុស្ស៊ីត្រូវបានគេរាយការណ៍ថា បានដាក់នាវាដឹកប្រេងដ៏ធំមួយគ្រឿងនៅក្រោមស្ពានមួយ នៃច្រកសមុទ្រ ឃើច ដែលច្រកចូលទៅកាន់ដែនសមុទ្រអាហ្សូវ ជាប់ព្រំដែនទឹករវាងប្រទេសទាំងពីរ។ ដោយឡែកបើតាមអាជ្ញាធរអ៊ុយក្រែននោះ ទូកប្រដាប់ដោយកាំភ្លើង០២គ្រឿង និងទូកល្បាតធម្មតា១គ្រឿងត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស។ បន្ថែមពីលើនេះ ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ហើយនៅថ្ងៃច័ន្ទនេះ សមាជិកសភាអ៊ុយក្រែននឹងបោះឆ្នោតសម្រេចថាតើត្រូវប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា ខណៈភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជាបន្ទាន់ផងដែរ៕